Royal Academy of Cambodia
ស្ថានទូតនៃប្រទេសស៊ុយអែតប្រចាំប្រទេសកម្ពុជា បានផ្សាយបន្តនូវសេចក្តីសម្រេចរបស់ក្រសួងការបរទេសស៊ុយអែតស្តីពីការសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់បេសកកម្មរបស់ស្ថានទូតស៊ុយអែតក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ ២០២១។ ការសម្រេចបិទស្ថានទូតស៊ុយអែតក្នុងប្រទេសកម្ពុជានេះ បាននាំឱ្យមានការបកស្រាយផ្សេងៗអំពីសំណាក់អ្នកនយោបាយ អង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទៅទាំងក្នុង និងក្រៅប្រទេស។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រសួងការបរទេសស៊ុយអែត បានប្រកាសជូនដំណឹងថា ស៊ុយអែតនឹងបិទស្ថានទូតរបស់ខ្លួននៅទីក្រុងភ្នំពេញ នៅចុងឆ្នាំ២០២១ ហើយសកម្មភាពការបរទេសទាំងឡាយជាមួយកម្ពុជា នឹងត្រូវផ្ទេរឱ្យស្ថិតក្រោមការចាត់ចែងរបស់ស្ថានទូតស៊ុយអែតប្រចាំនៅទីក្រុងបាងកកប្រទេសថៃវិញ។
ប្រទេសស៊ុយអែត មានទំនាក់ទំនងការទូតជាផ្លូវការជាមួយព្រះរាជាណាចក្រកម្ពុជា នៅក្នុងឆ្នាំ១៩៦១ ហើយបានបិទស្ថានទូតរបស់ខ្លួននៅក្នុងសម័យខ្មែរក្រហម ប៉ុន្តែបានបើកដំណើរការស្ថានទូតនៅទីក្រុងភ្នំពេញឡើងវិញ នៅក្នុងឆ្នាំ២០១០។ រដ្ឋាភិបាលស៊ុយអែត មានវិធីសាស្ត្រអភិវឌ្ឍន៍ពហុវិស័យ និងបានចូលរួមចំណែកយ៉ាងសំខាន់ជំរុញឱ្យមានអភិបាលកិច្ច ប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយជាពិសេសបានបណ្តុះបណ្តាលនិស្សិត និងបញ្ញវន្តកម្ពុជាអំពីសិទ្ធិមនុស្ស និងការសិក្សាស្រាវជ្រាវផ្សេងៗ តាមរយៈការផ្តល់ជំនួយសម្រាប់វិទ្យាស្ថានរ៉ាអ៊ូលវ៉ាលែនប៊ើគ (RWI) និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗដែលកំពុងតែប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។
យើងត្រូវទទួលស្គាល់ថា ប្រទេសស៊ុយអែតពិតជាបានជួយជ្រោមជ្រែងប្រទេសកម្ពុជា ទៅតាមផ្នែក និងជំនាញដែលប្រទេសស៊ុយអែតមាន។ នៅក្នុងឆ្នាំ ១៩៩៣ នៅពេលដែលអង្គការសហប្រជាជាតិបានជួយរៀបចំឱ្យមានការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជានោះ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិនៃទីក្រុងស្តុកខុម នៃប្រទេសស៊ុយអែត បានចងក្រងឯកសារប្រវត្តិសាស្ត្រដែលបានរៀបរាប់អំពីបទពិសោធន៍ និងបញ្ហាប្រឈមរបស់អង្គការសហប្រជាជាតិក្នុងការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។ ប្រទេសស៊ុយអែតក៏បានដើរតួយ៉ាងសកម្មក្នុងការជួយឱ្យមានសន្តិភាពនៅក្នុងប្រទេសកម្ពុជា។
ការសម្រេចចិត្តដកស្ថានទូតរបស់ប្រទេសស៊ុយអែតចេញពីប្រទេសកម្ពុជា អាចមានបញ្ហានៃគោលនយោបាយរបស់ រដ្ឋាភិបាលស៊ុយអែត ក្នុងការចំណាយថវិកាលើស្ថានបេសកកម្មការទូតរបស់ខ្លួនជាមួយប្រទេសតូចៗ និងមានសេដ្ឋកិច្ចមិនទាន់រឹងមាំ ប៉ុន្តែមានការបកស្រាយថា ការសម្រេចចិត្តដកស្ថានទូតស៊ុយអែតចេញពីប្រទេសកម្ពុជា គឺដោយសារបញ្ហាសិទ្ធិមនុស្ស និងការធ្លាក់ចុះលទ្ធិប្រជាធិប្បតេយ្យក្នុងប្រទេសកម្ពុជា។
បើសិនជាបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិប្បតេយ្យ គឺជាចំណុចដែលនាំឱ្យមានការដកស្ថានទូតស៊ុយអែតចេញពីប្រទេសកម្ពុជាមែននោះ វាគឺជារឿងមួយអយុត្តិធម៌ពេកហើយសម្រាប់ប្រទេសកម្ពុជា ព្រោះថា រដ្ឋាភិបាលនៃប្រទេសស៊ុយអែតដែលជាសម្ព័ន្ធដ៏យូរអង្វែងមកហើយជាមួយនឹងប្រទេសវៀតណាមបានអនុម័តកញ្ចប់ប្រាក់កម្ចីដល់ទៅពីរពាន់លានដុល្លារក្នុងការជួយគាំទ្រដល់គម្រោងកសាងអាកាសយានដ្ឋានជាច្រើនក្នុងប្រទេសវៀតណាមដែលក្នុងនោះមានរួមទាំងអាកាសយានដ្ឋាន Long Thanh ដែលត្រូវបានគេជឿជាក់ថានឹងក្លាយទៅជាអាកាសយានដ្ឋានដែលធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ម្យ៉ាងមួយវិញទៀត ស្ថានភាពសិទ្ធមនុស្សក្នុងប្រទេសវៀតណាម ក៏មិនល្អប្រសើរជាងប្រទេសកម្ពុជានោះទេ ហើយវៀតណាមគឺជាប្រទេសមួយដែលប្រកាន់លទ្ធិកុម្មុយនីស្តន៍ជាផ្លូវការ ដោយប្រទេសនេះមានគណបក្សតែមួយគត់ក្នុងការគ្រប់គ្រង និងដឹកនាំប្រទេស។
មួយវិញទៀត ប្រទេសថៃ ដែលជាប្រទេសមួយនៅជិតខាងកម្ពុជា ហើយជាប្រទេសដែលស៊ុយអែតសម្រេចថានឹងត្រូវផ្តល់សិទ្ធិបន្ថែមទៀតចំពោះឯកអគ្គរដ្ឋទូតរបស់ខ្លួនក្នុងការសម្របសម្រួល និងចាត់ចែងការងារការទូតរបស់ខ្លួនជាមួយប្រទេសកម្ពុជានោះ ក៏មិនមានស្ថានភាពសិទ្ធិមនុស្សល្អប្រសើរជាងកម្ពុជានោះទេ។ ក្នុងពេលថ្មីៗនេះអង្គការសិទ្ធិមនុស្សអន្តរជាតិ និងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សទើបតែបានចេញសេចក្តីថ្លែងការសំដែងការព្រួយបារម្មណ៍ចំពោះបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសថៃ ដែលមានការធ្លាក់ចុះយ៉ាងខ្លាំង។ ប្រទេសថៃក៏បានរំលាយគណបក្សនយោបាយដែលបានទទួលការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេស ហើយប្រទេសថៃមិនបានផ្តល់ ឱកាស ឬការអត់ឱនច្រើនចំពោះបក្សនយោបាយណាដែលមានប្រជាប្រិយភាពខ្លាំងនោះដែរ។ ឧទាហរណ៍ ករណីរបស់លោក ថាក់ស៊ីន និងប្អូនស្រីរបស់លោក គឺលោកស្រី យីងឡាក់ ព្រមទាំងបក្សនយោបាយបន្តបន្ទាប់មកទៀត ដែលមានទំនាក់ទំនងជាមួយនឹងលោកថាក់ស៊ីន។
សរុបជារួមមក ការបិទស្ថានទូតស៊ុយអែតនៅកម្ពុជាក្នុងបំណាច់ឆ្នាំ ២០២១ខាងមុខនោះ គឺមិនមែនដោយសារតែបញ្ហាសិទ្ធិមនុស្ស ឬការធ្លាក់ចុះនូវលទ្ធិប្រជាធិប្បតេយ្យនៅក្នុងប្រទេសកម្ពុជានោះទេ គឺដោយសារតែគោលនយោបាយរបស់ប្រទេសស៊ុយអែតចំពោះប្រទេសតូចៗ ហើយនឹងចំពោះប្រទេសដែលមិនសូវមានសេដ្ឋកិច្ចខ្លាំងតែប៉ុណ្ណោះ។ ហើយបើសិនជាការបិទនោះ ដោយសារតែបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិប្បតេយ្យមែននោះ មានន័យថាប្រទេសស៊ុយអែតមានការលំអៀងចំពោះប្រទេសកម្ពុជា ឬមានន័យថា ការនិយាយអំពីបញ្ហាសិទ្ធិមនុស្សគឺសម្រាប់តែប្រទេសក្រីក្រ ឬសម្រាប់តែប្រទេសតូចៗតែប៉ុណ្ណោះ។ យើងមានការសោកស្តាយចំពោះការបិទស្ថានទូតរបស់ប្រទេសណាមួយក្នុងប្រទេសកម្ពុជា ប៉ុន្តែយើងត្រូវគោរពសេចក្តីសម្រេចរបស់រដ្ឋាភិបាលនៃសាមីប្រទេស ព្រោះថាគេអាចមានហេតុផលណាមួយដែលយើងមិនបានដឹង។ យើងមិនគួរចេះតែបកស្រាយទៅតាមការយល់ឃើញរបស់បរទេស ដោយមិនបានកត់ត្រា ឬពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយនោះទេ ព្រោះថាប្រទេសនីមួយៗ មានការសម្រេចចិត្តអាស្រ័យលើផលប្រយោជន៍របស់ជាតិសាសន៍គេ ហើយយើងក៏ត្រូវគិតពីផលប្រយោជន៍ប្រទេសរបស់យើងដែរ។ មិនគួរដោយសារតែផលប្រយោជន៍បន្តិចបន្តួចណាមួយ ធ្វើឱ្យបាត់ប្រយោជន៍ ឬកេរ្តិ៍ឈ្មោះរបស់ជាតិនោះទេ។
-----------------
(បណ្ឌិត ស៊ឺន សម អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។ អត្តន័យដែលមានក្នុងអត្ថបទនេះ គឺជាការយល់ឃើញរបស់អ្នកនិពន្ធផ្ទាល់ ដោយមិនបានឆ្លុះបញ្ចាំងអំពីការយល់ឃើញរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ)។
ភ្នំពេញ៖ គិតមកដល់ថ្ងៃនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល២៧ឆ្នាំទៅហើយ (២៣ តុលា ១៩៩១-២៣ តុលា ២០១៨) ដែលដំណោះស្រាយលើបញ្ហានយោបាយនិងការកសាងសន្តិភាពនៅកម្ពុជា ត្រូវបានបង្កើតឡើងតាមរយៈការអង្គុយតុ...
ក្នុងទិសដៅអភិរក្សសត្វកម្រ និង ជិតផុតពូជព្រមទាំងធនធានធម្មជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ថ្នាក់ដឹករាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារឧទ្យានដែលដឹកដោយបណ្ឌិតសភាចារ្យ សុខ ទូច និងក្រុម...
ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីការអញ្ជើញចូលរួមជាផ្លូវការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាជាតិ ស្ដីពី «សង្គតិភាពនៃព្រះពុទ្ធសាសនា ដើម្បីពង្រឹងនិងអភិ...