ព័ត៌មាន

បណ្ឌិត គិន ភា៖ ភូមិសាស្ត្រនយោបាយពិភពលោកកំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ហើយលទ្ធភាពនៃសង្គ្រាមរវាងមហាអំណាចពីរឬច្រើន លែងជារឿងដែលមិននឹកស្មាន​ដល់ទៀតហើយ

2024-09-05 04:05:39 ថ្ងៃព្រហស្បតិ៍, 05 កញ្ញា 2024 ម៉ោង 11:05 AM
អ្នកមើល 11475
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងសុន្ទរកថាស្វាគមន៍​ក្នុងវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្ដីពី «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និង វិបុលភាពសាកល» នាព្រឹក​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា «ភូមិសាស្ត្រនយោបាយពិភពលោកកំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ហើយលទ្ធភាពនៃសង្គ្រាមរវាងមហាអំណាចពីរឬច្រើន លែងជារឿងដែលមិននឹកស្មាន​ដល់ទៀតហើយ»។

​បណ្ឌិត គិន ភា បានលើកឡើងថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ​ដ៏សំខាន់ ដែលតួអង្គចាស់ ថ្មី និងតួអង្គដែលកំពុងលេចឡើងផ្សេងៗទៀតកំពុងប្រកួតប្រជែងគ្នាដណ្ដើម​តួនាទីនៅក្នុងកិច្ចការតំបន់ និងពិភពលោក។ សណ្តាប់ធ្នាប់ពិភពលោកដែលដឹកនាំដោយសហរដ្ឋអាម៉េរិក​ដែលត្រូវបានបង្កើត​ឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី២ កំពុងស្ថិតជាចំណោទបញ្ហា ហើយការកើនឡើង​នៃមហាអំណាចថ្មី និងតួអង្គមិនមែនរដ្ឋដែលមានឥទ្ធិពលកំពុងផ្លាស់ប្តូរសក្ដានុពលពិភពលោក។ ប្រការនេះ​បាននាំឱ្យមានការមិនសប្បាយចិត្តជាទូទៅចំពោះសកលភាវូបនីយកម្ម មិនត្រឹមតែនៅក្នុងសហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងបណ្តាប្រទេសលោកខាងលិចជាច្រើនផងដែរ ដែលបណ្តាលឱ្យមានការកើនឡើងអស្ថិរភាព និងជម្លោះ។

បណ្ឌិត គិន ភា បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ការរំពឹងទុកនៃសង្រ្គាមដែលផ្ទុះឡើងរវាងប្រទេសមហាអំណាចពីរ ឬច្រើន ដែលជាអ្វីដែលជាទូទៅត្រូវបានគេចាត់ទុកថា ជារឿងមិនគួរឱ្យជឿកាលពីប៉ុន្មានឆ្នាំមុននោះ ឥឡូវនេះគឺលែងជារឿងដែលមិននឹកស្មានដល់ទៀតហើយ។ ពិភពលោកនឹងកាន់តែមានអស្ថិរភាព និងគ្រោះថ្នាក់ ប្រសិនបើការអនុវត្តគោលការណ៍ពហុភាគីនិយមត្រូវបានជំនួសដោយវិធីសាស្រ្តបែបជាតិនិយមចង្អៀតចង្អល់។

ស្ថានការណ៍ប្រកបដោយជវភាព ដែលកំពុងត្រូវបានគេយកចិត្តទុកដាក់ជាខ្លាំង គឺជម្លោះដែលកំពុងកើតមានរវាងអ៊ុយក្រែននិងរុស្ស៊ី និងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។ ព្រឹត្តិការណ៍ទាំងនេះបានគូសបញ្ជាក់ពីស្ថានភាពផុយស្រួយនៃភូមិសាស្ត្រនយោបាយសកល ដែលមានផលប៉ះពាល់ដល់សន្តិសុខស្បៀង ថាមពល និងសន្តិសុខសកល។ ការពង្រឹងការគាំទ្រផ្នែកយោធាពីខាងក្រៅដោយអង្គការណាតូចំពោះអ៊ុយក្រែនបានជំរុញឱ្យមានការភ័យខ្លាចចំពោះការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ និងបង្ហាញដល់ពិភពលោកនូវអ្វីដែលកំពុងឆេះសន្ធោសន្ធៅ ដែលពិភពលោកអាចឈានទៅដល់ស្ថានភាពនោះ ប្រសិនបើមិនមានការប្រយ័ត្នប្រយែង។

ទន្ទឹមនឹងនោះ គេចាំបាច់ត្រូវពិចារណាពីឥទ្ធិពលក្រៅតំបន់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ទោះបីជាការគាំទ្រ​របស់​សហរដ្ឋអាម៉េរិក មានសារៈសំខាន់ចំពោះបញ្ហាប្រឈមខាងភូមិសាស្រ្តនយោបាយដែលអឺរ៉ុបកំពុងប្រឈមមុខក៏ដោយ ក៏រដ្ឋជាសមាជិកសហភាពអឺរ៉ុបហាក់ដូចជាមានការបែកបាក់គ្នាលើវិសាលភាពដែលពួកគេគួរតែធ្វើតាមគោលជំហរគោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិកទាក់ទងនឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសពាក់ព័ន្ធ​នឹងការប៉ុន​ប៉ងទប់ឥទ្ធិលប្រទេសចិន។ ខណៈដែលប្រទេសបារាំងកំពុងមានបំណងដើរតួនាទីឯករាជ្យនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប្រទេសអំណាចកណ្តាល ដូចជា ជប៉ុន និងអូស្ត្រាលី កំពុងត្រូវបានវាស់វែងដោយការឆ្លើយតបរបស់ពួកគេចំពោះ​ការភ័យខ្លាចនូវការរាំងស្ទះនៃលំហូរពាណិជ្ជកម្ម និងការកើនឡើងភាពតានតឹងនៅក្នុងតំបន់។ 

ភូមិសាស្ត្រនយោបាយពិភពលោកស្ថិតក្នុងស្ថានភាពផុយស្រួយ និងកាន់តែតានតឹង ហើយការប្រជែងគ្នារវាងមហាអំណាច ការបែកបាក់ និងការប្រឈមគ្នារវាងនិន្នាការសាកលភាវូបនីយកម្មពហុប៉ូល និងការគាំពារនិយមឯកប៉ូល បានធ្វើឱ្យសណ្តាប់ធ្នាប់ពិភពលោកនាពេលអនាគតកាន់តែស្មុគស្មាញ និងពិបាកក្នុងការវាយតម្លៃ។ ជាងនេះទៅទៀត និន្នាការបែបនេះអាចនាំទៅរកការផ្លាស់ប្តូរឆ្ពោះទៅរក​បដិសកលភាវូបនីយកម្ម ហើយនិន្នាការតំបន់ភាវូបនីយកម្ម កំពុងក្លាយជានិន្នាការថ្មីមួយ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា»

ថ្ងៃពុធ ២កេីត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា បា...

2019-02-07 05:11:56   ថ្ងៃព្រហស្បតិ៍, 07 កុម្ភៈ 2019 ម៉ោង 12:11 PM
«និស្សិតដេប៉ាតឺម៉ង់ភូមិវិទ្យានិងរៀបចំដែនដី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចុះកម្មសិក្សាស្រាវជ្រាវ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ដោយ៖ ស្រី សីហា

ខេត្តព្រះវិហារ៖ ថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០១៩ និស្សិតឆ្នាំទី៣ និងទី៤ ចំនួន១៧៤នាក់ រួមជាមួយនឹងសាស្ត្រាចារ្យ ចំនួន១០នាក់ នៃដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដី បានចាប់អារម្មណ៍ទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្...

2019-02-07 04:32:53   ថ្ងៃព្រហស្បតិ៍, 07 កុម្ភៈ 2019 ម៉ោង 11:32 AM
«សក្តានុពលនៃទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ចិន» ដោយ៖ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

ផ្លូវនឹងខ្សែក្រវាត់ជាច្រកសេដ្ឋកិច្ចមួយ សំដៅលើប្រព័ន្ធនៃការដឹកជញ្ជូនទំនិញឬសេវាឆ្លងដែន ជាពិសេសសម្រាប់ប្រទេសដែលគ្មានផ្លូវសមុទ្រ។ ច្រកសេដ្ឋកិច្ចនេះ អាចធ្វើឡើងតាមរយៈផ្លូវជាតិ ឬតាមរយៈផ្លូវដែក ដែលអាចជំរុញកំណ...

2019-02-07 04:03:21   ថ្ងៃព្រហស្បតិ៍, 07 កុម្ភៈ 2019 ម៉ោង 11:03 AM
«គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បើកដំណើរដូចធម្មតា...»

រដ្ឋមន្ត្រីអប់រំអំពាវនាវ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បើកដំណើរដូចធម្មតានៅថ្ងៃចូលឆ្នាំចិននៅក្នុងឱកាសបុណ្យចូលឆ្នាំចិនជាពិសេសនៅរាជធានីភ្នំពេញ គឺមានសាលាឯកជនមួយចំនួនបានចេញសេចក្តីជូនដំណឹងរយៈពេល៤ ថ្ងៃ នៃការឈ...

2019-02-06 04:40:41   ថ្ងៃពុធ, 06 កុម្ភៈ 2019 ម៉ោង 11:40 AM
«ក្រុមហ៊ុន Pensonic កំពុងសម្លឹងការពង្រីកសាខាបន្ថែមនៅក្នុងប្រទេសកម្ពុជា»

Pensonic Holdings Bhd គឺជាក្រុមហ៊ុនដែលផលិតសម្ភារប្រើប្រាស់របស់ម៉ាឡេស៊ី ហើយក្រុមហ៊ុននេះមានគោលបំណងពង្រីកសាខានៅក្នុងប្រទេសកម្ពុជា ដោយបច្ចុប្បន្នក្រុមហ៊ុន Pensonic កំពុងសម្លឹងមើល ខេត្តបាត់ដំបង ខេត្តសៀមរាប...

2019-02-06 04:30:45   ថ្ងៃពុធ, 06 កុម្ភៈ 2019 ម៉ោង 11:30 AM
«នាវា២គ្រឿងរបស់ជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩»

ភ្នំពេញ៖ នាវាចំនួន ២ គ្រឿងរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុនដែលមានឈ្មោះថា “សេតូយុគិ” និង“ស៊ីម៉ាយុគិ” ដឹកនាំដោយវរនាវីឯក យ៉ូស៊ីយូគី ណាកាហ្គាម៉ា មេបញ្ជាការកងពលធំហ្វឹកហ្វឺនលេខ១ នៃកងកម្លាំងស្វ័យការពារជើងទ...

2019-02-06 04:18:19   ថ្ងៃពុធ, 06 កុម្ភៈ 2019 ម៉ោង 11:18 AM

សេចក្តីប្រកាស