Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចពិភាក្សាខ្លី អំពីទំនៀមទម្លាប់ និងប្រពៃណី នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឱ្យមានការរៀបចំតាំងលម្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅតាមអង្គភាព ស្ថាប័ន ពិសេសនៅតាមច្រកទ្វារអន្តរជាតិនានា ដើម្បីថែរក្សាតម្លៃ និងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ។
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានលើកឡើងអំពីការកត់សម្គាល់របស់ឯកឧត្ដមថា នៅតាមអង្គភាព ស្ថាប័នមួយចំនួន ពិសេសនៅតាមក្រុមហ៊ុនឯកជនធំៗ តែងតែមានការដាក់តាំង និងតុបតែងលម្អ ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំសាកល និងពិសេសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ប៉ុន្តែហាក់ពុំសូវមានសម្បូរការតាំងលម្អដូចគ្នានេះ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឡើយ។ ចំណុចនេះ ឯកឧត្ដមបានចាត់ទុកថា ជាចំណុចខ្វះខាតដែលយើងពុំបានបង្ហាញអំពីអត្តសញ្ញាណ និងភាពសម្បូរបែបនៃវប្បធម៌ដ៏ល្អរបស់ខ្មែរ។
ឯកឧត្ដមបណ្ឌិតបានបន្តថា ការរៀបចំតាំងលម្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅតាមអង្គភាព ស្ថាប័ន ពិសេសនៅតាមច្រកទ្វារអន្តរជាតិនានា ពិតជាមានសារៈសំខាន់ណាស់ ដោយការតាំងលម្អនេះ គឺជាការបង្ហាញនិងរំឭកដល់ភ្ញៀវទេសចរដែលមកកាន់កម្ពុជាថា កម្ពុជាកំពុងត្រៀមខ្លួនប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួន ដែលនឹងមានការរៀបចំព្រឹត្តិការណ៍សំខាន់ៗនៅតាមទីតាំងនានានៅទូទាំងប្រទេស ដើម្បីអបអរសាទរពិធីជាប្រពៃណីនេះ។ បើតាមឯកឧត្ដមបណ្ឌិត ការតាំងលម្អនៅតាមច្រកទ្វារអន្តរជាតិ និងនៅតាមអាកាសយានដ្ឋាន គឺជាសារដ៏សំខាន់មួយ ដើម្បីទាក់ទាញឱ្យភ្ញៀវទេសចរ បានដឹងឭ និងអាចសម្រេចចិត្តទៅទស្សនា និងចូលរួមនៅតាមរម ណីយដ្ឋាន ក៏ដូចជាតំបន់ទេសចរណ៍នានានៅក្នុងប្រទេសផងដែរ។
នៅក្នុងទិដ្ឋភាពមួយទៀត ឯកឧត្ដមបណ្ឌិត យង់ ពៅ បានពន្យល់ថា ការរៀបចំតាំងលម្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅតាមអង្គភាព ស្ថាប័ន និងនៅតាមច្រកទ្វារអន្តរជាតិនានា គឺជាការថែរក្សាតម្លៃ និងបង្ហាញអំពីអត្តសញ្ញាណវប្បធម៌ជាតិ ដែលថ្នាក់ដឹកនាំនៅតាមអង្គភាព ស្ថាប័ន និងក្រុមហ៊ុននីមួយៗ គួរតែរៀបចំចាត់ចែងឱ្យខានតែបាន ដើម្បីបង្ហាញអំពីទឹកចិត្តស្រឡាញ់ និងមោទកភាពចំពោះប្រពៃណី និងវប្បធម៌របស់ប្រជាជាតិខ្លួន។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ក៏បានជំរុញឱ្យមហាជន ជាពិសេសយុវជន ចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុលផងដែរ ព្រោះគឺឱកាសដែលគេអាចជំរុញភាតរភាពនៅក្នុងចំណោមប្រជាជន និងសង្គមជាតិខ្មែរ ព្រមទាំងបង្ហាញអំពីសុខដុមភាពរបស់ប្រជាជាតិស្ថិតនៅក្រោមសន្តិភាពផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
Since October 30, 1997, Cambodia's Prime Minister Hun Sen has developed excellent ties with the Republic of Korea. Since the two nations' diplomatic ties were established, the prime minister of Cambod...
ក្នុងបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងដំណើរការនៃការបង្កើតនិងដំណើរការរបស់អង្គការអាស៊ាន លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃ...
"មិត្តភក្តិដែលគួរឱ្យទុកចិត្តបំផុត" "មិត្តល្អជួយគ្នាក្នុងគ្រាក្រ" "មិត្តភាពដែក" "ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" និង "សហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នា" ជាឃ្លោងឃ្លាមួយចំនួនក្នុងចំណោមឃ្លោងឃ្លាដទៃទៀតដ...
«ក្នុងបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ពាក់ព័ន្ធនឹងវត្តមាននាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau ចូលរួម ក្នុង កិច្ចប្រជុំ កំពូល អាស៊ាន នៅរាជធានី ភ្នំពេញរួមជាមួយកិច្ចប្រជុំ កំពូល ក្រុមប្រទេសសេដ្ឋក...
ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានលើកកម្ពស់ និងពង្រឹងឥត ឈប់ឈរ តាមរយៈថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ក្រោមបាវចនានៃ “ភាពជា អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រ...
កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ឥស្សរជនខ្មែរ ចំនួន៤រូប បានទទួលកិត្តិយសដ៏ប្រពៃ ដោយព្រះមហាក្សត្រ ទ្រង់បានឈ្វេងយល់ និង ប្រោសប្រទាននូវគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា តាមការក្រាបបង្គំទូលស្នើ...