ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលចួបនិងពិភាក្សាការងារជាមួយឯកឧត្ដមឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

2020-10-21 10:49:43 ថ្ងៃពុធ, 21 តុលា 2020, 10:49 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៥កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិត​សភាចារ្យ បានទទួលចួបនិងពិភាក្សាការងារជាមួយឯកឧត្ដម មីសាហ៊ីរ៉ូ មីកាមិ (Masahiro Mikami) ឯកអគ្គរាជទូត​វិសាមញ្ញ​និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានសម្ដែងនូវសេចក្ដីសោមនស្ស ចំពោះការអញ្ជើញមកកាន់រាជបណ្ឌិត្យសភាកម្ពុជារបស់ឯកឧត្ដមឯកអគ្គរាជទូតជប៉ុន និងបានថ្លែងអំណរគុណដល់ភាគីជប៉ុនដែលបានអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ ទៅធ្វើទស្សនកិច្ច និងស្វែងយល់បន្ថែមពីការអភិវឌ្ឍរបស់ប្រទេសជប៉ុន កាលពីដើមឆ្នាំ២០២០នេះ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បាន​គូស​បញ្ជាក់បន្ថែមអំពីការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដោយជប៉ុនជាមិត្តប្រកប​ដោយភាពចាស់ទុំរបស់កម្ពុជា ហើយបើទោះជាកម្ពុជាមានទំនាក់ទំនងល្អជាមួយសាធារណរដ្ឋប្រជាមានិតចិន ក៏ជប៉ុននៅតែបន្តពង្រឹងនិងថែមទាំងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយកម្ពុជាក្នុងរូបភាពជាមិត្តដ៏ល្អម្នាក់។ ឯកឧត្ដមបណ្ឌិត​សភាចារ្យបន្តថា សមិទ្ធផលរបស់ជប៉ុនដែលប្រជាជនកម្ពុជារូបណាក៏បានមិនអាចបំភ្លេចបាននោះគឺ ស្ពានជ្រោយចង្វារដែល​ជប៉ុនបានជួយកសាងនៅឆ្នាំ១៩៦៦ ជំនួយសាងសង់មជ្ឈមណ្ឌលគាំពារមាតានិងទារកក្នុងឆ្នាំ១៩៩៥ និងការកសាងហេដ្ឋារចនា​សម្ព័ន្ធស្ពានដ៏ធំក្នុងឆ្នាំ២០១៥គឺ ស្ពានត្សឺបាស្សា (ហៅស្ពានអ្នកលឿង) ជាដើម។

ក្នុង​ជំនួបជាលើកទីមួយនារសៀលនេះ ឯកឧត្ដម មីសាហ៊ីរ៉ូ មីកាមិ (Masahiro Mikami) ឯកអគ្គរាជទូតនៃប្រទេសជប៉ុន បានពិភាក្សានិងស្វែងយល់បន្ថែមអំពីបេសកកម្ម និងសមិទ្ធផលដែលរាជបណ្ឌិត្យសភាកម្ពុជាបានសម្រេចបាននាពេលកន្លងមក និង​ទស្សនវិស័យរបស់ស្ថាប័នស្រាវជ្រាវជាន់ខ្ពស់មួយនេះ ក្នុងការពង្រឹងការសិក្សាស្រាវជ្រាវលើវិស័យសំខាន់ៗ កិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ និងការសិក្សាស្រាវជ្រាវស្វែងរកធាតុចូលជូនរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ននានានៅកម្ពុជាក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ ឯកឧត្ដមឯកអគ្គរាជទូត បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះតួនាទី បេសកកម្ម និងសមិទ្ធផលរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្ដមឯកអគ្គរាជទូតក៏បានថ្លែងអំណរគុណដល់រាជបណ្ឌិត្យសភាកម្ពុជា ដែលកន្លងមកបានផ្ដល់ការបណ្ដុះបណ្ដាលភាសាខ្មែរជូនដល់មន្ត្រីស្ថានទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជាផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីជំនួបពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នា ភាគីទាំងពីរបានឯកភាពគ្នាទៅលើ៣ចំណុចគឺ៖

១. កិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវទូទៅ

២. ការផ្ដល់កិច្ចសហការគ្នាលើវិស័យកសិកម្ម

៣. ការពិនិត្យមើលលើលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាល៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ទំនាក់ទំនងកម្ពុជា-ចិននៅក្នុងទសវត្សរ៍ថ្មី ដោយ៖បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

ពិភពលោកកំពុងតែឈានចូលដល់ទសវត្សរ៍ថ្មីមួយ ហើយប្រធានបទមួយដែលអ្នកសិក្សាស្រាវជ្រាវនៅលើពិភព​លោក​លើកយកមកពិភាក្សាគឺ អនាគតរបស់ចិននិងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសដទៃទៀត។ ឥទ្ធិពលរបស់ចិននៅកម្ពុជាបានកើនឡើងយ៉ាងខ្លា...

2020-05-07 06:20:54   Thu, 07,05,2020, 06:20 AM
វិធានការបិទប្រទេស (Lockdown) និងពេលវេលានៃការវិលមករកភាពប្រក្រតី

ពេលវេលាដែលសមស្របបំផុត ដែលនឹងត្រូវសម្រួលដល់ការដកបម្រាម ឬ វិធានការបិទប្រទេសបិទខេត្ត គឺនៅពេលណាដែលអ្នកវិទ្យាសាស្រ្តរកឃើញ និងប្រកាសដាក់ឱ្យប្រើប្រាស់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាផ្លូវការ ដែលការណ៍នេះ គឺតម...

2020-05-06 07:02:53   Wed, 06,05,2020, 07:02 AM
រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងទេសចរណ៍ឯកភាពអនុវត្តការងាររួមគ្នាចំនួន ៤ចំណុចដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា

(ទីស្តីការក្រសួងទេសចរណ៍)៖ នៅរសៀលថ្ងៃអង្គារ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបពិភាក្សាការងារជាមួយឯកឧ...

2020-05-05 13:22:06   Tue, 05,05,2020, 01:22 PM
ពាណិជ្ជកម្មចល័តរបស់មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយ៖ បណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានសង្គមសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសង្គមសាស្រ្ត និងវិទ្យាសាស្រ្តសង្គម

2020-05-05 08:34:50   Tue, 05,05,2020, 08:34 AM
លក្ខណៈប្រត្យក្សារម្មណ៍នៃការអនុវត្តវប្បធម៌បទដ្ឋានក្នុងសង្គមខ្មែរសម័យបច្ចុប្បន្ន ដោយ៖ លោក ខូយ សោភ័ណ មន្ត្រីលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា

ការផ្លាស់ប្តូរនៃបរិបទថ្មីនៃពិភពលោកក្នុងសតវត្សទី២១ បានជំរុញឱ្យ មនុស្សធ្វើការផ្លាស់ ប្តូរឥរិយាបថនៃការរស់​នៅដោយបានអនុវត្តទៅតាមបទដ្ឋាននៃ សង្គមដែលតម្រូវធ្វើតាមជាការចាំបាច់ ជួនកាលបទដ្ឋាននេះបានជះឥទ្ធិពល ដោយប...

2020-05-04 10:27:19   Mon, 04,05,2020, 10:27 AM
អាស៊ាននៅចំពោះមុខកូវីដ-១៩ ដោយ៖ លោក ធន ឆាយពិសិដ្ឋ នាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

ប្រាកដណាស់ ពិភពលោកកំពុងរងវិបត្តិដ៏ធ្ងន់ធ្ងរដោយសារកូវីដ-១៩ ហើយក្រោយពីឆ្លងផុត យើងក៏ដឹងច្បាស់ថា ពិភពលោកនឹងមើលទៅលែងដូចដើម ជាពិសេសវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ ក៏ដូចជាសង្គមវប្បធម៌ដែរ។ វិបត្តិនេះបាននឹង...

2020-04-28 15:54:31   Tue, 28,04,2020, 03:54 PM

សេចក្តីប្រកាស