(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៩ រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាជាមួយឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ប្រចាំព្រះរាជាណាចក្រថៃ និងជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសិក្សាលទ្ធភាពរួមកិច្ចសហប្រតិបត្តិការរួមគ្នានាពេលអនាគត។

ក្នុងជំនួបនាព្រឹកនេះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញការរៀបចំសិក្ខាសាលារួមគ្នា, សិក្សាលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយនឹងសាកលវិទ្យាល័យនានារបស់បង់ក្លាដែស។ ជាមួយគ្នានេះ ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់អំពីការសិក្សាលទ្ធភាពអញ្ជើញអ្នកសិក្សាស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនិងសិក្សាស្វែងយល់អំពីប្រទេសបង់ក្លាដែស នៅក្នុងពេលវេលាសមស្របណាមួយផងដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ