Royal Academy of Cambodia
(ខេត្តតាកែវ)៖ ដោយបានពិនិត្យមើលថា សត្វគោចិញ្ចឹមរបស់ប្រជាជនជាង១០០គ្រួសារកំពុងរងគ្រោះ ដោយសារការរីករាលដាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោយ៉ាងខ្លាំង នៅថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ បានដឹកនាំបសុពេទ្យជំនាញ និងក្រុមការងាររបស់រាជបណ្ឌិត្យសភាកម្ពុជាចំនួន៥នាក់ ចុះជាបន្ទាន់ទៅកាន់មូលដ្ឋានឃុំត្រពាំងធំខាងជើង ដើម្បីដោះស្រាយ ពន្យល់អប់រំ ផ្សព្វផ្សាយ និងនាំយកថ្នាំ វាក់សាំងចាក់ព្យាបាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោចិញ្ចឹមរបស់ប្រជាជន។
នៅក្នុងឱកាសជួបពិភាក្សាជាមួយអាជ្ញាធរ និងស្តាប់ទុក្ខកង្វល់របស់ប្រជាជនក្នុងមូលដ្ឋានភូមិអង្គត្រាវដែលកំពុងរងគ្រោះ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង និងបសុពេទ្យជំនាញរបស់រាជបណ្ឌិត្យសភាកម្ពុជាបានពន្យល់អប់រំផ្សព្វផ្សាយ និងនាំយកថ្នាំ និងវាក់សាំងព្យាបាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោចិញ្ចឹមដែលកំពុងផ្ទុះរីករាលយ៉ាងខ្លាំងក្នុងភូមិអង្គត្រាវ ដើម្បីចាក់វាក់សាំងព្យាបាលសត្វគោចិញ្ចឹមរបស់ប្រជាជនរងគ្រោះទាំងអស់។ ជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោចិញ្ចឹមនេះបានកើតឡើង ដោយសារប្រជាជនរស់នៅក្នុងមូលដ្ឋានបានលក់ចែកចាយ និងបរិភោគសាច់សត្វគោដែលមានផ្ទុកជំងឺនេះ ហើយនាំឱ្យកើតមានការចម្លងរីករាលដាលលើសត្វគោចិញ្ចឹមរបស់ប្រជាជននៅក្នុងភូមិទាំងមូល។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតប្រធានបានអប់រំឱ្យប្រជាជនហាមលក់ចែកចាយ និងបរិភោគសត្វគោចិញ្ចឹមដែលមានផ្ទុកជំងឺ និងបានណែនាំឱ្យអ្នកជំនាញជួយសត្វគោចិញ្ចឹមរបស់ប្រជាជនដោយការយ៉ាងចិត្តទុកដាក់ខ្លាំងបំផុត។
ចំពោះបញ្ហានេះ ប្រជាជនរស់នៅក្នុងមូលដ្ឋានខាងលើបានបង្ហាញក្តីសង្ឃឹម និងថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត និងក្រុមការងារដែលចុះជួយដោះស្រាយបញ្ហារបស់ពួកគាត់ដោយផ្ទាល់។ តាមរយៈសកម្មភាពនេះ ប្រជាជនសង្ឃឹមថា សត្វគោចិញ្ចឹមក្នុងភូមិពួកគាត់ទាំងនឹងបានឆាប់ជាសះស្បើយ។
ឆ្លើយតបនឹងទុក្ខកង្វល់ប្រជាជនខាងលើ ឯកឧត្តមបណ្ឌិត និងក្រុមការងារបានបញ្ជាក់ថា បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីចូលរួមចំណែកដោះស្រាយទុក្ខកង្វល់របស់ប្រជាជនមូលដ្ឋាន។
ក្រៅពីបានពន្យល់អប់រំផ្សព្វផ្សាយ និងនាំយកថ្នាំ និងវាក់សាំងព្យាបាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោចិញ្ចឹមរបស់ប្រជាជនខាងលើ ឯកឧត្តមបណ្ឌិតប្រធាននិងក្រុមការងារបានឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាឃុំ ដើម្បីតប្រព័ន្ធបណ្តាញទឹកស្អាតចូលក្នុងសាលាឃុំត្រពាំងធំខាងជើងផងដែរ។
ឆ្លៀតក្នុងឱកាសនាថ្ងៃចុងសប្តាហ៍នេះដែរ ឯកឧត្តមបណ្ឌិតប្រធាន និង ព្រះអង្គ សៅរ៍ តារាវី ព្រះចៅអធិការវត្តមង្គលមានលក្ខណ៍ បានអញ្ជើញ និងនិមន្តចុះសួរសុខទុក្ខ និងជូនអំណោយអ្នកជំងឺរ៉ាំរ៉ៃចំនួន២នាក់ រួមមាន៖ ១. លោក ចិន សុខន អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃខ្វាវ ឃុំត្រពាំងធំខាងជើង ទទួលបានអង្ករ៥០គីឡូក្រាម មី២កេស ទឹកត្រី៣យួរ ទឹកបរិសុទ្ធ៤យួរ និងថវិកាចំនួន២០ម៉ឺនរៀលគត់ និង២. លោកយាយ ប៉ិច អាយុ៨៣ឆ្នាំ រស់នៅភូមិព្រៃក្តួចទទួលបានមី១កេស ទឹកត្រីខ១កេស ទឹកផ្លែឈើ១កេះ សាប៊ូ៣កញ្ចប់ និងថវិកា ៦០ម៉ឺនរៀលគត់។
ជាទីបញ្ចប់ ដើម្បីចូលរួមបង្ការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាសកល ឯកឧត្តមបណ្ឌិត យង់ ពៅ បានផ្តាំផ្ញើដល់អាជ្ញាធរ និងប្រជាជនឱ្យតាមដានព័ត៌មាន និងចូលរួមអនុវត្តតាមក្បួនអនាម័យសុខាភិបាលដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានផ្សព្វផ្សាយណែនាំឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួនជាទីបំផុត៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង ៣:០០នាទីរសៀល ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដ...
នៅក្នុងការបាញ់ប្រហារយ៉ាងរង្គាល នៅក្នុងសាលប្រគុំតន្ត្រីនៃមជ្ឈមណ្ឌល Crocus City Hall ដែលស្ថិតនៅជាយភាគខាងលិចនៃរដ្ឋធានីមូស្គូ និងមានចម្ងាយ២០គីឡូម៉ែត្រពីវិមានក្រឹមឡាំង នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបណ្...
ប្រតិបត្តិនិយម គឺជាប្រពៃណីទស្សនវិជ្ជា ដែលចាត់ទុកភាសា និងការគិតជាឧបករណ៍សម្រាប់ការទស្សន៍ទាយការដោះស្រាយបញ្ហា និងសកម្មភាព ជាជាងការពិពណ៌នា ការបង្ហាញ ឬការឆ្លុះបញ្ចាំងតថភាព។ ប្រតិបត្តិនិយមវិទូ អះអាងថា ប្រធាន...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួ...
ស្របគ្នានឹងបរិយាកាសនៃការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំងក្នុងជីវភាពរស់នៅក្នុងសង្គម សេដ្ឋកិច្ច និងនយោ បាយនាពេលបច្ចុប្បន្នខួបទិវាអន្តរជាតិនារីលើកទី១១៣ នាឆ្នាំ២០២៤នេះ ប្រារព្ធ ធ្វើឡើងនៅព្រះរាជាណាចក្រកម...
១៥កើត ខែពិសាខ គឺជាថ្ងៃបុណ្យពិសាខបូជា ប្រចាំឆ្នាំដ៏សំខាន់បំផុតសម្រាប់ពុទ្ធសាសនិកនៅទូទាំងសកលលោក ដើម្បីរំលឹកដល់ថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វាននៃព្រះពុទ្ធសមណគោតម។ ព្រះអង្គជាបុគ្គលដែលមានគុណូប...