ព័ត៌មាន

ជនជាតិវៀតណាមមួយចំនួនព្យាយាមចាក់ទឹកត្រីលើដំបៅចាស់!

2024-05-20 12:37:27 ថ្ងៃចន្ទ, 20 ឧសភា 2024 ម៉ោង 07:37 PM
អ្នកមើល 20028
post_detail

កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការភ្ញាក់ផ្អើលជាខ្លាំងពេលបើកមើលមតិយោបល់លើវីដេអូដែលសម្តេចបានបង្ហោះក្នុងបណ្ដាញសង្គម Tik Tok ដែលត្រូវបានជនជាតិវៀតណាមរាប់សិបនាក់ចូលមកជេរ។ ការជេរប្រមាថសម្តេចតេជោ តាម Tik tok ដោយជនជាតិ វៀតណាមមួយចំនួននេះ ធ្វើឡើងក្រោយពេលដែលសម្តេចបាននិយាយរឿងព្រែកជីកហ្វូណន តេជោ។

សម្តេចតេជោបានសម្តែងចម្ងល់ថា តើជនជាតិវៀតណាមទាំងនោះជាអ្នកណា? វៀតណាមនៅក្នុង ប្រទេសវៀត ណាមឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាមឬ អាណិកជនវៀតណាមនៅកម្ពុជា ឬក៏បងប្អូនខ្មែរក្រោមដែលមានគណនី Tik Tokនិងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរខ្មែរផង។

ជាមួយនឹងការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះ សម្តេចបានស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលទៅជេរប្រមាថសម្តេចជាអ្នកណា។

ឥរិយាបថរបស់ជនជាតិវៀតណាមដែលចូលមកជេរប្រមាថសម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំដ៏គួរឱ្យគោរពបំផុតរបស់កម្ពុជា គឺជាឥរិយាបថមួយមិនអាចទទួលយកបាន, ច្រឡោងខាម, ខ្វះការគោរពចំពោះទំនាក់ទំនងជាប្រពៃណីក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ, មិនគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា, ខ្វះចំណេះដឹងប្រវត្តិសាស្ត្រអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងប្រវត្តិសាស្ត្រ កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់ទៅប្រទេសវៀតណាម។ ដែនដីកម្ពុជាក្រោមរាប់សិបខេត្ត រួមទាំងក្រុងព្រៃនគរផង ដែលមានពលរដ្ឋជាដើមកំណើតខ្មែររាប់លាននាក់រស់នៅទីនោះ, និងកោះត្រល់ដែលជាកោះគជ់ដ៏ឆើតឆាយ ដែលមានចម្ងាយតែជាង១០គីឡូពីក្រុងកែប ក៏ត្រូវបានគ្រប់គ្រងដោយប្រទេស វៀតណាមដែរ។

កម្ពុជាក្រោមក្តី កោះត្រល់ក្តី ទោះបីបាត់បង់ក្នុងសម័យកាលណាក៏ដោយ ក៏ប្រជាជនកម្ពុជាជំនាន់នេះ និងជំនាន់ក្រោយៗទៀត នៅតែមានការឈឺចាប់ និងស្តាយស្រណោះដែរ គឺប្រៀបដូចជាការបាត់បង់អវយវៈចេញពីរាងកាយដូច្នោះដែរ។

ដូច្នេះ ជនជាតិវៀតណាមទាំងនោះមិនគួរយកគម្រោងព្រែកជីកហ្វូណនតេជោរបស់ខ្មែរ ដែលនឹងត្រូវសាងសង់នៅលើទឹកដីខ្មែរ មកបង្កឱ្យមានការឈឺចាប់ដល់ប្រជាជនខ្មែរនោះទេ។ ជនជាតិវៀតណាមទាំងនោះ គួរតែគិតដល់តម្លៃនៃទំនាក់ទំនងនិងមិត្តភាពក្នុងភាពជាអ្នកជិតខាងល្អ មិនគួរចាក់ទឹកត្រីទៅលើស្នាមរបួសចាស់ដែលនាំឱ្យមានការឈឺចាប់កាន់តែខ្លាំងនោះទេ។

តែយ៉ាងណា សង្ឃឹមថា ការជេរប្រមាថរបស់ជនជាតិវៀតណាមទាំងនោះ នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមនោះទេ បើនេះមិនមែនជាការរៀបចំឬជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលវៀតណាម។ យើងនៅតែចងចាំនូវពាក្យស្លោកកាលពីសម័យសង្គ្រាមត្រជាត់ដែលវៀតណាមតែងតែប្រើប្រាស់ដើម្បីលើកតម្កើងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិរវាងកម្ពុជានិងវៀតណាមថា «ទោះបីភ្នំទ្រឿងសឺងរេចរិល ក៏មិត្តភាពកម្ពុជា-វៀតណាម នៅតែស្ថិតស្ថេររឹងមាំដែរ»។

ដូច្នេះ ប្រទេសទាំងពីរត្រូវចេះរួមរស់ជាមួយគ្នាដោយសុខសន្តិភាព ការគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីរបស់គ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ឱ្យសក្តិសមនឹងពាក្យស្លោកនៃទំនាក់ទំនងដែលប្រទេសទាំងពីរ បានអនុម័តគឺ «ភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង»។ ប្រទេសទាំងពីរត្រូវត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍បញ្ចសិលាសន្តិសហវិជ្ជមានក្នុងទំនាក់ទំនងរបស់ខ្លួន និងត្រូវទទួលស្គាល់សច្ចភាពប្រវត្តិសាស្ត្រ។ ប្រទេសទាំងពីរមិនត្រូវបណ្ដោយខ្លួនឱ្យធ្លាក់ក្នុងអន្ទាក់ភូមិសាស្ត្រនយោបាយនោះទេ៕

២០ ឧសភា ២០២៤

(បណ្ឌិត គិន ភា)

RAC Media

អត្ថបទទាក់ទង

Yoon Suk Yeol, President of the Republic of Korea will join ASEAN Summit in Cambodia by: Dr. Seun Sam

Since October 30, 1997, Cambodia's Prime Minister Hun Sen has developed excellent ties with the Republic of Korea. Since the two nations' diplomatic ties were established, the prime minister of Cambod...

2022-11-07 05:22:16   ថ្ងៃចន្ទ, 07 វិច្ឆិកា 2022 ម៉ោង 12:22 PM
«អាស៊ានពីសម្ព័ន្ធភាពដើម្បីទប់ទល់ឥទ្ធិពលកុម្មុយនីស្ត ក្លាយជាអង្គការតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច»

ក្នុងបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងដំណើរការនៃការបង្កើត​និងដំណើរការរបស់អង្គការអាស៊ាន លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃ...

2022-11-05 13:23:54   ថ្ងៃសៅរ៍, 05 វិច្ឆិកា 2022 ម៉ោង 08:23 PM
ទំនាក់ទំនងកម្ពុជា-ចិន: មិត្តភាពដែលមិនអាចបំបែកបាន ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជារាជបណ្ឌិត្យសភាកម្ពុជា

"មិត្តភក្តិដែលគួរឱ្យទុកចិត្តបំផុត" "មិត្តល្អជួយគ្នាក្នុងគ្រាក្រ" "មិត្តភាពដែក" "ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" និង "សហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នា" ជាឃ្លោងឃ្លាមួយចំនួនក្នុងចំណោមឃ្លោងឃ្លាដទៃទៀតដ...

2022-11-05 07:50:32   ថ្ងៃសៅរ៍, 05 វិច្ឆិកា 2022 ម៉ោង 02:50 PM
កិច្ចប្រជុំ ធំៗ ចំនួន ៣ នៅតំបន់អាស៊ីអាគ្នេយ៍ ជាការផ្តល់សារៈសំខាន់ពីសំណាក់មហាអំណាចចំពោះតំបន់អាស៊ានក្នុងបរិបទប្រកួតប្រជែងភូមិសាស្ត្រអន្តរជាតិដ៏ក្តៅគគុក

«ក្នុងបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ពាក់ព័ន្ធនឹងវត្តមាននាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau ចូលរួម ក្នុង កិច្ចប្រជុំ កំពូល អាស៊ាន នៅរាជធានី ភ្នំពេញរួមជាមួយកិច្ចប្រជុំ កំពូល ក្រុមប្រទេសសេដ្ឋក...

2022-11-05 07:36:42   ថ្ងៃសៅរ៍, 05 វិច្ឆិកា 2022 ម៉ោង 02:36 PM
ភាពលេចធ្លោនៃចំណងមិត្តភាព កម្ពុជានិងវៀតណាម ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានលើកកម្ពស់ និងពង្រឹងឥត ឈប់ឈរ តាមរយៈថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ក្រោមបាវចនានៃ “ភាពជា អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រ...

2022-11-05 07:02:37   ថ្ងៃសៅរ៍, 05 វិច្ឆិកា 2022 ម៉ោង 02:02 PM
ឥស្សរជនខ្មែរ៤រូប ទទួលបានការផ្ដល់នូវគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ!

កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ឥស្សរជនខ្មែរ ចំនួន៤រូប បានទទួលកិត្តិយសដ៏ប្រពៃ ដោយព្រះមហាក្សត្រ ទ្រង់បានឈ្វេងយល់ និង ប្រោសប្រទាននូវគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា តាមការក្រាបបង្គំទូលស្នើ...

2022-11-04 15:21:08   ថ្ងៃសុក្រ, 04 វិច្ឆិកា 2022 ម៉ោង 10:21 PM

សេចក្តីប្រកាស