ព័ត៌មាន

ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំកិច្ចប្រជុំអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា ត្រួ​តពិនិត្យនិងជំរុញដំណើរការរៀបចំបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា

2024-10-14 04:44:33 ថ្ងៃចន្ទ, 14 តុលា 2024 ម៉ោង 11:44 AM
អ្នកមើល 13343
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១២ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារប្រចាំខែកញ្ញានៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា និងជំរុញដំណើរការរៀបចំបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា។

នៅក្នុងកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានក្រើនរំឭក និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា ឱ្យផ្ដោតការយកចិត្តទុកដាក់ទៅលើការបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវមានផ្នត់គំនិតថា ការរីកចម្រើនរបស់ស្ថាប័នគឺជាសមិទ្ធផលនិងមានចំណែកនៃការចូលរួមរបស់ខ្លួនផងដែរ។ បើតាមឯកឧត្ដមបណ្ឌិត នៅពេលដែលមានស្មារតីមនសិកាការងារ នោះមន្ត្រីទាំងអស់នឹងមានក្ដីសោមនស្សក្នុងការបំពេញការងារ និងអាចបំពេញការងារប្រកបដោយថាមភាពខ្ពស់ នៅក្នុងការចូលរួមចំណែកជំរុញវឌ្ឍនភាពស្ថាប័ន។

បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិត ក៏បានគូសបញ្ជាក់ទៅកាន់អង្គប្រជុំផងដែរថា មន្ត្រីគ្រប់រូបនិងគ្រប់អង្គភាពទាំងអស់នៃអគ្គលេខាធិការដ្ឋាន ត្រូវផ្ដោតការយកចិត្តទុកដាក់ទៅលើការរៀបចំដំណើរការបណ្ដុះបណ្ដាលបរិញ្ញាបត្រ ដែលជាអាទិភាពមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជានាបច្ចុប្បន្ន ដែលជាការបើកទំព័រថ្មីនៃកម្មវិធីបណ្ដុះបណ្ដាលនៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមចំណែកពង្រឹងមូលធនម​នុស្សនៅក្នុងប្រទេសកម្ពុជា ចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

តាមការគ្រោងទុក រាជបណ្ឌិត្យសភាកម្ពុជា នឹងបើកដំណើរការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាលើកដំបូង នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដែលកាលបរិច្ឆេទចូលរៀនលើកទី១ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ និងលើកទី២ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។

គួរបញ្ជាក់ផងដែរថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបើកការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៤-២០២៥ ទៅលើមុខជំនាញសំខាន់ៗដូចខាងក្រោមគឺ៖

- វិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិ

- វិទ្យាសាស្ត្រសេដ្ឋកិច្ច

- វិទ្យាសាស្ត្របរិស្ថាន

- រដ្ឋបាលសាធារណៈ

- អក្សរសាស្ត្រខ្មែរ

- គណិតវិទ្យា

- តូរ្យតន្ត្រី និង

- វិចិត្រកម្ម៕

RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

post_detail
post_detail
post_detail

អត្ថបទទាក់ទង

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ជួបពិភាក្សាការងារជាមួយឯកឧត្ដម Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានជួប...

2024-09-05 04:27:13   ថ្ងៃព្រហស្បតិ៍, 05 កញ្ញា 2024 ម៉ោង 11:27 AM
បណ្ឌិត គិន ភា៖ ភូមិសាស្ត្រនយោបាយពិភពលោកកំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ហើយលទ្ធភាពនៃសង្គ្រាមរវាងមហាអំណាចពីរឬច្រើន លែងជារឿងដែលមិននឹកស្មាន​ដល់ទៀតហើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងសុន្ទរកថាស្វាគមន៍​ក្នុងវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្ដីពី «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និង វិបុលភាពសា...

2024-09-05 04:05:39   ថ្ងៃព្រហស្បតិ៍, 05 កញ្ញា 2024 ម៉ោង 11:05 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ មនសិកាស្នេហាជាតិ ជាតិនិយម និងការឯកភាពជាតិ គឺជាមូលដ្ឋានសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសថ្លែងសុន្ទរកថាបិទវេទិកាទំនាក់ទំនងអន្តរជាតិលើកទី ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរ និងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសាកល» នៅព...

2024-09-04 14:04:44   ថ្ងៃពុធ, 04 កញ្ញា 2024 ម៉ោង 09:04 PM
បណ្ឌិត យង់ ពៅ៖ ការពិភាក្សាអំពីកិច្ចការអន្តរជាតិជារឿងចាំបាច់និងត្រូវរៀបចំឡើងជាប្រចាំ ហើយកម្ពុជាត្រូវពង្រឹងខ្លួន មិនត្រូវសម្ងំមើលការចាត់ចែងពីមហាអំណាចឡើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «ការពិភាក្សាអំពីកិច្ចការអន្តរជាតិជារឿងចាំបាច់និងត្រូវរៀបចំឡើងប្រចាំ ហើយកម្ពុជាត្រូវពង្រឹងខ្លួន មិនត្រូវសម្ងំមើលការចាត់ចែងពីមហាអំណាចឡើយ» នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត យង់ ពៅ...

2024-09-04 13:27:37   ថ្ងៃពុធ, 04 កញ្ញា 2024 ម៉ោង 08:27 PM
រាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្ដីពី៖ «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាច សម្រាប់សន្តិភាព ស្ថិរភាព និង វិបុលភាពសាកល»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០ នាទីព្រឹក វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា...

2024-09-04 03:11:55   ថ្ងៃពុធ, 04 កញ្ញា 2024 ម៉ោង 10:11 AM
ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ ភាសាវិទ្យាប្រៀបដូចជាខ្យល់អុកស៊ីសែនដែលមិនអាចខ្វះបាន ដែលទាមទារឱ្យគ្រប់មជ្ឈដ្ឋានចូលរួមសិក្សាស្វែងយល់ បង្រៀន ផ្សព្វផ្សាយ និងអភិវឌ្ឍភាសាជាតិ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទកថាបើកសិក្ខាសាលា ស្ដីពី «ភាសាវិទ្យានិងភាសាខ្មែរនៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិត លើកទី១» រៀបចំឡើងដោយវិទ្យាស្ថានភាសាជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែស...

2024-08-29 07:33:00   ថ្ងៃព្រហស្បតិ៍, 29 សីហា 2024 ម៉ោង 02:33 PM

សេចក្តីប្រកាស