ព័ត៌មាន

ឯកឧត្តមបណ្ឌិត យង់ ពៅ៖ ការប្រោះព្រំទឹកជាទំនៀមទម្លាប់មានក្នុងសង្គមខ្មែរយូរមកហើយ តែការបាញ់ទឹកដោយកាំភ្លើងបាញ់ទឹក ឬគប់ទឹក មិនមែនជាវប្បធម៌ខែ្មរទេ

2024-04-09 09:52:15 ថ្ងៃអង្គារ, 09 មេសា 2024 ម៉ោង 04:52 PM
អ្នកមើល 20980
post_detail

យោងតាមកិច្ចពិភាក្សាពីប្រពៃណីទំនៀមទម្លាប់មួយចំនួនក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា ការប្រោះព្រំទឹក ជាទំនៀមទម្លាប់មានក្នុងសង្គមខ្មែរយូរមកហើយ តែការបាញ់ទឹកដោយកាំភ្លើងជ័យបាញ់ទឹក ឬគប់ទឹក មិនមែនជាវប្បធម៌ខែ្មរទេ។

ក្នុងអារ្យធម៌ខ្មែរយើង ទឹកត្រូវបានប្រើប្រាស់សម្រាប់ការប្រោះព្រំទឹក សម្រាប់ឱ្យពរជ័យ ផ្ដល់ភាពត្រជាក់ត្រជំ។ ខ្មែរយើង មានពិធីស្រង់ព្រះ ហើយការស្រោចទឹកនៅក្នុងពេលបុណ្យចូលឆ្នាំខ្មែរ ក៏វិវត្តចេញពីទំនៀមទម្លាប់ស្រង់ព្រះនេះដែរ។ ពិធីស្រង់ព្រះច្រើនធ្វើនៅតាមវត្តអារាម ដោយប្រើទឹកដែលស្អាត មានបាញ់ទឹកអប់ឬអប់ទឹកដោយផ្កាឈូក ឬផ្កាម្លិះ មានក្លិនក្រអូប សម្រាប់ស្រោចប្រោះព្រំ ដល់ព្រះពុទ្ធបដិមា។

រីឯលោកស្រីបណ្ឌិត ជា វណ្ឌី បានបញ្ជាក់ថា ការលេងទឹក ស្រោចឬប្រោះព្រំទឹកនេះ មិនមែនទើបតែមានក្នុងសង្គមខ្មែរយើងនោះទេ។ នៅពេលចូលឆ្នាំថ្មី ការប្រោះព្រំទឹក គឺដើម្បីជម្រះឧបទ្របចង្រៃ ដែលមានពីឆ្នាំចាស់ និងបានសិរីសួស្ដីក្នុងឆ្នាំថ្មី។ ម៉្យាងវិញទៀត នៅក្នុងវប្បធម៌ខ្មែរ គេប្រើទឹកសម្រាប់ប្រារព្ធពិធីស្រង់ព្រះ ក្នុងវត្តអារាម និងប្រើសម្រាប់ស្រង់ព្រះរស់ នៅតាមគេហដ្ឋាន ហើយនេះ មិនកំណត់ត្រឹមតែសាច់ញាតិ គឺប្រើទូលាយដល់សាច់ញាតិ ជិតខាង មិត្តភក្តិ ហើយត្រូវការអនុញ្ញាតពីសាមីខ្លួន។ លោកស្រីបណ្ឌិត ជា វណ្ណី បានបញ្ជាក់ថា ទំនៀមទម្លាប់ខ្មែរយើង ល្អប្រពៃណាស់ មុននឹងស្រោចស្របទឹកជូនឪពុកម្ដាយ ចាស់ទុំ ឬញាតិមិត្ត គប្បីតែងត្រូវសុំការអនុញ្ញាតជាមុនសិន ទើបស្រោចជាក្រោយ។

ជាមួយគ្នានេះដែរ ក៏មានទំនៀមទម្លាប់ស្រង់ទឹក នៅពេលមានពិធីដង្ហែរព្រះនៅក្នុងភូមិ ឆ្ពោះទៅកាន់ទីវត្តអារាម ដោយប្រជាពលរដ្ឋ មានរៀបចំដាក់ពាងឬធុងទឹកនៅមុខផ្ទះ ទុកសម្រាប់ព្រះសង្ឃនិមន្តមក ស្រោចទឹកជូនពរជ័យដល់ម្ចាស់ផ្ទះឬញាតិជិតខាងនៅតាមភូមិតាមផ្លូវជាហូរហែ។

តាមបែបជំនឿក្នុងសង្គមខ្មែរយើង ប្រជាពលរដ្ឋក៏អាចអញ្ជើញទៅវត្តអារាម និមន្តព្រះសង្ឃស្រោចទឹកលើករាសី។ គ្រូខ្មែរបុរាណ ក៏មានប្រើប្រាស់ការស្រោចទឹករំដោះគ្រោះដល់អ្នកមានជំនឿឬទៅរកការព្យាបាលឬទស្សស៍ទាយជាហូរហែ។ ដោយឡែក នៅក្នុងគ្រួសារខ្មែរយើង ឪពុកម្ដាយជាច្រើន ក៏ធ្លាប់បានរៀបចំធ្វើពិធីស្រោចទឹកឱ្យពរជ័យដល់កូនៗបានដូចគ្នា។

ឯកឧត្តមបណ្ឌិត យង់ ពៅ បានបញ្ជាក់ដែរថា ការបាញ់ ការជះ ឬការគប់ទឹក អាចប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកធ្វើដំណើរ ដូច្នេះគួរគិតពិចារណាឡើងវិញ ដោយសារការប្រើកាំភ្លើងបាញ់ទឹក ឬការគប់ទឹក ដល់អ្នកដំណើរគ្រាន់តែជាទំនោរបែបថ្មីក្នុងសង្គមយើងរងឥទ្ធិពលពីប្រទេសជិតខាង។ ដោយផ្អែកលើទិដ្ឋភាព សុវត្ថិភាពជាសំខាន់ ឯកឧត្ដមបណ្ឌិត យង់ ពៅ ស្នើដល់អាជ្ញាធរដែនដី គប្បីរៀបចំកំណត់ទីតាំងច្បាស់លាស់សម្រាប់ការលេងទឹកនៅពេលចូលឆ្នាំថ្មីខាងមុខនេះ ក្នុងទ្រង់ទ្រាយមួយ ដែលមិនប៉ះពាល់ដល់សុវត្ថិភាពអ្នកធ្វើដំណើរ។

RAC Media

អត្ថបទទាក់ទង

«កិច្ចប្រជុំប្រចាំខែចុងក្រោយសម្រាប់ឆ្នាំ២០១៨របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ»

វិទ្យាស្ថានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ៖ ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌និង វិចិត្រសិល្បៈ បានដឹកនាំការប្រជុំវិទ្យាស្ថានប្រចាំខែធ្នូ ដែលជាខែចុងក្រោយឆ្នាំ២០១៨ នាព្រឹកថ្ងៃចន្ទ ១០...

2018-12-17 10:18:36   ថ្ងៃចន្ទ, 17 ធ្នូ 2018 ម៉ោង 05:18 PM
«សត្វស្លាប ១៤៥ប្រភេទ ថតបានពីតំបន់ឧទ្យានឫស្សីត្រឹប»

បេសកកម្មការងាររុករកប្រភេទសត្វស្លាបលើកទី១នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បាន បញ្ចប់ និងបានរកឃើញប្រភេទបក្សីចំនួន១៤៥ប្រភេទផ្សេងគ្នា ដែលកំពុងបង្ហាញវត្តមាននៅក្នុង តំបន់ ឧទ្យាន។ លោក ស្រី សីហា...

2018-12-17 06:12:04   ថ្ងៃចន្ទ, 17 ធ្នូ 2018 ម៉ោង 01:12 PM
សិក្ខាសាលាជាតិស្ដីពី «ការវិវត្តនៃរចនាបថ និង សំណង់ស្ថាបត្យកម្ម ប្រាសាទខ្មែរពីសម័យនគរភ្នំដល់សម័យបច្ចុប្បន្ន»

ថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតំណាងឱ្យឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុ...

2018-12-15 05:46:23   ថ្ងៃសៅរ៍, 15 ធ្នូ 2018 ម៉ោង 12:46 PM
«វគ្គសិក្សាអនឡាញស្តីពីគោលនយោបាយបរិស្ថាន៖ សិក្ខាកាម មានកំណើនឡើងច្រើន»

ការចុះឈ្មោះរៀនពីគោលនយោបាយបរិស្ថានអនឡាញ លើកទីពីរនៅឆ្នាំ ២០១៨ នេះ មានកំណើនកើនឡើងច្រើនគួរកត់សម្គាល់បើប្រៀបធៀបជាមួយអ្វីដែលសម្រេចបានកាលពីឆ្នាំ២០១៧កន្លងទៅ។ បើតាមប្រសាសន៍ លោកស្រី កែវ ខេមរា អ្នកសម្របសម្រួលទូទ...

2018-12-14 15:04:00   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 10:04 PM
«កម្មវិធីបោះជំរំនៅនាថ្ងៃទី២ របស់យុវជនកាកបាទក្រហមនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប»

ចុះផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង ៤ : ៥០ នាទីព្រះវិហារ៖ កម្មវិធីបោះជំរំរបស់យុវជនកាកបាទក្រហមនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១...

2018-12-14 09:32:02   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 04:32 PM
សិក្ខាសាលា ស្តីពី «ការអភិវឌ្ឍសមត្ថភាពផ្នែកគោលនយោបាយបរិស្ថានតាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍»

ឯកឧត្តមបណ្ឌិត យង់ ពៅ ថ្លែងក្នុងឱកាសបើកកម្មវិធីសិក្ខាសាលានៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នេះ បាន​ឱ្យ​​ដឹង​ថា «បញ្ហាប្រឈមចំពោះមុខរបស់យើង គឺការរក្សាតុល្យភាពរវាងវិជ្ជមាត្រទាំងបីនៃការអភិវឌ្ឍប្រកបដោយចីរភាពគ...

2018-12-14 08:37:15   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 03:37 PM

សេចក្តីប្រកាស