Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិននៃក្រសួងអប់រំប្រទេសចិនបានប្រកាសបើកថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិនជំនាញគរុកោសល្យភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា ជាលើកដំបូង ជាផ្លូវការ។
វគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិនជំនាញគរុកោសល្យភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជានេះមានគោលបំណងរួមមាន៖
១. កសាងសមត្ថភាពបង្រៀនភាសាចិនប្រកបដោយគុណភាពនិងគរុកោសល្យខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ
២. បណ្តុះបណ្តាលធនធានអ្នកចេះភាសាចិនជំនាញ ដើម្បីជាទុនសម្រាប់បម្រើប្រទេសជាតិទាំងពីរទៅថ្ងៃអនាគតនិងសម្រាប់បំពេញតម្រូវការក្នុងតំបន់ស្របតាមគោលការណ៍«ផ្លូវមួយ ខ្សែក្រវាត់មួយ»
៣. ជាស្ពានក្នុងការបើកបេះដូងរវាងប្រជាជនប្រទេសទាំងពីរ និង
៤. ជំរុញឱ្យភាសាចិនក្លាយទៅជាភាសាទី៣ ក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីបើកកិច្ចពិភាក្សាតុមូល ស្តីពី ការបណ្តុះបណ្តាលជំនាញគរុកោសល្យភាសាចិន លោក បូ រ៉េត ប្រធានផ្លាស់ប្តូរសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ថ្លែងកោតសរសើរចំពោះរាជបណ្ឌិត្យសភាកម្ពុជាចំពោះគំនិតផ្តួចផ្តើមបង្កើតថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិន ជំនាញគរុកោសល្យភាសាចិន នាពេលនេះ ដោយលោកបានបង្ហាញការជឿជាក់ថា គំនិតផ្តួចផ្តើមបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិនជំនាញគរុកោសល្យភាសាចិនរវាងរាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិននៃក្រសួងអប់រំប្រទេសចិន ជាលើកដំបូងនេះនឹងជួយបណ្តុះបណ្តាលធនធានគ្រូបង្រៀនភាសាចិនដែលមានគុណភាពជាច្រើនរូប និងធានានូវកម្លាំងធនធានគ្រូបង្រៀនដែលអាចបំពេញគ្រប់តម្រូវការ ព្រមទាំងជំរុញកិច្ចអភិវឌ្ឍន៍វិស័យអប់រំភាសាចិននៅកម្ពុជាឱ្យកាន់តែមានវិបុលភាព។
ឱកាសនេះដែរ លោកស្រី Zuo Wenxing ភារធារីស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហាញសេចក្តីសមនស្សរីករាយដែលបានចូលរួមក្នុងពិធីបើកដំណើរការវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិនជំនាញគរុកោសល្យភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា លើកដំបូង ជាផ្លូវការ។ លោកស្រីភារៈធារីស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា គម្រោងនេះ គឺជាការបោះជំហានទៅមុខមួយជំហាន ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនជនជាតិខ្មែរ និងធនធានអ្នកចេះភាសាចិននៅកម្ពុជា។
លោកស្រី Zuo Wenxing បានបន្ថែមថា ភាសាគឺជាស្ពានចម្លងក្នុងការប្រាស្រ័យទាក់ទង ការសិក្សាពីភាសា និងវប្បធម៌ គឺជាមាគ៌ាក្នុងការស្វែងយល់ពីប្រទេស និងប្រជាជាតិមួយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងកម្ពុជា-ចិន កាន់តែជិតស្និទ្ធ និងកាន់តែស៊ីជម្រៅ ហើយការកសាងជោគវាសនារួមគ្នា ក៏ត្រូវបានបន្តឥតឈប់ឈរ រីឯទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏កាន់តែស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកឯចំនួនអ្នកសិក្សាភាសាចិននៅកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់។ ការសិក្សាភាសាចិន បានក្លាយជាតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា ក៏ប៉ុន្តែ ការអប់រំភាសាចិនសម្រាប់គ្រូបង្រៀនភាសាចិនជនជាតិខ្មែរមានការរាំងស្ទះ និងមិនទាន់មានលក្ខណៈត្រឹមត្រូវតាមក្បួនខ្នាតនៅឡើយ ដោយសារតែបញ្ហាកង្វះខាតនូវធនធានគ្រូបង្រៀនភាសាចិន។ ហេតុនេះហើយ ទើបគម្រោងបណ្តុះបណ្តាលគរុកោសល្យភាសាចិនបានចាប់បដិសន្ធិឡើង ក្នុងគោលបំណងបំពេញតម្រូវការស្ថានភាពសង្គមជាក់ស្តែង។
លោកស្រី Zuo Wenxing បានបញ្ជាក់ថា៖«ការបណ្តុះបណ្តាលធនធានគរុកោសល្យភាសាចិននេះនឹងអាចដោះស្រាយបញ្ហាការអភិវឌ្ឍការអប់រំភាសាចិនសម្រាប់គ្រូភាសាចិនក្នុងតំបន់បាន។ នាងខ្ញុំជឿជាក់ថា ក្រោមការយកចិត្តទុកដាក់ពីមហាជនគ្រប់ស្រទាប់ទាំងកម្ពុជានិងចិន គម្រោងមួយនេះ ប្រាកដជាអាចបន្តដំណើរទៅមុខ និងទទួលបានផ្លែផ្កាជាក់ជាមិនខាន ដើម្បីជាកម្លាំងចលករក្នុងការជំរុញការអប់រំភាសាចិនសម្រាប់គ្រូបង្រៀនភាសាចិនក្នុងតំបន់ ក៏ដូចជាជួយរួមចំណែកក្នុងការរឹតចំណងមិត្តភាពកម្ពុជា-ចិន បង្កើនមិត្តភាពរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរថែមទៀត»។
ជាមួយនេះ ឯកឧត្តម សូត្រ សំណាង អគ្គលេខាធិការរង ទទួលបន្ទុកការងារមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា វគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគរុកោសល្យភាសាចិនជាលើកដំបូងក្រោមកិច្ចសហការវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយសាកលវិទ្យាល័យគរុកោសល្យចិនខាងកើត (East China Normal University) នៃទីក្រុងសៀងហៃ ប្រទេសចិននាពេលនេះ នឹងផ្តោតលើគុណភាពអប់រំកម្រិតអន្តរជាតិជាចម្បង ដោយគ្រូបង្រៀនជនជាតិចិនឯកទេសភាសាចិននឹងមកបង្រៀនដោយផ្ទាល់នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធានាបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀនភាសាចិនប្រកបដោយគុណភាពនិងគរុកោសល្យខ្ពស់ស្រងតាមស្តង់ដារអន្តរជាតិ។ ឯកឧត្តម សូត្រ សំណាង បានបញ្ជាក់បន្ថែមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ គរុសិស្ស និងនិស្សិតភាសាចិនឆ្នើមនឹងទទួលបានឱកាសអាហារូបរកណ៍ទៅបន្តការសិក្សា និងទស្សនៈកិច្ចសិក្សានៅប្រទេសចិនទៀតផង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការ ផ្លាស់ប្តូរ ភាសាចិន-ភាសាបរទេស នៃក្រសួងអប់រំចិនបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីការបង្កើតជំនាញគរុកោសល្យភាសាចិននៅកម្ពុជាដែលទទួលសិស្ស៣០នាក់កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគរុកោសល្យភាសាចិន។ គម្រោងនេះនឹងធ្វើការបណ្តុះបណ្តាលក្រោមគម្រូ១បូក១ ដោយសិក្សាឆ្នាំទី១នៅរាជបណ្ឌិត្យសភាកម្ពុជា និងឆ្នាំទី២នៅសាកលវិទ្យាល័យគរុកោសល្យចិនខាងកើត តាមរយៈអាហារូបករណ៍គ្រូបង្រៀនភាសាចិនអន្តរជាតិក្នុងតំបន់។ បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានសញ្ញាបត្របញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាកម្ពុជា និងពីសាកលវិទ្យាល័យគរុកោសល្យចិនខាងកើត៕
រឿន ភារុន | RAC Media
កញ្ញា Shahnaz Nur Firdausi ជំនួយការគម្រោងមកពីវិទ្យាស្ថានបច្ចេកវិទ្យាបានឌុង ប្រទេសឥណ្ឌូណេស៊ី បានធ្វើបទបង្ហាញពីការវាយតម្លៃស្តុកកាបូនព្រៃកោងកាងនៅក្នុង Segara Anakan នៅជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី ហើយក៏ជាវ...
ការគណនាកាបូននៃវិស័យការប្រើប្រាស់ដីនិងការដាំដំណាំនៅក្នុងប្រទេសសិង្ហបុរី ជាប្រធានបទមួយត្រូវបានលើកមកបង្ហាញ ដោយលោក Mohamad Fairoz Bin Mohamed នៅក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិ ស្តីពី «កាលានុវត្តភាពក្នុងក...
លោក កើត វិទ្យា ជាវាគ្មិនដែលអញ្ជើញមកពីអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរអប្សរា លោកបានធ្វើបទបង្ហាញពី «គោលនយោបាយបរិស្ថានសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍៖ការអនុវត្តរបស់អាជ្ញាធរអប្សរា»។ខ្លឹមសារនៃបទប...
តាមការវិវឌ្ឍនៃមនុស្សនៅមុនគ្រឹះសករាជ មនុស្សដើមទាក់ទងគ្នាដោយកាយវិការ ឬ ប្រើសញ្ញា ដើម្បីសម្គាល់អ្វីមួយជាបន្តបន្ទាប់ រហូតដល់ប្រើសញ្ញាតំណាងជាលេខ ចំនួន ដូចជាពួកស៊ូមៀរ (Sumerians) បង្កើតប្រព័ន្ធរាប់។ តែនៅក្រ...