ព័ត៌មាន

តំណក់ប្រេងលើកដំបូង៖ ជា «បណ្ដាសា» ឬជា «ពរជ័យ»

2021-01-02 00:58:31 ថ្ងៃសៅរ៍, 02 មករា 2021, 12:58 AM
post_detail

នៅពេលដែលកម្ពុជា បានចាប់ផ្ដើមលើកយកបញ្ហាអណ្ដូងប្រេងកាតនៅក្នុងឈូងសមុទ្រខ្មែរ និងការវិនិយោគការខួងនិងចម្រាញ់ប្រេងកាត មានទស្សនៈយល់ឃើញជាច្រើន ពីសាធារណជន ថាតើកំណប់ប្រេងកាតរបស់កម្ពុជា ជាពរជ័យ ឬជាបណ្ដាសា? 

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាឱឡារិកពីសមិទ្ធផលតំណក់ប្រេងដំបូងរបស់កម្ពុជា។ តើតំណក់ប្រេងរបស់កម្ពុជាទាំងនេះ មានអត្ថន័យយ៉ាងណាសម្រាប់កម្ពុជា? យោងតាមទំព័រហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ក្រុមការងារសូមលើកយកមកបង្ហាញជូនដូចខាងក្រោម៖

"ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាខួបម្ភៃ២២ឆ្នាំនៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពពេញផ្ទៃប្រទេសដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ ហើយក៏ជាថ្ងៃដែលកម្ពុជាទទួលបានតំណក់ប្រេងលើកដំបូងរបស់ខ្លួន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង២០០០ឆ្នាំដែរ។ តំណក់ប្រេងលើកដំបូងនេះ ចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុក A នៃឈូងសមុទ្រខ្មែរ។

មានបដិសំណួរដ៏គួរឱ្យចាប់អារម្មណ៍ចំនួនពីរ ដែលបានកើតឡើងតាំងពីមុនពេលដែលកម្ពុជាមានតំណក់ប្រេងលើកដំបូងមកម៉្លេះ នោះគឺ តើតំណក់ប្រេងលើកដំបូងនេះជា «បណ្ដាសា» ឬជា «ពរជ័យ»?

សម្រាប់ជនមួយចំនួន មានទាំងខ្មែរទាំងបរទេសផង បានសម្ដែងកង្វល់តាំងពីមុនកម្ពុជាទទួលបានតំណក់ប្រេងលើកដំបូងមកម៉្លេះ ខ្លាចតំណក់ប្រេងលើកដំបូងនេះ ក្លាយជាបណ្ដាសាចំពោះប្រជាជាតិកម្ពុជា បើមិនមានការគ្រប់គ្រងបានល្អ។ ពួកគេបានភ្ជាប់រឿងរ៉ាវបណ្ដាសាប្រេងដែលកើតមាននៅបណ្តាប្រទេសមួយចំនួននៅអាហ្វ្រ៊ិក មជ្ឈិមបូព៌ា រហូតដល់វេណហ្ស៊ុយអេឡា ដែលសុទ្ធតែជាប្រទេសដែលសម្បូរណ៍ប្រេង តែនៅទីបំផុតទៅ ប្រទេសទាំងនោះ បានរអិលជើងធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិល អំពើហិង្សា ការបែកបាក់ជាតិ អំពើពុករលួយ និងការចូលជ្រៀតជ្រែកពីបរទេស ជាពិសេស ពីពួកមហាអំណាច រាប់សិបឆ្នាំរហូតដល់ឥឡូវ។

ប៉ុន្តែ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ពីភូមិគ្រឹះរបស់លោក នាទីក្រុងតាខ្មៅ បានមានប្រសាសន៍ថា តំណក់ប្រេងលើកដំបូងនេះជាពរជ័យសម្រាប់ប្រជាជាតិកម្ពុជា។ សម្តេចតេជោបានចាត់ទុកថា នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ននិងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗ រួមមាន ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ។ វាជាពរជ័យសម្រាប់ប្រជាជននិងប្រទេសជាតិ មិនមែនជាបណ្តាសាដូចការលើកឡើងរបស់ជនមួយចំនួននោះទេ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា ចំណូលបានពីប្រេងនឹងយកទៅអភិវឌ្ឍវិស័យអប់រំនិងសុខាភិបាល។

បន្ទាប់ពីទទួលបានព័ត៌មានស្តីពីតំណក់ប្រេងលើកដំបូង ប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ រួមទាំងថ្នាក់ដឹកនាំជាតិកំពូលៗរបស់កម្ពុជា មានទាំងព្រះមហាក្សត្រផង បានចេញសារអបអរសាទរសម្តេចតេជោព្រោងព្រាងជាមួយនឹងពាក្យពេជន៍លើកតម្កើងនិងកោតសរសើរដ៏ខ្ពង់ខ្ពង់បំផុតចំពោះសម្តេចតេជោ ដែលដឹកនាំធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពេញផ្ទៃប្រទេសនិងទទួលបានតំណក់ប្រេងលើកដំបូងនេះ និងបានលើកឡើងដូចគ្នានឹងសម្តេចតេជោថា តំណក់ប្រេងលើកដំបូងនេះ គឺជាពរជ័យ។ ប៉ុន្តែ សម្រាប់អ្នកមិនពេញចិត្តនិងអ្នកបារម្ភ ក៏បានបង្ហោះសារសម្តែងនូវកង្វល់របស់ខ្លួនពីតម្លាភាពនិងគណនេយ្យភាពក្នុងការគ្រប់គ្រងចំណូលបានមកពីប្រេង ហើយអ្នកខ្លះមិននិយាយចំទេ តែគេបង្ហោះសារបែបឌឺដងនានា ក្នុងន័យសម្ដែងក្តីបារម្ភ ខ្លាចក្រែងតំណក់ប្រេងលើកដំបូងនេះក្លាយជាបណ្ដាសា។

សរុបមក យើងត្រូវទទួលស្គាល់ថា តំណក់ប្រេងលើកដំបូងនេះ ជាសមិទ្ធផលនៃប្រជាជាតិកម្ពុជាទាំងមូលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង២០០០ឆ្នាំ។ វាជាព័ត៌មានដ៏ល្អនិងប្រកបដោយក្តីអំណរសម្រាប់យើងទាំងអស់គ្នា មិនថាជាអ្នកគាំទ្រឬមិនគាំទ្ររាជរដ្ឋាភិបាលនោះទេ ព្រោះវាជាសមិទ្ធផលរបស់ជាតិយើងទាំងអស់គ្នា។ ជា «បណ្ដាសា» ឬជា «ពរជ័យ» វាអាស្រ័យទៅលើតម្លាភាពនិងគណនេយ្យភាពក្នុងការគ្រប់គ្រងចំណូលបានមកពីប្រេង និងការប្រើប្រាស់ចំណូលដែលបានមកពីប្រេងឱ្យចំគោលដៅនិងមានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ ការបារម្ភពីបណ្ដាសាប្រេងដោយជនមួយចំនួន ក៏មិនគួរចាត់ទុកថា ជាការប្រឆាំងផ្កាប់មុខនោះដែរ ដ្បិតពិភពលោកនេះ មានឧទាហរណ៍ច្រើនមកហើយ ដែលប្រទេសមួយចំនួនដែលជាសេដ្ឋីប្រេងដែលទទួលបណ្ដាសាប្រេង។ ប៉ុន្តែ ទោះជាបែបនេះក្តី យើងទាំងអស់គ្នាត្រូវមានទំនុកចិត្តលើរាជរដ្ឋាភិបាល លើសម្តេចតេជោ ហ៊ុន សែន ក្នុងការចាត់ចែងលើរឿងនេះ ដើម្បីជាមរតកប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ កន្លងមក សម្តេចតេជោធ្លាប់បានថ្លែងទៅកាន់មជ្ឈដ្ឋានអ្នករិះគន់មួយចំនួនថា កុំនាំគ្នាគិតថា ធ្វើម្ហូបអីខណៈត្រីនៅក្នុងទឹកនៅឡើយ។ ឥឡូវនេះ ត្រីមាននៅក្នុងដៃហើយ ដូច្នេះ ម៉ឺនុយមុខម្ហូប ក៏ពិតជាមាននៅលើតុអាហារដែរ៕"


អត្ថបទទាក់ទង

តម្លៃអច្ចន្តបរមាក្នុងសំណុំទិន្នន័យមួយអថេរ Outliers in Univariate Data ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា

2020-12-15 04:56:19   Tue, 15,12,2020, 04:56 AM
ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយ៖ ផុន កសិកា, ឡេង វិទូ, តាកេត ស័កដា និង សួ ប៉ុណ្ណារ៉ាត់

RAC Media

2020-12-12 04:10:09   Sat, 12,12,2020, 04:10 AM
បឹងពិតត្រង់ និង កំណាត់ដើមឈើរយឆ្នាំ ដោយ៖ អ្នកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-12-09 07:22:36   Wed, 09,12,2020, 07:22 AM
ព្រះលោកេសូរប្រែកាយជាព្រះនរាយណ៍ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-12-02 04:01:39   Wed, 02,12,2020, 04:01 AM
យុទ្ធសាស្រ្តសេដ្ឋកិច្ចចិននៅក្នុងសម័យកូវីដ-១៩ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2020-11-30 03:28:38   Mon, 30,11,2020, 03:28 AM
«ឯកឧត្តមបណ្ឌិត យង់ ពៅ ដឹកនាំបសុពេទ្យជំនាញចុះអប់រំផ្សព្វផ្សាយ និងចាក់វាក់សាំងព្យាបាលសត្វគោចិញ្ចឹមរបស់ប្រជាជននៅមូលដ្ឋាន»

(ខេត្តតាកែវ)៖ ដោយបានពិនិត្យមើលថា សត្វគោចិញ្ចឹមរបស់ប្រជាជនជាង១០០គ្រួសារកំពុងរងគ្រោះ ដោយសារការរីករាលដាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោយ៉ាងខ្លាំង នៅថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ...

2020-11-29 09:43:24   Sun, 29,11,2020, 09:43 AM

សេចក្តីប្រកាស