ព័ត៌មាន

«ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា ក្រុមហ៊ុន មេហូ អភិវឌ្ឍន៍ ឯ.ក និងក្រុមហ៊ុនហ្សេប ស៊ីល អ៊ិនស្តើរេស៊ិន ផាតនើរ អេស៊ា ឯ.ក.»

2021-01-15 10:05:15 ថ្ងៃសុក្រ, 15 មករា 2021 ម៉ោង 05:05 PM
អ្នកមើល 2734
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជាមួយក្រុមហ៊ុនចំនួនពីរ គឺ ក្រុមហ៊ុន មេហូ អភិវឌ្ឍន៍ ឯ.ក និងក្រុមហ៊ុន ZAP ZEAL ASPIRATION PARTNER ASIA CO., LTD ដើម្បីធ្វើកិច្ចសហប្រតិបត្តិការរៀបចំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ពលរដ្ឋខ្មែរដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុន។

ពីសាលមរតកសិល្បៈខ្មែរនៃអគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា លោកស្រី ទូច សុខនាង អគ្គនាយិកាក្រុមហ៊ុន មេអភិវឌ្ឍន៍ ឯ.ក. ដែលជាទីភ្នាក់ងារស្វែងរកការងារនៅប្រទេសជប៉ុន បានឱ្យដឹងថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះមានបំណងចម្បង គឺជម្រុញ ការបណ្តុះបណ្តាល ធនធាន មនុស្ស នៃកម្ពុជា ឱ្យមានជំនាញច្បាស់លាស់ និងកាន់តែច្រើន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសបន្ថែមទៀត។ លោកស្រី ទូច សុខនាង បានបញ្ជាក់ថា៖«បើជនជាតិខ្មែរមានជំនាញវិជ្ជាជីវៈច្បាស់លាស់ នឹងទទួលបានប្រាក់បៀវត្សរ៍កម្រិតខ្ពស់ និងទទួលបាន បទពិសោធន៍ ការងារជំនាញ ពីជប៉ុនថែមទៀត»។

ជាមួយគ្នានេះ លោក Okumoto Tatsuhiko តំណាង ZAP ZEAL ASPIRATION PARTNER ASIA CO., LTD បានបញ្ជាក់ឱ្យដឹងថា កិច្ចសហប្រតិបត្តិការនាពេលនេះ មិនត្រឹមតែមានលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ គឺថែមទាំងជាកិច្ចសហប្រតិបត្តិការកម្រិតយុទ្ធសាស្រ្តរយៈពេលវែង ដើម្បីបណ្តុះបណ្តាលជំនាញជាន់ខ្ពស់ផ្សេងទៀត ឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងាររវាងប្រទេសកម្ពុជា-ជប៉ុន។ លោកសង្ឃឹមយ៉ាងមុតមាំថា កិច្ចការសហការគ្នានាពេលនេះនឹងទទួលបានជោគជ័យ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុនកាន់តែប្រសើរឡើង។

នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងរាជបណ្ឌិត្យសភាកម្ពុជា ក្រុមហ៊ុន មេហូ អភិវឌ្ឍន៍ ឯ.ក និងក្រុមហ៊ុនហ្សេប ស៊ីល អ៊ិន​ស្តើរេស៊ិន ផាតនើរ អេស៊ា ឯ.ក. នាពេលនេះ គឺដើម្បីជម្រុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេសនិងកម្រិតខ្ពស់បន្ថែម ដើម្បីឱ្យប្រជាជនខ្មែរមានជំនាញការងារវិជ្ជាជីវៈច្បាស់លាស់ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងបន្ថែមថា នៅមុនពេលពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា អ្នកស្រាវ​ជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានស្រាវជ្រាវ ពីវិស័យអាទិភាព ដែលជម្រុញការអភិវឌ្ឍនៅតាមបណ្តាប្រទេសអាស៊ានចំនួន៤ រួមមាន ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសថៃ។ តាមរយៈលទ្ធផល នៃការចុះស្រាវ​ជ្រាវដោយផ្ទាល់កន្លងមកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា កម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ពិតជាបានជួយរុញច្រានការអភិវឌ្ឍយ៉ាងប្រាកដ។ ហេតុនេះ រាជបណ្ឌិត្យសភាកម្ពុជា ត្រូវការឱ្យមានកិច្ចសហការ​ជាមួយវិស័យឯកជននានា ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឱ្យឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិ។ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំការបណ្តុះបណ្តាល និងស្រាវជ្រាវស៊ីជម្រៅ លើជំនាញវិជ្ជាជីវៈ ដែល​បង្កើនធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកបំពេញតម្រូវការកម្លាំងពលកម្មជំនាញក្នុងស្រុក និងក្រៅស្រុកថែមទៀត។ រាជបណ្ឌិត្យសភាកម្ពុជា បើកបេះដូងទទួលស្វាគមន៍និងធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុនដទៃទៀតដែលមានគោលដៅដូចគ្នា ឱ្យស័ក្ដិសមនឹងពាក្យស្លោកថា៖ «រាជបណ្ឌិត្យសភាកម្ពុជា ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»។

RAC Media | រឿន ភារុន

អត្ថបទទាក់ទង

«ទូតជប៉ុន ប្រកាសបើកការប្រកួតបង្កើតវត្ថុច្នៃពីសំរាម»

ដើម្បីលើកកម្ពស់ទីក្រុងស្អាត និងជម្រុញមិត្តភាពរវាងជប៉ុន និងកម្ពុជា ស្ថាតទូតជប៉ុនប្រចាំកម្ពុជា សូមអញ្ជើញសាធារណៈជនទាំងអស់ចូលរួមបង្កើតវត្ថុច្នៃពីសំរាមសម្រាប់គម្រោងភ្នំពេញទីក្រុងស្អាតជាមួយប្រទេសជប៉ុន។ ស្ថា...

2018-11-01 08:40:15   ថ្ងៃព្រហស្បតិ៍, 01 វិច្ឆិកា 2018 ម៉ោង 03:40 PM
«ធនាគារជាតិបកស្រាយរឿងចាយលុយ យ័ន នៅកម្ពុជា»

មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជាបានពន្យល់បន្ថែមពាក់ព័ន្ធការប្រើប្រាស់លុយ យ័ន នៅកម្ពុជាឱ្យ ទូលំទូលាយតាមរយៈប្រព័ន្ធធនាគារបន្ទាប់ពីសាធារណជនមួយចំនួន មានការភាន់ច្រឡំជុំវិញគោលនយោបាយរបស់រាជរដ្ឋា ភិ បាលក...

2018-11-01 08:29:59   ថ្ងៃព្រហស្បតិ៍, 01 វិច្ឆិកា 2018 ម៉ោង 03:29 PM
«កិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធានស្តីទីវិទ្យាស្ថាន...»

ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ​​ សុខ​ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីធ្វើការបោ...

2018-11-01 05:40:49   ថ្ងៃព្រហស្បតិ៍, 01 វិច្ឆិកា 2018 ម៉ោង 12:40 PM
«ការអនុម័តបច្ចេកសព្ទគីមីវិទ្យា និង រូបវិទ្យា...»

ថ្ងៃពុធ ៧រោច ខែអស្សុជ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និងរូបវិទ្យាបានចំនួន ១៣ពាក្យដូចខាងក្...

2018-11-01 04:46:12   ថ្ងៃព្រហស្បតិ៍, 01 វិច្ឆិកា 2018 ម៉ោង 11:46 AM
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងពិធីបើកអង្គសន្និសីទអន្តរជាតិ អបអរខួប៤០ឆ្នាំនៃសហប្រតិបត្តិការអាស៊ាន-អឺរ៉ុប

នៅថ្ងៃនេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិ ស្តីពី «៤០ឆ្នាំ​នៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប៖ សមិទ្ធផល និងមាគ៌ាឆ្ពោះទៅមុខ» ជាមួយវត្តមានភ្ញ...

2018-10-31 08:01:16   ថ្ងៃពុធ, 31 តុលា 2018 ម៉ោង 03:01 PM
«៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ អាស៊ាន- សហភាពអឺរ៉ុប៖ សមិទ្ធិផលនិងមាគ៌ាឆ្ពោះទៅមុខ...»

ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ វិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភពីមូលនិធិ...

2018-10-31 05:08:28   ថ្ងៃពុធ, 31 តុលា 2018 ម៉ោង 12:08 PM

សេចក្តីប្រកាស