ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវប្រកាន់ខ្ជាប់នូវជំហរឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធដើម្បីពង្រឹងតួនាទីនៅក្នុងឆាកអន្តរជាតិ និងរក្សាបាននូវឧត្ដមប្រយោជន៍ជាតិ

2024-10-14 07:39:45 ថ្ងៃចន្ទ, 14 តុលា 2024 ម៉ោង 02:39 PM
អ្នកមើល 11284
post_detail1

នៅក្នុងបរិបទនៃការដណ្ដើមឥទ្ធិពលឥតឈប់ឈររបស់មហាអំណាច និងការប្រជែងភូមិសាស្ត្រនយោបាយពិភពលោកដ៏តានតឹង កម្ពុជាត្រូវ មានការប្រយ័ត្នប្រយែងបំផុតនៅក្នុងជំហរនយោបាយការបរទេសរបស់ខ្លួន ដើម្បីរក្សាជំហរប្រកបដោយការប្រុងប្រយ័ត្ន ពិសេសការចូលរួមនៅក្នុងសន្ធិសញ្ញាណាមួយ ដែលមានចរិតលក្ខណៈជាបក្សសម្ព័ន្ធដើម្បីប្រឆាំងប្រទេសណាមួយឡើយ បើទោះបីជាមានលក្ខណៈជាបក្សសម្ព័ន្ធយោធា ឬសន្ធិសញ្ញាដែលមានចរិតប្រឆាំងគ្នាទៅវិញទៅមកនៅក្នុងរបៀបវារៈនៃការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយនោះទេ។

ប្រសិនបើ មេដឹកនាំកម្ពុជាចូលរួមនៅក្នុងសន្ធិសញ្ញាណាមួយ ដែលមានចរិតលក្ខណៈជាបក្សសម្ព័ន្ធយោធា នឹងក្លាយជាការនាំប្រទេសកម្ពុជាដើរប្រាសចាកពីរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ខ្លួន ដែលនៅត្រង់មាត្រា៥៣ថ្មី បានចែងយ៉ាងច្បាស់អំពី ការប្រកាន់ខ្ជាប់នូវនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធរបស់ខ្លួន។ បន្ថែមពីនេះ កម្ពុជាក៏ត្រូវតែប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាធម្មនុញ្ញរបស់អាស៊ានផងដែរ ដែលកម្ពុជាមិនត្រូវលូកលាន់ចូលកិច្ចការផ្ទៃក្នុង ឬចូលទៅក្នុងបក្សសម្ព័ន្ធណាមួយដើម្បីប្រឆាំងប្រទេសដទៃនោះឡើយ។

លើសពីនេះទៅទៀត ដោយអនុវត្តតាមច្បាប់អន្តរជាតិ រក្សាបាននូវលំនឹងនយោបាយការទូត និងរក្សាលទ្ធភាពនៅក្នុងការអភិវឌ្ឍ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្ដាដៃគូទាំងអស់ នៅក្នុងបរិបទនៃការប្រកួតប្រជែងដ៏ស្រួចស្រាល់របស់មហាអំណាច កម្ពុជាគ្មានជម្រើសអ្វីក្រៅតែពីការប្រកាន់ខ្ជាប់ទៅតាមគោលការណ៍ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ធម្មនុញ្ញអាស៊ានដែលជាអង្គការតំបន់ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាច្បាប់អន្តរជាតិនានាដែលមានជាធរមាន ដើម្បីធ្វើយ៉ាងណា រក្សាបាននូវឧត្ដមប្រយោជន៍ជាតិ និងប្រជាជន។

កម្ពុជាមិនអាចចូលភ្ជាប់ខ្លួនទៅនឹងបក្សសម្ព័ន្ធណាមួយបានឡើយ បើពុំដូច្នោះទេ កម្ពុជានឹងត្រូវរងគ្រោះដូចអ្វីដែលបានកើតមានឡើងនៅក្នុងដំណាក់កាលសង្គ្រាមនៃសង្គ្រាមត្រជាក់។ នៅពេលនោះ ថ្វីដ្បិតតែសម្ដេចព្រះនរោត្ដមសីហនុ ព្រះប្រមុខរដ្ឋកម្ពុជា បានសម្រេចព្រះទ័យមិនចូលរួមទៅក្នុងបក្សសម្ព័ន្ធណាមួយរវាងប្លុកសេរីនិងប្លុកកុម្មុយនីស្តក៏ដោយក្ដី ក៏ប៉ុន្តែជាតថភាព កម្ពុជាបានចូលរួមបក្សសម្ព័ន្ធ ដោយមានឈ្មោះថា «ចលនាមិនចូលបក្សសម្ព័ន្ធ» ហើយកម្ពុជាត្រូវប្រឈមមុខនឹងវិបត្តិជាបន្តបន្ទាប់។ ជាងនេះទៅទៀត លោកសេនាប្រមុខ លន់ នល់ ក្រោយការទម្លាក់សម្ដេចព្រះនរោត្ដមសីហនុ ពីប្រមុខរដ្ឋ លោកបានសម្រេចចិត្តនាំប្រទេសកម្ពុជាដែលស្ថិតនៅក្រោមការដឹកនាំនៃរបបសាធារណរដ្ឋខ្មែរ ចូលរួមទៅក្នុងសម្ព័ន្ធភាពរបស់សហរដ្ឋអាម៉េរិក ដើម្បីធ្វើសង្គ្រាមជាមួយនឹងវៀតណាមកុម្មុយនីស្តនៅតំបន់ឥណ្ឌូចិន ដែលជាហេតុធ្វើឱ្យកម្ពុជាត្រូវរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយធ្វើឱ្យនាវាកម្ពុជាមិនអាចទប់លំនឹងបាននៅក្នុងសមុទ្រនៃសង្គ្រាមមនោគមវិជ្ជា និងការដណ្ដើមឥទ្ធិពលគ្នារវាងមហាអំណាចពិភពលោក។

ដូច្នេះហើយ ទាំងនេះគឺជាមេរៀននិងបទពិសោធន៍នៅក្នុងប្រវត្តិសាស្ត្រ ដែលមេដឹកនាំកម្ពុជាត្រូវតែចងចាំ ហើយបញ្ចៀសឱ្យបាននូវការដើរជាន់ដាលដដែលនៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ សម្រាប់ពេលបច្ចុប្បន្ននេះ កម្ពុជាកាន់តែមានភាពចាំបាច់នៅក្នុងការរក្សាលំនឹងនៃនយោបាយឯករាជ្យ មិនចូលបក្សសម្ព័ន្ធឱ្យបានខ្ជាប់ខ្ជាប់បំផុត ដើម្បីគេចចេញផុតពីការប្រកួតប្រជែងឥទ្ធិពលនិងភូមិសាស្ត្រនយោបាយរបស់មហាអំណាច បើទោះបីជាប្រទេសតូចដូចជាកម្ពុជា ពិតជាមិនអាចគេចផុតពីវិបត្តិ ដែលបង្កឡើងដោយការប្រកួតប្រជែងរបស់មហាអំណាចក៏ដោយក្ដី ប៉ុន្តែកម្ពុជាត្រូវតែមានជំហររឹងមាំផ្ទាល់ខ្លួន ដើម្បីចៀសវាងមហាអំណាចយកទៅធ្វើជាកូនអុកនៃភូមិសាស្ត្រនយោបាយរបស់ខ្លួន៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

Higher-middle-income of Cambodia in 2030 on the rough road By: UCH Leang, Scholar from Department of Asian, African and Middle East studies of International Relations Institute of Cambodia of the Royal Academy of Cambodia.

A country's national income often has a massive impact on its level of human development and the overall quality of life its residents enjoy. The World Bank, examines the GNI (Gross National Income) p...

2023-06-06 15:02:23   ថ្ងៃអង្គារ, 06 មិថុនា 2023 ម៉ោង 10:02 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កំពុងស្ថិតនៅរដូវដាំដុះ និងប្រមូលផល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន៖ ខួប៦៥ឆ្នាំនៃចំណងការទូតរវាងកម្ពុជា-ចិន» នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតស...

2023-05-27 04:17:26   ថ្ងៃសៅរ៍, 27 ឧសភា 2023 ម៉ោង 11:17 AM
ទស្សនៈស្ដីពីជីវិតរបស់ព្រះពុទ្ធសមណគោតម ដោយ៖ លោក ឈុន ផាវ៉េង, មន្ត្រីនាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យានៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

ព្រះសិទ្ធត្ថកុមារ ដែលក្រោយមកមនុស្សជាច្រើនស្គាល់ថា ព្រះពុទ្ធ គឺជាបុត្រានៃមហាក្សត្រនៃប្រទេសឥណ្ឌាបុរាណ ដែលត្រូវស្នងរាជ្យសម្បត្តិបន្តពីព្រះវរបិតា។ ទោះបី បិតាខំប្រឹងប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីរៀប...

2023-05-25 08:05:24   ថ្ងៃព្រហស្បតិ៍, 25 ឧសភា 2023 ម៉ោង 03:05 PM
ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា និងបានជួបពិភាក្សាផ្លាស់ប្ដូរទស្សនៈជាមួយនឹងឯកឧត្ដមបណ្ឌិត យង់ ពៅ និងថ្នាក់ដឹកនាំវិទ្យាស្ថាននៃរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញទស្សនកិច្ចនៅរា...

2023-05-23 13:14:03   ថ្ងៃអង្គារ, 23 ឧសភា 2023 ម៉ោង 08:14 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជាពុំមានភាពចាំបាច់ត្រូវបើកច្រកចូលត្រង់មកប្រាសាទព្រះវិហារពីក្នុងទឹកដីថៃនោះឡើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ បន្ទាប់ពី ព្រំដែននៅ តំបន់ ប្រាសាទ វិហារ ត្រូវបាន បិទអស់រយៈ ពេល ១៥ ឆ្នាំ រាប់ចាប់តាំងពីឆ្នាំ២០០៨ ដែល កងទ័ព នៃប្រទេសទាំងពីរបាន ប៉ះទង្គិចគ្នា ដោយអាវុធរួចមក ច្រកចូលត្រង់ពីខាងទឹកដ...

2023-05-23 08:11:01   ថ្ងៃអង្គារ, 23 ឧសភា 2023 ម៉ោង 03:11 PM
ការសិក្សាទ្រឹស្តីដេរីវេនៃអនុគមន៍ Study of Derivative Theory of Functions ភាគ១ ឆ្នាំ២០២៣ ដោយ៖ លោក យឹម អាយុវឌ្ឍនៈវិជ្ជា (Mr. Yim Ayuvathanak Vichea) តំណាងប្រធាននាយកដ្ឋានគណិតវិទ្យានិងស្ថិតិនៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា

សៀវភៅ ស្តីអំពី ការសិក្សាទ្រឹស្តីដេរីវេនៃអនុគមន៍ Study of Derivative Theory of Functions ភាគ១  ឆ្នាំ២០២៣ នេះ នឹងសិក្សាអំពីសេចក្តីផ្តើម និងបញ្ញត្តិមូលដ្ឋាននៃដេរីវេដូចជា លីមីតនៃអនុគមន៍ ដេរីវេ...

2023-05-21 07:36:54   ថ្ងៃអាទិត្យ, 21 ឧសភា 2023 ម៉ោង 02:36 PM

សេចក្តីប្រកាស