ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលចួបនិងពិភាក្សាការងារជាមួយឯកឧត្ដមឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

2020-10-21 10:49:43 ថ្ងៃពុធ, 21 តុលា 2020, 10:49 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៥កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិត​សភាចារ្យ បានទទួលចួបនិងពិភាក្សាការងារជាមួយឯកឧត្ដម មីសាហ៊ីរ៉ូ មីកាមិ (Masahiro Mikami) ឯកអគ្គរាជទូត​វិសាមញ្ញ​និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានសម្ដែងនូវសេចក្ដីសោមនស្ស ចំពោះការអញ្ជើញមកកាន់រាជបណ្ឌិត្យសភាកម្ពុជារបស់ឯកឧត្ដមឯកអគ្គរាជទូតជប៉ុន និងបានថ្លែងអំណរគុណដល់ភាគីជប៉ុនដែលបានអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ ទៅធ្វើទស្សនកិច្ច និងស្វែងយល់បន្ថែមពីការអភិវឌ្ឍរបស់ប្រទេសជប៉ុន កាលពីដើមឆ្នាំ២០២០នេះ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បាន​គូស​បញ្ជាក់បន្ថែមអំពីការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដោយជប៉ុនជាមិត្តប្រកប​ដោយភាពចាស់ទុំរបស់កម្ពុជា ហើយបើទោះជាកម្ពុជាមានទំនាក់ទំនងល្អជាមួយសាធារណរដ្ឋប្រជាមានិតចិន ក៏ជប៉ុននៅតែបន្តពង្រឹងនិងថែមទាំងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយកម្ពុជាក្នុងរូបភាពជាមិត្តដ៏ល្អម្នាក់។ ឯកឧត្ដមបណ្ឌិត​សភាចារ្យបន្តថា សមិទ្ធផលរបស់ជប៉ុនដែលប្រជាជនកម្ពុជារូបណាក៏បានមិនអាចបំភ្លេចបាននោះគឺ ស្ពានជ្រោយចង្វារដែល​ជប៉ុនបានជួយកសាងនៅឆ្នាំ១៩៦៦ ជំនួយសាងសង់មជ្ឈមណ្ឌលគាំពារមាតានិងទារកក្នុងឆ្នាំ១៩៩៥ និងការកសាងហេដ្ឋារចនា​សម្ព័ន្ធស្ពានដ៏ធំក្នុងឆ្នាំ២០១៥គឺ ស្ពានត្សឺបាស្សា (ហៅស្ពានអ្នកលឿង) ជាដើម។

ក្នុង​ជំនួបជាលើកទីមួយនារសៀលនេះ ឯកឧត្ដម មីសាហ៊ីរ៉ូ មីកាមិ (Masahiro Mikami) ឯកអគ្គរាជទូតនៃប្រទេសជប៉ុន បានពិភាក្សានិងស្វែងយល់បន្ថែមអំពីបេសកកម្ម និងសមិទ្ធផលដែលរាជបណ្ឌិត្យសភាកម្ពុជាបានសម្រេចបាននាពេលកន្លងមក និង​ទស្សនវិស័យរបស់ស្ថាប័នស្រាវជ្រាវជាន់ខ្ពស់មួយនេះ ក្នុងការពង្រឹងការសិក្សាស្រាវជ្រាវលើវិស័យសំខាន់ៗ កិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ និងការសិក្សាស្រាវជ្រាវស្វែងរកធាតុចូលជូនរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ននានានៅកម្ពុជាក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ ឯកឧត្ដមឯកអគ្គរាជទូត បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះតួនាទី បេសកកម្ម និងសមិទ្ធផលរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្ដមឯកអគ្គរាជទូតក៏បានថ្លែងអំណរគុណដល់រាជបណ្ឌិត្យសភាកម្ពុជា ដែលកន្លងមកបានផ្ដល់ការបណ្ដុះបណ្ដាលភាសាខ្មែរជូនដល់មន្ត្រីស្ថានទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជាផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីជំនួបពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នា ភាគីទាំងពីរបានឯកភាពគ្នាទៅលើ៣ចំណុចគឺ៖

១. កិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវទូទៅ

២. ការផ្ដល់កិច្ចសហការគ្នាលើវិស័យកសិកម្ម

៣. ការពិនិត្យមើលលើលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាល៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ឯកឧត្តមបណ្ឌិត យង់ ពៅ ណែនាំមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បំផុត»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានណែនាំមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បំផុត ស្របតាមតួនាទីភារក...

2020-02-06 12:54:44   Thu, 06,02,2020, 12:54 PM
«ជ័យលាភីគូរនិមិត្តសញ្ញាសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០»

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ជ័យលាភីគូរនិមិត្តសញ្ញា (Logo) សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ ន...

2020-02-06 10:06:32   Thu, 06,02,2020, 10:06 AM
«ជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ»

កាលពីរសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសា ខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអន...

2020-02-06 07:49:07   Thu, 06,02,2020, 07:49 AM
«ប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា»

កាលពីរសៀលថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុ...

2020-02-05 02:44:10   Wed, 05,02,2020, 02:44 AM
«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ»

កាលពីរសៀលថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័...

2020-02-05 02:40:16   Wed, 05,02,2020, 02:40 AM
«ឯកឧត្តមបណ្ឌិត យង់ ពៅ ណែនាំនិស្សិតឱ្យប្រកាន់ភ្ជាប់គោលការណ៍វិទ្យាសាស្រ្ត ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិ »

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) បានណែនាំនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតទាំងអស់ត្រូវតែប្រកាន់ភ្ជាប់គោលការណ៍វិទ្យាសាស្រ្តជាន...

2020-02-01 08:27:45   Sat, 01,02,2020, 08:27 AM

សេចក្តីប្រកាស