Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជាមួយក្រុមហ៊ុនចំនួនពីរ គឺ ក្រុមហ៊ុន មេហូ អភិវឌ្ឍន៍ ឯ.ក និងក្រុមហ៊ុន ZAP ZEAL ASPIRATION PARTNER ASIA CO., LTD ដើម្បីធ្វើកិច្ចសហប្រតិបត្តិការរៀបចំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ពលរដ្ឋខ្មែរដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុន។
ពីសាលមរតកសិល្បៈខ្មែរនៃអគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា លោកស្រី ទូច សុខនាង អគ្គនាយិកាក្រុមហ៊ុន មេអភិវឌ្ឍន៍ ឯ.ក. ដែលជាទីភ្នាក់ងារស្វែងរកការងារនៅប្រទេសជប៉ុន បានឱ្យដឹងថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះមានបំណងចម្បង គឺជម្រុញ ការបណ្តុះបណ្តាល ធនធាន មនុស្ស នៃកម្ពុជា ឱ្យមានជំនាញច្បាស់លាស់ និងកាន់តែច្រើន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសបន្ថែមទៀត។ លោកស្រី ទូច សុខនាង បានបញ្ជាក់ថា៖«បើជនជាតិខ្មែរមានជំនាញវិជ្ជាជីវៈច្បាស់លាស់ នឹងទទួលបានប្រាក់បៀវត្សរ៍កម្រិតខ្ពស់ និងទទួលបាន បទពិសោធន៍ ការងារជំនាញ ពីជប៉ុនថែមទៀត»។
ជាមួយគ្នានេះ លោក Okumoto Tatsuhiko តំណាង ZAP ZEAL ASPIRATION PARTNER ASIA CO., LTD បានបញ្ជាក់ឱ្យដឹងថា កិច្ចសហប្រតិបត្តិការនាពេលនេះ មិនត្រឹមតែមានលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ គឺថែមទាំងជាកិច្ចសហប្រតិបត្តិការកម្រិតយុទ្ធសាស្រ្តរយៈពេលវែង ដើម្បីបណ្តុះបណ្តាលជំនាញជាន់ខ្ពស់ផ្សេងទៀត ឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងាររវាងប្រទេសកម្ពុជា-ជប៉ុន។ លោកសង្ឃឹមយ៉ាងមុតមាំថា កិច្ចការសហការគ្នានាពេលនេះនឹងទទួលបានជោគជ័យ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុនកាន់តែប្រសើរឡើង។
នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងរាជបណ្ឌិត្យសភាកម្ពុជា ក្រុមហ៊ុន មេហូ អភិវឌ្ឍន៍ ឯ.ក និងក្រុមហ៊ុនហ្សេប ស៊ីល អ៊ិនស្តើរេស៊ិន ផាតនើរ អេស៊ា ឯ.ក. នាពេលនេះ គឺដើម្បីជម្រុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេសនិងកម្រិតខ្ពស់បន្ថែម ដើម្បីឱ្យប្រជាជនខ្មែរមានជំនាញការងារវិជ្ជាជីវៈច្បាស់លាស់ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងបន្ថែមថា នៅមុនពេលពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានស្រាវជ្រាវ ពីវិស័យអាទិភាព ដែលជម្រុញការអភិវឌ្ឍនៅតាមបណ្តាប្រទេសអាស៊ានចំនួន៤ រួមមាន ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសថៃ។ តាមរយៈលទ្ធផល នៃការចុះស្រាវជ្រាវដោយផ្ទាល់កន្លងមកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា កម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ពិតជាបានជួយរុញច្រានការអភិវឌ្ឍយ៉ាងប្រាកដ។ ហេតុនេះ រាជបណ្ឌិត្យសភាកម្ពុជា ត្រូវការឱ្យមានកិច្ចសហការជាមួយវិស័យឯកជននានា ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឱ្យឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិ។ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំការបណ្តុះបណ្តាល និងស្រាវជ្រាវស៊ីជម្រៅ លើជំនាញវិជ្ជាជីវៈ ដែលបង្កើនធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកបំពេញតម្រូវការកម្លាំងពលកម្មជំនាញក្នុងស្រុក និងក្រៅស្រុកថែមទៀត។ រាជបណ្ឌិត្យសភាកម្ពុជា បើកបេះដូងទទួលស្វាគមន៍និងធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុនដទៃទៀតដែលមានគោលដៅដូចគ្នា ឱ្យស័ក្ដិសមនឹងពាក្យស្លោកថា៖ «រាជបណ្ឌិត្យសភាកម្ពុជា ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»។
RAC Media | រឿន ភារុន
នាព្រឹកថ្ងៃសុក្រ ៩កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩:០០ នៅសាលប្រជុំវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំប្រចាំខ...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសាលប្រជុំនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តម...
កាលពីថ្ងៃ ពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និងរូបវិ...
ថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក អ៊ុច លាង មន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ទទួលបន្ទុកសិក្សាអាស៊ីនិងអាហ្វ្រិក និងលោក ឡុង ម៉េងហ៊ាងមន...
ថ្ងៃអង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តម សូ មុយឃៀង បានបន្តប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍ បានចំនួន០៧ពាក្យ...