ព័ត៌មាន

លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ទទួលសញ្ញាបត្រនិងឯកសណ្ឋានកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា

2020-12-22 08:52:36 ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 03:52 PM
អ្នកមើល 11221
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញដឹកនាំប្រតិភូបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា នាំយកសញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រខ្មែរ និងឯកសណ្ឋានកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ជូនដល់លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ដល់គេហដ្ឋានផ្ទាល់របស់លោកស្រីនៅរាជធានីភ្នំពេញ នៅវេលាម៉ោង៣រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ជាអ្នកនិពន្ធសៀវភៅ «អរិយធម៌ខ្មែរ» និងបានប្រើឈ្មោះថា «អ្នកស្រី ត្រឹង ងា» នៅលើសៀវភៅ ដែលបានបោះពុម្ពតាំងពីឆ្នាំ១៩៧៤មកម្លេះ។ សៀវភៅនេះត្រូវបានសាធារណជនទទួលស្គាល់ថា ជាប្រភពឯកសារដ៏ចម្បងនិងបានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់អ្នកសិក្សាថ្នាក់បញ្ចប់ ក៏ដូចជាអ្នកស្រាវជ្រាវនិងយុវជនជំនាន់ក្រោយ ក្នុងការសិក្សារៀនសូត្រ ពង្រីកចំណេះដឹង និងបន្តស្រាវជ្រាវបន្ថែមអំពីវប្បធម៌ និងអរិយធម៌ខ្មែរ។

ដោយមើលឃើញពីការលះបង់ទាំងពេលវេលា កម្លាំងកាយ និងកម្លាំងចិត្ត ជាមួយមនសិការមោះមុតក្នុងការគាំទ្រ និងអភិរក្សវប្បធម៌និងអរិយធម៌ខ្មែរ ក៏ដូចជាការចូលរួមចំណែកបំពេញកាតព្វកិច្ចក្នុងសង្គមនិងសាសនា ព្រមទាំងមានការទទួលស្គាល់ពីមហាជនគ្រប់ស្រទាប់ ជាសក្ខីភាពយ៉ាងច្បាស់ រាជរដ្ឋាភិបាលបានឯកភាព តាមរយៈរាជបណ្ឌិត្យសភាកម្ពុជា បានចេញសេចក្ដីសម្រេចលេខ០៥២/២០ ស.ស.រ. ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ស្ដីពីការប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ដើម្បីជាការតបស្នងចំពោះលោកស្រី ដែលបានបំពេញកាតព្វកិច្ច មានគុណបំណាច់ធំធេងក្នុងបុព្វហេតុជាឧត្ដមប្រយោជន៍នៃសង្គមជាតិ។

គួរបញ្ជាក់ថា លោកស្រី ឡាយ ហ៊ុនគី កើតនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៣៩ នៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។ គិតចាប់ពីឆ្នាំ១៩៥៧ លោកស្រីបានចាប់ផ្ដើមអាជីពជាគ្រូបង្រៀនជាលើកដំបូង នៅឯខេត្តបាត់ដំបង ហើយមួយឆ្នាំក្រោយមក លោកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ត្រឹង ងា ដែលមានស្រុកកំណើតជាអ្នកស្រុកយីងចូវ ខេត្តពលលាវ កម្ពុជាក្រោម។ ក្រោយមក គេបានស្គាល់និងហៅលោកស្រីថា «អ្នកស្រី ត្រឹង ងា» ទៅតាមទម្លាប់បារាំងនាសម័យកាលនោះ។ នៅឆ្នាំ១៩៦២ លោកស្រី បានបន្តការសិក្សានៅវិទ្យាស្ថានជាតិគរុកោសល្យផ្នែកអប់រំសាស្ត្រាចារ្យរហូតដល់ឆ្នាំ១៩៦៦ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ និងក្លាយជាគ្រូបង្រៀនផ្នែកវប្បធម៌និងអរិយធម៌នៅវិទ្យាល័យព្រះស៊ីសុវត្ថិ រហូតបានបោះពុម្ពសៀវភៅអរិយធម៌ខ្មែរនៅឆ្នាំ១៩៧៤។

RAC Media

អត្ថបទទាក់ទង

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យមន្ត្រីថ្មី ១៧នាក់នៃរាបណ្ឌិត្យសភាកម្ពុជាអនុវត្តកម្មសិក្សា

រាជរដ្ឋាភិបាលតាមរយ:ទីស្តីការគណៈរដ្ឋមន្ត្រីបានអនុញ្ញាតមន្ត្រីថ្មីទាំង ១៧ នាក់នៃរាជបណ្ឌិត្យសភាកម្ពុជាដែល​បានប្រឡងជាប់ជាស្ថាពរចូល​បម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុង​ក្របខណ្ឌ​ទីស្ដីការ​គណៈរដ្ឋមន្ត្រ...

2020-07-30 06:14:46   ថ្ងៃព្រហស្បតិ៍, 30 កក្កដា 2020 ម៉ោង 01:14 PM
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្ម

កាលពីរសៀលថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និ...

2020-07-30 05:03:38   ថ្ងៃព្រហស្បតិ៍, 30 កក្កដា 2020 ម៉ោង 12:03 PM
«ប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា រួមទាំងថ្នាក់ដឹកនាំនៃក្រសួងជាច្រើនអញ្ជើញចូលទស្សនានៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»

កាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២០ ឯកឧត្តម ឡូយ សុផាត ដឹកនាំប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា រួមទាំងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹក, ស...

2020-07-29 10:25:50   ថ្ងៃពុធ, 29 កក្កដា 2020 ម៉ោង 05:25 PM
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា

កាលពីរសៀលថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិ...

2020-07-29 07:42:04   ថ្ងៃពុធ, 29 កក្កដា 2020 ម៉ោង 02:42 PM
«បើកម្ពុជាមិនបានរៀបចំខ្លួនឱ្យបានល្អនោះទេ កម្ពុជាគឺជាទរបង្ហូរទំនិញពីចិនប៉ុណ្ណោះ»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថាកម្ពុជា ត្រូវការរៀបចំ និងដោះស្រាយ បញ្ហា ៥ គឺ៖ ១. ការដឹកជញ្ជូន, ២. ការិយាល័យធិបតេយ្យ, ៣. បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ:, ៤. តម្លៃអគ្គិសនី។បើថ្លៃដើមផលិតថ្លៃ ការដឹក...

2020-07-28 11:12:21   ថ្ងៃអង្គារ, 28 កក្កដា 2020 ម៉ោង 06:12 PM
ផ្ទាំងចម្លាក់ឥន្ទ្រាភិសេកនៅប្រាសាទបាយ័ន ដោយ៖បណ្ឌិត យង់ ពៅ, បណ្ឌិត ផុន កសិកា, កញ្ញា តាកេត ស័កដា, លោក ឡេង សត្យា,លោកស្រី ម៉ិល វាសនា, លោក សួ ប៉ុណ្ណារ៉ាត់ និង លោក រឿន ភារុន

...

2020-07-25 05:55:25   ថ្ងៃសៅរ៍, 25 កក្កដា 2020 ម៉ោង 12:55 PM

សេចក្តីប្រកាស