ព័ត៌មាន

អ្នកស្រី ត្រឹង ងា ទទួលបានសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រ ពីរាជបណ្ឌិត្យសភាកម្ពុជា

2020-10-19 06:57:21 ថ្ងៃច័ន្ទ, 19 តុលា 2020, 06:57 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ អ្នកស្រី ត្រឹង ងា អ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ ត្រូវបានប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈសេចក្ដីសម្រេច លេខ ០៥២ / ២០ ស.ស.រ. ស្ដីពីការប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឥស្សរជនជាន់ខ្ពស់ដែលបានបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា។

សូមបញ្ជាក់ថា អ្នកស្រី ត្រឹង ងា មានឈ្មោះដើមថា ឡាយ ហ៊ុនគី កើតថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៣៩ នៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង (បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យ)។ អ្នកស្រី បានចាប់អាជីពជាគ្រូបង្រៀន តាំងពីឆ្នាំ១៩៥៧ នៅខេត្តបាត់ដំបង ហើយមួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៥៨ អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ត្រឹង ងា ដែលមានស្រុកកំណើតជាអ្នកស្រុកយីងចូវ ខេត្តពលលាវ កម្ពុជាក្រោម។ អ្នកស្រីឡាយ ហ៊ុនគី ក្រោយមកក៏បានផ្លាស់ឈ្មោះជាអ្នកស្រីត្រឹង ងា ។ ការផ្លាស់ឈ្មោះតាមស្វាមីនេះគឺជាការធ្វើតាមទម្លាប់បារាំងរបស់អ្នករដ្ឋការខ្មែរសម័យនោះ ។ 

នៅឆ្នាំ១៩៦២ អ្នកស្រី បានបន្តការសិក្សានៅវិទ្យាស្ថានជាតិគរុកោសល្យផ្នែកអប់រំសាស្ត្រាចារ្យ រហូតដល់ឆ្នាំ១៩៦៦ អ្នកស្រី បានបញ្ចប់​ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ និងក្លាយទៅជាគ្រូបង្រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ អ្នកស្រី បាននិពន្ធនិងបោះពុម្ពផ្សាយស្នាដៃសៀវភៅដ៏ល្បីមួយក្បាលក្នុងឆ្នាំ១៩៧៤ ឈ្មោះថា «អរិយធម៌​ខ្មែរ» ដោយបានប្រើឈ្មោះ «អ្នកស្រី ត្រឹង ងា» ជាអ្នកនិពន្ធលើសៀវភៅ។ មុនថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ អ្នកស្រីជានាយិកាវិទ្យាល័យនារី ភ្នំពេញ។ 

ក្រោយថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់អ្នកស្រី ក៏មានវាសនាមិនខុសពីប្រជាជនខ្មែរដទៃទៀតដែរ។ អ្នកស្រី និងស្វាមី ព្រមទាំងគ្រួសារ ត្រូវខ្មែរក្រហមជម្លៀសទៅភូមិក្បាលដំរីក្រោម ស្រុកកោះធំ ខេត្តកណ្ដាល។ នៅក្នុងរបបខ្មែរក្រហម អ្នកស្រី ឡាយ ហ៊ុនគី និងស្វាមី មិនបានកែឈ្មោះឫុលាក់ប្រវត្តិពិតដែលជាសាស្ត្រាចារ្យនៅក្នុងរបបសាធារណរដ្ឋខ្មែរឡើយ។ ក្រោយ​មក​នៅខែវិច្ឆិកា ឆ្នាំ១៩៧៥ ស្វាមីរបស់អ្នកស្រី គឺលោកត្រឹង ងា ត្រូវកម្មាភិបាលខ្មែរក្រហមម្នាក់បានមកជួបលោកត្រឹង ងា ហើយ​បាន«ស្នើ»ឱ្យលោកត្រឹង ងា ទៅជួយរៀបរៀងទស្សនាវដ្ដីរបស់កម្ពុជាប្រជាធិបតេយ្យ។ លោកត្រឹង ងា ត្រូវខ្មែរក្រហមបញ្ជូន​​មក​​មន្ទីរស២១ (គុកទួលស្លែង) នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៧៥ និងក្រោយមកក៏ត្រូវខ្មែរក្រហមសម្លាប់លោកនៅទីនោះ។ គ្រួសារអ្នកស្រី ត្រូវខ្មែរក្រហម ជម្លៀសចេញពីភូមិជាច្រើនលើកច្រើនសា រហូតទៅដល់ភូមិចកតូច ឃុំចកតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រោយថ្ងៃរំដោះ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ អ្នកស្រីបានបន្តរស់នៅក្នុងស្រុកមោងឫស្សី និងស្រុកមង្គលបូរី រកស៊ីលក់ដូរគ្រាន់ចិញ្ចឹមកូនៗ។ នៅឆ្នាំ១៩៨៣ អ្នកស្រី បានបន្តអាជីពក្នុងវិស័យអប់រំ ដោយបានក្លាយជានាយិកាវិទ្យាល័យមង្គលបូរី ខេត្តបាត់ដំបង (បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យ ***)។ នៅឆ្នាំ១៩៩៥ បានចូលនិវត្តន៍ពីជីវភាពក្នុងវិស័យអប់រំ។ នៅឆ្នាំ១៩៩៨ ដល់ ២០០៦ អ្នកស្រីជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ។ ក្រោយពីចូលនិវត្តន៌មក អ្នកស្រី បានចំណាយពេលវេលាភាគច្រើនរបស់អ្នកស្រីក្នុងវិស័យព្រះពុទ្ធសាសនា នៅខេត្តបន្ទាយមានជ័យ និងបានប្តូរទីលំនៅមករស់នៅជាមួយកូនប្រុសទី៣ នៅរាជធានីភ្នំពេញ នៅឆ្នាំ២០១៩ រហូតមកទល់សព្វថ្ងៃ។

សៀវភៅអរិយធម៌ខ្មែរ ដែលជាស្នាដៃរបស់អ្នកស្រី គឺជាប្រភពឯកសារដ៏ចម្បងនិងបានរួមចំណែកយ៉ាងសំខាន់សម្រាប់អ្នកសិក្សាថ្នាក់បញ្ចប់ ក៏ដូចជាអ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយ ក្នុងការសិក្សារៀនសូត្រ ពង្រីកចំណេះដឹង និងបន្តការសិក្សាស្រាវជ្រាវបន្ថែមអំពីវប្បធម៌ និងអរិយធម៌ខ្មែរ។ ដោយយោងលើសមិទ្ធផល និងការចូលរួមចំណែកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់អ្នកស្រី ក្នុងផ្នែកអក្សរសាស្ត្រនិងប្រវត្តិសាស្ត្រខ្មែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានចេញសេចក្ដីសម្រេច ប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនអ្នកស្រី ត្រឹង ងា ដើម្បីជាការតបស្នងចំពោះគុណបំណាច់ធំធេងរបស់អ្នកស្រីក្នុងបុព្វហេតុជាឧត្ដមប្រយោជន៍នៃសង្គមជាតិ៕

*** ខេត្តបន្ទាយមានជ័យ ត្រូវបង្កើតឡើងដោយក្រឹត្-ច្បាប់លេខ ៣២ ក្រច ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៨៧ របស់ក្រុមប្រឹក្សារដ្ឋ ស្ដីពីការបង្កើតខេត្តបន្ទាយមានជ័យ និងអនុក្រឹត្យលេខ១០ អនក្រ. ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៨៧ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ស្ដីពីការបង្កើតខេត្តបន្ទាយមានជ័យ ដោយកំណត់ព្រំប្រទល់ កាត់យកស្រុកចំនួន៥ ពីខេត្តបាត់ដំបង គឺស្រុកថ្មពួក ស្រុកមង្គលបូរី ស្រុកសិរីសោភ័ណ ស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ និងកាត់យកស្រុកបន្ទាយអំពិល ពីខេត្តសៀមរាបឧត្តរមានជ័យ។ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៨ ទើបប្រកាសខេត្តបន្ទាយមានជ័យផ្លូវការ។

ខាងក្រោមនេះ ជាប្រភពឯកសារនិងរូបភាពផ្សេងផ្សេងៗ របស់អ្នកស្រី ឡាយ ហ៊ុនគី (ហៅអ្នកស្រី ត្រឹង ងា)៖

(ប្រភពរូបភាព៖ http://literaturetheara.blogspot.com/2018/06/blog-post_30.html)

ដោយលោក លឹម សុវណ្ណរិទ្ធ | RAC Media

អត្ថបទទាក់ទង

Will Cambodia's ASEAN Chairmanship be able to help Myanmar resolve its crisis?

Prime Minister Hun Sen has announced that he will travel to Myanmar for a two-day visit on January 7-8 in an effort to restore normalcy to ASEAN proceedings by resolving the country's crisis and bring...

2021-12-14 04:20:58   Tue, 14,12,2021, 04:20 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជាគួរផ្ដោតលើគោលដៅទេសចរណ៍សំខាន់៥ ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ កម្ពុជាគួរផ្ដោតលើមុខព្រួញទេសចរណ៍សំខាន់៥» នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យសភាកម្ពុ...

2021-12-13 12:04:11   Mon, 13,12,2021, 12:04 PM
រាជបណ្ឌិត្យសភាកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមទេសចរណ៍កម្ពុជា និងសណ្ឋាគារធំៗចំនួន៤

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាក...

2021-12-13 11:59:26   Mon, 13,12,2021, 11:59 AM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី៣)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-13 07:47:13   Mon, 13,12,2021, 07:47 AM
«ឯកឧត្តមបណ្ឌិត យង់ ពៅ បានអញ្ជើញ ថ្លែងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនក្នុងតំបន់នៅកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២១នេះ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់...

2021-12-06 05:19:49   Mon, 06,12,2021, 05:19 AM
Should Korea seek assistance from ASEAN?

While the Republic of Korea (ROK) is one of the world's wealthiest nations, the Democratic People's Republic of Korea (North Korea) is still a developing nation. The two Koreas share the same language...

2021-12-06 05:15:51   Mon, 06,12,2021, 05:15 AM

សេចក្តីប្រកាស