ព័ត៌មាន

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ យើងចង់ឱ្យភាសាខ្មែរទៅជាភាសាដ៏អស្ចារ្យ ជាភាសាមួយដែលត្រូវបានគេទទួលស្គាល់

2020-10-20 09:44:38 ថ្ងៃអង្គារ, 20 តុលា 2020, 09:44 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសថ្លែងសុន្ទរកថាបិទសិក្ខាសាលា ស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងអនុ ក្រឹត្យ ស្ដីពី ការគ្រប់គ្រងលើការប្រើភាសាខ្មែរនៅលើរូបសញ្ញា និងការផ្សព្វផ្សាយសុសវែរសម្រាប់កំណែកំហុសក្នុងសំណេរលើស្លាក និងប្រព័ន្ធផ្សព្វផ្សាយ» រៀបចំដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៤កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ដល់អង្គសិក្ខាសាលានេះថា «យើងចង់ឱ្យភាសាខ្មែរទៅជាភាសាដ៏អស្ចារ្យ ជាភាសាមួយដែលត្រូវបានគេទទួលស្គាល់»។

ក្រោយពីការធ្វើបទបង្ហាញរបស់វាគ្មិនទាំង៣រូប និងបន្ទាប់ពីវេទិកាផ្ដល់មតិយោបល់និងសំណួរចម្លើយត្រូវបានបញ្ចប់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានថ្លែងសុន្ទរកថាបិទ និងផ្ដល់អនុសាសន៍ដល់អង្គសិក្ខាសាលាទាំងមូល ដោយឯកឧត្ដមបណ្ឌិត សភាចារ្យ បានគូសបញ្ជាក់អំពីទស្សនៈ៧ចំណុច ក្នុងការចូលរួមចំណែកជំរុញឱ្យ «ភាសាខ្មែរ» ក្លាយទៅភាសាមួយដ៏អស្ចារ្យ និងត្រូវបានគេទទួលស្គាល់។ ទស្សនៈសំខាន់ៗទាំង៧ចំណុចនោះរួមមាន៖

១. ភាសាមួយដែលអស្ចារ្យ វាអាស្រ័យលើការគាំទ្រពីមនុស្សគ្រប់មជ្ឈដ្ឋាននៃសង្គម

២. អ្នកវិទ្យាសាស្ត្រត្រូវបង្កើតអ្វីដែលថ្មី សម្រាប់វឌ្ឍនភាពនៃភាសាខ្មែរ

៣. ត្រូវធ្វើឱ្យមានការឯកភាពគ្នាខាងការប្រើប្រាស់ភាសាខ្មែរ

៤. ព្យាបាលជំងឺភាសា ដោយត្រូវបណ្ដុះទម្លាប់សិក្សាភាសាខ្មែរដល់កូនៗ ព្រមទាំងជំរុញនិងពង្រឹងការប្រើប្រាស់ភាសា ខ្មែរ ជាជាងទំនោរនៃការប្រើប្រាស់ភាសាបរទេសបច្ចុប្បន្ន

៥. ជំរុញបង្កើតស្នាដៃនិងបង្ហាញពីភាពអស្ចារ្យនៃភាសាខ្មែរ

៦. ឱ្យតម្លៃទៅលើភាពជាម្ចាស់ប្រទេសតាមរយៈការបង្ហាញភាសាខ្មែរដែលជាអត្តសញ្ញាណជាតិនៅលើគ្រប់ផលិតផលរបស់ខ្មែរ

៧. ជំរុញការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ តាមរយៈការអប់រំ ណែនាំ ផ្សព្វផ្សាយ និងពន្យល់ ហើយចុងក្រោយ​គឺការអនុវត្តច្បាប់ដែលមានជាធរមាន។

គួរបញ្ជាក់ថា សិក្ខាសាលា ស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី ការគ្រប់គ្រងលើការប្រើភាសា​ខ្មែរ​​​នៅលើរូបសញ្ញា និងការផ្សព្វផ្សាយសុសវែរសម្រាប់កំណែកំហុសក្នុងសំណេរលើស្លាក និងប្រព័ន្ធផ្សព្វផ្សាយ» នាព្រឹក​នេះ មានការអញ្ជើញចូលរួមផ្ដល់មតិយោបល់ពីតំណាងក្រសួងស្ថាប័នចំនួន២៨ និងមានការនិមន្តនិងអញ្ជើញចូលរួមសំណាក់ព្រះសង្ឃ អ្នកសិក្សាស្រាវជ្រាវ មន្ត្រីរាជការ និងនិស្សិត សរុបចំនួន១២០អង្គ/នាក់ ព្រមទាំងមានប្រព័ន្ធ​ផ្សព្វផ្សាយចូលរួមយកព័ត៌មានសរុបចំនួន៨អង្គភាពផងដែរ៕

RAC Media


អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជា កំពុងរៀបចំសិក្ខាសាលាស្ដីពី «ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ៖ បញ្ហាប្រឈមនិងដំណោះស្រាយ»

បណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជាភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នា...

2019-12-05 03:06:20   Thu, 05,12,2019, 03:06 AM
កិច្ចប្រជុំគណៈកម្មការនិងអនុគណៈកម្មការរៀបចំសិក្ខាសាលាស្ដីពី «ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ»

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នេះ នៅបន្ទប់សោតទស្សន៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំរួមមួយរវាងប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្...

2019-12-04 03:35:53   Wed, 04,12,2019, 03:35 AM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ យើងនឹងនៅតែបន្តពង្រឹងធនធានបញ្ញវន្តចេញពីរាជបណ្ឌិត្យសភាកម្ពុជា គឺត្រូវតែជាធនធានបញ្ញវន្តប្រកបដោយមូលធនចំណេះដឹងទូលំទូលាយបែបវិទ្យាសាស្ត្រ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ដែលបានផ្សាយផ្ទាល់នៅលើទំព័រ Facebook ផ្លូវការរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ នៅល្ងាចថ្ងៃទី៣ ខែធ្នូ...

2019-12-03 13:51:38   Tue, 03,12,2019, 01:51 PM
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច លើកទឹកចិត្តមន្ត្រីរាជការចំណុះរាជបណ្ឌិត្យសភាកម្ពុជាឱ្យចូលរួមផ្តួចផ្តើមគំនិតការងារ ដើម្បីឱ្យរាជបណ្ឌិត្យសភាកម្ពុជាកាន់តែអភិវឌ្ឍន៍

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកទឹកចិត្តមន្ត្រីរាជការទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជាឱ្យចូលរួមផ្តួចផ្តើមគំនិតការងារថ្មីៗលើការសិក្សា និងការស្រា...

2019-12-02 09:17:39   Mon, 02,12,2019, 09:17 AM
លោក សេង សុវណ្ណដារ៉ា៖ រចនាបថសំណង់ស្ថាបត្យកម្មខ្មែរ ពីសម័យអាណាព្យាបាលបារាំងដល់សម័យសង្គមរាស្ត្រនិយម

ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹង...

2019-11-29 07:49:21   Fri, 29,11,2019, 07:49 AM
ព្រឹទ្ធាចារ្យ ឡោ សាន៖ ក្រៅពីទេពកោសល្យផ្សែផ្សំ និងធ្វើសំយោគពីសិល្បៈបរទេស និងសិល្បៈខ្មែរជំនាន់មុនៗ ស្ថាបត្យករខ្មែរបានបង្កើតសិល្បៈថ្មីមួយទៀតដែលមានទម្រង់ជាសិល្បៈខ្មែរ និងស្របតាមទស្សនៈខ្មែរសុទ្ធសាធ

ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹង...

2019-11-29 07:42:47   Fri, 29,11,2019, 07:42 AM

សេចក្តីប្រកាស