ព័ត៌មាន

«ឯកឧត្តមបណ្ឌិត យង់ ពៅ ដឹកនាំបសុពេទ្យជំនាញចុះអប់រំផ្សព្វផ្សាយ និងចាក់វាក់សាំងព្យាបាលសត្វគោចិញ្ចឹមរបស់ប្រជាជននៅមូលដ្ឋាន»

2020-11-29 09:43:24 ថ្ងៃអាទិត្យ, 29 វិច្ឆិកា 2020 ម៉ោង 04:43 PM
អ្នកមើល 4744
post_detail

(ខេត្តតាកែវ)៖ ដោយបានពិនិត្យមើលថា សត្វគោចិញ្ចឹមរបស់ប្រជាជនជាង១០០គ្រួសារកំពុងរងគ្រោះ ដោយសារការរីករាលដាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោយ៉ាងខ្លាំង នៅថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ បានដឹកនាំបសុពេទ្យជំនាញ និងក្រុមការងាររបស់រាជបណ្ឌិត្យសភាកម្ពុជាចំនួន៥នាក់ ចុះជាបន្ទាន់ទៅកាន់មូលដ្ឋានឃុំត្រពាំងធំខាងជើង ដើម្បីដោះស្រាយ ពន្យល់អប់រំ ផ្សព្វផ្សាយ និងនាំយកថ្នាំ វាក់សាំងចាក់ព្យាបាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោចិញ្ចឹមរបស់ប្រជាជន។

នៅក្នុងឱកាសជួបពិភាក្សាជាមួយអាជ្ញាធរ និងស្តាប់ទុក្ខកង្វល់របស់ប្រជាជនក្នុងមូលដ្ឋានភូមិអង្គត្រាវដែលកំពុងរងគ្រោះ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង និងបសុពេទ្យជំនាញរបស់រាជបណ្ឌិត្យសភាកម្ពុជាបានពន្យល់អប់រំផ្សព្វផ្សាយ និងនាំយកថ្នាំ និងវាក់សាំងព្យាបាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោចិញ្ចឹមដែលកំពុងផ្ទុះរីករាលយ៉ាងខ្លាំងក្នុងភូមិអង្គត្រាវ ដើម្បីចាក់វាក់សាំងព្យាបាលសត្វគោចិញ្ចឹមរបស់ប្រជាជនរងគ្រោះទាំងអស់។ ជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោចិញ្ចឹមនេះបានកើតឡើង ដោយសារប្រជាជនរស់នៅក្នុងមូលដ្ឋានបានលក់ចែកចាយ និងបរិភោគសាច់សត្វគោដែលមានផ្ទុកជំងឺនេះ ហើយនាំឱ្យកើតមានការចម្លងរីករាលដាលលើសត្វគោចិញ្ចឹមរបស់ប្រជាជននៅក្នុងភូមិទាំងមូល។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតប្រធានបានអប់រំឱ្យប្រជាជនហាមលក់ចែកចាយ និងបរិភោគសត្វគោចិញ្ចឹមដែលមានផ្ទុកជំងឺ និងបានណែនាំឱ្យអ្នកជំនាញជួយសត្វគោចិញ្ចឹមរបស់ប្រជាជនដោយការយ៉ាងចិត្តទុកដាក់ខ្លាំងបំផុត។

ចំពោះបញ្ហានេះ ប្រជាជនរស់នៅក្នុងមូលដ្ឋានខាងលើបានបង្ហាញក្តីសង្ឃឹម និងថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត និងក្រុមការងារដែលចុះជួយដោះស្រាយបញ្ហារបស់ពួកគាត់ដោយផ្ទាល់។ តាមរយៈសកម្មភាពនេះ ប្រជាជនសង្ឃឹមថា សត្វគោចិញ្ចឹមក្នុងភូមិពួកគាត់ទាំងនឹងបានឆាប់ជាសះស្បើយ។

ឆ្លើយតបនឹងទុក្ខកង្វល់ប្រជាជនខាងលើ ឯកឧត្តមបណ្ឌិត និងក្រុមការងារបានបញ្ជាក់ថា បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីចូលរួមចំណែកដោះស្រាយទុក្ខកង្វល់របស់ប្រជាជនមូលដ្ឋាន។

ក្រៅពីបានពន្យល់អប់រំផ្សព្វផ្សាយ និងនាំយកថ្នាំ និងវាក់សាំងព្យាបាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោចិញ្ចឹមរបស់ប្រជាជនខាងលើ ឯកឧត្តមបណ្ឌិតប្រធាននិងក្រុមការងារបានឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាឃុំ ដើម្បីតប្រព័ន្ធបណ្តាញទឹកស្អាតចូលក្នុងសាលាឃុំត្រពាំងធំខាងជើងផងដែរ។

ឆ្លៀតក្នុងឱកាសនាថ្ងៃចុងសប្តាហ៍នេះដែរ ឯកឧត្តមបណ្ឌិតប្រធាន និង ព្រះអង្គ សៅរ៍ តារាវី ព្រះចៅអធិការវត្តមង្គលមានលក្ខណ៍ បានអញ្ជើញ និងនិមន្តចុះសួរសុខទុក្ខ និងជូនអំណោយអ្នកជំងឺរ៉ាំរ៉ៃចំនួន២នាក់ រួមមាន៖ ១. លោក ចិន សុខន អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃខ្វាវ ឃុំត្រពាំងធំខាងជើង ទទួលបានអង្ករ៥០គីឡូក្រាម មី២កេស ទឹកត្រី៣យួរ ទឹកបរិសុទ្ធ៤យួរ និងថវិកាចំនួន២០ម៉ឺនរៀលគត់ និង២. លោកយាយ ប៉ិច អាយុ៨៣ឆ្នាំ រស់នៅភូមិព្រៃក្តួចទទួលបានមី១កេស ទឹកត្រីខ១កេស ទឹកផ្លែឈើ១កេះ សាប៊ូ៣កញ្ចប់ និងថវិកា ៦០ម៉ឺនរៀលគត់។

ជាទីបញ្ចប់ ដើម្បីចូលរួមបង្ការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាសកល ឯកឧត្តមបណ្ឌិត យង់ ពៅ បានផ្តាំផ្ញើដល់អាជ្ញាធរ និងប្រជាជនឱ្យតាមដានព័ត៌មាន និងចូលរួមអនុវត្តតាមក្បួនអនាម័យសុខាភិបាលដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានផ្សព្វផ្សាយណែនាំឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួនជាទីបំផុត៕

RAC Media


អត្ថបទទាក់ទង

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ជួបពិភាក្សាការងារជាមួយប្រតិភូមកពីមន្ទីរបរិស្ថាននៃតំបន់ស្វយ័តខេត្តខ្វាងស៊ី

នៅព្រឹក ថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្នុងនាមប្រធានរាជបណ្ឌិត្យសភាកម្ពុជា ខ្ញុំបានទទួលជួបប្រតិភូមន្ទីរបរិស្ថាននៃតំបន់ស្វយ័តខេត្តខ្វាងស៊ី ដឹកន...

2024-09-06 05:12:41   ថ្ងៃសុក្រ, 06 កញ្ញា 2024 ម៉ោង 12:12 PM
បណ្ឌិត យង់ ពៅ៖ ការធានានីតិរដ្ឋ អធិបតេយ្យជាតិ និងការអភិវឌ្ឍ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល

​នៅក្នុងទស្សនៈនៃភាពជាអ្នកដឹកនាំ និងក្នុងនាមជាមេដឹកនាំដែលទទួលបានការគាំទ្រពីប្រជាជនភាគច្រើន រាជរដ្ឋាភិបាលមានកាតព្វកិច្ចធ្វើជាតំណាង ដែលថែរក្សានិងការពារផលប្រយោជន៍ប្រទេសជាតិនិងប្រជាជននៅក្នុងប្រទេសទាំងមូល...

2024-09-05 09:39:50   ថ្ងៃព្រហស្បតិ៍, 05 កញ្ញា 2024 ម៉ោង 04:39 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ជួបពិភាក្សាការងារជាមួយឯកឧត្ដម Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានជួប...

2024-09-05 04:27:13   ថ្ងៃព្រហស្បតិ៍, 05 កញ្ញា 2024 ម៉ោង 11:27 AM
បណ្ឌិត គិន ភា៖ ភូមិសាស្ត្រនយោបាយពិភពលោកកំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ហើយលទ្ធភាពនៃសង្គ្រាមរវាងមហាអំណាចពីរឬច្រើន លែងជារឿងដែលមិននឹកស្មាន​ដល់ទៀតហើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងសុន្ទរកថាស្វាគមន៍​ក្នុងវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្ដីពី «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និង វិបុលភាពសា...

2024-09-05 04:05:39   ថ្ងៃព្រហស្បតិ៍, 05 កញ្ញា 2024 ម៉ោង 11:05 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ មនសិកាស្នេហាជាតិ ជាតិនិយម និងការឯកភាពជាតិ គឺជាមូលដ្ឋានសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសថ្លែងសុន្ទរកថាបិទវេទិកាទំនាក់ទំនងអន្តរជាតិលើកទី ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរ និងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសាកល» នៅព...

2024-09-04 14:04:44   ថ្ងៃពុធ, 04 កញ្ញា 2024 ម៉ោង 09:04 PM
បណ្ឌិត យង់ ពៅ៖ ការពិភាក្សាអំពីកិច្ចការអន្តរជាតិជារឿងចាំបាច់និងត្រូវរៀបចំឡើងជាប្រចាំ ហើយកម្ពុជាត្រូវពង្រឹងខ្លួន មិនត្រូវសម្ងំមើលការចាត់ចែងពីមហាអំណាចឡើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «ការពិភាក្សាអំពីកិច្ចការអន្តរជាតិជារឿងចាំបាច់និងត្រូវរៀបចំឡើងប្រចាំ ហើយកម្ពុជាត្រូវពង្រឹងខ្លួន មិនត្រូវសម្ងំមើលការចាត់ចែងពីមហាអំណាចឡើយ» នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត យង់ ពៅ...

2024-09-04 13:27:37   ថ្ងៃពុធ, 04 កញ្ញា 2024 ម៉ោង 08:27 PM

សេចក្តីប្រកាស