ព័ត៌មាន

ឯកឧត្ដមបណ្ឌិត សួន រ៉ានី៖ ដើម្បីភាពជោគជ័យក្នុងជីវិត មនុស្សម្នាក់ៗត្រូវពង្រឹងថាមពលសំខាន់៤

2020-10-14 06:04:30 ថ្ងៃពុធ, 14 តុលា 2020 ម៉ោង 01:04 PM
អ្នកមើល 264
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការសិក្សាក្រោយឧត្ដមសិក្សា» ដែលត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត សួន រ៉ានី សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានគូសបញ្ជក់អំពីថាមពល៤ដែលបុគ្គលម្នាក់ៗត្រូវពង្រឹងដើម្បីភាពជោគជ័យក្នុងជីវិត។

ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូលខាងលើ ឯកឧត្ដមបណ្ឌិត សួន រ៉ានី បានលើកឡើងថា មនុស្សម្នាក់ៗសុទ្ធសឹងតែមានចំណង់រៀងៗខ្លួន ដែលក្នុងនោះមានដូចជា ចំណង់កាមគុណ(សេចក្ដីទាក់ទាញដែលបុគ្គលម្នាក់មាននៅពេលគាត់ស្ថិតនៅក្នុងសង្គម ឬមជ្ឈដ្ឋានមួយ) ចំណង់ឬមហិច្ឆតាចង់ក្លាយជាមេដឹកនាំ និងចំណង់មានបានជាដើម ដោយគ្មាននរណាម្នាក់ចង់មានកេរ្តិ៍ឈ្មោះមិនល្អនោះទេ ប៉ុន្តែមិនមែនមនុស្សគ្រប់រូបសុទ្ធតែអាច ឈានទៅដល់គោលដៅដែលខ្លួនចង់បាននោះដែរ។

ជាការចែករំលែកនូវទស្សនៈ និងបទពិសោធផ្ទាល់ខ្លួន ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍ថា ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត គេត្រូវកសាងភាពរឹងមាំរបស់ខ្លួនតាមរយៈការជំរុញថាមពលសំខាន់ៗចំនួន៤រួមមាន ថាមពលសុខភាព ថាមពលចិត្ត(បេះដូង) ថាមពលគំនិត(ខួរក្បាល) និងថាមពលឆន្ទៈ ដែលឯកឧត្ដមបណ្ឌិតចាត់ទុកថាជាចំណែកមួយសំខាន់ជាងគេ។ ឯកឧត្ដមបណ្ឌិតបានបន្តថា បន្ថែមពីលើការពង្រឹងថាមពលទាំង៤ ស្មារតីទទួលខុសត្រូវគឺជាគោលគំនិតសំខាន់ណាស់ សម្រាប់មនុស្សជោគជ័យ។

ឯកឧត្ដមបណ្ឌិត សួន រ៉ានី បានគូសបញ្ជាក់បន្ថែមថា យើងត្រូវប្រែក្លាយតម្រូវការទៅជាមហិច្ឆតា ដែលរស់នៅទៅតាមគោលដៅជីវិតរបស់ខ្លួន ហើយបើសិនជាមិនអាចសម្រេចបានទេនោះ យើងនឹងមិនទទួលបានជោគជ័យពិតប្រាកដក្នុងជីវិតនោះទេ៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស