Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចពិភាក្សាខ្លី អំពីទំនៀមទម្លាប់ និងប្រពៃណី នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឱ្យមានការរៀបចំតាំងលម្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅតាមអង្គភាព ស្ថាប័ន ពិសេសនៅតាមច្រកទ្វារអន្តរជាតិនានា ដើម្បីថែរក្សាតម្លៃ និងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ។
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានលើកឡើងអំពីការកត់សម្គាល់របស់ឯកឧត្ដមថា នៅតាមអង្គភាព ស្ថាប័នមួយចំនួន ពិសេសនៅតាមក្រុមហ៊ុនឯកជនធំៗ តែងតែមានការដាក់តាំង និងតុបតែងលម្អ ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំសាកល និងពិសេសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ប៉ុន្តែហាក់ពុំសូវមានសម្បូរការតាំងលម្អដូចគ្នានេះ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឡើយ។ ចំណុចនេះ ឯកឧត្ដមបានចាត់ទុកថា ជាចំណុចខ្វះខាតដែលយើងពុំបានបង្ហាញអំពីអត្តសញ្ញាណ និងភាពសម្បូរបែបនៃវប្បធម៌ដ៏ល្អរបស់ខ្មែរ។
ឯកឧត្ដមបណ្ឌិតបានបន្តថា ការរៀបចំតាំងលម្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅតាមអង្គភាព ស្ថាប័ន ពិសេសនៅតាមច្រកទ្វារអន្តរជាតិនានា ពិតជាមានសារៈសំខាន់ណាស់ ដោយការតាំងលម្អនេះ គឺជាការបង្ហាញនិងរំឭកដល់ភ្ញៀវទេសចរដែលមកកាន់កម្ពុជាថា កម្ពុជាកំពុងត្រៀមខ្លួនប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួន ដែលនឹងមានការរៀបចំព្រឹត្តិការណ៍សំខាន់ៗនៅតាមទីតាំងនានានៅទូទាំងប្រទេស ដើម្បីអបអរសាទរពិធីជាប្រពៃណីនេះ។ បើតាមឯកឧត្ដមបណ្ឌិត ការតាំងលម្អនៅតាមច្រកទ្វារអន្តរជាតិ និងនៅតាមអាកាសយានដ្ឋាន គឺជាសារដ៏សំខាន់មួយ ដើម្បីទាក់ទាញឱ្យភ្ញៀវទេសចរ បានដឹងឭ និងអាចសម្រេចចិត្តទៅទស្សនា និងចូលរួមនៅតាមរម ណីយដ្ឋាន ក៏ដូចជាតំបន់ទេសចរណ៍នានានៅក្នុងប្រទេសផងដែរ។
នៅក្នុងទិដ្ឋភាពមួយទៀត ឯកឧត្ដមបណ្ឌិត យង់ ពៅ បានពន្យល់ថា ការរៀបចំតាំងលម្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅតាមអង្គភាព ស្ថាប័ន និងនៅតាមច្រកទ្វារអន្តរជាតិនានា គឺជាការថែរក្សាតម្លៃ និងបង្ហាញអំពីអត្តសញ្ញាណវប្បធម៌ជាតិ ដែលថ្នាក់ដឹកនាំនៅតាមអង្គភាព ស្ថាប័ន និងក្រុមហ៊ុននីមួយៗ គួរតែរៀបចំចាត់ចែងឱ្យខានតែបាន ដើម្បីបង្ហាញអំពីទឹកចិត្តស្រឡាញ់ និងមោទកភាពចំពោះប្រពៃណី និងវប្បធម៌របស់ប្រជាជាតិខ្លួន។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ក៏បានជំរុញឱ្យមហាជន ជាពិសេសយុវជន ចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុលផងដែរ ព្រោះគឺឱកាសដែលគេអាចជំរុញភាតរភាពនៅក្នុងចំណោមប្រជាជន និងសង្គមជាតិខ្មែរ ព្រមទាំងបង្ហាញអំពីសុខដុមភាពរបស់ប្រជាជាតិស្ថិតនៅក្រោមសន្តិភាពផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
និទានកថា នៅទីនេះ បានចាប់ផ្ដើមពីសម័យដែលមនុស្សមិនទាន់ចេះអាន និងសរសេរ មុនពេលមានការបង្កើតថ្មីនៃការអាន និងការសរសេរ នៅពេលដែលបុព្វបុរស ផ្ទេរវប្បធម៌ដោយផ្ទាល់មាត់របស់គេ ពីជំនាន់មួយទៅជំនាន់មួយទៀត។ គេអាចស្វែងរកឃ...
រាជបណ្ឌិត្យសភាកម្ពុជា៖ កាលពីព្រឹកថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នៅសាល «ទន្លេសាប» នៃអគារខេមរៈវិទូមានរៀបចំអង្គសិក្ខាសាលាស្តីពី «ទេសចរណ៍កម...
រាជបណ្ឌិត្យសភាកម្ពុជា៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានសហការជាមួយអង្គការ GIZ និងអ្នកជំនាញជាជនជាតិអូស្ត្រាលីដើម្បីរៀបចំបង្កើតឱ្យមានដំណើរក...
នៅថ្ងៃទី២១ ខែវិច្ឆិកា ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយអ្នកសិក្សាស្រាវជ្រាវជនជាតិជប៉ុន លោក ហិរ៉ូមិ យ៉ាណុ (HIROMI YANO) ដើម្បីសិក្សាលទ្ធភា...
ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ មូលបទនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ស្មារតីអាស៊ាន ជាគ្រួសាររួ...