ព័ត៌មាន

ហេតុអ្វីដាក់សម្ពាធលើកម្ពុជា? ដោយ៖ បណ្ឌិត ស៊ឺន សម

2021-01-01 04:31:38 ថ្ងៃសុក្រ, 01 មករា 2021 ម៉ោង 11:31 AM
អ្នកមើល 2401
post_detail

«នៅក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកគ្រោងនឹងផ្តល់ជំនួយដល់ប្រទេសកម្ពុជាប្រមាណ៨៥លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីជួយដល់ការអភិវឌ្ឍផ្សេងៗនៅក្នុងប្រទេស។ កម្ពុជាអាចទទួលបានជំនួយប្រមាណជាង៨៥លានដុល្លារសហរដ្ឋអាម៉េរិកនេះ លុះត្រារដ្ឋាភិបាលកម្ពុជាបង្ហាញពីការពង្រឹងសន្តិសុខ និង ស្ថិរភាពនៅក្នុងតំបន់ ពិសេសបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង និងគោរពការដាក់ទណ្ឌកម្មអន្តរជាតិទៅលើប្រទេសកូរ៉េខាងជើង ហើយក៏បានបន្ថែមដោយតម្រូវឱ្យកម្ពុជាប្រកាសពីអធិបតេយ្យភាពរបស់ខ្លួនប្រឆាំងទៅនឹងការជ្រៀតជ្រែកពីប្រទេស​ចិន ដោយរួមបញ្ចូលការរក្សាឱ្យមានអព្យាក្រិតភាពលើបញ្ហាមូលដ្ឋានកងទ័ពជើងរាម និង មូលដ្ឋានទ័ពផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា និង បញ្ហាគម្រោងអភិវឌ្ឍតារាសាគរនៅក្នុងខេត្តកោះកុង»។

ប្រទេសកម្ពុជា គឺជាប្រទេសតូចមួយនៅក្នុងសមាជិកនៃសមាគមអាស៊ីអគ្នេយ៍ ហើយប្រទេសនេះមានសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធមិនទាន់រឹងមាំ ឬមិនទាន់ទំនើបដូចប្រទេសផ្សេងទៀតនៅក្នុងសមាគមអាស៊ីអគ្នេយ៍នៅឡើយទេ។ នៅមានកិច្ចការ និងរឿងរ៉ាវជាច្រើនទៀតដែលប្រទេសកម្ពុជាត្រូវតែបំពេញ និងកសាង ដើម្បីឈានទៅរកការអភិវឌ្ឍមួយដែលមានភាពរឹងមាំ និងអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតបាន។

នៅពេលយើងនិយាយអំពីសេដ្ឋកិច្ចកម្ពុជា ពលរដ្ឋកម្ពុជា ឬអ្នកស្រាវជ្រាវមួយចំនួននឹងនិយាយថា«ប្រទេសនេះនៅមានសេដ្ឋកិច្ចទន់ខ្សោយ ឬប្រទេសនេះនៅមានភាពខ្វះខាតចំនុចនេះឬចំនុចនោះជាច្រើន»។ នៅពេលដែលយើងនិយាយអំពីគុណភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ យើងនឹងឃើញចំណុចខ្វះខាតជាច្រើន ដែលពិបាកនឹងបកស្រាយ ឧទាហរណ៍ តម្លៃដែលខ្ពស់ពេក ហើយគុណភាពនៃសំណងមិនសូវរឹងមាំ ជាដើម។

ជាការពិតណាស់ ប្រទេសកម្ពុជា នៅមានចំណុចខ្វះខាតច្រើនណាស់ ហើយមិនសូវមានអ្នកហ៊ាននិយាយត្រង់អំពីចំណុចនៃភាពខ្វះខាតនោះទេ ដោយរឿងខ្លះ ជាកត្តាដែលប៉ះប្រយោជន៍ខ្លួនឯង ហើយរឿងខ្លះទៀត ជាកត្តាដែលប៉ះពាល់ផលប្រយោជន៍អ្នកផ្សេង។

បើទោះបីជាមានភាពខ្វះខាតខ្លះៗនៅក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋក៏ដោយ ក៏យើងមិនអាចបញ្ឈប់ការសាងសង់បានដែរ ព្រោះនោះគឺជាភាពចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេស និងកសាងធនធានមនុស្សរបស់កម្ពុជា។

មានរឿងខ្លះ ពិតជាអយុត្តិធម៌ពេកហើយសម្រាប់ប្រទេសកម្ពុជា ព្រោះថាប្រទេសកម្ពុជានៅមានចំណុចខ្វះខាត ដោយសារតែភាពខ្វះខាតនោះ ទើបរដ្ឋប្រឹងប្រឹងបំពេញចន្លោះនៃភាពខ្វះខាត តាមរយៈការធ្វើសកម្មភាព វិនិយោគ ឬសាងសង់ផ្សេងៗ។ មិនមានការវិនិយោគណាដែលមិនប៉ះពាល់នោះទេ គ្រាន់តែយើងត្រូវពិនិត្យថ្លឹងថ្លែងអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការសាងសង់នោះ តើមួយណាមានភាពចាំបាច់ជាង?

នៅក្នុងឆាកអន្តរជាតិ ឬនៅក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជានៅមិនទាន់មានព្រលានយន្តហោះណាមួយដែលមានលក្ខណៈអន្តរជាតិ ឬមានភាពទំនើបដូចជាប្រទេសជិតខាងនៅឡើយទេ ហើយជនជាតិខ្មែរភាគច្រើន ដែលធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសផ្សេង ជាពិសេសបណ្តាប្រទេសលោកខាងលិច ដែលមានព្រលានយន្តហោះធំទូលាយ និងស្អាតនោះ តែងបាននិយាយថា «ព្រលានយន្តហោះអន្តរជាតិកម្ពុជា មិនបានស្មើនឹងព្រលានយន្តហោះក្នុងស្រុករបស់ប្រទេស​នេះ ឬប្រទេសនោះនៅឡើយទេ»។

សូមពិនិត្យមើលប្រទេសជិតខាងរបស់កម្ពុជា ដែលមានប្រទេសវៀតណាម និងប្រទេសថៃ តើប្រទេសទាំងពីរនេះមានព្រយន្តហោះប៉ុន្មាន? មានផែអន្តរជាតិទឹកជ្រៅចំនួនប៉ុន្មាន? ដើម្បីទទួលឥវាន់ និងភ្ញៀវអន្តរជាតិដែលត្រូវចូលមកទស្សនាប្រទេសរបស់គេ?

វៀតណាមមានកំពង់ផែទឹកជ្រៅយ៉ាងតិចចំនួន ៦កន្លែង មានអាកាសយានដ្ឋានអន្តរជាតិចំនួន៣កន្លែងដែលមានទំហំៗ ចំណែកឯប្រទេសថៃមានកំពង់ផែទឹកជ្រៅចំនួន៨កន្លែង ហើយអាកាសយានដ្ឋានអន្តរជាតិចំនួន៧កន្លែង។ ចុះហេតុអ្វីបានជាកម្ពុជាកសាងកំពង់ផែទឹកជ្រៅនៅតំបន់ឆ្នេសមុទ្ររាម ហើយនឹងគម្រោងអភិវឌ្ឍនៅតារាសាគរក្នុងខេត្តកោះកុង ដែលជាទឹកដីកម្ពុជានោះ មនុស្សមួយចំនួននាំគ្នាភ័យខ្លាចទៅវិញ?

ជនបរទេស គេនាំគ្នាភ័យខ្លាចចំពោះការអភិវឌ្ឍនៅកម្ពុជាព្រោះអាចមានផលប៉ះពាល់ដល់ប្រយោជន៍ជាតិសាសន៍របស់គេ ហើយចុះជនជាតិខ្មែរមួយចំនួនព្រួយបារម្មណ៍ព្រោះថារឿងអ្វីដែរ? ជាការពិតណាស់ ពលរដ្ឋមួយចំនួនដែលនៅក្នុងតំបន់អភិវឌ្ឍ អាចមានការមិនពេញចិត្តក្នុងការផ្លាស់ប្តូរទីកន្លែង ហើយរដ្ឋាភិបាល និងក្រុមហ៊ុនដែលទទួលការសាងសង់គួរតែមានសំណងសមរម្យសម្រាប់ពរដ្ឋដែលរងផលប៉ះពាល់នោះ ប៉ុន្តែពលរដ្ឋកម្ពុជាមិនគួរនាំគ្នានិយាយ​តាមជនបរទេសមួយចំនួននោះទេ ព្រោះជាតិសាសន៍ណាក៏ដោយ គេធ្វើអ្វីៗដើម្បីប្រយោជន៍ជាតិសាសន៍របស់គេ ទាំងប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោល ឬប្រយោជន៍ភូមិសាស្ត្រ នយោបាយសម្រាប់ប្រទេសគេ។ យើងត្រូវថ្លែងថ្លែងឱ្យបានច្បាស់សិនមុននឹងបកស្រាយ ឬបន្ទរទៅតាមការយល់ឃើញណាមួយ។ មនុស្សតែងមានការយល់ឃើញផ្សេងគ្នា អាស្រ័យលើទីកន្លែងដែលគេឈរ ឬផលប្រយោជន៍ដែលគេទទួលបាន។

កម្ពុជាគ្រាន់តែចង់មានកំពង់ផែអន្តរជាតិ និងព្រលានយន្តហោះដែលមានស្តង់ដារអន្តរជាតិ ដូចប្រទេសជិតខាងសោះ ហេតុអ្វីបានជាដាក់សម្ពាធលើកម្ពុជា?

នៅក្នុងឆ្នាំ ២០១២ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសដែលជាសមាជិកអាស៊ានមួយចំនួនបាននាំគ្នាយកករណីសមុទ្រចិនខាងត្បូងមកដាក់ឱ្យកម្ពុជាចេញសេចក្តីថ្លែងការថ្កោលទោសប្រទេសចិន។ នៅពេលនោះមានការរិះគន់កម្ពុជា ថាមិនបានយកអាស៊ានជាធំ ដោយបានចោទថាកម្ពុជាលំអៀងទៅរកប្រទេសចិន ជាដើម។ គិតតាំងពីឆ្នាំ ២០១២ រហូតមកដល់ដាច់ឆ្នាំ ២០២០ មិនមានប្រទេសណាមួយនៃម្ចាស់អាស៊ានប្តូរវេន បានយកសំណុំរឿងសមុទ្រចិនខាងត្បូងដើម្បីដោះស្រាយដោយផ្ទាល់ ឬឱ្យបានជាក់លាក់នោះទេ។ បើសិនជាបែបនោះទេ ហេតុអ្វីដាក់សម្ពាធកម្ពុជា?

នៅក្នុងសៀវភៅមួយដែលមានចំណងជើងថា “ Cambodian Pawn on a Superpower Chessboard” បានចាត់ទុកថា ប្រទេសកម្ពុជា គឺជាទឹកដីនៃការសាកល្បងមនោគមវិជ្ជារបស់ប្រទេសមហាអំណាច ព្រោះតែភាពមិនច្បាស់លាស់នៃស្មារតីស្នេហាជាតិ និងភាពទន់ជ្រាយរបស់ប្រទេសនេះ។ នៅក្នុងប្រទេសដែលមានភាពជឿនលឿន និងចាស់ទុំខាងនយោបាយ ការប្រកួតប្រជែងខាងនយោបាយក្នុងប្រទេស គេធ្វើឡើងដើម្បីបានឈ្នះឱកាសសម្រាប់ការដឹកនាំប្រទេសតែប៉ុណ្ណោះ ហើយគេតែងមានសំលេងតែមួយក្នុងការប្រឆាំងនឹងប្រទេសណាមួយដែលចង់បៀតបៀន ឬឈ្លានពានទឹកដីនៃប្រទេសរបស់គេ។ គេមិនដែលធ្វើឱ្យខាតប្រយោជន៍ជាតិព្រោះតែនយោបាយរបស់ខ្លួននោះទេ។

យើងអាចដឹងថា ប្រទេសនីមួយៗក្នុងតំបន់អាស៊ានសុទ្ធតែមានផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំជាមួយនឹងប្រទេសចិន ហើយប្រទេសនីមួយៗមិនចង់បាត់ផលប្រយោជន៍ដែលគេមានជាមួយនឹងប្រទេសចិននោះទេ ព្រោះហេតុនោះ បានជាគេចង់យកទឹកដីនៃប្រទេសផ្សេងដើម្បីដោះស្រាយទំនាស់ជាមួយនឹងប្រទេសចិន។ នៅក្នុងរយៈពេល ១០ ខែ នៃឆ្នាំ ២០២០ ប្រទេសវៀតណាម និងប្រទេសចិនបានផ្លាស់ប្តូរពាណិជ្ជកម្ម ដោយមានទំហំទឹកប្រមាណ ៣៧.៩៤ ពាន់លានដុល្លារអាម៉េរិក។ ហើយចុះកម្ពុជាវិញយ៉ាងណា?

យើងត្រូវស្គាល់ប្រយោជន៍ជាតិ ប្រយោជន៍បុគ្គល ឱ្យបានច្បាស់លាស់ ទើបប្រទេសរបស់យើងអាចមានភាពរឹងមាំ និងវឌ្ឍនភាពមួយដែលមាននិរន្តរភាពសម្រាប់កូនចៅរបស់យើង។ សូមកុំគិតត្រឹមជំនាន់ដែលយើងរស់នៅ សូមគិតដល់ជំនាន់កូនចៅរបស់យើង តើពួកគាត់មានអ្វីខ្លះ? ហើយតើពួកគាត់នឹងរស់នៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជាដែលមានលក្ខណៈបែបណា? ប្រវត្តិសាស្ត្រនឹងកត់ត្រាទុកនៅរឿងរ៉ាវតាមសម័យកាល ហើយមនុស្សជំនាន់ក្រោយនឹងមានមតិផ្សេងៗគ្នាចំពោះមនុស្សសម័យមុន។ យ៉ាងណាក៏ដោយ និរន្តរភាព និងភាពជឿនលឿនរបស់ប្រទេស ពិតជាមានភាពចាំបាច់ណាស់។

-------------------------------

(បណ្ឌិត ស៊ឺន សម អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។ រាល់មតិដែលមានក្នុងអត្តបទនេះ គឺជាការយល់ឃើញរបស់អ្នកនិពន្ធផ្ទាល់ មិនបានឆ្លុះបញ្ចាំងអំពីការយល់ឃើញរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ)។ 

អត្ថបទទាក់ទង

«កម្ពុជា ២៨ឆ្នាំក្រោយ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ដោយ៖ រឿន ភារុន

ភ្នំពេញ៖ នៅថ្ងៃពុធ ២៣ តុលានេះ គឺជាថ្ងៃគម្រប់ខួប២៨ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៩) ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលខ្មែរ។ ឆ្លៀតក្នុងឱកាសនេះ យើងសូមរំឭក អំពីខ្លឹមសារនៃកិច...

2019-10-23 00:37:56   ថ្ងៃពុធ, 23 តុលា 2019 ម៉ោង 07:37 AM
«វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ Khmer Intelligent OCR software Update »

ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំសិក្ខាសាលាមួយស្តីពី «វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ Khmer Intelligent OCR software Update » ដោយ ក្រុមការងារគ...

2019-10-17 08:12:02   ថ្ងៃព្រហស្បតិ៍, 17 តុលា 2019 ម៉ោង 03:12 PM
អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំក្រុមការងារដង្ហែរកឋិនទានទៅវត្តសិរីដំណាក់

នៅរដូវបុណ្យកឋិនទាននាឆ្នាំ២០១៩នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្ថាប័នឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រមាណ៦០នាក់ បានដង្ហែរកឋិនទាននាំយកត្រៃយ៍...

2019-10-15 04:38:46   ថ្ងៃអង្គារ, 15 តុលា 2019 ម៉ោង 11:38 AM
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ «ក្មេងៗ មិនមានកំហុសទេ»

កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចផ្តល់ទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប ជាបន្ដទៀត ចំនួន២០លីត្រ ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ១ខែ ឬស្មើនឹងទឹកដ...

2019-10-14 10:00:24   ថ្ងៃចន្ទ, 14 តុលា 2019 ម៉ោង 05:00 PM
ឯកឧត្តមបណ្ឌិត គិន​ ភា ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតបង់ក្លាដែស

កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តមបណ្ឌិតសភាចារ្...

2019-10-11 11:29:30   ថ្ងៃសុក្រ, 11 តុលា 2019 ម៉ោង 06:29 PM
Why Put Pressure on Cambodia in Your Own Issues?

Cambodia is officially known as the Kingdom of Cambodia, is a sovereign state located in the southern portion of the Indochina peninsula in Southeast Asia. It is 181,035 square kilometers (69,898 squa...

2019-10-07 14:40:43   ថ្ងៃចន្ទ, 07 តុលា 2019 ម៉ោង 09:40 PM

សេចក្តីប្រកាស