Royal Academy of Cambodia
រាជបណ្ឌិត្យសភាកម្ពុជា៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសទទួលបានការអញ្ជើញចូលរួមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងសុន្ទរកថា បើកកម្មវិធីសិក្ខាសាលាកសាងសមត្ថភាព ស្តីពី «យុទ្ធសាស្ត្រនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩»។
ជាមួយនឹងចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាស៊ី បានបញ្ជាក់ពីក្របខណ្ឌយុទ្ធសាស្ត្របានកំណត់ទិសដៅគោលនយោបាយសំខាន់ៗសម្រាប់វិស័យនីមួយៗទៅតាមអភិក្រមបី គឺការស្ដារឡើងវិញ, ការកែទម្រង់ និងការកសាងភាពធន់ សំដៅផ្តល់ជាមូលដ្ឋានសម្រាប់ការរៀបចំកម្មវិធីលម្អិត និងកម្មវិធីជាក់ស្តែង ដែលអាចនឹងសម្រេចបានក្នុងរយៈពេលខ្លី ដើម្បីស្តារនិងជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចជាតិឱ្យបានខ្លាំងក្លា ជាពិសស សម្រេចឱ្យបាននូវមូលដ្ឋានឧស្សាហកម្មរឹងមាំ និងផ្សារភ្ជាប់កាន់តែស៊ីជម្រៅជាមួយច្រវាក់ផ្គត់ផ្គង់ថ្នាក់តំបន់និងសកល ព្រមទាំងសម្រាប់ការបន្តជំរុញកំណើន, ពិពិធកម្ម និងភាពប្រកួតប្រជែងក្នុងរយៈពេលវែង។ ក្នុងការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលផ្តោតទៅលើការស្តារនិងជំរុញកំណើនលើវិស័យចំនួន ៤ រួមមាន វិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម, វិស័យទេសចរណ៍, វិស័យកាត់ដេរ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ។
ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជាជំរុញការកែទម្រង់ ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើន, ពិពិធកម្ម និងភាពប្រកួតប្រជង។ ការកែទម្រង់ គឺជាកិច្ចការចាំបាច់បំផុត ដើម្បីចាប់យកកាលានុវត្តភាពនៃការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងទាក់ទាញបន្ថែមនូវការវិនិយោគនិងធុរកិច្ច ដែលកើតចេញពីការផ្លាស់ប្ដូរខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ចូលមកកាន់កម្ពុជា សំដៅចូលរួមស្ការនិងពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្ម, វិស័យកសិកម្ម, និងវិស័យសេវាកម្ម ប្រកបដោយចីរភាពនិងបរិយាប័ន្ន។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកបញ្ជាក់បន្ថែមពាក់ព័ន្ធយុទ្ធសាស្ត្របន្សំនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍបៃតងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការជំរុញភាពធន់នៃកិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទៅនឹងការប្រែប្រួលអាកាសធាតុ ត្រូវបានចាត់ទុកជាអាទិភាពនិងរបៀបវារៈគោលនយោបាយដ៏ចម្បងមួយរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣។ ដើម្បីសម្រេចនូវគោលដៅនេះ រាជរដ្ឋាភិបាលបានផ្តល់សច្ចាប័នលើអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC), ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ, ដាក់ចេញនូវបទប្បញ្ញត្តិ និងផែនការយុទ្ធសាស្ត្រជាតិនានា សំដៅកាត់បន្ថយផលប៉ះពាល់ និងជំរុញការបន្សំនិងការប្រែប្រួលអាកាសធាតុ ព្រមទាំងបានអនុវត្តការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសផ្លូវថ្នល់និងប្រព័ន្ធធារាសាស្ត្រ, ការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពស្ថាប័ន, ការយល់ដឹងនិងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងការបន្តជំរុញអភិរក្សធនធានព្រៃឈើផងដែរ។
នៅចុងបញ្ចប់នៃការថ្លែងសុន្ទរកថាបើកអង្គសិក្ខាសាលាទាំងមូល ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកថ្លែងអំណរគុណដល់ វិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) ដែលបានឧបត្ថម្ភហិរញ្ញវត្ថុនិងបច្ចេកទេស សម្រាប់រៀបចំសិក្ខាសាលាកសាងសមត្ថភាព RAC-LASES-VASS-KEI ប្រចាំឆ្នាំ តាំងពីឆ្នាំ២០១២ មក និងបន្តឧបត្ថម្ភដល់បណ្ឌិត្យសភាទាំងបី កម្ពុជា ឡាវ វៀតណាម នាបណ្តាឆ្នាំបន្តបន្ទាប់ទៀត៕
ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ បើតាមសារព័ត៌មានCNC បានផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម William A. Heidt ឯកអគ្...
ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨មហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកនេះនឹងប្រព្រឹត្តទៅក្រោមមូលបទ «ធ្វើឱ្យអង្គការសហប្រជាជាតិមានសារសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់ ភាពជាអ្នកដឹក...
ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានសម្តេចក្រឡាហោម ស ខេង ជាប្រធាន បានចេញផ្សាយនូវសេចក្តីអំពាវនាវ ស្តីពី ការបង្ការ...
ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨សូមជម្រាបថាវិទ្យាស្ថានទី៥ហើយដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានកោះ ហៅប្រជុំភ្លាមដើម្បីតាមដាននិងត្រួតពិនិត្យការងាររបស់វិទ្យាស្ថាន។វិទ្យាស្ថាន...
ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ដោយមើលឃើញអំពីសក្តានុពលរបស់ខេត្តកំពត ពិសេសពាក់ព័ន្ធនឹងសំណង់ស្ថាបត្យកម្មបន្សល់ទុកពីជំនាន់សម័យអាណានិគមបារាំង ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងវប្បធម៌ ក៏ដូចជាអាជ្ញាធរខេត្ត ន...
ថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១៨នៅទូទាំងអាម៉េរិក ទាំងគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យបានធ្វើឬនឹងធ្វើការបោះឆ្នោតបឋមដើម្បីជ្រើសរើសបេក្ខជនរបស់ខ្លួនដែលនឹងត្រូវប្រកួតប្រជែងគ្នានៅក្...