Royal Academy of Cambodia
ដោយ៖ បណ្ឌិត យង់ ពៅ
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” របស់កម្ពុជា ក្នុងគោលបំណងកៀងគរថវិកាបន្ថែម សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែន បន្ទាប់ពីមានការបំផុសបំផុលឱ្យមានការតវ៉ាឱ្យដកប្រទេសកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ ការប្រកាសបង្កើតមូលនិធិពីសំណាក់រាជរដ្ឋាភិបាកម្ពុជានេះ បានបញ្ជាក់យ៉ាងច្បាស់អំពីអធិបតេយ្យភាពពេញលេញ និងមិនអាចរំលោភបានរបស់ប្រទេសកម្ពុជា និងការបើកចំហរទូលាយឱ្យប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកស្នេហាជាតិទាំងអស់ចូលរួមនៅក្នុងការកសាងរបងការពារជាតិយ៉ាងរឹងមាំគឺ ហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់បណ្ដោយព្រំដែនកម្ពុជាជាមួយនឹងប្រទេសជិតខាង។ ប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” របស់កម្ពុជា បានបង្ហាញឱ្យឃើញទិដ្ឋភាពសំខាន់ៗចំនួន៥គឺ៖
១. ជាការបញ្ជាក់យ៉ាងច្បាស់អំពីអធិបតេយ្យភាពរបស់កម្ពុជា៖
ការប្រកាសបង្កើតនូវ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ជាការបង្ហាញឱ្យសាធារណៈមតិជាតិមើលឃើញកាន់តែច្បាស់អំពីការធានាបាននូវអធិបតេយ្យភាពជាតិនៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ព្រោះប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា ពិតជាបានធ្វើឱ្យបាត់បង់ការគ្រប់គ្រងនៅលើដែនអធិបតេយ្យភាពជាតិពិតប្រាកដមែននោះ រាជរដ្ឋាភិបាលកម្ពុជានឹងពុំបង្កើតនូវមូលនិធិនេះនោះឡើយ ហើយរាជរដ្ឋាភិបាលនឹងបន្តលាក់បាំងអំពីការអភិវឌ្ឍនៅតាមតំបន់ទាំងនោះ ដើម្បីបញ្ជៀសជ្រួតជ្រាបបញ្ហានៅតំបន់ព្រំដែនកាន់តែច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែពុំបានលាក់បាំងនោះទេ ប៉ុន្តែថែមទាំងរៀបចំដំណើរទស្សនកិច្ចចុះពិនិត្យនិងស្វែងយល់អំពីបញ្ហាព្រំដែន ក៏ដូចជាអំពាវនាវឱ្យមហាជនចូលរួមឱ្យបានច្រើនកុះករថែមទៀតផង។ លើសពីនេះ ការបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” របស់កម្ពុជានេះឡើង រាជរដ្ឋាភិបាលមានបំណងបង្ហាញដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា រាជរដ្ឋាភិបាលនៅតែការពារបានយ៉ាងខ្ជាប់ខ្ជួន និងពេញលេញនូវដែនអធិបតេយ្យដែលមិនអាចរំលោភបានរបស់កម្ពុជា ហើយប្រសិនបើអធិបតេយ្យនេះត្រូវបានរំលោភដោយប្រទេសជិតខាងពិតមែននោះ រាជរដ្ឋាភិបាលពិតជាមិនអាចប្រកាសបង្កើតឱ្យមានការចូលរួមជាមូលនិធិ ពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅនោះទេ ព្រោះប្រទេសជិតខាងនឹងប្រតិកម្ម ហើយតវ៉ានៅជុំវិញរឿងនេះ។ ការទូងស្គរប្រកាសឱ្យមានការចូលរួមជាមូលនិធិកសាងហេរដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែននេះ ក៏ជាចំណែកមួយនៅក្នុងការកសាងខឿនការពារព្រំដែនរបស់កម្ពុជាផងដែរ។
២. ជាការបើកទូលាយឱ្យអ្នកស្នេហាជាតិចូលរួមកសាងជាតិ៖
រាជរដ្ឋាភិបាលបានបើកទូលាយសម្រាប់ការចូលរួមនៅក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដោយគ្មានការរើសអើងភេទ សាសនា ពណ៌សម្បុរ និងនិន្នាការនយោបាយ ដែលគឺជាការបើកចំហរការចូលរួមជាទូទៅសម្រាប់ប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកដែលមានស្មារតីជាតិនិយម និងទឹកចិត្តស្នេហាជាតិពិតប្រាកដ ដែលមានគោលបំណងដូចគ្នាគឺ កសាងនិងការពារជាតិមាតុភូមិរបស់ខ្លួនឱ្យបានរឹងមាំ។ ការបើកចំហរទូលាយចំពោះការចូលរួមនេះ មានន័យថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិនៅក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិបានពេញលេញ ពិសេសគឺការចូលរួមនៅក្នុងសកម្មភាពអភិវឌ្ឍនានានៅតាមបណ្ដោយព្រំដែនរបស់កម្ពុជាជាមួយប្រទេសជិតខាង។
៣. ប្រជាពលរដ្ឋគ្រប់រូបជាម្ចាស់ និងជារបងការពារព្រំដែនយ៉ាងពិតប្រាកដ
ការចូលរួមចំណែកជាថវិកានៅក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” គឺជាការចូលរួមដោយផ្ទាល់នៅក្នុងការកសាងខឿនការពារព្រំដែន តាមរយៈការជំរុញហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្តនានា នៅតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ហើយប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងអស់គឺជាម្ចាស់ និងជារបងការពារព្រំដែនយ៉ាងពិតប្រាកដ ដោយសារតែខឿនការពារព្រំដែនទាំងនេះ កើតចេញមកពីទឹកចិត្តស្នេហាជាតិ និងស្មារតីជាតិនិយមពិតប្រាកដរបស់ខ្មែរគ្រប់រូប
៤. អ្នកស្នេហាជាតិមានឱកាសបញ្ជាក់អំពីមនសិការជាតិពិតប្រាកដរបស់ខ្លួន
ប្រទេសជាតិនីមួយៗតែងតែមានជនស្នេហាជាតិមាតុភូមិរបស់ខ្លួនរាប់មិនអស់ ហើយក៏មានផងដែរអ្នកដែលតែងតែតាំងខ្លួនជាអ្នកស្នេហាជាតិមាតុភូមិផ្ដាច់មុខ ដែលជួនកាលក៏បានព្យាយាមបំផុសបំផុលឱ្យមហាជនក្រោកឡើងទាមទារ តវ៉ា ឬប្រឆាំងនឹងរដ្ឋាភិបាល ទៅលើប្រធានរឿងណាមួយដែលខ្លួនបំភ្លៃថាជាការខាតបង់ផលប្រយោជន៍ជាតិ។ ដូច្នេះ ដល់ពេលហើយដែលប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាជាតិពិតប្រាកដ មានឱកាសបញ្ជាក់អំពីមនសិការជាតិរបស់ខ្លួន តាមរយៈការចូលរួមអភិវឌ្ឍនិងការពារផលប្រយោជន៍ប្រទេសជាតិ ហើយការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់បណ្ដោយព្រំដែន គឺជាមូលដ្ឋានចម្បងមួយនៅក្នុងការចូលរួមចំណែកការពារព្រំដែន ដែលអ្នកស្នេហាជាតិពិតប្រាកដឥតក្លែងក្លាយ គួរតែចូលរួមទៅតាមលទ្ធភាព និងទឹកចិត្តដែលខ្លួនមានចំពោះប្រទេសជាតិមាតុភូមិមួយនេះ។
៥. ការប្រមូលផ្ដុំកម្លាំងជាតិ ចំពោះបញ្ហាអធិបតេយ្យភាព
ស្មារតីជាតិនិយមដ៏រឹងមាំដែលអាចការពារប្រទេសជាតិ ការពារអធិបតេយ្យភាពរបស់ខ្លួនបានគង់វង្ស គឺជាស្មារតីជាតិនិយមដែលមានការឯកភាពផ្ទៃក្នុងរបស់ជាតិ ហើយមិនថាពេលណាជាពេលណានោះទេ ការពង្រឹងឯកភាពផ្ទៃក្នុងរបស់ជាតិគឺជាមូលដ្ឋានដ៏រឹងមាំដើម្បីការពារជាតិ ប្រជាជន និងទឹកដី ដូចពាក្យស្លោកខ្មែរមួយឃ្លាបានលើកឡើងថា “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់”។ ការធានាបានអធិបតេយ្យភាពនៃប្រជាជាតិ គឺជាការការពារបាននូវឯករាជ្យ និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិនីមួយៗ ដូច្នេះហើយ ខ្មែរគ្រប់និន្នាការ និងពណ៌សម្បុរនយោបាយទាំងអស់ គប្បីរួបរួមគ្នាឱ្យបាននៅពេលដែលកាលៈទេសៈតម្រូវ នៅក្នុងរឿងអធិបតេយ្យភាពរបស់ខ្លួន។ ការចូលរួមដោយផ្ដោតសំខាន់តែទៅលើឧត្ដមប្រយោជន៍ប្រទេសជាតិ គឺជាការចូលរួមប្រកបដោយស្មារតីជាតិនិយម និងមនសិការជាតិពិតប្រាកដ ដែលគួរឱ្យអ្នកជំនាន់ក្រោយគោរព កោតស្ញប់ស្ញែង និងយកជាគំរូតាម៕
RAC Media | លឹម សុវណ្ណរិទ្ធ
The newly appointed prime minister of Cambodia, Dr. Hun Manet, has stated that Cambodia must strengthen internal capacity to be able to live independently and that we must try to live independently an...
ឯកឧត្ដមបណ្ឌិត យង់ ពៅ ជំនួបពិភាក្សាការងារជាមួយតំណាងសាកលវិទ្យាល័យសៀងហៃនៅក្នុងឱកាសជំនួបទ្វេភាគីពីរដោយឡែកជាមួយនឹងតំណាងពីសាកលវិទ្យាល័យសៀងហៃ និងតំណាងពីសាកលវិទ្យាល័យភាសានិងវប្បធម៌ប៉េកាំង ឯកឧត្ដមបណ្ឌិត យង់ ពៅ...
ថ្លែងសុន្ទករថាបើកវេទិកាវិទ្យាសាស្ត្រ ក្នុងសប្ដាហ៍ផ្លាស់ប្ដូរការអប់រំ ចិន-អាស៊ាន នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ពីខេត្តគួយចូវ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា...
In the ever-evolving landscape of international relations, Cambodia's strategic partnership with Japan has played a significant role in shaping the country's development and progress. As the Indo-Paci...
The visit of Chinese Foreign Minister Wang Yi in Cambodia from August 12-13, 2023 holds immense significance, not only for the bilateral relations between the two nations but also for the broader regi...