(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០ នាទីព្រឹក រាជបណ្ឌិត្យសភាកម្ពុជាសហការជាមួយសាកលវិទ្យាល័យជីវជាំង រៀបចំវេទិកាវិទ្យាសាស្ត្រស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន ឆ្នាំ២០២៥៖ កិច្ចសន្ទនាដើម្បីអភិវឌ្ឍន៍ ការផ្លាស់ប្ដូរដើម្បីបំពេញឱ្យគ្នា» ដែលត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកសាស្ត្រាចារ្យ លី មីងពីន លេខាបក្សសាកលវិទ្យាល័យជីវជាំង និងលោកស្រី គាន់ ហុង អគ្គនាយករងគ្រឹះស្ថានបោះពុម្ពនិងប្រព័ន្ធផ្សព្វផ្សាយ Intercontinental នៃក្រសួងឃោសនាការចិន។

 

ក្នុងឱកាសថ្លែងសុន្ទរកថាបើកវេទិកាវិទ្យាសាស្ត្រនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍គូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន មានអាយុកាលយូរអង្វែងរាប់ពាន់ឆ្នាំណាស់មកហើយ ដែលស្ដែងចេញឱ្យឃើញតាមរយៈចម្លាក់នៅលើជញ្ជាំងប្រាសាទនានាបន្សល់ទុករហូតមកដល់បច្ចុប្បន្ន។ ឯកឧត្ដមបណ្ឌិសភាចារ្យបន្តថា បើទោះបីជាថៃបានបាញ់បំផ្លាញនូវប្រាសាទតាក្របី ក៏មិនអាចលុបបំបាត់ភស្តុតាងនៃទំនាក់ទំនងដ៏យូរអង្វែងនិងពឹងពាក់គ្នាទៅវិញទៅមករវាង កម្ពុជានិងចិនបាននោះដែរ។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបង្ហាញក្ដីរំពឹងថា នៅក្នុងដំណាក់កាលនេះ មិត្តចិននឹងក្លាយទៅជាអ្នកសម្របសម្រួលដ៏មានប្រសិទ្ធភាពខ្ពស់ នៅក្នុងការដោះស្រាយជម្លោះនិងការបង្ហូរឈាមគ្នារវាងកងទ័ពប្រទេសទាំងពីរនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ខណៈដែលឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងសង្កត់ធ្ងន់ថា គ្មានសង្គ្រាមណាមួយដែលអាចបិទបញ្ចប់ដោយការធ្វើសង្គ្រាមនោះទេ។

 

បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍គូសរំលេចផងដែរថា  រាជបណ្ឌិត្យសភាកម្ពុជាបានចូលរួមចំណែកនៅក្នុងជំរុញទំនាក់ទំនងកម្ពុជា-ចិនយ៉ាងសកម្មនិងជាប់ជានិច្ច ពិសេសការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ តាមរយៈវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ការបង្កើតវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ (សហការជាមួយសាកលវិទ្យាល័យប៉េកាំង ធានជីង និងសៀងហៃ) កិច្ចសហប្រតិបត្តិការជាមួយភាគីចិនក្នុងការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសេដ្ឋកិច្ចឌីជីថល និងការបង្កើតវិទ្យាស្ថានម៉ក់ជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។

 

វេទិកាវិទ្យាសាស្ត្រស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន ឆ្នាំ២០២៥៖ កិច្ចសន្ទនាដើម្បីអភិវឌ្ឍន៍ ការផ្លាស់ប្ដូរដើម្បីបំពេញឱ្យគ្នា» ដែលត្រូវបានរៀបចំឡើងនៅព្រឹកនេះ ត្រូវបានបែងចែកជា២វគ្គពិភាក្សាគឺ៖

១- វេទិកាទី១៖

«ជំរុញការស្វែងយល់ឱ្យស៊ីជម្រៅ អភិវឌ្ឍប្រកបដោយតុល្យភាព» ចែកចេញជាប្រធានបទរងចំនួន៣គឺ

        + «ការប្រើប្រាស់នូវយន្តការទ្វេភាគី ដើម្បីពង្រីកឈានទៅកាន់យន្តការពហុភាគី៖ ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដើម្បីជំរុញអភិបាលកិច្ចក្នុងតំបន់និងអន្តរជាតិ»

        + «តើកម្ពុជាគួរធ្វើដូចម្ដេចដើម្បីរក្សាតុល្យភាពនិងរក្សាបាននូវការអភិវឌ្ឍនៃទំនាក់ទំនងអន្តរជាតិក្នុងបរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្ន?»

        + «ការកសាងទំនុកចិត្តនិងការចែករំលែកឱ្យគ្នាក្រោមគំនិតផ្ដួចផ្ដើមអភិបាលកិច្ចសាកល៖ ចំណុចផ្ដើមនិងអនាគតនៃជោគវាសនារួមកម្ពុជា-ចិន»

២- វេទិកាទី២៖

«តភ្ជាប់ដួងចិត្តប្រជាជន សិក្សាស្វែងយល់ពីគ្នា» ចែកចេញជាប្រធានបទរងចំនួន៣គឺ

        + «បច្ចុប្បន្នភាពនិងទស្សនវិស័យការអភិវឌ្ឍនៃការអប់រំភាសាចិនក្រោយដាក់បញ្ចូលទៅក្នុងប្រព័ន្ធអប់រំកម្ពុជា»

        + «បញ្ហាប្រឈមនិងឱកាសដែលវិទ្យាស្ថានខុងជឺកំពុងប្រឈមក្នុងស្ថានភាពអន្តរជាតិបច្ចុប្បន្ន»

        + «ក្នុងឱកាសនៃឆ្នាំទេសចរណ៍កម្ពុជា-ចិន តើប្រទេសទាំងពីរអាចរួមគ្នាជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃវិស័យទេសចរណ៍

យ៉ាងដូចម្ដេច?»

 

ក្នុងឱកាសថ្លែងបូកសរុបនិងលើកឡើងនូវអនុសាសន៍នៅក្នុងវេទិកាវិទ្យាសាស្ត្រស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន ឆ្នាំ២០២៥៖ កិច្ចសន្ទនាដើម្បីអភិវឌ្ឍន៍ ការផ្លាស់ប្ដូរដើម្បីបំពេញឱ្យគ្នា»នាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា វាគ្មិននិងអ្នកសម្របសម្រួលទាំងអស់បានផ្ដល់នូវគំនិតទស្សនៈដែលជាធាតុចូល ព្រមទាំងទស្សនទានដ៏ល្អសម្រាប់ជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ប្រសើរនៃប្រទេសទាំងពីរ កម្ពុជា-ចិន។ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់ថា កម្ពុជានិងចិន ត្រូវតែពង្រឹងការយល់ដឹង និងស្វែងយល់គ្នាទៅវិញទៅមកបន្ថែមទៀត ខណៈដែលមានការយល់ច្រឡំពីសំណាក់មហាជន និងបញ្ញវន្តចិនមួយចំនួន មិនបានស្វែងយល់ច្បាស់អំពីប្រទេសកម្ពុជាដែលអាចមកពីការស្វែងយល់បានតិចតួចរបស់ភាគីចិន និងការផ្សព្វផ្សាយមានកម្រិតរបស់កម្ពុជា។

 

ឯកឧត្ដមបណ្ឌិតថ្លែងសង្កត់ធ្ងន់ថា បច្ចុប្បន្ន សាធារណរដ្ឋប្រជាមានិតចិន គឺជាមហាអំណាចសាកលដែលធ្វើដំណោះឆ្ពោះទៅមុខយ៉ាងលឿនរហ័ស ដោយសូម្បីតែសហរដ្ឋអាម៉េរិកក៏មានការព្រួយបារម្ភផងដែរ។ ហេតុនេះហើយ ក្នុងនាមជាដៃគូរបស់ចិន កម្ពុជាត្រូវតែប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អជាមួយនឹងប្រទេសចិនឱ្យកាន់តែជិតស្និទ្ធនិងស៊ីជម្រៅ ហើយកម្ពុជាត្រូវតែពង្រឹងនូវលក្ខណៈសម្បត្តិប្រកួតប្រជែងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត។ ឯកត្ដមបណ្ឌិតបានបង្ហាញក្ដីរំពឹងថា វេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន ឆ្នាំ២០២៥៖ កិច្ចសន្ទនាដើម្បីអភិវឌ្ឍន៍ ការផ្លាស់ប្ដូរដើម្បីបំពេញឱ្យគ្នា» នឹងក្លាយទៅជាកាតាលីករមួយក្នុងចំណោមកាតាលីករជាច្រើនទៀត ដែលជំរុញឱ្យថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរបន្តការស្វែងយល់ពីគ្នា និងប្រកៀកស្មារគ្នាឆ្ពោះទៅមុខបន្ថែមទៀត ដើម្បីជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ៕

 

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ