នៅក្រោយកិច្ចសន្ទនាតាមទូរសព្ទជាមួយនឹងមេដឹកនាំកម្ពុជានិងថៃ លោក ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានថ្លែងអះអាងថា មេដឹកនាំប្រទេសទាំងពីរបានយល់ព្រមបញ្ឈប់សង្គ្រាមនៅតាមព្រំដែន និងវិលមកអនុវត្តសេចក្ដីប្រកាសរួម ស្ដីពីសន្តិភាពរវាងប្រទេសទាំងពីរដែលជំរុញផ្ដួចផ្ដើមដោយប្រធានាធិបតីសហរដ្ឋអាម៉េរិករូបនេះ។ ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីស្ដីទីថៃ បានចេញមុខច្រានចោលការលើកឡើងនេះ និងថាពុំមានការព្រមព្រៀងគ្នាដូចដែលប្រធានាធិបតីសហរដ្ឋអាម៉េរិកលើកឡើងនោះឡើយ ហើយនាយករដ្ឋមន្ត្រីថៃបានប្រកាសថាសង្គ្រាមឈ្លានពានលើប្រទេសកម្ពុជានៅតែត្រូវធ្វើបន្តទៅទៀត។ តើហេតុអ្វីបានជាប្រទេសថៃមិនត្រឹមតែមិនបញ្ឈប់សង្គ្រាមឈ្លានពាន ក្រោយអន្តរាគមន៍តាមទូរសព្ទរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក ហើយថែមទាំងសម្រុកវាយប្រហារកាន់តែខ្លាំងបន្ថែមទៀត?
កត្តាភូមិសាស្ត្រនយោបាយ និងអំនួតក្នុងនាមបងធំតំបន់
ប្រទេសថៃដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាម៉េរិក ប្រមាណជាង៧០ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតសម្ព័ន្ធយោធាសេអាតូរហូតមកដល់បច្ចុប្បន្ន ចុងក្រោយនេះបានច្រានចោលនូវឥទ្ធិពលរបស់មហាអំណាចពិភពលោកទីមួយនេះ ដែលចង់រំលត់សង្គ្រាមតាមព្រំដែនរវាងថៃនិងកម្ពុជា។ ជំហររបស់មេដឹកនាំថៃនៅពេលនេះ បានបង្ហាញអំពីរបត់នយោបាយថ្មីនៃប្រទេសជាសម្ព័ន្ធមិត្តសហរដ្ឋអាម៉េរិកនៅអាស៊ី ដែលថៃជាប្រទេសទីមួយ ដែលបានប្រកាសទាត់ចោលនូវតួនាទីសម្របសម្រួលរបស់មហាអំណាចពិភពលោក។ ការណ៍នេះ អាចបណ្ដាលមកពី ដែលមេដឹកនាំថៃទំនងជាយល់ថា បច្ចុប្បន្នថៃមានភាពរីកចម្រើនរឹងមាំ មានដៃគូរឹងមាំច្រើន ហើយខ្លួនគឺជាមហាអំណាចតំបន់ដែលពុំត្រូវការពឹងពាក់ឬរណបសហរដ្ឋអាម៉េរិកដូចអតីតកាលទៀតនោះឡើយ។
ជាមួយគ្នានេះ បទពិសោធន៍សង្គ្រាមអ៊ីស្រាអែលនៅមជ្ឈិមបូព៌ា ថៃដែលសម្អាងខ្លួនជាបងធំនៅក្នុងតំបន់ ទំនងមានជំនឿថា នឹងគ្មានប្រទេសណាមួយចេញមុខការពារយុត្តិធម៌ គាំទ្រកម្ពុជាជាប្រទេសតូច ហើយធ្វើសត្រូវឬប្រឈមមុខជាមួយខ្លួននោះឡើយ។ ត្រង់ចំណុចនេះហើយ ដែលថៃហ៊ានរំលោភច្បាប់អន្តរជាតិ ប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ មកលើប្រទេសនិងប្រជាជនកម្ពុជា។
បន្ថែមពីនេះ នៅក្នុងទិដ្ឋភាពកត្តាភូមិសាស្ត្រនយោបាយ មេដឹកនាំថៃគ្រប់លំដាប់ថ្នាក់ប្រហែលជាមានជំនឿថាប្រទេសថៃ បច្ចុប្បន្នគឺជាចំណុចប្រទាញប្រទង់ដ៏សំខាន់សម្រាប់មហាអំណាចពិភពលោក។ ដូច្នេះហើយ ពីជ្រុងទស្សនៈនៃមេដឹកនាំថៃ បើទោះបីជាខ្លួនបានចេញប្រកាសបំបាក់មុខប្រធានាធិបតីសហរដ្ឋអាម៉េរិក លោកដូណាល់ត្រាំ ជាចំហរក៏ដោយក្ដី ក៏សហរដ្ឋអាម៉េរិកទំនងជានឹងមិនដាក់ទណ្ឌកម្មធ្ងន់ធ្ងរចំពោះប្រទេសថៃនោះឡើយ ព្រោះដើម្បីចៀសវាងរុញច្រានថៃទៅឱ្យមហាអំណាចម្ខាងទៀតបង្កជាការប្រឈមសម្រាប់ភូមិសាស្ត្រនយោបាយក្នុងតំបន់។
បុព្វហេតុរក្សាអំណាចនិងបន្តមហិច្ឆតាឈ្លានពាន
សម្រាប់រាជវង្សចក្រីរបស់ថៃ មហិច្ឆតាប៉ុនប៉ងកាន់កាប់ប្រាសាទបុរាណជាទីសក្ដារៈនានារបស់ខ្មែរ នៅតែជារឿងសំខាន់ដើម្បីរក្សាឥទ្ធិពលនិងកិត្យានុភាពរបស់ស្ដេចថៃ។ ជំនឿនៅក្នុងចំណោមរាជវង្សថៃ នៅតែភ្ជាប់ជាមួយនឹងបុរាណដ្ឋានខ្មែរ ពិសេសប្រាសាទព្រះវិហារជាដើម។ ត្រង់ចំណុចនេះ ការចាញ់ក្ដីខ្មែរក្នុងសំណុំរឿងប្រាសាទព្រះវិហារ គឺជារឿងអាម៉ាស់មួយរបស់រាជវង្សថៃ ព្រោះកន្លងមក ស្ដេចថៃដែលត្រូវគេទទួលថាបានឡើងសោយរាជ្យត្រឹមត្រូវតាមរាជប្រវេណី គឺត្រូវតែយកទឹកមន្តស័ក្តិសិទ្ធិពីស្រះទឹកនៅប្រាសាទព្រះវិហារ ហើយកន្លងមក ថៃតែងតែមកសុំយកទឹកមន្តនេះទៅរៀបចំក្នុងពិធីរាជាភិសេករបស់ខ្លួនដរាបរៀងមក លើកលែងតែស្ដេចថៃបច្ចុប្បន្នប៉ុណ្ណោះ។ ដូច្នេះហើយ នៅក្នុងផ្នត់គំនិតរបស់រាជវង្សថៃ ដែលតែងតែតាមឈ្នានីសជនជាតិខ្មែរ បើសិនជាមិនអាចទទួលបានជាកម្មសិទ្ធិនោះទេ ពួកគេត្រូវតែបំផ្លាញចោល ព្រោះក្រៅពីហេតុផលខាងលើនេះ ហេតុផលមួយទៀតនោះគឺ ពួកជនជាតិថៃតែងតែព្យាយាមលុបបំបាត់ភស្តុតាងប្រវត្តិសាស្ត្របញ្ជាក់ថា ថៃ-សៀម ឬរាជវង្សជាតិសាសន៍នេះធ្លាប់ស្ថិតនៅចំណុះនិងទទួលរងឥទ្ធិពលវប្បធម៌ខ្មែរ។ ជាមួយគ្នានេះ បញ្ហាចរន្តប្រជាធិបតេយ្យផ្ទៃក្នុងថៃប្រឆាំងនឹងអំណាចរាជានិយម ក៏អាចជាហេតុផលមួយទៀត នៃការសម្រេចចិត្តធ្វើសង្គ្រាមឈ្លានពានកម្ពុជាសារជាថ្មីផងដែរ ដើម្បីប្រមូលផ្ដុំចរន្តគាំទ្ររបបរាជានិយមពីប្រជាជនថៃឡើងវិញ។
ហេតុផលមួយទៀតនៃការសម្រុកឈ្លានពានកម្ពុជាពីសំណាក់យោធាថៃនោះគឺ សម្រាប់អ្នកនយោបាយថៃ ការបន្តជីវិតនយោបាយនិងអំណាចរបស់ខ្លួន គឺជាអាទិភាពសំខាន់ជាងផលវិបាកកើតចេញពីការដាក់ពន្ធបដិការពីសំណាក់សហរដ្ឋអាម៉េរិក (អំណាចយោធាស្ថិតនៅលើដៃរាជវាំង ដូច្នេះហើយ អ្នកនយោបាយថៃជឿជាក់ថា ដរាបណាខ្លួនធ្វើឱ្យរាជវាំងពេញចិត្ត នោះខ្លួននឹងអាចកាន់អំណាចបន្តទៅទៀត)។ ក្រៅពីនេះ សង្គ្រាមឈ្លានពានជាលើកទី២នេះ ក៏ត្រូវបានធ្វើឡើងដើម្បីស្ដារប្រជាប្រិយភាព និងលុបបំបាត់ភាពអាម៉ាស់ និងបង្កើតព្រឹត្តិការណ៍ដើម្បីបង្វែរបញ្ហាប្រឈមសម្រាប់អំណាចរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ អនុទីន ឆាន់វីរៈគុល ផងដែរ (អសមត្ថភាពលើការគ្រប់គ្រងគ្រោះទឹកជំនន់ វិបត្តិសេដ្ឋកិច្ច ភាពអាម៉ាស់របស់ថៃនៅក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងការប៉ុនប៉ងរំលាយរដ្ឋាភិបាលថៃពីសំណាក់ក្រុមគណបក្សប្រឆាំង) ដូច្នេះហើយ មេដឹកនាំថៃយល់យ៉ាងច្បាស់ថា ខ្លួនត្រូវតែបន្តធ្វើសង្គ្រាមឈ្លានពានដើម្បីរក្សាជីវិតនយោបាយរបស់ខ្លួនជាបន្តទៀត។
ថៃលែងអាចលាក់បាំងនិងភូតភរសហគមន៍អន្តរជាតិ
ពាក់ព័ន្ធនឹងការយកលេសផ្សេងៗដើម្បីឈ្លានពានកម្ពុជា រាប់ចាប់តាំងពីបញ្ហាទាហានថៃជាន់មីននៅតាមព្រំដែន បញ្ហាឆបោកតាមអនឡាញ និងសកម្មភាពញុះញង់ផ្សេងៗដើម្បីដុតបញ្ឆេះកំហឹងពលរដ្ឋនិងកងកម្លាំងកម្ពុជា ឱ្យប្រតិកម្មឬឆ្លើយតបទៅវិញដើម្បីខ្លួនមានលេសឈ្លានពានសារជាថ្មីនោះ ត្រូវបានសាធារណៈមតិអន្តរជាតិ ក៏ដូចជាបណ្ដាសារព័ត៌មានអន្តរជាតិនានាបានមើលឃើញយ៉ាងច្បាស់ទៅហើយ។ នៅក្នុងដំណាក់កាលនេះ យោធាថៃ លែងមានភាពចាំបាច់លាក់បាំងនូវមហិច្ឆតាឈ្លានពានរបស់ខ្លួនដូចមុនទៀតហើយ ព្រោះបណ្ដាសារព័ត៌មានអន្តរជាតិជាច្រើនបានបកអាក្រាតមុខមាត់របស់ថៃ ដែលជាប្រទេសស្រេកឃ្លានសង្គ្រាមប៉ុនប៉ងដណ្ដើមទឹកដីប្រទេសជិតខាង ហើយនៅក្នុងទិដ្ឋភាពការទូត ថៃត្រូវបានតំណាងទូតនិងអនុព័ន្ធយោធានានា ជ្រួតជ្រាបយ៉ាងច្បាស់អំពីបំណងដ៏ទុច្ចរឹត និងឥតខ្មាស់អៀនរបស់ខ្លួន ដែលព្យាយាមរំលោភបំពានលើប្រទេសជិតខាង។ ហេតុនេះហើយ សម្រាប់ពួកយោធាថៃ សង្គ្រាមនៅពេលនេះ មិនត្រឹមតែជាសង្គ្រាមដើម្បីលុបលាងភាពបរាជ័យនិងភាពអាម៉ាស់កន្លងទៅប៉ុណ្ណោះទេ តែថែមជាសង្គ្រាមដើម្បីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាឱ្យបានក្នុងកម្រិតអតិបរមាថែមទៀតផង។
ផ្ដោតលើការបំផ្លាញសេដ្ឋកិច្ចកម្ពុជា
បើទោះបីជាសេដ្ឋកិច្ចថៃកំពុងធ្លាប់ប្រឈមនឹងវិបត្តិនាពេលបច្ចុប្បន្នក្ដី មេដឹកនាំថៃហាក់មានទំនុកចិត្តថា សេដ្ឋកិច្ចរបស់ខ្លួននឹងអាចគាំទ្រសង្គ្រាមឈ្លានពានទ្រង់ទ្រាយធំមកលើកម្ពុជា ហើយមេដឹកនាំថៃអាចនឹងវាយតម្លៃថា ខ្លួនមានលទ្ធភាពវាយសង្គ្រប់យកប្រៀបលើកម្ពុជាឱ្យបានឆាប់រហ័ស នៅមុនមានប្រតិកម្មជាក់លាក់ ឬវិធានការអន្តរាគមន៍ជាក់ស្ដែងណាមួយពីសហរដ្ឋអាម៉េរិកឬចិន។ បន្ថែមពីលើនេះ សង្គ្រាមឈ្លានពានជាលើកទីពីរនេះ ថៃបានបន្តផ្ដោតការវាយប្រហារមិនត្រឹមតែទៅលើផ្លូវគមនាគមន៍ ដើម្បីរាំងខ្ទប់ការចល័តទ័ព សម្ភារៈសឹក និងជំនួយស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែកងទ័ពថៃថែមទាំងបន្តការវាយប្រហារទៅលើទីតាំងស៊ីវិលនិងទីប្រជុំជននានា ក្នុងគោលបំណងជំរុញបង្កើនចំនួនជនភៀសសឹកកម្ពុជានៅតាមខេត្តខ្មែរជាប់ព្រំដែនជាមួយថៃ និងចុងក្រោយនេះថៃបានវាយប្រហារចូលជ្រៅមកខេត្តសៀមរាបដែលមិនជាប់ព្រំដែនថែមទៀតផង។ ចេតនានៃការវាយប្រហាររបស់ថៃនៅពេលនេះគឺ ធ្វើយ៉ាងណាបង្កផលប៉ះពាល់កាន់តែខ្លាំងដល់សេដ្ឋកិច្ចនិងជំរុញបង្កើតវិបត្តិក្នុងសង្គមកម្ពុជាកាន់តែច្រើន ជំរុញបង្កអស្ថិរភាព និងបង្កើនភាពភ័យខ្លាចនៅក្នុងចំណោមប្រជាជនកម្ពុជា ដើម្បីបង្កើនសម្ពាធនិងដាក់បន្ទុកលើរាជរដ្ឋាភិបាលកម្ពុជា។ ថ្នាក់ដឹកនាំថៃ ទំនងជាជឿជាក់ថា ការឈ្លានពានមកលើអធិបតេយ្យកម្ពុជាសារជាថ្មីនេះ ខ្លួននឹងអាចគំរាមឱ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើសម្បទានចំណែកណាមួយដល់ខ្លួន នៅក្នុងការចរចាព្រំដែននាពេលខាងមុខបន្ទាប់មកទៀត។ ថៃដែលឈ្វេងយល់ និងវាយតម្លៃដឹងជាមុនអំពីបរាជ័យដ៏អាម៉ាស់នៅពេលខាងមុខ នៅក្នុងទិដ្ឋភាពផ្លូវច្បាប់ប្រឈមនឹងការប្ដឹងរបស់កម្ពុជានោះ ទំនងជាជឿជាក់ថាខ្លួន គ្មានជម្រើសអ្វីក្រៅតែពីការប្រើប្រាស់សង្គ្រាមដើម្បីដណ្ដើមកាន់កាប់ទឹកដីកម្ពុជានោះឡើយ។
ជាការពិតណាស់ ជាតិសាសន៍ថៃដែលធ្លាប់តែមានអំនួតក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចធំ អំណាចយោធាខ្លាំងជាង និងមានទាំងកងទ័ពនិងប្រជាជនច្រើនកម្ពុជានោះ តែបែរជាមិនអាចវាយបំបាក់យកឈ្នះលើកងទ័ពកម្ពុជាក្នុងពេលកន្លងមកនេះ។ គោលដៅសំខាន់មួយក្នុងចំណោមគោលដៅដទៃទៀតរបស់ពួកគេនៅពេលនេះ គឺព្យាយាមបំផ្លាញមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា តាមរយៈការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន និងមន្ទីរពេទ្យជាដើម។
ដោយ៖ លឹម សុវណ្ណរិទ្ធ
គ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយ
បញ្ជាក់៖ រាល់ទស្សនៈដែលបានលើកឡើងខាងលើ ជាទស្សនៈផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងពីទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ។