Royal Academy of Cambodia
ចិននិងឥណ្ឌា ជាប្រទេសធំបំផុតពីរនៅអាស៊ី ហើយក៏ជាប្រទេសដែលមានប្រជាជនច្រើនបំផុតពីរនៅលើពិភពលលោកផងដែរ។ ក្រៅពីទំហំទឹកដីនិងចំនួនប្រជាជន ប្រទេសទាំងពីរក៏មានវប្បធម៌និងអរិយធម៌ដែលមានប្រវត្តិសាស្រ្តដ៏យូរអង្វែងនិងមានឥទ្ធិពលដល់មនុស្សជាតិដូចគ្នា។
ចិននិងឥណ្ឌាមានទំនាក់ទំនងល្អលើវិស័យធុរកិច្ចនិងសេដ្ឋកិច្ច ប៉ុន្តែលើវិស័យភូមិសាស្រ្តនយោបាយវិញ មិនសូវល្អទេ។ ប្រទេសទាំងពីរ គឺជាគូប្រជែងដ៏ធំរវាងគ្នា ជាពិសេស ឥណ្ឌាចាត់ទុកចិន ដូចជាបន្លាក្នុងភ្នែករបស់ខ្លួន។ មិនថាយ៉ាងណាទេ កាលណានិយាយអំពីសេដ្ឋកិច្ច ចិនគឺមិននៅក្រោមនរណាទាំងអស់ សូម្បីសហរដ្ឋអាម៉េរិក។ ដូច្នេះ បើធៀបទៅនឹងឥណ្ឌាវិញ ជាតថភាព លំដាប់របស់ចិនគឺនៅខ្ពស់ជាងឥណ្ឌា ហើយបើនិយាយអំពីភូមិសាស្រ្តនយោបាយ ចិនក៏បានដើរលឿនជាងឥណ្ឌាដែរ។ នៅក្នុងសភាពជាតួរងបែបនេះ ឥណ្ឌាក៏ដូចជាថ្នាក់ដឹកនាំរបស់ខ្លួន មុខតែមិនស្រណុកចិត្តនោះទេ ហើយក៏អាចជាហេតុដែលយើងឃើញ «យុទ្ធសាស្រ្តថ្មីចំពោះចិន» របស់ឥណ្ឌាបានបង្ហាញអំពីភាពបដិបក្ខយ៉ាងច្បាស់ក្រឡែត។
ក្នុងអំឡុងពេលបោះឆ្នោតទូទៅនៅឆ្នាំ២០១៩ លោក ម៉ូឌី បានកែគោលនយោបាយនិងយុទ្ធសាស្ត្រការបរទេសរបស់ប្រទេសឥណ្ឌា ដើម្បីទទួលបានប្រជាប្រិយភាព ហើយជាលទ្ធផល គាត់ក៏បានឈ្នះឆ្នោតនិងបានធ្វើជានាយករដ្ឋមន្រ្តីជាលើកទី២។ លោក ម៉ូឌី តែងព្យាយាមបង្ហាញថា ខ្លួនមានទំនាក់ទំនងល្អជាមួយមេដឹកនាំនៃមហាអំណាច ដូចជាប្រធានាធិបតីដូណាល់ត្រាំរបស់សហរដ្ឋអាម៉េរិក, ប្រធានាធិបតី ស៊ី ជីនពីង របស់ចិន, ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន របស់រុស្ស៊ី និងថ្នាក់ដឹកនាំកំពូលៗផ្សេងៗទៀត។
យើងឃើញថា ការឱបនិងចាប់ដៃគ្នាជាមួយមេដឹកនាំនៃមហាអំណាចរាល់លើក មិនមែនបានមកទទេៗនោះទេ គឺមានតម្លៃជាក់លាក់របស់វា ក្រៅពីជាតម្លៃរូបីដែលអាចគណនាជាសាច់ប្រាក់ ទន្ទឹមនោះក៏នៅមានតម្លៃអរូបីខាងយុទ្ធសាស្រ្តដែលភ្ជាប់មកជាមួយដែរ។ ដោយឡែក ក្នុងករណីឱបចិនឬអាម៉េរិកវិញ ឥណ្ឌាមុខតែត្រូវបង់ថ្លៃយុទ្ធសាស្ត្រខ្ពស់ជាមិនខាន។
ជាជំហររបស់លោកនាយករដ្ឋមន្រ្តី ម៉ូឌី បានបង្ហាញច្បាស់អំពីការឱបរបស់ឥណ្ឌា ជាក់ស្ដែង កាលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ លោក ម៉ូឌី បានរៀបចំពិធីជប់លៀងមួយដ៏ធំនៅ ក្រុងហ៊ូស្តុន រដ្ឋតិចសាស់ ដោយមានប្រជាជនឥណ្ឌាមកពីទូទាំងសហរដ្ឋអាម៉េរិកចូលរួម។ ចំណែកឯលោក ត្រាំ ក៏បានចំណាយពេលប្រហែលមួយម៉ោងចូលរួមក្នុងពិធីជាមួយលោក ម៉ូឌី ដែរ។ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ លោក ត្រាំ បានចូលរួមក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋហ្គូចារ៉ាត់ (Gujarat) នៃប្រទេសឥណ្ឌា ហើយលោក ម៉ូឌី បានបង្ហាញថា រវាងលោកនិងលោក ត្រាំ មានទំនាក់ទំនងយ៉ាងជ្រាលជ្រៅនិងពោរពេញដោយមនោសញ្ចេតនា។ ឯលោក ត្រាំ វិញ ក៏បានថ្លែងនៅក្នុងសុន្ទរកថារបស់ខ្លួនថា «ម៉ូឌី ជាមេដឹកនាំលេចធ្លោម្នាក់និងជាបុរសម្នាក់ដែលខ្ញុំមានមោទនភាពក្នុងការហៅថា មិត្តភក្តិពិតរបស់ខ្ញុំ»។
ការណ៍នេះ មិនមែនជាអ្វីដែលបានមកដោយទទេៗនោះទេ។ ឥណ្ឌាត្រូវបង់ដោយការដើរតួជាសម្ព័ន្ធមិត្តយុទ្ធសាស្រ្តនិងជាមិត្តដែលទុកចិត្តរបស់សហរដ្ឋអាម៉េរិក។
មែនទែនទៅ ឥណ្ឌាឬការសម្លឹងរបស់លោក ម៉ូឌី រំពឹងថា សហរដ្ឋអាម៉េរិក អូស្រ្តាលី និងបណ្តាប្រទេសអឺរ៉ុបជាច្រើនទៀត នឹងដកហូតទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយចិន ហើយងាកមកសម្លឹងមើលប្រទេសឥណ្ឌាដែលជាដៃគូនិងជាសម្ព័ន្ធមិត្តរបស់ពួកគេ និងផ្លាស់ចង្វាក់ផលិតកម្មរបស់ពួកគេ ដែលមានមូលដ្ឋាននៅចិន មកដាក់នៅមូលដ្ឋានថ្មី គឺឥណ្ឌានោះឯង។
នៅចំពោះមុខកូវីដ-១៩ សេដ្ឋកិច្ចឥណ្ឌាត្រូវបានគេព្យាករថា នឹងធ្លាក់ចុះ។ ប៉ុន្តែ ឥណ្ឌាហាក់រំពឹងថា ខ្លួននឹងទទួលបានទំហំពាណិជ្ជកម្មដ៏ធំទាំងជាមួយសហភាពអឺរ៉ុប ទាំងជាមួយសហរដ្ឋអាម៉េរិក ហើយនៅពេលនេះ ក្រុមហ៊ុនអាម៉េរិកមួយចំនួនក៏បានផ្លាស់ប្ដូរទីតាំងផលិតពីប្រទេសចិនទៅឥណ្ឌា ហើយសម្ព័ន្ធមិត្រដ៏ជិតស្និទ្ធរបស់អាម៉េរិក គឺជប៉ុន ក៏បានប្រកាសនយោបាយផ្ដល់ជំនួយថវិកាដល់ក្រុមហ៊ុនជប៉ុនឱ្យផ្លាស់ទីតាំងផលិតចេញពីប្រទេសចិនដែរ។
ទោះយ៉ាងណា វាមិនមានការធានាច្បាស់លាស់ទេថា ក្រុមហ៊ុនអាម៉េរិកទាំងអស់នឹងផ្លាស់ទីទៅកាន់ប្រទេសឥណ្ឌានោះ ព្រោះថា ជាក់ស្តែង មកទល់ពេលនេះ មានក្រុមហ៊ុនអាម៉េរិកតិចជាង ៥% ដែលបានផ្លាស់ទៅឥណ្ឌា បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិកនិងចិន។ ដូច្នេះ វាក៏មិនធានានូវអត្រាកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌាទេ ដោយសារតម្រូវការពិតប្រាកដសម្រាប់ផលិតផលឥណ្ឌានៅលើទីផ្សារអន្តរជាតិ ទំនងជាមិនមានការកើនឡើងទេក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះទេ។
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ លោក ម៉ូឌី បានប្រកាសពីនយោបាយមួយឈ្មោះថា “Atmanirbhar Bharat” (ខ្លួនទីពឹងខ្លួន) រួមជាមួយកញ្ចប់ជំនួយសេដ្ឋកិច្ចដែលមានទឹកប្រាក់ ប្រមាណ ២៦០ ០០០លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីលើកទឹកចិត្តដល់ការស្ដារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។
ចិនប្រាកដជាយល់ដឹងច្បាស់អំពីចេតនារបស់លោក ម៉ូឌី មួយនេះ ចំពោះការអនុវត្តគោលនយោបាយតឹងរឹងលើការវិនិយោគផ្ទាល់ពីបរទេស ជាពិសេស ពីចិន និងការងាករបស់ឥណ្ឌាទៅស្វាគមន៍ចំពោះក្រុមហ៊ុនអាម៉េរិកដែលចង់ផ្លាស់ទីពីចិនមកប្រទេសឥណ្ឌា។ ស្ថានភាពនេះ បានធ្វើឱ្យចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូររបស់ប្រទេសឥណ្ឌា ខណៈដែលប្រទេសទាំងពីរមានព្រំដែនជាមួយគ្នាចម្ងាយប្រមាណ ៣ ៤០០គីឡូម៉ែត្រ។ អ្នកយុទ្ធសាស្ត្រចិនគិតថា ប្រទេសឥណ្ឌាកំពុងដើរតួជាតំណាងរបស់សហរដ្ឋអាម៉េរិកនៅក្នុងការបិទផ្លូវនេះ។
ដើមឡើយ ប្រទេសចិនយល់ថា បញ្ហានេះជាបញ្ហានយោបាយនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែបន្ទាប់ពីហេតុការណ៍ផ្សេងៗទៀតបានកើតជាបន្តបន្ទាប់ រួមមាន ការផ្លាស់ប្តូរគោលនយោបាយលើបញ្ហាកោះតៃវ៉ាន់, ការរឹតត្បិតការវិនិយោគរបស់ចិននៅឥណ្ឌា, ការគាំទ្រដល់ការរៀបចំរចនាសម្ព័ន្ធថ្មីរបស់អង្គការសុខភាពពិភពលោក, ការគាំទ្រដល់ការស៊ើបអង្កេតអន្តរជាតិអំពីដើមកំណើតនៃការផ្ទុះឡើងជំងឺកូវីដ-១៩, ការចូលរួមពេញលេញវេទិកា Quad (The Quadrilateral Security Dialogue - QSD, also known as the Quad) និងកិច្ចព្រមព្រៀងការពារជាតិជាមួយប្រទេសអូស្រ្តាលី ជាហេតុនាំឱ្យចិនកាន់តែមានការសង្ស័យកាន់តែខ្លាំងឡើងចំពោះ «យុទ្ធសាស្រ្តថ្មីចំពោះចិន» របស់ឥណ្ឌា។
អ្នកជំនាញនយោបាយជាច្រើនមើលឃើញថា ម៉ូឌី បានផ្លាស់ប្តូរគំនិតរបស់គាត់ ដោយបោះបង់ចោលភាពជាដៃគូជាមួយចិន និងចង់បន្ថែមជំហានរបស់ឥណ្ឌាចូលទៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលចិនកំពុងមានឥទ្ធិពល។ «យុទ្ធសាស្ត្រថ្មីចំពោះចិន» របស់ឥណ្ឌា ត្រូវបានគេមើលឃើញថា ឥណ្ឌានឹងមានការចំណាយខ្ពស់ជាមិនខាន ហើយថា ការមិនយកចិត្តទុកដាក់លើមេរៀនពីសង្គ្រាមចិន-ឥណ្ឌាឆ្នាំ១៩៦២ អាចនឹងដឹកនាំប្រទេសឱ្យស្ថិតលើផ្លូវគ្រោះមហន្តរាយ។
ទោះយ៉ាងណាក៏ដោយ ក៏ក្រៅអំពីហេតុផលខាងសេដ្ឋកិច្ច ប្រទេសឥណ្ឌានៅតែជាប្រទេសមួយដែលមានសក្ដានុពលខាងអំណាចយោធាមិនអន់នោះទេ ជាមហិច្ឆតា ឥណ្ឌាក៏មិនដែលទុកខ្លួនជាលេខ២ ហើយទុកចិនជាលេខ១ នោះដែរ។ ដូច្នេះ ការពង្រីកដែនភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ច ជាអ្វីដែលឥណ្ឌាមិនអាចមិនយកចិត្តទុកដាក់នោះទេ។ សព្វថ្ងៃទោះបីជាមិនចង់ថា ចិនលេខ១ នៅអាស៊ីទាំងសេដ្ឋកិច្ចនិងនយោបាយក៏ដោយ ក៏ក្នុងតថភាពវាដូច្នោះស្រាប់ទៅហើយ ប៉ុន្តែប្រទេសមួយដែលមានចំនួនប្រជាជនមិនតិចជាងចិន ជាមួយនឹងកម្លាំងពលកម្មវ័យក្មេងនិងប្រកបដោយសក្ដានុពលមួយនោះ មុខតែមិនសុខចិត្តនៅស្ងៀមនោះទេ៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
ជំនួបពិភាក្សាទ្វេភាគីមួយ រវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក ស្រី ឧកញ៉ា កែវ មុំ តំណាងសមាគមអភិវឌ្ឍសុខមាលភាពអាស៊ីអាគ្នេយ៍ប្រជាជនចិន ស្តីពី«ការបណ្តុះបណ្តាលភាសាចិនដល់និស្ស...
ព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ដឹកនាំការប្រជុំពិភាក្សា និងវាយតម្លៃល...
ថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍បានចំនួន០៣ពា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំនូវសិក្ខាសាលាមួយស្ដីពី «កម្មវិធីអូស៊ីអខ្មែរ និងអក្សរខ្មែរបុរាណក្នុងបច្ចេកវិទ្យាព័ត៌មាន» ដោយវាគ្មិន៣រូបគឺ បណ្ឌិត ឈិត វណ្ណា...
កាលពីថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២៖៣០ នាទីរសៀល នៅសាលនាងនួននៃរាជបណ្ឌិត្យសភាកម្ពុជា ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវបានរៀបចំកម្មវិធី...
កាលពីថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៩៖៣០ នាទីព្រឹក នៅសាលនាងនួននៃរាជបណ្ឌិត្យសភាកម្ពុជា ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវបានរៀបចំកម្មវិធ...