ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាពិភាក្សាស្តីពី «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧»

2020-10-22 07:51:07 ថ្ងៃព្រហស្បតិ៍, 22 តុលា 2020 ម៉ោង 02:51 PM
អ្នកមើល 3935
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងទី២២ ខែតុលា ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាពិភាក្សា ស្ដីពី «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» ក្រោមអធិបតីភាព​ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីអ្នកជំនាញប្រវត្តិសាស្ត្រ អ្នកសិក្សាស្រាវជ្រាវទាកទងនឹងប្រវត្តិសាស្ត្រ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា សរុបចំនួន ២៥រូប ដែលប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជា។ វេទិកាពិភាក្សានេះ មានការអញ្ជើញថ្លែងសុន្ទរកថាបើកដោយឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា និងបានប្រព្រឹត្តទៅក្រោមការសម្របសម្រួលរបស់លោក គង់ វីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

វាគ្មិនអញ្ជើញចូលរួមក្នុងវេទិកានេះ បានបកស្រាយលើប្រធានបទដូចខាងក្រោម៖

- ប្រធានបទទី១៖ «ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាមជា ចក្រពត្រាធិរាជ» ធ្វើបទបង្ហាញដោយ លោក សួ ប៉ុណ្ណារ៉ាត់
- ប្រធានបទទី២៖ «របៀបដឹកជញ្ជូនថ្មក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧៖ ករណីសិក្សានៅប្រាសាទបន្ទាយឆ្មា» ធ្វើបទបង្ហាញដោយ លោក អ៊ឹម សុខរិទ្ធី
- ប្រធានបទទី៣៖ «ផ្ទាំងចម្លាក់ឥន្ទ្រាភិសេក» ធ្វើបទបង្ហាញដោយ កញ្ញា តាកេត ស័កដា
- ប្រធានបទទី៤៖ «ព្រះបរមរូបនៃព្រះបាទជ័យវរ្ម័នទី៧» ធ្វើបទបង្ហាញដោយ លោក ព្រាប ចាន់ម៉ារ៉ា
- ប្រធានបទទី៥៖ «ព្រះរូបព្រះបាទជ័យវរ្ម័នទី៧ នៅតាមចម្លាក់ថែវប្រាសាទ៖ ករណីសិក្សានៅប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ» ធ្វើបទបង្ហាញដោយ ឯកឧត្ដមបណ្ឌិត ផុន កសិកា

ក្នុងវេទិកាពិភាក្សានាព្រឹកនេះ វាគ្មិនទាំង៥រូបនិងអ្នកជំនាញដែលបានចូលរួម បានពិនិត្យនិងពិភាក្សាទៅលើរូបភាពនៃចម្លាក់​ព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ដែលក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានផ្ដិតយករូបភាពពីថែវប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ សរុបមានចំនួន៦៤រូប។ វេទិកាពិភាក្សាបានវាយតម្លៃខ្ពស់ចំពោះការសិក្សាស្រាវជ្រាវ និងការរៀប​ចំ​ឈាន​​ទៅកំណត់អត្តសញ្ញាណព្រះបាទជ័យវរ្ម័នទី៧ ដើម្បីសិតជាព្រះបរមរូបបដិមាព្រះមហាវីរក្សត្រដ៏ល្បីល្បាញរបស់ខ្មែរ ដើម្បីឱ្យប្រជា​ពលរដ្ឋ​ខ្មែរ អ្នកសិក្សាស្រាវជ្រាវ ក៏ដូចជាជនបរទេស បានដឹងនិងស្គាល់កាន់តែច្បាស់អំពីអត្តសញ្ញាណព្រះ​មហាក្សត្រដែលបានកសាងចក្រភពអង្គរ ក្លាយទៅជាមហាអំណាចក្នុងប្រវត្តិសាស្ត្រ ទាំងនៅលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងកម្លាំងកងទ័ព។

ក្រោយពីការធ្វើបទបង្ហាញវាគ្មិន និងការពិភាក្សាផ្លាស់ប្ដូរយោបល់និងទស្សនៈរវាងអ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញក្នុងវេទិកា​ពិភាក្សាដ៏មានសារសំខាន់នេះ អង្គវេទិកាបានឯកភាពគ្នាសម្រេចជ្រើសរើសយកព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ក្នុងឥរិយាបថដែលព្រះអង្គឡើងគ្រងរាជ្យសម្បត្តិ ធ្វើជាមូលដ្ឋានសម្រាប់សិតជាបដិមាទោលដើម្បីបង្ហាញដល់សាធារណជន និងជនបរទេស បានស្គាល់និងយល់ដឹងកាន់តែច្បាស់លាស់អំពីព្រះរាជលក្ខណៈសម្បត្តិរបស់វីរបុរសជាតិខ្មែរអង្គនេះ។

លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានមានប្រសាសន៍គូសបញ្ជាក់បន្ថែមថា នៅថ្ងៃខាងមុខ រាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើការសិក្សាស្រាវជ្រាវកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីព្រះបរមរូបផ្សេងទៀតរបស់ព្រះបាទជ័យវរ្ម័នទី៧ ហើយរៀបចំចងក្រងជាឯកសារពិស្ដារអំពីព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ដើម្បីក្លាយជាមូលដ្ឋាន​សម្រាប់កូនខ្មែរជំនាន់ក្រោយក៏ដូចជាអ្នកសិក្សាស្រាវជ្រាវជាតិនិងអន្តរជាតិ ធ្វើការសិក្សាស្វែងយល់និងស្រាវជ្រាវបន្ថែមអំពីព្រះមហាក្សត្រដ៏ឆ្នើមក្នុងប្រវត្តិសាស្ត្រខ្មែរ៕

RAC Media

អត្ថបទទាក់ទង

ស្វែងយល់អំពីល្បែងបោះអង្គញ់ (Understanding on Angkugn Game) ដោយ៖ ឯកឧត្ដមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

ល្បែងបោះអង្គញ់ ជាល្បែងប្រជាប្រិយមួយក្នុងចំណោមល្បែងប្រជាប្រិយ (Popular game) ទាំងឡាយរបស់ខ្មែរ ដែលគេបានកត់សម្គាល់ឃើញនិងនិយមចូលចិត្តលេងមានដូចជា ល្បែងចោលឈូង លាក់កន្សែង ទាញព្រ័ត្រ ចាប់កូនខ្លែង លេងពួន វាយក្...

2023-08-02 08:00:27   ថ្ងៃពុធ, 02 សីហា 2023 ម៉ោង 03:00 PM
Challenges and Solutions for the Next Prime Minister of Cambodia By: Dr. Seun Sam

Cambodia's political landscape has been shaped by a complex history and is currently at a critical juncture as the country looks towards the future. At the heart of this landscape is the role of the P...

2023-07-28 14:22:30   ថ្ងៃសុក្រ, 28 កក្កដា 2023 ម៉ោង 09:22 PM
សេចក្តីថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្ដមបណ្ឌិត សួន រ៉ានី ដែលបានផ្តល់សៀវភៅជូនដល់លេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

លេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ សូមថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិត សួន រ៉ានី ដែលបានផ្ដល់សៀវភៅចំនួន៩មុខ សរុប៦៤ក្បាល នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ សៀវភៅទាំងនោះរួមមាន៖១- ការគ្រប់គ្រងសេវា២...

2023-07-12 09:48:28   ថ្ងៃពុធ, 12 កក្កដា 2023 ម៉ោង 04:48 PM
ទិដ្ឋភាពមួយចំនួន ស្ដីពី មេដឹកនាំ(Some Overviews on Leaders) ដោយ៖ ឯកឧត្ដមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

ជាទូទៅបើគេនិយាយពីធម្មជាតិ នៃការរស់នៅ របស់មនុស្សក្នុងសង្គមគេតែងតែជួបប្រទះនឹងមនុស្សពីរប្រភេទ ដែលមាន ឋានៈសង្គមខុសប្លែកគ្នា ពោលគឺ មនុស្សមួយប្រភេទមានឋានៈជាមេដឹកនាំ ហើយមនុស្សមួយប្រភេទទៀតជាអ្នកនៅក្រោមបង្...

2023-07-10 14:35:15   ថ្ងៃចន្ទ, 10 កក្កដា 2023 ម៉ោង 09:35 PM
អំពីប្រាសាទព្រះវិហារ និងព្រឹត្តិការណ៍សំខាន់១៧ចំណុច គប្បីចងចាំ!

ស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ ប្រាសាទដ៏ចំណាស់មួយដែលមានអាយុជាងមួយពាន់ឆ្នាំ កំពុងឈរបង្អួតរាងយ៉ាងរឹងមាំនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែកដែលមានកម្...

2023-07-07 07:23:10   ថ្ងៃសុក្រ, 07 កក្កដា 2023 ម៉ោង 02:23 PM
មូលដ្ឋានគ្រឹះនៃពុទ្ធសាសនា ដោយ៖ លោក ឈុន ផាវ៉េង- វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

ព្រះពុទ្ធសាសនាមានដើមកំណើតនៅ ប្រទេសឥណ្ឌាក្នុងសតវត្សរ៍ទី ៦ មុនគ.ស ប្រហែលគ្នានឹងសម័យទី២ នៃលទ្ធិសាសនាព្រាហ្មណ៍ ដោយព្រះសិទ្ធត្ថជាព្រះបុត្រានៃមហាក្សត្រព្រះអង្គបានត្រាស់ដឹងនូវព្រះធម៌ ហើយមានសង្ឃសាវ័កកាន់តែច្រ...

2023-07-06 14:26:41   ថ្ងៃព្រហស្បតិ៍, 06 កក្កដា 2023 ម៉ោង 09:26 PM

សេចក្តីប្រកាស