Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ អញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «សារៈសំខាន់នៃការសិក្សាក្រោយឧត្ដមសិក្សា» ដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅរាជណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់អំពីដំណើរវិវត្តចំនួន៣ដែលគេត្រូវពិចារណា នៅពេលដែល ខ្លួនចាប់ផ្ដើមសិក្សាថ្នាក់ក្រោយឧត្ដមសិក្សាគឺ ការរៀបចំខ្លួនទៅជាអ្នកឯកទេស ការកសាងភាពជាអ្នកដឹកនាំនៅលើឯកទេសរបស់ខ្លួន និងការក្លាយខ្លួនទៅជាអ្នករៀបចំគោលនយោបាយសម្រាប់ជាតិលើមុខវិជ្ជាឯកទេសនោះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានវិទ្យាស្ថានស្រាវជ្រាវជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ បានមានប្រសាសន៍ថា «យើងត្រូវរៀនដើម្បីឱ្យក្លាយខ្លួនទៅជាអ្នកឯកទេស បន្ទាប់ មកយើងត្រូវពង្រឹងខ្លួនឯងទៅជាភាពជាអ្នកដឹកនាំនៅលើឯកទេសដែលយើងមាន ដើម្បីយល់ដឹងថាយើងត្រូវអភិវឌ្ឍវាដោយរបៀបណា ហើយដំណាក់កាលទីបី យើងត្រូវក្លាយខ្លួនទៅជាអ្នករៀបចំគោលនយោបាយសម្រាប់ជាតិលើមុខវិជ្ជាឯកទេសរបស់យើង»។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្តទៀតថា គេត្រូវសួរខ្លួនឯងថាជាអ្នកណា និងចង់បានអ្វី? ហើយមានសំណួរខ្លះ គេមិនអាចសួរអ្នកដទៃបាននោះទេ គឺត្រូវតែសួរទៅកាន់ខ្លួនឯងវិញ ព្រោះស្ថាន ភាពរវាងបុគ្គលម្នាក់ៗ និងពីពេលវេលាមួយទៅពេលវេលាមួយទៀតវាមានភាពខុសគ្នា ដូច្នេះមិនអាចមានចម្លើយដូចគ្នាតែមួយចំពោះមនុស្សគ្រប់រូបទេ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការសិក្សានៅថ្នាក់ក្រោយឧត្ដមសិក្សាថា ការសិក្សានៅក្រោយឧត្ដមសិក្សាគឺជាការសិក្សាស្រាវជ្រាវកាន់តែស៊ីជម្រៅ ដោយសារចំណេះដឹងថ្មីៗតែងតែកើតមានជាបន្តបន្ទាប់ ដែលទាមទារឱ្យអ្នកសិក្សាស្រាវជ្រាវត្រូវពង្រឹងនិងពង្រីកសមត្ថភាពរបស់ខ្លួនបន្ថែម។ ឯកឧត្ដមបណ្ឌិត សភាចារ្យ ក៏បានលើកឡើងផងដែរអំពីការវិវត្តនៃស្ថានភាពអប់រំនៅកម្ពុជាបច្ចុប្បន្ន ដោយក្រសួងអប់រំ យុវជន និងកីឡាបានផ្ដោតការយកចិត្តទុកដាក់ទៅលើការអប់រំស្ទែម (STEM) ដែលរួមមាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វករ និងគណិតវិទ្យា ហើយក្នុងពេលចុងក្រោយ ក្រសួងបានឈានទៅផ្ដោតការយកចិត្តទុកដាក់បន្ថែមទៅលើការអប់រំតាមបែប ឌីជីថល៕
RAC Media | លឹម សុវណ្ណរិទ្ធ
ព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យ...
នៅឆ្នាំ៨០២ ព្រះបាទជ័យវរ្ម័នទី២ បានប្រកាសរាជ្យ នៅរាជធានី «មហេន្ទ្របវ្វ៌ត»នេះ។ ក្រុមការងារស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត យង់ ពៅ បានបន្តកិច្ចការ ស្រាវជ្រាវនៅតំបន់ភ្នំគូលែន ដែលជាអត...
នៅក្នុងសម័យកាលកើតសង្គ្រាមលោកលើកទី១ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ត្រូវបញ្ជូនទៅតំបន់ក្នុងសមរភូមិនៅអឺរ៉ុប ដើម្បីជួយដល់កងទ័ពបារាំងវាយកម្ទេចបច្ចាមិត្ត ហើយយុទ្ធជនកម្ពុជាជាច្រើនបានពលីជីវិត ដើម្បីបុព្វហេតុមួយដែ...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចពិភាក្សាតុមូលមួយស្ដីពី «សេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ស្ដីពីការប្រកាសដំណើរការនីតិវិ...