Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលម៉ោង ២:០០នាទីរសៀល ថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាជួបប្រជុំជាមួយនឹងនាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ី។ ជំនួបពិភាក្សានាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពដែលអាចឈានទៅរកការធ្វើកិច្ចសហប្រតិបត្តិការគ្នាលើវិស័យស្រាវជ្រាវ វិទ្យាសាស្ត្រ អប់រំ និងបណ្ដុះបណ្ដាលរវាងស្ថាប័នទាំងពីរ។
ថ្លែងក្នុងឱកាសជំនួបនាឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសម្ដែងការស្វាគមន៍ និងសេចក្ដីសោមន្សក្នុងជំនួបជាមួយនឹងប្រតិភូនាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ី ព្រមទាំងបានណែនាំអំពីសមាសភាពភាគីរាជបណ្ឌិត្យសភាកម្ពុជា តួនាទី បេសកកម្ម និងសមិទ្ធផលដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាននាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានលើកឡើងនូវគំនិតផ្ដួចផ្ដើមជំរុញឱ្យភាគីរុស្ស៊ីពិចារណាបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសារុស្ស៊ីនៅរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។
លោកស្រី Ksenia Trinchenko បានថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាសម្រាប់ការរៀបចំជំនួបនាឱកាសនេះ។ លោកស្រីបានកោតសរសើរឯកឧត្ដមបណ្ឌិតសភាចារ្យ ដែលនៅតែប្រើប្រាស់និងចងចាំភាសារុស្ស៊ីបានយ៉ាងស្ទាត់ច្បាស់ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតជាច្រើនឆ្នាំកន្លងមកហើយ។ លោកស្រីក៏បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពថ្មីៗ និងស្នាដៃវិទ្យាសាស្ត្រនានា ដែលរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច សម្រេចបាននាពេលកន្លងមកនេះផងដែរ។ លោកស្រីបន្ថែមទៀតថា រុស្ស៊ីនៅតែបន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយរុស្ស៊ីនៅតែមានបំណងចូលរួមចំណែកក្នុងការជំរុញអភិវឌ្ឍធនធានមនុស្សជាមួយកម្ពុជា។
ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់រុស្ស៊ីនៅក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា ដែលកន្លងមកបានបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាច្រើនរូប ដែលក្រោយបញ្ចប់ការសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត ធនធានទាំងនោះ បានវិលត្រឡប់មកបម្រើការងារជូនជាតិមាតុភូមិគ្រប់កម្រិតនិងស្ទើរតែគ្រប់វិស័យ។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានថ្លែងសង្កត់ធ្ងន់អំពីសក្ដានុពលវិស័យវប្បធម៌ ទេសចរណ៍ បរិស្ថាន និងធនធានធម្មជាតិដែលមាននៅក្នុងតំបន់ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជម្រាបជូនប្រតិភូនាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ីផងដែរ ដើម្បីភាគីទាំងពីរពិនិត្យមើលលទ្ធភាពនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នានាពេលអនាគតផងដែរ។
ជាចុងបញ្ចប់ លោកស្រី Ksenia Trinchenko បានជម្រាបជូនឯកឧត្ដមបណ្ឌិតសភាចារ្យថា ភាគីរុស្ស៊ីស្នើសូមអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាឱកាសសមស្របណាមួយ ហើយឈានទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទៅលើអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងពីរផ្ទាល់តែម្ដង។ បន្ថែមពីនេះ ក្នុងនាមនាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ី លោកស្រីក៏បានបង្ហាញបំណងអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ ទៅចូលរួមជាវាគ្មិននៅក្នុងវេទិកាវិទ្យាសាស្ត្រនានានៅក្នុងប្រទេសរុស្ស៊ី ដើម្បីចែករំលែកចំណេះដឹង និងទស្សនៈយល់ឃើញសំខាន់ៗទៅលើប្រធានបទនានា ដូចដែលស្ថាប័នស្រាវជ្រាវរុស្ស៊ីធ្លាប់អញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យនាពេលកន្លងមកផងដែរ៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨សាលប្រជុំវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំវិសាម...
នាព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១៨ នៅសាលប្រជុំវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម (វ.ម.វ.ស.) នៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំស្តីពី ការរៀបចំរចនាសម្ព័ន្ធរបស់វិទ្យាស្ថាន សមិទ្ធផលកា...
ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា បា...
អនុស្សរណចំនួន៨ ត្រូវបានចុះហត្ថលេខារួមគ្នានៅប្រទេសតួកគីដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតី អ៊ែរឌូហ្កាន់ របស់តួកគីបានអញ្ជើញធ្វើជាសាក្សី...
ភ្នំពេញ៖ គិតមកដល់ថ្ងៃនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល២៧ឆ្នាំទៅហើយ (២៣ តុលា ១៩៩១-២៣ តុលា ២០១៨) ដែលដំណោះស្រាយលើបញ្ហានយោបាយនិងការកសាងសន្តិភាពនៅកម្ពុជា ត្រូវបានបង្កើតឡើងតាមរយៈការអង្គុយតុ...
ក្នុងទិសដៅអភិរក្សសត្វកម្រ និង ជិតផុតពូជព្រមទាំងធនធានធម្មជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ថ្នាក់ដឹករាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារឧទ្យានដែលដឹកដោយបណ្ឌិតសភាចារ្យ សុខ ទូច និងក្រុម...