ព័ត៌មាន

«កម្ពុជា-ចិន សហការគ្នាបណ្តុះបណ្តាលជំនាញគរុកោសល្យភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា ជាលើកដំបូង»

2020-10-23 10:58:34 ថ្ងៃសុក្រ, 23 តុលា 2020 ម៉ោង 05:58 PM
អ្នកមើល 4523
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិននៃក្រសួងអប់រំប្រទេសចិនបានប្រកាសបើកថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិនជំនាញគរុកោសល្យភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា ជាលើកដំបូង ជាផ្លូវការ។

វគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិនជំនាញគរុកោសល្យភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជានេះមានគោលបំណងរួមមាន៖
១. កសាងសមត្ថភាពបង្រៀនភាសាចិនប្រកបដោយគុណភាពនិងគរុកោសល្យខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ
២. បណ្តុះបណ្តាលធនធានអ្នកចេះភាសាចិនជំនាញ ដើម្បីជាទុនសម្រាប់បម្រើប្រទេសជាតិទាំងពីរទៅថ្ងៃអនាគតនិងសម្រាប់បំពេញតម្រូវការក្នុងតំបន់ស្របតាមគោលការណ៍«ផ្លូវមួយ ខ្សែក្រវាត់មួយ»
៣. ជាស្ពានក្នុងការបើកបេះដូងរវាងប្រជាជនប្រទេសទាំងពីរ និង
៤. ជំរុញឱ្យភាសាចិនក្លាយទៅជាភាសាទី៣ ក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីបើកកិច្ចពិភាក្សាតុមូល ស្តីពី ការបណ្តុះបណ្តាលជំនាញគរុកោសល្យភាសាចិន លោក បូ រ៉េត ប្រធានផ្លាស់ប្តូរសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ថ្លែងកោតសរសើរចំពោះរាជបណ្ឌិត្យសភាកម្ពុជាចំពោះគំនិតផ្តួចផ្តើមបង្កើតថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិន ជំនាញគរុកោសល្យភាសាចិន នាពេលនេះ ដោយលោកបានបង្ហាញការជឿជាក់ថា គំនិតផ្តួចផ្តើមបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិនជំនាញគរុកោសល្យភាសាចិនរវាងរាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិននៃក្រសួងអប់រំប្រទេសចិន ជាលើកដំបូងនេះនឹងជួយបណ្តុះបណ្តាលធនធានគ្រូបង្រៀនភាសាចិនដែលមានគុណភាពជាច្រើនរូប និងធានានូវកម្លាំងធនធានគ្រូបង្រៀនដែលអាចបំពេញគ្រប់តម្រូវការ ព្រមទាំងជំរុញកិច្ចអភិវឌ្ឍន៍វិស័យអប់រំភាសាចិននៅកម្ពុជាឱ្យកាន់តែមានវិបុលភាព។

ឱកាសនេះដែរ លោកស្រី Zuo Wenxing ភារធារីស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហាញសេចក្តីសមនស្សរីករាយដែលបានចូលរួមក្នុងពិធីបើកដំណើរការវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិនជំនាញគរុកោសល្យភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា លើកដំបូង ជាផ្លូវការ។ លោកស្រីភារៈធារីស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា គម្រោងនេះ គឺជាការបោះជំហានទៅមុខមួយជំហាន ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនជនជាតិខ្មែរ និងធនធានអ្នកចេះភាសាចិននៅកម្ពុជា។

លោកស្រី Zuo Wenxing បានបន្ថែមថា ភាសាគឺជាស្ពានចម្លងក្នុងការប្រាស្រ័យទាក់ទង ការសិក្សាពីភាសា និងវប្បធម៌ គឺជាមាគ៌ាក្នុងការស្វែងយល់ពីប្រទេស និងប្រជាជាតិមួយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងកម្ពុជា-ចិន កាន់តែជិតស្និទ្ធ និងកាន់តែស៊ីជម្រៅ ហើយការកសាងជោគវាសនារួមគ្នា ក៏ត្រូវបានបន្តឥតឈប់ឈរ រីឯទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏កាន់តែស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកឯចំនួនអ្នកសិក្សាភាសាចិននៅកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់។ ការសិក្សាភាសាចិន បានក្លាយជាតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា ក៏ប៉ុន្តែ ការអប់រំភាសាចិនសម្រាប់គ្រូបង្រៀនភាសាចិនជនជាតិខ្មែរមានការរាំងស្ទះ និងមិនទាន់មានលក្ខណៈត្រឹមត្រូវតាមក្បួនខ្នាតនៅឡើយ ដោយសារតែបញ្ហាកង្វះខាតនូវធនធានគ្រូបង្រៀនភាសាចិន។ ហេតុនេះហើយ ទើបគម្រោងបណ្តុះបណ្តាលគរុកោសល្យភាសាចិនបានចាប់បដិសន្ធិឡើង ក្នុងគោលបំណងបំពេញតម្រូវការស្ថានភាពសង្គមជាក់ស្តែង។

លោកស្រី Zuo Wenxing បានបញ្ជាក់ថា៖«ការបណ្តុះបណ្តាលធនធានគរុកោសល្យភាសាចិននេះនឹងអាចដោះស្រាយបញ្ហាការអភិវឌ្ឍការអប់រំភាសាចិនសម្រាប់គ្រូភាសាចិនក្នុងតំបន់បាន។ នាងខ្ញុំជឿជាក់ថា ក្រោមការយកចិត្តទុកដាក់ពីមហាជនគ្រប់ស្រទាប់ទាំងកម្ពុជានិងចិន គម្រោងមួយនេះ ប្រាកដជាអាចបន្តដំណើរទៅមុខ និងទទួលបានផ្លែផ្កាជាក់ជាមិនខាន ដើម្បីជាកម្លាំងចលករក្នុងការជំរុញការអប់រំភាសាចិនសម្រាប់គ្រូបង្រៀនភាសាចិនក្នុងតំបន់ ក៏ដូចជាជួយរួមចំណែកក្នុងការរឹតចំណងមិត្តភាពកម្ពុជា-ចិន បង្កើនមិត្តភាពរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរថែមទៀត»។

ជាមួយនេះ ឯកឧត្តម សូត្រ សំណាង អគ្គលេខាធិការរង ទទួលបន្ទុកការងារមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា វគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគរុកោសល្យភាសាចិនជាលើកដំបូងក្រោមកិច្ចសហការវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយសាកលវិទ្យាល័យគរុកោសល្យចិនខាងកើត (East China Normal University) នៃទីក្រុងសៀងហៃ ប្រទេសចិននាពេលនេះ នឹងផ្តោតលើគុណភាពអប់រំកម្រិតអន្តរជាតិជាចម្បង ដោយគ្រូបង្រៀនជនជាតិចិនឯកទេសភាសាចិននឹងមកបង្រៀនដោយផ្ទាល់នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធានាបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀនភាសាចិនប្រកបដោយគុណភាពនិងគរុកោសល្យខ្ពស់ស្រងតាមស្តង់ដារអន្តរជាតិ។ ឯកឧត្តម សូត្រ សំណាង បានបញ្ជាក់បន្ថែមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ គរុសិស្ស និងនិស្សិតភាសាចិនឆ្នើមនឹងទទួលបានឱកាសអាហារូបរកណ៍ទៅបន្តការសិក្សា និងទស្សនៈកិច្ចសិក្សានៅប្រទេសចិនទៀតផង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការ ផ្លាស់ប្តូរ ភាសា​ចិន-ភាសាបរទេស នៃក្រសួងអប់រំចិនបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីការបង្កើតជំនាញគរុកោសល្យភាសា​ចិននៅកម្ពុជាដែលទទួលសិស្ស៣០នាក់កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគរុកោសល្យភាសាចិន។ គម្រោងនេះនឹងធ្វើការបណ្តុះ​បណ្តាលក្រោមគម្រូ១បូក១ ដោយសិក្សាឆ្នាំទី១នៅរាជបណ្ឌិត្យសភាកម្ពុជា និងឆ្នាំទី២នៅសាកលវិទ្យាល័យគរុកោសល្យចិនខាង​កើត តាមរយៈអាហារូបករណ៍គ្រូបង្រៀនភាសាចិនអន្តរជាតិក្នុងតំបន់។ បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានសញ្ញាបត្របញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាកម្ពុជា និងពីសាកលវិទ្យាល័យគរុកោសល្យចិនខាងកើត៕

រឿន ភារុន | RAC Media


អត្ថបទទាក់ទង

«រាជបណ្ឌិត្យសភាកម្ពុជា កំពុងចូលរួមធ្វើកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯក!»

គម្រោងកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯកបានចាប់ដំណើរការឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅ ស្ថានីយបុរាណវិទ្យាភូមិមូលជើងឯក ស្ថិ...

2019-01-17 07:05:30   ថ្ងៃព្រហស្បតិ៍, 17 មករា 2019 ម៉ោង 02:05 PM
«តើបច្ចេកវិទ្យាអូស៊ីអភាសាខ្មែរ ជាអ្វី?»

អូស៊ីអ (OCR) មកពីពាក្យកាត់ថា «Optical Character Recognition» គឺជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំប្លែងឯកសារ​ផ្សេងៗ ដូចជាឯកសារស្គែន ឯកសារទម្រង់ PDF ឬ រូបភាព ទៅជាអត្ថបទធម្មតាជាប្រភេទ Txt ឬ...

2019-01-16 09:14:49   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 04:14 PM
RAC នឹងបង្កើត «សុសវែរ បំប្លែងពុម្ពប្រតិចារឹកអក្សរ (Khmer Transliteration Font Converter)»

កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយ​ដែល​មាន​ការ​ចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធាន​រាជបណ្ឌិត...

2019-01-16 08:46:11   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:46 PM
«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:29 PM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM

សេចក្តីប្រកាស