ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាទទួលជួប និងពិភាក្សាការងារជាមួយលោកជំទាវ LIURKA RODRIGUEZ BARRIOS ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា

2021-01-26 09:09:03 ថ្ងៃអង្គារ, 26 មករា 2021 ម៉ោង 04:09 PM
អ្នកមើល 2382
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរាជបណ្ឌិត្យសភាកម្ពុជា ទទួលជួប និងពិភាក្សាការងារជាមួយនឹងលោកជំទាវ LIURKA RODRIGUEZ BARRIOS ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបពិភាក្សាជាលើកទីមួយនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងលោកជំទាវ LIURKA RODRIGUEZ BARRIOS ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជជែកពិភាក្សានិងដោះដូរទស្សនៈលើបញ្ហាសំខាន់ៗមួយចំនួន ដែលក្នុងនោះរួមមានការផ្ដោតទៅលើប្រវត្តិទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-គុយបា បច្ចុប្បន្នភាពនៃស្ថានភាពប្រទេសទាំងពីរ និងការពិនិត្យទៅលើលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ពិសេសវិស័យសិក្សាស្រាវជ្រាវ រវាងស្ថាប័នស្រាវជ្រាវនៃប្រទេសទាំងពីរ។

ក្នុងជំនួបនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ពីការរំពឹងយ៉ាងមុតមាំរបស់ឯកឧត្ដមថា ប្រទេសគុយបាដែលមានទំនាក់ទំនងល្អ និងបានធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ក្នុងនាមជាដៃគូតាំងពីឆ្នាំ១៩៦០ និងដែលបច្ចុប្បន្ន គុយបាមានការរីកចម្រើននៅលើវិស័យវេជ្ជសាស្ត្រ កសិកម្ម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀតជាមួយនឹងកម្ពុជា ពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា។

ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា បានសម្ដែងនូវសេចក្ដីសោមនស្សជាខ្លាំងចំពោះជំនួបដ៏មានសារៈសំខាន់ពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះការដោះដូរទស្សនៈល្អៗជាច្រើនដែលជាធាតុចូលថ្មីៗ ដែលបានលើកឡើងនៅក្នុងជំនួបលើកដំបូងនាព្រឹកនេះ។ លោកជំទាវបានសម្ដែងនូវក្ដីសង្ឃឹមក្នុងការជួបពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ នៅក្នុងឱកាសដ៏សមស្របជាបន្តបន្ទាប់ទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងវិស័យសិក្សាស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្ត្រ។

គួរបញ្ជាក់ថា លោកជំទាវ LIURKA RODRIGUEZ BARRIOS គឺជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ដែលត្រូវបានតែងតាំងកាលពីដើមឆ្នាំ២០២០កន្លងទៅនេះ ហើយលោកជំទាវក៏ជាឯកអគ្គរដ្ឋទូតជាស្ត្រីដំបូងគេ ដែលបានអញ្ជើញមករាជបណ្ឌិត្យសភាកម្ពុជាដើម្បីជួបពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។

RAC Media

អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ធំៗនៅចុងឆ្នាំ២០១៩នេះ!

នេះទុកជាឆ្នាំដ៏វិសេសវិសាលដែលរាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកម្មវិធីធំៗជាច្រើននៅក្នុងអំឡុងខែវិច្ឆិកា ខាងមុខនេះ។ បើតាមការបង្ហាញរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់យ៉ាង...

2019-07-10 04:46:06   ថ្ងៃពុធ, 10 កក្កដា 2019 ម៉ោង 11:46 AM
កិច្ចប្រជុំ ស្ដីពី «ការរៀបចំប្រព័ន្ធបច្ចេកវិទ្យា...»

នៅវេលាម៉ោងព្រឹក ៩៖០០នាទីព្រឹក ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំ ស្ដីពី «ការរៀបចំប្រព័ន្ធបច្ចេកវិទ្យា» ជាមួយក្រុមអ្នកជំនាញជាន់ខ្ពស់ខាងបច្ចេកវិទ្យាព័ត៌មាននៃរ...

2019-07-09 04:41:17   ថ្ងៃអង្គារ, 09 កក្កដា 2019 ម៉ោង 11:41 AM
«សាកភ្លក្ស ទឹកដោះគោតេជោសែនឬស្សីត្រឹប...»

បន្ទាប់ពីកិច្ចប្រជុំរួមរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ៤ ខែកក្កដា ឆ្នាំ២០១៩ សាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទ...

2019-07-04 14:36:55   ថ្ងៃព្រហស្បតិ៍, 04 កក្កដា 2019 ម៉ោង 09:36 PM
«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា »

រសៀល ថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា ដោយអ...

2019-07-04 08:13:45   ថ្ងៃព្រហស្បតិ៍, 04 កក្កដា 2019 ម៉ោង 03:13 PM
សិក្ខាសាលាស្តីពី«ការបង្កើតសុសវែរបំប្លែងពុម្ភប្រតិចារឹកអក្សរខ្មែរ (Khmer Transliteration Font Converter)»

ព្រឹកថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅសាលនាងនួននៃរាជបណ្ឌិត្យសភាកម្ពុជាមានរៀបចំសិក្ខាសាលាមួយស្តីពី«ការបង្កើតសុសវែរបំប្លែងពុម្ភប្រតិចារឹកអក្សរខ្មែរ (Khm...

2019-07-03 10:48:54   ថ្ងៃពុធ, 03 កក្កដា 2019 ម៉ោង 05:48 PM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា»

នៅរសៀលថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា បានចំនួន០៥ពាក្យ ដូចខា...

2019-07-03 01:18:44   ថ្ងៃពុធ, 03 កក្កដា 2019 ម៉ោង 08:18 AM

សេចក្តីប្រកាស