ព័ត៌មាន

«ឯកឧត្តមបណ្ឌិត យង់ ពៅ ដឹកនាំបសុពេទ្យជំនាញចុះអប់រំផ្សព្វផ្សាយ និងចាក់វាក់សាំងព្យាបាលសត្វគោចិញ្ចឹមរបស់ប្រជាជននៅមូលដ្ឋាន»

2020-11-29 09:43:24 ថ្ងៃអាទិត្យ, 29 វិច្ឆិកា 2020, 09:43 AM
post_detail

(ខេត្តតាកែវ)៖ ដោយបានពិនិត្យមើលថា សត្វគោចិញ្ចឹមរបស់ប្រជាជនជាង១០០គ្រួសារកំពុងរងគ្រោះ ដោយសារការរីករាលដាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោយ៉ាងខ្លាំង នៅថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ បានដឹកនាំបសុពេទ្យជំនាញ និងក្រុមការងាររបស់រាជបណ្ឌិត្យសភាកម្ពុជាចំនួន៥នាក់ ចុះជាបន្ទាន់ទៅកាន់មូលដ្ឋានឃុំត្រពាំងធំខាងជើង ដើម្បីដោះស្រាយ ពន្យល់អប់រំ ផ្សព្វផ្សាយ និងនាំយកថ្នាំ វាក់សាំងចាក់ព្យាបាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោចិញ្ចឹមរបស់ប្រជាជន។

នៅក្នុងឱកាសជួបពិភាក្សាជាមួយអាជ្ញាធរ និងស្តាប់ទុក្ខកង្វល់របស់ប្រជាជនក្នុងមូលដ្ឋានភូមិអង្គត្រាវដែលកំពុងរងគ្រោះ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង និងបសុពេទ្យជំនាញរបស់រាជបណ្ឌិត្យសភាកម្ពុជាបានពន្យល់អប់រំផ្សព្វផ្សាយ និងនាំយកថ្នាំ និងវាក់សាំងព្យាបាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោចិញ្ចឹមដែលកំពុងផ្ទុះរីករាលយ៉ាងខ្លាំងក្នុងភូមិអង្គត្រាវ ដើម្បីចាក់វាក់សាំងព្យាបាលសត្វគោចិញ្ចឹមរបស់ប្រជាជនរងគ្រោះទាំងអស់។ ជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោចិញ្ចឹមនេះបានកើតឡើង ដោយសារប្រជាជនរស់នៅក្នុងមូលដ្ឋានបានលក់ចែកចាយ និងបរិភោគសាច់សត្វគោដែលមានផ្ទុកជំងឺនេះ ហើយនាំឱ្យកើតមានការចម្លងរីករាលដាលលើសត្វគោចិញ្ចឹមរបស់ប្រជាជននៅក្នុងភូមិទាំងមូល។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតប្រធានបានអប់រំឱ្យប្រជាជនហាមលក់ចែកចាយ និងបរិភោគសត្វគោចិញ្ចឹមដែលមានផ្ទុកជំងឺ និងបានណែនាំឱ្យអ្នកជំនាញជួយសត្វគោចិញ្ចឹមរបស់ប្រជាជនដោយការយ៉ាងចិត្តទុកដាក់ខ្លាំងបំផុត។

ចំពោះបញ្ហានេះ ប្រជាជនរស់នៅក្នុងមូលដ្ឋានខាងលើបានបង្ហាញក្តីសង្ឃឹម និងថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត និងក្រុមការងារដែលចុះជួយដោះស្រាយបញ្ហារបស់ពួកគាត់ដោយផ្ទាល់។ តាមរយៈសកម្មភាពនេះ ប្រជាជនសង្ឃឹមថា សត្វគោចិញ្ចឹមក្នុងភូមិពួកគាត់ទាំងនឹងបានឆាប់ជាសះស្បើយ។

ឆ្លើយតបនឹងទុក្ខកង្វល់ប្រជាជនខាងលើ ឯកឧត្តមបណ្ឌិត និងក្រុមការងារបានបញ្ជាក់ថា បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីចូលរួមចំណែកដោះស្រាយទុក្ខកង្វល់របស់ប្រជាជនមូលដ្ឋាន។

ក្រៅពីបានពន្យល់អប់រំផ្សព្វផ្សាយ និងនាំយកថ្នាំ និងវាក់សាំងព្យាបាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោចិញ្ចឹមរបស់ប្រជាជនខាងលើ ឯកឧត្តមបណ្ឌិតប្រធាននិងក្រុមការងារបានឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាឃុំ ដើម្បីតប្រព័ន្ធបណ្តាញទឹកស្អាតចូលក្នុងសាលាឃុំត្រពាំងធំខាងជើងផងដែរ។

ឆ្លៀតក្នុងឱកាសនាថ្ងៃចុងសប្តាហ៍នេះដែរ ឯកឧត្តមបណ្ឌិតប្រធាន និង ព្រះអង្គ សៅរ៍ តារាវី ព្រះចៅអធិការវត្តមង្គលមានលក្ខណ៍ បានអញ្ជើញ និងនិមន្តចុះសួរសុខទុក្ខ និងជូនអំណោយអ្នកជំងឺរ៉ាំរ៉ៃចំនួន២នាក់ រួមមាន៖ ១. លោក ចិន សុខន អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃខ្វាវ ឃុំត្រពាំងធំខាងជើង ទទួលបានអង្ករ៥០គីឡូក្រាម មី២កេស ទឹកត្រី៣យួរ ទឹកបរិសុទ្ធ៤យួរ និងថវិកាចំនួន២០ម៉ឺនរៀលគត់ និង២. លោកយាយ ប៉ិច អាយុ៨៣ឆ្នាំ រស់នៅភូមិព្រៃក្តួចទទួលបានមី១កេស ទឹកត្រីខ១កេស ទឹកផ្លែឈើ១កេះ សាប៊ូ៣កញ្ចប់ និងថវិកា ៦០ម៉ឺនរៀលគត់។

ជាទីបញ្ចប់ ដើម្បីចូលរួមបង្ការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាសកល ឯកឧត្តមបណ្ឌិត យង់ ពៅ បានផ្តាំផ្ញើដល់អាជ្ញាធរ និងប្រជាជនឱ្យតាមដានព័ត៌មាន និងចូលរួមអនុវត្តតាមក្បួនអនាម័យសុខាភិបាលដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានផ្សព្វផ្សាយណែនាំឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួនជាទីបំផុត៕

RAC Media


អត្ថបទទាក់ទង

«តើថ្ងៃទី០៣ មីនា ២០១៩ ជាថ្ងៃអ្វី?...»

ចាប់ផ្តើមពីថ្ងៃទី០៣ ដល់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ គឺជាថ្ងៃធ្វើជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា នេះជាជំរឿនលើកទី១ដែលប្រើប្រាស់ថវិកាជាតិ បន្ទាប់ពីប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយមានចំណូលមធ្យមកំរិតទាប។...

2019-02-15 16:47:54   Fri, 15,02,2019, 04:47 PM
ការប្រកាសដំណើរការនីតិវិធីព្យួរ EBA ពីកម្ពុជា ជាឱកាសសម្រាប់កម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចពិភាក្សាតុមូលមួយស្ដីពី «សេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ស្ដីពីការប្រកាសដំណើរការនីតិវិ...

2019-02-15 15:45:26   Fri, 15,02,2019, 03:45 PM
កម្មវិធីកិច្ចពិភាក្សាតុមូល ស្តីពី «សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបស្តីពីការប្រកាសដំណើរការនីតិវិធីព្យួរជាបណ្តោះអាសន្ននូវ EBA ពីកម្ពុជា»

រៀបចំសហការណ៍ដោយ៖ រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងពាណិជ្ជកម្ម សាលនាងនួន អគារ F រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

2019-02-14 09:35:31   Thu, 14,02,2019, 09:35 AM
«ឥទ្ធិពលនៃបុណ្យនៃសេចក្ដីស្រឡាញ់ (Valentine's Day)» ដោយ បណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ភ្នំពេញ៖ មកដល់ពេលនេះ អត្ថន័យនិងប្រតិកម្មចំពោះ​បុណ្យនៃសេចក្ដីស្រឡាញ់ (Valentine's Day) ត្រូវ​បានគេ​យល់​​ដឹងនិងមើលឃើញស្ទើរតែគ្រប់គ្នាក្នុងសង្គមខ្មែរ។ ប្រតិកម្ម ឬការឆ្លើយតបខ្លះ មានលក្ខណៈគួរឱ្យ​សរសើរ​ ឯប្...

2019-02-14 08:41:41   Thu, 14,02,2019, 08:41 AM
ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញជាអធិបតីបើកកម្មវិធីបង្ហាញលទ្ធផលស្រាវជ្រាវ ស្តីពី «ការគាំទ្របច្ចេកវិទ្យាផលិតនិងប្រើប្រាស់បាយអូឆា(BIOCHARS) ដើម្បីបង្កើនទិន្នផលកសិកម្មនៅកម្ពុជា»

នាព្រឹក ថ្ងៃព្រហស្បតិ៍១០ កើត ខែមាឃ ឆ្នាំច សំរឺទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឯក ឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញជាអធិបតីបើកកម្មវិធីបង្ហាញលទ្ធផលស្រ...

2019-02-14 04:11:03   Thu, 14,02,2019, 04:11 AM
«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា »

ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម...

2019-02-13 15:50:23   Wed, 13,02,2019, 03:50 PM

សេចក្តីប្រកាស