ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាពិភាក្សាស្តីពី «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧»

2020-10-22 07:51:07 ថ្ងៃព្រហស្បតិ៍, 22 តុលា 2020, 07:51 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងទី២២ ខែតុលា ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាពិភាក្សា ស្ដីពី «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» ក្រោមអធិបតីភាព​ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីអ្នកជំនាញប្រវត្តិសាស្ត្រ អ្នកសិក្សាស្រាវជ្រាវទាកទងនឹងប្រវត្តិសាស្ត្រ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា សរុបចំនួន ២៥រូប ដែលប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជា។ វេទិកាពិភាក្សានេះ មានការអញ្ជើញថ្លែងសុន្ទរកថាបើកដោយឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា និងបានប្រព្រឹត្តទៅក្រោមការសម្របសម្រួលរបស់លោក គង់ វីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

វាគ្មិនអញ្ជើញចូលរួមក្នុងវេទិកានេះ បានបកស្រាយលើប្រធានបទដូចខាងក្រោម៖

- ប្រធានបទទី១៖ «ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាមជា ចក្រពត្រាធិរាជ» ធ្វើបទបង្ហាញដោយ លោក សួ ប៉ុណ្ណារ៉ាត់
- ប្រធានបទទី២៖ «របៀបដឹកជញ្ជូនថ្មក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧៖ ករណីសិក្សានៅប្រាសាទបន្ទាយឆ្មា» ធ្វើបទបង្ហាញដោយ លោក អ៊ឹម សុខរិទ្ធី
- ប្រធានបទទី៣៖ «ផ្ទាំងចម្លាក់ឥន្ទ្រាភិសេក» ធ្វើបទបង្ហាញដោយ កញ្ញា តាកេត ស័កដា
- ប្រធានបទទី៤៖ «ព្រះបរមរូបនៃព្រះបាទជ័យវរ្ម័នទី៧» ធ្វើបទបង្ហាញដោយ លោក ព្រាប ចាន់ម៉ារ៉ា
- ប្រធានបទទី៥៖ «ព្រះរូបព្រះបាទជ័យវរ្ម័នទី៧ នៅតាមចម្លាក់ថែវប្រាសាទ៖ ករណីសិក្សានៅប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ» ធ្វើបទបង្ហាញដោយ ឯកឧត្ដមបណ្ឌិត ផុន កសិកា

ក្នុងវេទិកាពិភាក្សានាព្រឹកនេះ វាគ្មិនទាំង៥រូបនិងអ្នកជំនាញដែលបានចូលរួម បានពិនិត្យនិងពិភាក្សាទៅលើរូបភាពនៃចម្លាក់​ព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ដែលក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានផ្ដិតយករូបភាពពីថែវប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ សរុបមានចំនួន៦៤រូប។ វេទិកាពិភាក្សាបានវាយតម្លៃខ្ពស់ចំពោះការសិក្សាស្រាវជ្រាវ និងការរៀប​ចំ​ឈាន​​ទៅកំណត់អត្តសញ្ញាណព្រះបាទជ័យវរ្ម័នទី៧ ដើម្បីសិតជាព្រះបរមរូបបដិមាព្រះមហាវីរក្សត្រដ៏ល្បីល្បាញរបស់ខ្មែរ ដើម្បីឱ្យប្រជា​ពលរដ្ឋ​ខ្មែរ អ្នកសិក្សាស្រាវជ្រាវ ក៏ដូចជាជនបរទេស បានដឹងនិងស្គាល់កាន់តែច្បាស់អំពីអត្តសញ្ញាណព្រះ​មហាក្សត្រដែលបានកសាងចក្រភពអង្គរ ក្លាយទៅជាមហាអំណាចក្នុងប្រវត្តិសាស្ត្រ ទាំងនៅលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងកម្លាំងកងទ័ព។

ក្រោយពីការធ្វើបទបង្ហាញវាគ្មិន និងការពិភាក្សាផ្លាស់ប្ដូរយោបល់និងទស្សនៈរវាងអ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញក្នុងវេទិកា​ពិភាក្សាដ៏មានសារសំខាន់នេះ អង្គវេទិកាបានឯកភាពគ្នាសម្រេចជ្រើសរើសយកព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ក្នុងឥរិយាបថដែលព្រះអង្គឡើងគ្រងរាជ្យសម្បត្តិ ធ្វើជាមូលដ្ឋានសម្រាប់សិតជាបដិមាទោលដើម្បីបង្ហាញដល់សាធារណជន និងជនបរទេស បានស្គាល់និងយល់ដឹងកាន់តែច្បាស់លាស់អំពីព្រះរាជលក្ខណៈសម្បត្តិរបស់វីរបុរសជាតិខ្មែរអង្គនេះ។

លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានមានប្រសាសន៍គូសបញ្ជាក់បន្ថែមថា នៅថ្ងៃខាងមុខ រាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើការសិក្សាស្រាវជ្រាវកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីព្រះបរមរូបផ្សេងទៀតរបស់ព្រះបាទជ័យវរ្ម័នទី៧ ហើយរៀបចំចងក្រងជាឯកសារពិស្ដារអំពីព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ដើម្បីក្លាយជាមូលដ្ឋាន​សម្រាប់កូនខ្មែរជំនាន់ក្រោយក៏ដូចជាអ្នកសិក្សាស្រាវជ្រាវជាតិនិងអន្តរជាតិ ធ្វើការសិក្សាស្វែងយល់និងស្រាវជ្រាវបន្ថែមអំពីព្រះមហាក្សត្រដ៏ឆ្នើមក្នុងប្រវត្តិសាស្ត្រខ្មែរ៕

RAC Media

អត្ថបទទាក់ទង

«ទឹកភ្លៀងជាដំណោះស្រាយសម្រាប់ការផ្គត់ផ្គង់ទឹកនៅតំបន់ជនបទ»

ដោយមានកិច្ចសហការល្អរវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុ...

2019-06-07 09:10:17   Fri, 07,06,2019, 09:10 AM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទរបស់ គណៈកម្មការគីមីវិទ្យា និងរូបវិទ្យា»

នៅរសៀល ថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទរបស់ គណៈកម្មការគីមីវិទ្យា និងរូបវិទ្យា បានចំនួន០១ពាក្...

2019-06-06 03:00:29   Thu, 06,06,2019, 03:00 AM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៊ី សុខគង់ បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍ បានចំនួន០៤ពាក្យ ដូចខា...

2019-06-05 02:00:49   Wed, 05,06,2019, 02:00 AM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៧ - វគ្គទី៥ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

ពិធីសម្ពោធ«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ក្រោមអធិបតីភាពព្រះបាទសម្តេចស៊ីសុវត្ថិ និងរេស៊ីដង់ជាន់ខ្ពស់បារាំងhttp://rac.gov.kh/royal-academy/research/attachments/original/115.pdf?155962142...

2019-06-04 04:30:57   Tue, 04,06,2019, 04:30 AM
«ប្រធានរាជបណ្ឌិត្យសភាកម្ពុជាធ្វើបទបង្ហាញដល់បងប្អូនពលករខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង»

ក្រោមកិច្ចសហការរបស់ឯកឧត្តមឡុងឌី ម៉ង់ ឯកអគ្គរាជទូតព្រះរាជណាចក្រកម្ពុជាប្រចាំប្រទេសកូរ៉េ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈថេគូ ឯកឧត្តមបណ្ឌិត្យសភាចារ្យសុខ ទូច បានធ្វើបទបង្ហាញស្តីពី «ដំណើរប្រព្រឹត្តទៅរបស...

2019-06-03 07:33:11   Mon, 03,06,2019, 07:33 AM
«ឯកឧត្តម សុខ ទូច ដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទស្សនកិច្ចនៅវិទ្យាស្ថានកែច្នៃទឹកដោះគោ Imsil ក្នុងខេត្តក្វាងជូ សាធារណរដ្ឋកូរ៉េ»

 ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជានិងក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃសាធារណរដ្ឋកូរ៉េ  ឯកឧត្តមសុខ ទូចប្រធានរាជបណ្ឌិត...

2019-06-03 07:16:39   Mon, 03,06,2019, 07:16 AM

សេចក្តីប្រកាស