ព័ត៌មាន

តើប្រទេសស៊ុយអែតសម្រេចចិត្តដកស្ថានទូតចេញពីកម្ពុជាព្រោះតែបញ្ហាសិទ្ធិមនុស្សឬ? ដោយ៖ បណ្ឌិត ស៊ឺន សម

2020-12-31 07:56:50 ថ្ងៃព្រហស្បតិ៍, 31 ធ្នូ 2020, 07:56 AM
post_detail

ស្ថានទូតនៃប្រទេសស៊ុយអែតប្រចាំប្រទេសកម្ពុជា បានផ្សាយបន្តនូវសេចក្តីសម្រេចរបស់ក្រសួងការបរទេស​ស៊ុយអែត​ស្តីពីការសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់បេសកកម្មរបស់ស្ថានទូតស៊ុយអែតក្នុងប្រទេស​កម្ពុជានៅចុងឆ្នាំ ២០២១។ ការសម្រេចបិទស្ថានទូតស៊ុយអែតក្នុងប្រទេសកម្ពុជានេះ បាននាំឱ្យមានការបកស្រាយផ្សេងៗអំពីសំណាក់អ្នកនយោបាយ អង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទៅទាំងក្នុង និងក្រៅប្រទេស។

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រសួងការបរទេសស៊ុយអែត បានប្រកាសជូនដំណឹងថា ស៊ុយអែតនឹងបិទស្ថានទូតរបស់ខ្លួននៅទីក្រុងភ្នំពេញ នៅចុងឆ្នាំ២០២១ ហើយសកម្មភាពការបរទេសទាំងឡាយជាមួយកម្ពុជា នឹងត្រូវផ្ទេរឱ្យស្ថិតក្រោមការចាត់ចែងរបស់ស្ថានទូតស៊ុយអែតប្រចាំនៅទីក្រុងបាងកកប្រទេសថៃវិញ។

ប្រទេសស៊ុយអែត មានទំនាក់ទំនងការទូតជាផ្លូវការជាមួយព្រះរាជាណាចក្រកម្ពុជា នៅក្នុងឆ្នាំ១៩៦១ ហើយបានបិទស្ថានទូតរបស់ខ្លួននៅក្នុងសម័យខ្មែរក្រហម ប៉ុន្តែបានបើកដំណើរការស្ថានទូតនៅទីក្រុងភ្នំពេញឡើងវិញ នៅក្នុងឆ្នាំ២០១០។ រដ្ឋាភិបាលស៊ុយអែត មានវិធីសាស្ត្រអភិវឌ្ឍន៍ពហុវិស័យ និងបានចូលរួមចំណែកយ៉ាងសំខាន់ជំរុញឱ្យមានអភិបាលកិច្ច ប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយជាពិសេសបានបណ្តុះបណ្តាលនិស្សិត និងបញ្ញវន្តកម្ពុជាអំពីសិទ្ធិមនុស្ស និងការសិក្សាស្រាវជ្រាវផ្សេងៗ តាមរយៈការផ្តល់ជំនួយសម្រាប់វិទ្យាស្ថានរ៉ាអ៊ូលវ៉ាលែនប៊ើគ (RWI) និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗដែលកំពុងតែប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។

យើងត្រូវទទួលស្គាល់ថា ប្រទេសស៊ុយអែតពិតជាបានជួយជ្រោមជ្រែងប្រទេសកម្ពុជា ទៅតាមផ្នែក និងជំនាញដែលប្រទេសស៊ុយអែតមាន។ នៅក្នុងឆ្នាំ ១៩៩៣ នៅពេលដែលអង្គការសហប្រជាជាតិបានជួយរៀបចំឱ្យមានការបោះ​ឆ្នោតនៅក្នុងប្រទេសកម្ពុជានោះ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិនៃទីក្រុងស្តុកខុម នៃប្រទេសស៊ុយអែត បាន​ចងក្រងឯកសារប្រវត្តិសាស្ត្រដែលបានរៀបរាប់អំពីបទពិសោធន៍ និងបញ្ហាប្រឈមរបស់អង្គការសហប្រជាជាតិក្នុងការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។ ប្រទេសស៊ុយអែតក៏បានដើរតួយ៉ាងសកម្មក្នុងការជួយឱ្យមានសន្តិភាព​នៅក្នុងប្រទេសកម្ពុជា។

ការសម្រេចចិត្តដកស្ថានទូតរបស់ប្រទេសស៊ុយអែតចេញពីប្រទេសកម្ពុជា អាចមានបញ្ហានៃគោលនយោបាយរបស់ រដ្ឋាភិបាលស៊ុយអែត ក្នុងការចំណាយថវិកាលើស្ថានបេសកកម្មការទូតរបស់ខ្លួនជាមួយប្រទេសតូចៗ និងមានសេដ្ឋកិច្ច​មិនទាន់រឹងមាំ ប៉ុន្តែមានការបកស្រាយថា ការសម្រេចចិត្តដកស្ថានទូតស៊ុយអែតចេញពីប្រទេសកម្ពុជា គឺដោយសារបញ្ហាសិទ្ធិមនុស្ស និងការធ្លាក់ចុះលទ្ធិប្រជាធិប្បតេយ្យក្នុងប្រទេសកម្ពុជា។

បើសិនជាបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិប្បតេយ្យ គឺជាចំណុចដែលនាំឱ្យមានការដកស្ថានទូតស៊ុយអែតចេញពីប្រទេស​កម្ពុជាមែននោះ វាគឺជារឿងមួយអយុត្តិធម៌ពេកហើយសម្រាប់ប្រទេសកម្ពុជា ព្រោះថា រដ្ឋាភិបាលនៃប្រទេស​ស៊ុយអែតដែលជាសម្ព័ន្ធដ៏យូរអង្វែងមកហើយជាមួយនឹងប្រទេសវៀតណាមបានអនុម័តកញ្ចប់ប្រាក់កម្ចីដល់ទៅពីរពាន់លានដុល្លារក្នុងការជួយគាំទ្រដល់គម្រោងកសាងអាកាសយានដ្ឋានជាច្រើនក្នុងប្រទេសវៀតណាមដែលក្នុងនោះមានរួមទាំងអាកាសយានដ្ឋាន Long Thanh ដែលត្រូវបានគេជឿជាក់ថានឹងក្លាយទៅជាអាកាសយានដ្ឋានដែលធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ម្យ៉ាងមួយវិញទៀត ស្ថានភាពសិទ្ធមនុស្សក្នុងប្រទេសវៀតណាម ក៏មិនល្អប្រសើរជាងប្រទេសកម្ពុជានោះទេ ហើយវៀតណាមគឺជាប្រទេសមួយដែលប្រកាន់លទ្ធិកុម្មុយនីស្តន៍ជាផ្លូវការ ដោយប្រទេសនេះមានគណបក្សតែមួយគត់ក្នុងការគ្រប់គ្រង និងដឹកនាំប្រទេស។

មួយវិញទៀត ប្រទេសថៃ ដែលជាប្រទេសមួយនៅជិតខាងកម្ពុជា ហើយជាប្រទេសដែលស៊ុយអែតសម្រេចថានឹងត្រូវផ្តល់សិទ្ធិបន្ថែមទៀតចំពោះឯកអគ្គរដ្ឋទូតរបស់ខ្លួនក្នុងការសម្របសម្រួល និងចាត់ចែងការងារការទូតរបស់ខ្លួនជាមួយ​ប្រទេសកម្ពុជានោះ ក៏មិនមានស្ថានភាពសិទ្ធិមនុស្សល្អប្រសើរជាងកម្ពុជានោះទេ។ ក្នុងពេលថ្មីៗនេះអង្គការសិទ្ធិមនុស្សអន្តរជាតិ និងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សទើបតែបានចេញសេចក្តីថ្លែងការសំដែងការព្រួយបារម្មណ៍ចំពោះបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសថៃ ដែលមានការធ្លាក់ចុះយ៉ាងខ្លាំង។ ប្រទេសថៃក៏បានរំលាយគណបក្សនយោបាយដែលបានទទួលការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេស ហើយប្រទេសថៃមិនបានផ្តល់ ឱកាស ឬការអត់ឱនច្រើនចំពោះបក្សនយោបាយណាដែលមានប្រជាប្រិយភាពខ្លាំងនោះដែរ។ ឧទាហរណ៍ ករណីរបស់លោក ថាក់ស៊ីន និងប្អូនស្រីរបស់លោក គឺលោកស្រី យីងឡាក់ ព្រមទាំងបក្សនយោបាយបន្តបន្ទាប់មកទៀត ដែលមានទំនាក់ទំនងជាមួយនឹងលោកថាក់ស៊ីន។

សរុបជារួមមក ការបិទស្ថានទូតស៊ុយអែតនៅកម្ពុជាក្នុងបំណាច់ឆ្នាំ ២០២១ខាងមុខនោះ គឺមិនមែនដោយសារតែបញ្ហាសិទ្ធិមនុស្ស ឬការធ្លាក់ចុះនូវលទ្ធិប្រជាធិប្បតេយ្យនៅក្នុងប្រទេសកម្ពុជានោះទេ គឺដោយសារតែគោលនយោបាយ​របស់ប្រទេសស៊ុយអែតចំពោះប្រទេសតូចៗ ហើយនឹងចំពោះប្រទេសដែលមិនសូវមានសេដ្ឋកិច្ចខ្លាំងតែប៉ុណ្ណោះ។ ហើយបើសិនជាការបិទនោះ ដោយសារតែបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិប្បតេយ្យមែននោះ មានន័យថាប្រទេសស៊ុយអែតមានការលំអៀងចំពោះប្រទេសកម្ពុជា ឬមានន័យថា ការនិយាយអំពីបញ្ហាសិទ្ធិមនុស្សគឺសម្រាប់​តែប្រទេសក្រីក្រ ឬសម្រាប់តែប្រទេសតូចៗតែប៉ុណ្ណោះ។ យើងមានការសោកស្តាយចំពោះការបិទស្ថានទូតរបស់ប្រទេស​ណាមួយក្នុងប្រទេសកម្ពុជា ប៉ុន្តែយើងត្រូវគោរពសេចក្តីសម្រេចរបស់រដ្ឋាភិបាលនៃសាមីប្រទេស ព្រោះថាគេអាចមានហេតុផលណាមួយដែលយើងមិនបានដឹង។ យើងមិនគួរចេះតែបកស្រាយទៅតាមការយល់ឃើញរបស់បរទេស ដោយមិនបានកត់ត្រា ឬពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយនោះទេ ព្រោះថាប្រទេសនីមួយៗ មានការសម្រេចចិត្តអាស្រ័យលើផលប្រយោជន៍របស់ជាតិសាសន៍គេ ហើយយើងក៏ត្រូវគិតពីផលប្រយោជន៍ប្រទេសរបស់យើងដែរ។ មិនគួរដោយសារតែផលប្រយោជន៍បន្តិចបន្តួចណាមួយ ធ្វើឱ្យបាត់ប្រយោជន៍ ឬកេរ្តិ៍ឈ្មោះរបស់ជាតិនោះទេ។

-----------------

(បណ្ឌិត ស៊ឺន សម អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។ អត្តន័យដែលមានក្នុងអត្ថបទនេះ គឺជាការយល់ឃើញរបស់អ្នកនិពន្ធផ្ទាល់ ដោយមិនបានឆ្លុះបញ្ចាំងអំពីការយល់ឃើញរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ)។ 


អត្ថបទទាក់ទង

«កម្ពុជាឈ្នះមេដាយមាស២គ្រឿងពីការប្រកួតកីឡាប៉េតង់ពិភពលោក»

ក្រុមកីឡាប៉េតង់កម្ពុជា បានឈ្នះមេដាយមាសចំនួន២គ្រឿងពីព្រឹត្តិការណ៍ការប្រកួត ប៉េតង់កម្រិតពិភពលោក Trophee L'Equipe នៅប្រទេសបារាំង ដោយកីឡាការិនី អ៊ុន ស្រីយ៉ា លើវិញ្ញាវាយទោលព្រមទាំងកីឡាការិនី កែ ឡេងនិង អ៊ុក...

2018-10-13 15:12:48   Sat, 13,10,2018, 03:12 PM
«សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព»

នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ ដោយសុវត្តិភាពហើយ បន្ទាប់...

2018-10-12 09:12:08   Fri, 12,10,2018, 09:12 AM
«អង្ករកម្ពុជាឈ្នះពានរង្វាន់អង្ករល្អជាងគេបំផុត ក្នុងពិភពលោក ឆ្នាំ២០១៨»

(ហាណូយ,វៀតណាម)៖ អង្ករក្រអូបប្រណិតរបស់កម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អជាងគេបំផុត ក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។នេះបើតាមការបញ្ជាក់របស់ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់ប...

2018-10-12 08:57:44   Fri, 12,10,2018, 08:57 AM
«សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍»

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកកាន់មាតុប្រទេសវិញហើយបន្ទាប់ពីបានអ...

2018-10-12 08:48:00   Fri, 12,10,2018, 08:48 AM
«សសរស្តម្ភ​ថ្មី​ចំនួន​៣ ស្ថិត​ក្នុងចំណោម​យុទ្ធសាស្ត្រ​ចម្បង​នៃ​យុទ្ធសាស្ត្រ​ក្រុង​តូ​ក្យូ ឆ្នាំ​២០១៨»

ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២៩១៨​មេដឹកនាំ​ប្រទេស​មេគង្គ និង​ជប៉ុន សម្រេចបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​រួមគ្នា​ជាច្រើន នា​អំឡុង​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​១០​នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ពីថ្ងៃ​ទី​៩ ដល់​ថ...

2018-10-10 16:56:49   Wed, 10,10,2018, 04:56 PM
មេគង្គ-ជប៉ុន និង មេគង្គ-ឡានឆាង«តើជប៉ុនអាចធ្វើបន្សាបឥទ្ធិពលចិននៅតំបន់មេគង្គទេ?»

2018-10-10 16:42:55   Wed, 10,10,2018, 04:42 PM

សេចក្តីប្រកាស