ព័ត៌មាន

គោលនយោបាយនិងយុទ្ធសាស្រ្តឥណ្ឌាចំពោះចិន ដោយ៖ ធន ឆាយពិសិដ្ឋ មន្រ្តីស្រាវជ្រាវនៃនាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិ នៃ​វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

2020-10-19 09:49:48 ថ្ងៃច័ន្ទ, 19 តុលា 2020, 09:49 AM
post_detail

ចិននិងឥណ្ឌា ជាប្រទេសធំបំផុតពីរនៅអាស៊ី ហើយក៏ជាប្រទេសដែលមានប្រជាជនច្រើនបំផុតពីរនៅលើពិភពលលោក​ផង​ដែរ។ ក្រៅពីទំហំទឹកដីនិងចំនួនប្រជាជន ប្រទេសទាំងពីរក៏មានវប្បធម៌និងអរិយធម៌ដែលមានប្រវត្តិសាស្រ្តដ៏យូរអង្វែងនិងមានឥទ្ធិពលដល់មនុស្សជាតិដូចគ្នា។

ចិននិងឥណ្ឌាមានទំនាក់ទំនងល្អលើវិស័យធុរកិច្ចនិងសេដ្ឋកិច្ច ប៉ុន្តែលើវិស័យភូមិសាស្រ្តនយោបាយវិញ មិនសូវល្អទេ។ ប្រទេសទាំងពីរ គឺជាគូប្រជែងដ៏ធំរវាងគ្នា ជាពិសេស ឥណ្ឌាចាត់ទុកចិន ដូចជាបន្លាក្នុងភ្នែករបស់ខ្លួន។ មិនថាយ៉ាងណាទេ កាលណានិយាយអំពីសេដ្ឋកិច្ច ចិនគឺមិននៅក្រោមនរណាទាំងអស់ សូម្បីសហរដ្ឋអាម៉េរិក។ ដូច្នេះ បើ​ធៀប​ទៅនឹងឥណ្ឌាវិញ ជាតថភាព លំដាប់របស់ចិនគឺនៅខ្ពស់ជាងឥណ្ឌា ហើយបើនិយាយអំពីភូមិសាស្រ្តនយោបាយ ចិនក៏បានដើរលឿនជាងឥណ្ឌាដែរ។ នៅក្នុង​ស​ភាពជាតួរងបែបនេះ ឥណ្ឌាក៏ដូចជាថ្នាក់ដឹកនាំរបស់ខ្លួន មុខតែមិនស្រណុកចិត្តនោះទេ ហើយក៏អាចជាហេតុដែលយើងឃើញ «យុទ្ធសាស្រ្តថ្មីចំពោះចិន» របស់ឥណ្ឌា​បានបង្ហាញអំពីភាពបដិបក្ខយ៉ាងច្បាស់ក្រឡែត។

ក្នុងអំឡុងពេលបោះឆ្នោតទូទៅនៅឆ្នាំ២០១៩ លោក ម៉ូឌី បានកែគោលនយោបាយនិងយុទ្ធសាស្ត្រការបរទេសរបស់ប្រទេស​ឥណ្ឌា ដើម្បីទទួលបានប្រជាប្រិយភាព ហើយជាលទ្ធផល គាត់ក៏បានឈ្នះឆ្នោតនិងបានធ្វើជានាយករដ្ឋមន្រ្តីជាលើកទី២។ លោក ម៉ូឌី តែងព្យាយាមបង្ហាញថា ខ្លួនមានទំនាក់ទំនងល្អជាមួយមេដឹកនាំនៃមហាអំណាច ដូចជាប្រធានា​ធិបតីដូណាល់ត្រាំរបស់សហរដ្ឋអាម៉េរិក, ប្រធានាធិបតី ស៊ី ជីនពីង របស់ចិន, ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន របស់​រុស្ស៊ី និងថ្នាក់ដឹកនាំកំពូលៗផ្សេងៗទៀត។

យើងឃើញថា ការឱបនិងចាប់ដៃគ្នាជាមួយមេដឹកនាំនៃមហាអំណាចរាល់លើក មិនមែនបានមកទទេៗនោះទេ គឺមានតម្លៃជាក់លាក់របស់វា ក្រៅពីជាតម្លៃរូបីដែលអាចគណនាជាសាច់ប្រាក់ ទន្ទឹមនោះក៏នៅមានតម្លៃអរូបីខាងយុទ្ធសាស្រ្តដែលភ្ជាប់​មក​ជាមួយដែរ។ ដោយឡែក ក្នុងករណីឱបចិនឬអាម៉េរិកវិញ ឥណ្ឌាមុខតែត្រូវបង់ថ្លៃយុទ្ធសាស្ត្រខ្ពស់ជាមិនខាន។

ជាជំហររបស់លោកនាយករដ្ឋមន្រ្តី ម៉ូឌី បានបង្ហាញច្បាស់អំពីការឱបរបស់ឥណ្ឌា ជាក់ស្ដែង កាលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ លោក ម៉ូឌី បានរៀបចំពិធីជប់លៀងមួយដ៏ធំនៅ ក្រុងហ៊ូស្តុន រដ្ឋតិចសាស់ ដោយមានប្រជាជនឥណ្ឌាមកពីទូទាំងសហរដ្ឋអាម៉េរិក​ចូលរួម។ ចំណែកឯលោក ត្រាំ ក៏បានចំណាយពេលប្រហែលមួយម៉ោងចូលរួមក្នុងពិធីជា​មួយ​លោក ម៉ូឌី ដែរ។ នៅថ្ងៃ​ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ លោក ត្រាំ បានចូលរួមក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋហ្គូចារ៉ាត់ (Gujarat) នៃប្រទេសឥណ្ឌា ហើយលោក ម៉ូឌី បានបង្ហាញថា រវាងលោកនិងលោក ត្រាំ មានទំនាក់ទំនងយ៉ាងជ្រាលជ្រៅនិងពោរពេញដោយមនោ​សញ្ចេតនា។​ ឯលោក ត្រាំ វិញ ក៏បានថ្លែងនៅក្នុងសុន្ទរកថារបស់ខ្លួនថា «ម៉ូឌី ជាមេដឹកនាំលេចធ្លោម្នាក់និងជាបុរសម្នាក់ដែលខ្ញុំមានមោទនភាពក្នុងការហៅថា មិត្តភក្តិពិតរបស់ខ្ញុំ»។

ការណ៍នេះ មិនមែនជាអ្វីដែលបានមកដោយទទេៗនោះទេ។ ឥណ្ឌាត្រូវបង់ដោយការដើរតួជាសម្ព័ន្ធមិត្តយុទ្ធសាស្រ្តនិងជាមិត្តដែលទុកចិត្តរបស់សហរដ្ឋអាម៉េរិក។

មែនទែនទៅ ឥណ្ឌាឬការសម្លឹងរបស់លោក ម៉ូឌី រំពឹងថា សហរដ្ឋអាម៉េរិក អូស្រ្តាលី និងបណ្តាប្រទេសអឺរ៉ុបជាច្រើនទៀត នឹងដកហូតទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយចិន ហើយងាកមកសម្លឹងមើលប្រទេសឥណ្ឌាដែលជាដៃគូនិងជាសម្ព័ន្ធមិត្តរបស់ពួកគេ និងផ្លាស់ចង្វាក់ផលិតកម្មរបស់ពួកគេ ដែលមានមូលដ្ឋាននៅចិន មកដាក់នៅមូលដ្ឋានថ្មី គឺឥណ្ឌា​នោះឯង។

នៅចំពោះមុខកូវីដ-១៩ សេដ្ឋកិច្ចឥណ្ឌាត្រូវបានគេព្យាករថា នឹងធ្លាក់ចុះ។ ប៉ុន្តែ ឥណ្ឌាហាក់រំពឹងថា ខ្លួននឹងទទួលបានទំហំពាណិជ្ជកម្មដ៏ធំទាំងជាមួយសហភាពអឺរ៉ុប ទាំងជាមួយសហរដ្ឋអាម៉េរិក ហើយនៅពេលនេះ ក្រុមហ៊ុនអាម៉េរិកមួយ​ចំនួនក៏បានផ្លាស់ប្ដូរទីតាំងផលិតពីប្រទេសចិនទៅឥណ្ឌា ហើយសម្ព័ន្ធមិត្រដ៏ជិតស្និទ្ធរបស់អាម៉េរិក គឺជប៉ុន ក៏បានប្រកាសនយោបាយផ្ដល់ជំនួយថវិកាដល់ក្រុមហ៊ុនជប៉ុនឱ្យផ្លាស់ទីតាំងផលិតចេញពីប្រទេសចិនដែរ។

ទោះយ៉ាងណា វាមិនមានការធានាច្បាស់លាស់ទេថា ក្រុមហ៊ុនអាម៉េរិកទាំងអស់នឹងផ្លាស់ទីទៅកាន់ប្រទេសឥណ្ឌានោះ ព្រោះថា ជាក់ស្តែង មកទល់ពេលនេះ មានក្រុមហ៊ុនអាម៉េរិកតិចជាង ៥% ដែលបានផ្លាស់ទៅឥណ្ឌា បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិកនិងចិន។ ដូច្នេះ វាក៏មិនធានានូវអត្រាកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌាទេ ដោយសារតម្រូវការពិតប្រាកដសម្រាប់ផលិតផល​ឥណ្ឌានៅលើទីផ្សារអន្តរជាតិ ទំនងជាមិនមានការកើនឡើងទេក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះទេ។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ លោក ម៉ូឌី បានប្រកាសពីនយោបាយមួយឈ្មោះថា “Atmanirbhar Bharat” (ខ្លួនទីពឹងខ្លួន) រួមជាមួយកញ្ចប់ជំនួយសេដ្ឋកិច្ចដែលមានទឹកប្រាក់ ប្រមាណ ២៦០ ០០០លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីលើកទឹកចិត្តដល់ការស្ដារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។

ចិនប្រាកដជាយល់ដឹងច្បាស់អំពីចេតនារបស់លោក ម៉ូឌី មួយនេះ ចំពោះការអនុវត្តគោលនយោបាយតឹងរឹងលើការវិនិយោគផ្ទាល់ពីបរទេស ជាពិសេស ពីចិន និងការងាករបស់ឥណ្ឌាទៅស្វាគមន៍ចំពោះក្រុមហ៊ុនអាម៉េរិកដែលចង់ផ្លាស់​ទីពីចិនមកប្រទេសឥណ្ឌា។ ស្ថានភាពនេះ បានធ្វើឱ្យចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូររបស់ប្រទេសឥណ្ឌា ខណៈដែលប្រទេសទាំងពីរមានព្រំដែនជាមួយគ្នាចម្ងាយប្រមាណ ៣ ៤០០គីឡូម៉ែត្រ។ អ្នកយុទ្ធសាស្ត្រចិនគិតថា ប្រទេសឥណ្ឌាកំពុងដើរតួជាតំណាងរបស់សហរដ្ឋអាម៉េរិកនៅក្នុងការបិទផ្លូវនេះ។

ដើមឡើយ ប្រទេសចិនយល់ថា បញ្ហានេះជាបញ្ហានយោបាយនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែបន្ទាប់ពីហេតុការណ៍ផ្សេងៗទៀតបានកើតជាបន្តបន្ទាប់ រួមមាន ការផ្លាស់ប្តូរគោលនយោបាយលើបញ្ហាកោះតៃវ៉ាន់, ការរឹតត្បិតការវិនិយោគរបស់​ចិននៅឥណ្ឌា, ការគាំទ្រដល់ការរៀបចំរចនាសម្ព័ន្ធថ្មីរបស់អង្គការសុខភាពពិភពលោក, ការគាំទ្រដល់ការស៊ើបអង្កេតអន្តរជាតិអំពីដើមកំណើតនៃការផ្ទុះឡើងជំងឺកូវីដ-១៩, ការចូលរួមពេញលេញវេទិកា Quad (The Quadrilateral Security Dialogue - QSD, also known as the Quad) និងកិច្ចព្រមព្រៀងការពារជាតិជាមួយប្រទេសអូស្រ្តាលី ជាហេតុនាំឱ្យចិនកាន់តែមានការសង្ស័យកាន់តែខ្លាំងឡើងចំពោះ «យុទ្ធសាស្រ្តថ្មីចំពោះចិន» របស់ឥណ្ឌា។

អ្នកជំនាញនយោបាយជាច្រើនមើលឃើញថា ម៉ូឌី បានផ្លាស់ប្តូរគំនិតរបស់គាត់ ដោយបោះបង់ចោលភាពជាដៃគូជាមួយ​​ចិន និងចង់បន្ថែមជំហានរបស់ឥណ្ឌាចូលទៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលចិនកំពុងមានឥទ្ធិពល។ «យុទ្ធសាស្ត្រថ្មីចំពោះចិន» របស់ឥណ្ឌា ត្រូវបានគេមើលឃើញថា ឥណ្ឌានឹងមានការចំណាយខ្ពស់ជាមិនខាន ហើយថា ការមិនយកចិត្តទុកដាក់លើមេរៀន​ពីសង្គ្រាមចិន-ឥណ្ឌាឆ្នាំ១៩៦២ អាចនឹងដឹកនាំប្រទេសឱ្យស្ថិតលើផ្លូវគ្រោះមហន្តរាយ។

ទោះយ៉ាងណាក៏ដោយ ក៏ក្រៅអំពីហេតុផលខាងសេដ្ឋកិច្ច ប្រទេសឥណ្ឌានៅតែជាប្រទេសមួយដែលមានសក្ដានុពលខាងអំណាចយោធាមិនអន់នោះទេ ជាមហិច្ឆតា ឥណ្ឌាក៏មិនដែលទុកខ្លួនជាលេខ២ ហើយទុកចិនជាលេខ១ នោះដែរ។ ដូច្នេះ ការពង្រីក​ដែន​ភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ច ជាអ្វីដែលឥណ្ឌាមិនអាចមិនយកចិត្តទុកដាក់នោះទេ។ សព្វថ្ងៃ​ទោះបីជាមិនចង់ថា ចិនលេខ១ នៅអាស៊ីទាំងសេដ្ឋកិច្ចនិងនយោបាយក៏ដោយ ក៏ក្នុងតថភាពវាដូច្នោះស្រាប់ទៅហើយ ប៉ុន្តែប្រទេសមួយដែលមានចំនួនប្រជាជនមិនតិចជាងចិន ជាមួយនឹងកម្លាំងពលកម្មវ័យក្មេងនិងប្រកបដោយសក្ដានុពលមួយនោះ មុខតែមិនសុខចិត្ត​នៅស្ងៀមនោះទេ៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា


អត្ថបទទាក់ទង

ឯកឧត្តមបណ្ឌិត គិន​ ភា ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតបង់ក្លាដែស

កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តមបណ្ឌិតសភាចារ្...

2019-10-11 11:29:30   Fri, 11,10,2019, 11:29 AM
Why Put Pressure on Cambodia in Your Own Issues?

Cambodia is officially known as the Kingdom of Cambodia, is a sovereign state located in the southern portion of the Indochina peninsula in Southeast Asia. It is 181,035 square kilometers (69,898 squa...

2019-10-07 14:40:43   Mon, 07,10,2019, 02:40 PM
អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមពិធីប្រគល់រង្វាន់ជូនសិស្សនិទ្ទេស A សិស្សពូកែ និងគ្រូបង្រៀនឆ្នើម ២៨៣នាក់នៅស្រុកត្រាំកក់

អបអរសាទរ !សិស្សជ័យលាភីនិទ្ទេស A ទាំង ៤នាក់ នៃ ស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបាន ម៉ូតូ ម្នាក់ៗ ១គ្រឿងពី ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន។នៅឯរដ្ឋបាលសាលាស្រុកត្រាំកក់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្...

2019-10-03 11:44:48   Thu, 03,10,2019, 11:44 AM
តើទឹកដោះគោតេជោសែនឫស្សីត្រឹបត្រូវបានបែងចែកទៅណាខ្លះ?

នៅក្នុងរយ:ពេល២០ថ្ងៃកន្លងទៅនេះសមិទ្ធផលដែលបានមកពីការស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានយកមកចែករំលែកជាបន្ដបន្ទាប់ជារៀងរាល់ថ្ងៃជូនដល់កុមារនៅតាមសលានានា រួមមាន សាលាបឋមសិក្សា អនុវិទ្យាល័យ ចំនួន៦ សា...

2019-09-29 03:19:22   Sun, 29,09,2019, 03:19 AM
«ក្រុមការងារថ្នាក់ជាតិរាជបណ្ឌិត្យសភាកម្ពុជា ចុះកាន់បិណ្ឌវត្តមង្គលមានលក្ខណ៍និងវត្តសិរីដំណាក់»

នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងារថ្នាក់ជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់តាំងថ្នាក់ដឹកនាំនិងសមាជិកនៃក្រុម...

2019-09-21 14:48:39   Sat, 21,09,2019, 02:48 PM
«របបរាជានិយមក្នុងសង្គមខ្មែរ»

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពជានៃរាជបណ្ឌិត្យសភាកម្ពុជាបើយើងក្រឡេកមើលប្រវត្តិសាស្ត្រកម្ពុជា យើងឃើញថាប្រទេសកម្ពុជា ជាប្រទេសដែលកាន់របបរាជានិយមរាប់សតវត្សរ៍មកហើយ គឺតាំងពីការកកើតរដ្...

2019-09-21 05:26:37   Sat, 21,09,2019, 05:26 AM

សេចក្តីប្រកាស