Royal Academy of Cambodia
«នៅក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកគ្រោងនឹងផ្តល់ជំនួយដល់ប្រទេសកម្ពុជាប្រមាណ៨៥លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីជួយដល់ការអភិវឌ្ឍផ្សេងៗនៅក្នុងប្រទេស។ កម្ពុជាអាចទទួលបានជំនួយប្រមាណជាង៨៥លានដុល្លារសហរដ្ឋអាម៉េរិកនេះ លុះត្រារដ្ឋាភិបាលកម្ពុជាបង្ហាញពីការពង្រឹងសន្តិសុខ និង ស្ថិរភាពនៅក្នុងតំបន់ ពិសេសបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង និងគោរពការដាក់ទណ្ឌកម្មអន្តរជាតិទៅលើប្រទេសកូរ៉េខាងជើង ហើយក៏បានបន្ថែមដោយតម្រូវឱ្យកម្ពុជាប្រកាសពីអធិបតេយ្យភាពរបស់ខ្លួនប្រឆាំងទៅនឹងការជ្រៀតជ្រែកពីប្រទេសចិន ដោយរួមបញ្ចូលការរក្សាឱ្យមានអព្យាក្រិតភាពលើបញ្ហាមូលដ្ឋានកងទ័ពជើងរាម និង មូលដ្ឋានទ័ពផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា និង បញ្ហាគម្រោងអភិវឌ្ឍតារាសាគរនៅក្នុងខេត្តកោះកុង»។
ប្រទេសកម្ពុជា គឺជាប្រទេសតូចមួយនៅក្នុងសមាជិកនៃសមាគមអាស៊ីអគ្នេយ៍ ហើយប្រទេសនេះមានសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធមិនទាន់រឹងមាំ ឬមិនទាន់ទំនើបដូចប្រទេសផ្សេងទៀតនៅក្នុងសមាគមអាស៊ីអគ្នេយ៍នៅឡើយទេ។ នៅមានកិច្ចការ និងរឿងរ៉ាវជាច្រើនទៀតដែលប្រទេសកម្ពុជាត្រូវតែបំពេញ និងកសាង ដើម្បីឈានទៅរកការអភិវឌ្ឍមួយដែលមានភាពរឹងមាំ និងអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតបាន។
នៅពេលយើងនិយាយអំពីសេដ្ឋកិច្ចកម្ពុជា ពលរដ្ឋកម្ពុជា ឬអ្នកស្រាវជ្រាវមួយចំនួននឹងនិយាយថា«ប្រទេសនេះនៅមានសេដ្ឋកិច្ចទន់ខ្សោយ ឬប្រទេសនេះនៅមានភាពខ្វះខាតចំនុចនេះឬចំនុចនោះជាច្រើន»។ នៅពេលដែលយើងនិយាយអំពីគុណភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ យើងនឹងឃើញចំណុចខ្វះខាតជាច្រើន ដែលពិបាកនឹងបកស្រាយ ឧទាហរណ៍ តម្លៃដែលខ្ពស់ពេក ហើយគុណភាពនៃសំណងមិនសូវរឹងមាំ ជាដើម។
ជាការពិតណាស់ ប្រទេសកម្ពុជា នៅមានចំណុចខ្វះខាតច្រើនណាស់ ហើយមិនសូវមានអ្នកហ៊ាននិយាយត្រង់អំពីចំណុចនៃភាពខ្វះខាតនោះទេ ដោយរឿងខ្លះ ជាកត្តាដែលប៉ះប្រយោជន៍ខ្លួនឯង ហើយរឿងខ្លះទៀត ជាកត្តាដែលប៉ះពាល់ផលប្រយោជន៍អ្នកផ្សេង។
បើទោះបីជាមានភាពខ្វះខាតខ្លះៗនៅក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋក៏ដោយ ក៏យើងមិនអាចបញ្ឈប់ការសាងសង់បានដែរ ព្រោះនោះគឺជាភាពចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេស និងកសាងធនធានមនុស្សរបស់កម្ពុជា។
មានរឿងខ្លះ ពិតជាអយុត្តិធម៌ពេកហើយសម្រាប់ប្រទេសកម្ពុជា ព្រោះថាប្រទេសកម្ពុជានៅមានចំណុចខ្វះខាត ដោយសារតែភាពខ្វះខាតនោះ ទើបរដ្ឋប្រឹងប្រឹងបំពេញចន្លោះនៃភាពខ្វះខាត តាមរយៈការធ្វើសកម្មភាព វិនិយោគ ឬសាងសង់ផ្សេងៗ។ មិនមានការវិនិយោគណាដែលមិនប៉ះពាល់នោះទេ គ្រាន់តែយើងត្រូវពិនិត្យថ្លឹងថ្លែងអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការសាងសង់នោះ តើមួយណាមានភាពចាំបាច់ជាង?
នៅក្នុងឆាកអន្តរជាតិ ឬនៅក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជានៅមិនទាន់មានព្រលានយន្តហោះណាមួយដែលមានលក្ខណៈអន្តរជាតិ ឬមានភាពទំនើបដូចជាប្រទេសជិតខាងនៅឡើយទេ ហើយជនជាតិខ្មែរភាគច្រើន ដែលធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសផ្សេង ជាពិសេសបណ្តាប្រទេសលោកខាងលិច ដែលមានព្រលានយន្តហោះធំទូលាយ និងស្អាតនោះ តែងបាននិយាយថា «ព្រលានយន្តហោះអន្តរជាតិកម្ពុជា មិនបានស្មើនឹងព្រលានយន្តហោះក្នុងស្រុករបស់ប្រទេសនេះ ឬប្រទេសនោះនៅឡើយទេ»។
សូមពិនិត្យមើលប្រទេសជិតខាងរបស់កម្ពុជា ដែលមានប្រទេសវៀតណាម និងប្រទេសថៃ តើប្រទេសទាំងពីរនេះមានព្រយន្តហោះប៉ុន្មាន? មានផែអន្តរជាតិទឹកជ្រៅចំនួនប៉ុន្មាន? ដើម្បីទទួលឥវាន់ និងភ្ញៀវអន្តរជាតិដែលត្រូវចូលមកទស្សនាប្រទេសរបស់គេ?
វៀតណាមមានកំពង់ផែទឹកជ្រៅយ៉ាងតិចចំនួន ៦កន្លែង មានអាកាសយានដ្ឋានអន្តរជាតិចំនួន៣កន្លែងដែលមានទំហំៗ ចំណែកឯប្រទេសថៃមានកំពង់ផែទឹកជ្រៅចំនួន៨កន្លែង ហើយអាកាសយានដ្ឋានអន្តរជាតិចំនួន៧កន្លែង។ ចុះហេតុអ្វីបានជាកម្ពុជាកសាងកំពង់ផែទឹកជ្រៅនៅតំបន់ឆ្នេសមុទ្ររាម ហើយនឹងគម្រោងអភិវឌ្ឍនៅតារាសាគរក្នុងខេត្តកោះកុង ដែលជាទឹកដីកម្ពុជានោះ មនុស្សមួយចំនួននាំគ្នាភ័យខ្លាចទៅវិញ?
ជនបរទេស គេនាំគ្នាភ័យខ្លាចចំពោះការអភិវឌ្ឍនៅកម្ពុជាព្រោះអាចមានផលប៉ះពាល់ដល់ប្រយោជន៍ជាតិសាសន៍របស់គេ ហើយចុះជនជាតិខ្មែរមួយចំនួនព្រួយបារម្មណ៍ព្រោះថារឿងអ្វីដែរ? ជាការពិតណាស់ ពលរដ្ឋមួយចំនួនដែលនៅក្នុងតំបន់អភិវឌ្ឍ អាចមានការមិនពេញចិត្តក្នុងការផ្លាស់ប្តូរទីកន្លែង ហើយរដ្ឋាភិបាល និងក្រុមហ៊ុនដែលទទួលការសាងសង់គួរតែមានសំណងសមរម្យសម្រាប់ពរដ្ឋដែលរងផលប៉ះពាល់នោះ ប៉ុន្តែពលរដ្ឋកម្ពុជាមិនគួរនាំគ្នានិយាយតាមជនបរទេសមួយចំនួននោះទេ ព្រោះជាតិសាសន៍ណាក៏ដោយ គេធ្វើអ្វីៗដើម្បីប្រយោជន៍ជាតិសាសន៍របស់គេ ទាំងប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោល ឬប្រយោជន៍ភូមិសាស្ត្រ នយោបាយសម្រាប់ប្រទេសគេ។ យើងត្រូវថ្លែងថ្លែងឱ្យបានច្បាស់សិនមុននឹងបកស្រាយ ឬបន្ទរទៅតាមការយល់ឃើញណាមួយ។ មនុស្សតែងមានការយល់ឃើញផ្សេងគ្នា អាស្រ័យលើទីកន្លែងដែលគេឈរ ឬផលប្រយោជន៍ដែលគេទទួលបាន។
កម្ពុជាគ្រាន់តែចង់មានកំពង់ផែអន្តរជាតិ និងព្រលានយន្តហោះដែលមានស្តង់ដារអន្តរជាតិ ដូចប្រទេសជិតខាងសោះ ហេតុអ្វីបានជាដាក់សម្ពាធលើកម្ពុជា?
នៅក្នុងឆ្នាំ ២០១២ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសដែលជាសមាជិកអាស៊ានមួយចំនួនបាននាំគ្នាយកករណីសមុទ្រចិនខាងត្បូងមកដាក់ឱ្យកម្ពុជាចេញសេចក្តីថ្លែងការថ្កោលទោសប្រទេសចិន។ នៅពេលនោះមានការរិះគន់កម្ពុជា ថាមិនបានយកអាស៊ានជាធំ ដោយបានចោទថាកម្ពុជាលំអៀងទៅរកប្រទេសចិន ជាដើម។ គិតតាំងពីឆ្នាំ ២០១២ រហូតមកដល់ដាច់ឆ្នាំ ២០២០ មិនមានប្រទេសណាមួយនៃម្ចាស់អាស៊ានប្តូរវេន បានយកសំណុំរឿងសមុទ្រចិនខាងត្បូងដើម្បីដោះស្រាយដោយផ្ទាល់ ឬឱ្យបានជាក់លាក់នោះទេ។ បើសិនជាបែបនោះទេ ហេតុអ្វីដាក់សម្ពាធកម្ពុជា?
នៅក្នុងសៀវភៅមួយដែលមានចំណងជើងថា “ Cambodian Pawn on a Superpower Chessboard” បានចាត់ទុកថា ប្រទេសកម្ពុជា គឺជាទឹកដីនៃការសាកល្បងមនោគមវិជ្ជារបស់ប្រទេសមហាអំណាច ព្រោះតែភាពមិនច្បាស់លាស់នៃស្មារតីស្នេហាជាតិ និងភាពទន់ជ្រាយរបស់ប្រទេសនេះ។ នៅក្នុងប្រទេសដែលមានភាពជឿនលឿន និងចាស់ទុំខាងនយោបាយ ការប្រកួតប្រជែងខាងនយោបាយក្នុងប្រទេស គេធ្វើឡើងដើម្បីបានឈ្នះឱកាសសម្រាប់ការដឹកនាំប្រទេសតែប៉ុណ្ណោះ ហើយគេតែងមានសំលេងតែមួយក្នុងការប្រឆាំងនឹងប្រទេសណាមួយដែលចង់បៀតបៀន ឬឈ្លានពានទឹកដីនៃប្រទេសរបស់គេ។ គេមិនដែលធ្វើឱ្យខាតប្រយោជន៍ជាតិព្រោះតែនយោបាយរបស់ខ្លួននោះទេ។
យើងអាចដឹងថា ប្រទេសនីមួយៗក្នុងតំបន់អាស៊ានសុទ្ធតែមានផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំជាមួយនឹងប្រទេសចិន ហើយប្រទេសនីមួយៗមិនចង់បាត់ផលប្រយោជន៍ដែលគេមានជាមួយនឹងប្រទេសចិននោះទេ ព្រោះហេតុនោះ បានជាគេចង់យកទឹកដីនៃប្រទេសផ្សេងដើម្បីដោះស្រាយទំនាស់ជាមួយនឹងប្រទេសចិន។ នៅក្នុងរយៈពេល ១០ ខែ នៃឆ្នាំ ២០២០ ប្រទេសវៀតណាម និងប្រទេសចិនបានផ្លាស់ប្តូរពាណិជ្ជកម្ម ដោយមានទំហំទឹកប្រមាណ ៣៧.៩៤ ពាន់លានដុល្លារអាម៉េរិក។ ហើយចុះកម្ពុជាវិញយ៉ាងណា?
យើងត្រូវស្គាល់ប្រយោជន៍ជាតិ ប្រយោជន៍បុគ្គល ឱ្យបានច្បាស់លាស់ ទើបប្រទេសរបស់យើងអាចមានភាពរឹងមាំ និងវឌ្ឍនភាពមួយដែលមាននិរន្តរភាពសម្រាប់កូនចៅរបស់យើង។ សូមកុំគិតត្រឹមជំនាន់ដែលយើងរស់នៅ សូមគិតដល់ជំនាន់កូនចៅរបស់យើង តើពួកគាត់មានអ្វីខ្លះ? ហើយតើពួកគាត់នឹងរស់នៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជាដែលមានលក្ខណៈបែបណា? ប្រវត្តិសាស្ត្រនឹងកត់ត្រាទុកនៅរឿងរ៉ាវតាមសម័យកាល ហើយមនុស្សជំនាន់ក្រោយនឹងមានមតិផ្សេងៗគ្នាចំពោះមនុស្សសម័យមុន។ យ៉ាងណាក៏ដោយ និរន្តរភាព និងភាពជឿនលឿនរបស់ប្រទេស ពិតជាមានភាពចាំបាច់ណាស់។
-------------------------------
(បណ្ឌិត ស៊ឺន សម អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។ រាល់មតិដែលមានក្នុងអត្តបទនេះ គឺជាការយល់ឃើញរបស់អ្នកនិពន្ធផ្ទាល់ មិនបានឆ្លុះបញ្ចាំងអំពីការយល់ឃើញរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ)។
ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត នុត សម្បត្តិ បានប្រមើលឃើញថា ជំងឺកូវីដ-១៩ អាចនឹងផ្ទុះឡើងវិញ ប្រសិនបើប្រជាជនមានការធ្វេសប្រហែស ពុំអនុវត្តតាមការណែន...
កាលពីសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអ...
(ព្រះវិហារ)៖ រាជបណ្ឌិត្យសភាកម្ពុជានឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបជាឧទ្យានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងកន្លែងផលិតផលដ៏ធំមួយនៅប្រទេសកម្ពុជា។ នេះជាការលើកឡ...
(ព្រះវិហារ)៖ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជាបានទៅធ្វើទស្សនកិច្ចសិក្សា និងបានចូលរួមដាំកូនឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម...
អតីតរាជធានីនេះ ដែលបង្កើតឡើងប្រហែលនៅដើមស.វ.ទី៦ នៃគ.ស។ សព្វថ្ងៃ អង្គរបុរី ជាស្រុកមួយរបស់ខេត្តតាកែវ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។នេះជាវីដេអូរខ្លីបង្ហាញពីសកម្មភាពខ្លះៗរបស់ក្រុមស្រាវជ្រាវបុរាណវិទ្យា...
RAC Media ប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ