ព័ត៌មាន

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ យើងចង់ឱ្យភាសាខ្មែរទៅជាភាសាដ៏អស្ចារ្យ ជាភាសាមួយដែលត្រូវបានគេទទួលស្គាល់

2020-10-20 09:44:38 ថ្ងៃអង្គារ, 20 តុលា 2020, 09:44 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសថ្លែងសុន្ទរកថាបិទសិក្ខាសាលា ស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងអនុ ក្រឹត្យ ស្ដីពី ការគ្រប់គ្រងលើការប្រើភាសាខ្មែរនៅលើរូបសញ្ញា និងការផ្សព្វផ្សាយសុសវែរសម្រាប់កំណែកំហុសក្នុងសំណេរលើស្លាក និងប្រព័ន្ធផ្សព្វផ្សាយ» រៀបចំដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៤កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ដល់អង្គសិក្ខាសាលានេះថា «យើងចង់ឱ្យភាសាខ្មែរទៅជាភាសាដ៏អស្ចារ្យ ជាភាសាមួយដែលត្រូវបានគេទទួលស្គាល់»។

ក្រោយពីការធ្វើបទបង្ហាញរបស់វាគ្មិនទាំង៣រូប និងបន្ទាប់ពីវេទិកាផ្ដល់មតិយោបល់និងសំណួរចម្លើយត្រូវបានបញ្ចប់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានថ្លែងសុន្ទរកថាបិទ និងផ្ដល់អនុសាសន៍ដល់អង្គសិក្ខាសាលាទាំងមូល ដោយឯកឧត្ដមបណ្ឌិត សភាចារ្យ បានគូសបញ្ជាក់អំពីទស្សនៈ៧ចំណុច ក្នុងការចូលរួមចំណែកជំរុញឱ្យ «ភាសាខ្មែរ» ក្លាយទៅភាសាមួយដ៏អស្ចារ្យ និងត្រូវបានគេទទួលស្គាល់។ ទស្សនៈសំខាន់ៗទាំង៧ចំណុចនោះរួមមាន៖

១. ភាសាមួយដែលអស្ចារ្យ វាអាស្រ័យលើការគាំទ្រពីមនុស្សគ្រប់មជ្ឈដ្ឋាននៃសង្គម

២. អ្នកវិទ្យាសាស្ត្រត្រូវបង្កើតអ្វីដែលថ្មី សម្រាប់វឌ្ឍនភាពនៃភាសាខ្មែរ

៣. ត្រូវធ្វើឱ្យមានការឯកភាពគ្នាខាងការប្រើប្រាស់ភាសាខ្មែរ

៤. ព្យាបាលជំងឺភាសា ដោយត្រូវបណ្ដុះទម្លាប់សិក្សាភាសាខ្មែរដល់កូនៗ ព្រមទាំងជំរុញនិងពង្រឹងការប្រើប្រាស់ភាសា ខ្មែរ ជាជាងទំនោរនៃការប្រើប្រាស់ភាសាបរទេសបច្ចុប្បន្ន

៥. ជំរុញបង្កើតស្នាដៃនិងបង្ហាញពីភាពអស្ចារ្យនៃភាសាខ្មែរ

៦. ឱ្យតម្លៃទៅលើភាពជាម្ចាស់ប្រទេសតាមរយៈការបង្ហាញភាសាខ្មែរដែលជាអត្តសញ្ញាណជាតិនៅលើគ្រប់ផលិតផលរបស់ខ្មែរ

៧. ជំរុញការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ តាមរយៈការអប់រំ ណែនាំ ផ្សព្វផ្សាយ និងពន្យល់ ហើយចុងក្រោយ​គឺការអនុវត្តច្បាប់ដែលមានជាធរមាន។

គួរបញ្ជាក់ថា សិក្ខាសាលា ស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី ការគ្រប់គ្រងលើការប្រើភាសា​ខ្មែរ​​​នៅលើរូបសញ្ញា និងការផ្សព្វផ្សាយសុសវែរសម្រាប់កំណែកំហុសក្នុងសំណេរលើស្លាក និងប្រព័ន្ធផ្សព្វផ្សាយ» នាព្រឹក​នេះ មានការអញ្ជើញចូលរួមផ្ដល់មតិយោបល់ពីតំណាងក្រសួងស្ថាប័នចំនួន២៨ និងមានការនិមន្តនិងអញ្ជើញចូលរួមសំណាក់ព្រះសង្ឃ អ្នកសិក្សាស្រាវជ្រាវ មន្ត្រីរាជការ និងនិស្សិត សរុបចំនួន១២០អង្គ/នាក់ ព្រមទាំងមានប្រព័ន្ធ​ផ្សព្វផ្សាយចូលរួមយកព័ត៌មានសរុបចំនួន៨អង្គភាពផងដែរ៕

RAC Media


អត្ថបទទាក់ទង

ប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្ម

កាលពីរសៀលថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអ...

2020-09-24 03:17:37   Thu, 24,09,2020, 03:17 AM
ឆ្នាំនេះជាខួប២៧ឆ្នាំនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាខួបនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលគិតមកត្រឹមឆ្នាំនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានអាយុ២៧ឆ្នាំហើយ (១៩៩៣-២០២០)។ ក្នុ...

2020-09-23 08:23:17   Wed, 23,09,2020, 08:23 AM
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការភាសាវិទ្យា

កាលពីរសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និង...

2020-09-23 01:54:27   Wed, 23,09,2020, 01:54 AM
«អត្ថប្រយោជន៍នៃការសិក្សាភាសាចិន»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញធ្វើបទបង្ហាញស្តីពី «អត្ថប្រយោជន៍នៃការសិក្សាភាស...

2020-09-22 12:26:31   Tue, 22,09,2020, 12:26 PM
«ការអភិវឌ្ឍគ្រូបង្រៀនភាសាចិនក្នុងតំបន់នៅកម្ពុជា និងគោលការណ៍ខ្សែក្រវាត់ និងផ្លូវ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញធ្វើបទបង្ហាញស្តីពី ការអភិវឌ្ឍគ្រូបង្រៀនភាសាចិនក្នុងតំបន់នៅកម្ពុជា និងគោលការ...

2020-09-22 09:00:15   Tue, 22,09,2020, 09:00 AM
«ការអញ្ជើញសួរសុខទុក្ខឯកឧត្តមសាស្ត្រាចារ្យ ស៊ឹម សៀងប៉ាវ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិត ជូរ ច័ន្ទដារី អគ្គលេខាធិការរងរាជបណ្ឌិត្យ សភាកម្ពុជា និង    លោក ប៊ុត សុម៉េត ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ តំណាងឯកឧត្តមបណ្ឌ...

2020-09-15 07:41:04   Tue, 15,09,2020, 07:41 AM

សេចក្តីប្រកាស