ព័ត៌មាន

«ការអនុវត្តវិធានការក្ដៅចំពោះអ្នកកាប់បំផ្លាញព្រៃឈើនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»

2021-01-27 08:47:11 ថ្ងៃពុធ, 27 មករា 2021 ម៉ោង 03:47 PM
អ្នកមើល 3039
post_detail

ក្រោយពីប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការអភិរក្សព្រៃឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ ក្នុងខ្លឹមសារដែលឯកឧត្តមបណ្ឌិត​សភាចារ្យបានលើកបញ្ជាក់ជាច្រើនលើកច្រើនសារពីការអប់រំនៅចំពោះមុខជនល្មើសទាំងឡាយដែលបានកាប់បំផ្លាញព្រៃឈើ ដែលតែងបានចុះកិច្ចសន្យា និងពន្យល់ពីសារៈសំខាន់នៃការចូលរួមការពារព្រៃឈើនៅក្នុងឧទ្យាន និងបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបផងដែរនោះ គឺបទល្មើសព្រៃឈើជាច្រើនក៏នៅតែមានការឡើងជាបន្តបន្ទាប់ទៀត។..ដោយទទួលបានព័ត៌មានទាំងនោះ ជាក់ស្តែងនៅថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ក្រុមការងាររបស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដឹកនាំដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំក្រុមការងារឧទ្យានរាជបណ្ឌិត្យ​សភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដោយផ្ទាល់តាមចាប់អ្នកប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើក្នុងឧទ្យាន។

...បទល្មើសព្រៃឈើនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានកើតមានឥតឈប់ឈរ ដែលអ្នកប្រព្រឹត្តបទល្មើសទាំងនេះ ភាគច្រើនជាអ្នកទើបចូលមករស់នៅឧទ្យាន ក្រោយព្រះរាជក្រឹត្យត្រាស់បង្គាប់ កំណត់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ទៅជាព្រៃសម្រាប់អភិរក្ស និងមួយចំនួនទៀតគឺជា ប្រជាពលរដ្ឋដែលរស់នៅជាប់នឹងឧទ្យានផ្ទាល់តែម្ដង។ កន្លងមកនេះ ដោយទទួលបានអនុសាសន៍ណែនាំពីឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋដែលទើបតែបានចូលមករស់នៅក្នុងឧទ្យាន និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជាប់នឹងឧទ្យាន អំពីសារៈប្រយោជន៍នៃការអភិរក្សនិងថែរក្សាព្រៃឈើ សត្វព្រៃ និងកេរដំណែលដែលមាននៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ព្រមទាំងបង្កើតការងារជាច្រើនជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបរិវេណនិងនៅជាប់បរិវេណឧទ្យាន ដើម្បីជំរុញឱ្យពួកគាត់ងាកមកប្រកបមុខរបរសុច្ចរឹត និងស្របច្បាប់ និងអាចធានាបាននូវស្ថិរភាពជីវភាពរបស់ប្រជាពលរដ្ឋទាំងនោះ ប៉ុន្តែជារឿយៗ ពួកគាត់នៅតែបន្តការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ឧទ្យានឥតឈប់ឈរឡើយ។

បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប អំពីសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងឧទ្យាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យសភាកម្ពុជា បានអញ្ជើញធ្វើដំណើរទាំងយប់តាមរថយន្តទៅកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ ដើម្បីដឹកនាំក្រុមការងារឧទ្យាន តាមស្ទាក់ចាប់ជនប្រព្រឹត្តបទល្មើសព្រៃឈើទាំងនោះ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានសម្ដែងនូវការសោកស្ដាយចំពោះទង្វើរបស់ជនដែលប្រព្រឹត្តបទល្មើសទាំងនោះ ដែលនៅតែពុំរាងចាលក្នុងការប្រព្រឹត្ត ដោយបានបន្តសកម្មភាពយ៉ាងគឃ្លើននៅក្នុងតំបន់ឧទ្យានរាជបណ្ឌិត្យ​សភាកម្ពុជា តេជោសែន ឫស្សីត្រឹប។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការអភិរក្ស និងថែរក្សាព្រៃឈើ និងធនធានធម្មជាតិ ដែលមាននៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលបំណងសំខាន់បម្រើដល់ប្រយោជន៍បច្ចុប្បន្ននិងទៅពេលខាងមុខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលរស់នៅទីនោះ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួន ដែលជាអ្នកប្រព្រឹត្តបទល្មើស នៅតែបន្តសកម្មភាពកាប់បំផ្លាញព្រៃឈើដោយពុំយល់ពីតម្លៃនៃការខិតខំប្រឹងនេះឡើយ។

ជាលទ្ធផល ក្រុមការងារដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យ បានតាមស្ទាក់ចាប់ និងប្រមូលបាននូវវត្ថុតាងដែលរួមមានទាំងរណាអារឈើ គោយន្ត និងឈើដែលត្រូវបានកាប់សរុបចំនួន៣គោយន្ត យកមករក្សាទុកនៅក្នុងស្នាក់ការឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដោយឯកឧត្ដមបណ្ឌិតសភាចារ្យអះអាងថា ក្រុមការងារឧទ្យាន​នឹងមិនប្រគល់ជូនអ្នកកាប់បំផ្លាញព្រៃឈើទាំងនោះវិញឡើយ ព្រោះវាអាចនឹងក្លាយជាមធ្យោបាយសម្រាប់ពួកគេប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ទៀត។​ ករណីទាំងនោះវាមិនមែនជាលើកទី១នោះទេ ដែលព្រៃឈើនៅក្នុងឧទ្យាននៅតែទទួលរងនូវការបំផ្លាញដែលកន្លងមក ហើយឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាក៏បានថ្លែងប្រាប់ដល់សាធារណជនហើយថា នឹងមានការអនុវត្តវិធានការក្តៅសម្រាប់អ្នកបានចូលរួមកាប់បំផ្លាញឈើ នៅក្នុងឧទ្យានរាជរាជបណ្ឌិត្យសភាកម្ពុជា ហើយ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានបញ្ជាក់ប្រាប់ឱ្យដឹងថា កន្លងមកក្រុមឧទ្យានុរក្សបានចុះចាប់សកម្មភាពដឹកឈើ ក្រុមឧទ្យានុរក្សចង់កសាងសំណុំរឿងបញ្ជូនខ្លួនពលរដ្ឋអ្នកប្រព្រឹត្តបទល្មើសជាក់ស្ដែងទៅតុលាការ ប៉ុន្តែដោយសារតែការអាណិតអាសូរ និងការគិតគូរអំពីការរស់នៅរបស់ជនល្មើសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យក៏តែងតែសុំមិនឱ្យកសាងសំណុំរឿងទាំងនោះ ពីព្រោះយល់ថា ប្រសិនបើចាប់ជនល្មើសដាក់ពន្ធនាគារ គ្រួសាររបស់ពួកគាត់នឹងជួបនូវការលំបាកបាត់បង់អ្នកទីពឹងដើម្បីមានលទ្ធភាពក្នុងការចិញ្ចឹមគ្រួសារ ខ្លឹមសារទាំងអស់ក៏ត្រូវបានអ្នកសារព័ត៌មានបានចុះផ្សាយនៅក្នុងសារព័ត៌មានជាច្រើនកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការអភិរក្សព្រៃឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា  តេជោសែន ឫស្សីត្រឹបផងដែរ៕

​​​​​​​​​​​                         ប្រភេទគោយន្តដែលចាប់បាននៅក្នុងឧទ្យាន យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១

សន្និសីទសារព័ត៌មានស្ដីពីការអភិរក្សព្រៃឈើនៅឧទ្យានជាតិតេជោសែនឫស្សីត្រឹប ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១

RAC Media

អត្ថបទទាក់ទង

«មូលហេតុដែលអាម៉េរិកដកខ្លួនចេញពីសង្គ្រាមស៊ីរី គឺជាមេរៀនថ្មីមួយទៀតសម្រាប់ប្រទេសអាស៊ីក្នុងការទុកចិត្តសហរដ្ឋអាម៉េរិក»​​​​​​​​ ដោយ៖ ស៊ឺន សម

លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូ ណាល់ត្រាំ បានសម្រេចចិត្តភ្លាមៗ​ក្នុង​ការដក​ទ័ព​អាម៉េរិក​ទាំង​អស់ចេញ​ពី​ប្រទេស​ស៊ីរី ហើយ​ចំណុច​នេះ​គឺជា​ការ​រំលឹក​ថ្មីមួយ​ទៀត​ដល់​អ្នក​ដែល​ជឿ​ការសន្យារបស់អាមេរិក។នាយឧត្...

2018-12-29 04:04:26   ថ្ងៃសៅរ៍, 29 ធ្នូ 2018 ម៉ោង 11:04 AM
«ជ្រុងមួយនៃភាពរុងរឿងពីសម័យកាលអាណាចក្រអង្គរ»

តាមអត្ថបទស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ កុល សារូ អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌វិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានធ្វើបទបង្ហាញអំពីប្រធានបទមួយ ស្តីពី «ជ្រុងមួយនៃបេតិកភណ្ឌវប្បធ...

2018-12-28 08:36:55   ថ្ងៃសុក្រ, 28 ធ្នូ 2018 ម៉ោង 03:36 PM
តើលំហូរអន្តោប្រវេសន៍ចិន ធ្វើឱ្យខ្មែរអាចក្លាយជាជនជាតិដើមភាគតិចទេ? ដោយ៖ មជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

លំហូរជនអន្តោប្រវេសន៍ពីប្រទេសចិនចូលមកនៅប្រទេសកម្ពុជា ក្នុងរយៈកាល២ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន មានការព្រួយបារម្ភ ខ្លាចខ្លួនក្លាយជាជនជាតិដើមភាគតិចទៅវិញ នេះបើតាមការលើកឡើង ក្នុងវិទ្យុបារា...

2018-12-28 02:23:12   ថ្ងៃសុក្រ, 28 ធ្នូ 2018 ម៉ោង 09:23 AM
«ក្រុមការងារស្រាវជ្រាវផ្នែកគណិតវិទ្យានិងស្ថិតិ គ្រោងនឹងផ្សព្វផ្សាយស្នាដៃ»

ផ្នែកគណិតវិទ្យានិងស្ថិតិ គឺជាផ្នែកមួយរបស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា។ ផ្នែកនេះ មានប្រធានផ្នែកមួយរូប និងមានមន្រ្តីបម្រើការចំនួន៧រូប ដែលសុទ្ធសឹងជាធនធានមានឯកទេសគណិតវិទ...

2018-12-27 11:36:35   ថ្ងៃព្រហស្បតិ៍, 27 ធ្នូ 2018 ម៉ោង 06:36 PM
បាឋកថាប្រចាំឆ្នាំ២០១៨ «តំបន់អនាធិបតេយ្យនៅប្រទេសកម្ពុជា៖ បញ្ហាប្រឈម និង ដំណោះស្រាយ»

បញ្ហាតំបន់អនាធិបតេយ្យ ជាបញ្ហាឈឺក្បាលមួយ ដែលកំពុងកើតមានច្រើន ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាទីរួមខេត្តនានានៅទូទាំងប្រទេស។ ទីតាំងមួយចំនួន បានអភិវឌ្ឍនៅកន្លែងក្លាយទៅជាទីប្រជុំជនច្រើន មានសំណង់រឹងមាំ បើទ...

2018-12-27 05:36:02   ថ្ងៃព្រហស្បតិ៍, 27 ធ្នូ 2018 ម៉ោង 12:36 PM
«កិច្ចប្រជុំផ្ទៀងផ្ទាត់ការងារបញ្ចប់ឆ្នាំ២០១៨»

ឆ្នាំ២០១៨នេះ ជាឆ្នាំដែលរាជបណ្ឌិត្យសភាកម្ពុជា មានសកម្មភាពច្រើន បើប្រៀបធៀបជាមួយនឹងបណ្តាឆ្នាំកន្លងទៅ។ ដូចដែលឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ក្នុងការតាំងចិត្តធ្វើកំ...

2018-12-24 09:00:28   ថ្ងៃចន្ទ, 24 ធ្នូ 2018 ម៉ោង 04:00 PM

សេចក្តីប្រកាស