Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញផ្ដល់អនុសាសន៍ក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «សារៈសំខាន់នៃការសិក្សាក្រោយឧត្ដមសិក្សា» ដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅរាជណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់អំពី ភាពចាំបាច់ក្នុងការយកគំនិតទស្សនៈរបស់បញ្ញវន្តដើម្បីអភិវឌ្ឍប្រទេសជាតិប្រកបដោយភាពជោគជ័យ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា ប្រទេសជាតិមួយអាចរីកចម្រើនទៅបាន គឺអាស្រ័យនៅលើអ្នកសិក្សាស្រាវជ្រាវ ព្រោះគេមិនត្រូវយកការងារធ្វើជាបទពិសោធទេ គឺត្រូវយកគំនិតទស្សនៈរបស់បញ្ញវន្តធ្វើជាបទពិសោធដើម្បីភាពជោគជ័យក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់បន្ថែមថា «កាលណាគេយកលទ្ធផលដែលអ្នកវិទ្យាសាស្ត្រទៅធ្វើជាបទពិសោធ នៅពេលស្រាវជ្រាវរកឃើញអ្វីមួយ ហើយយកកិច្ចការនោះមកធ្វើ ប្រទេសជាតិនឹងមានការរកចម្រើន ព្រោះបើសិនជាបទពិសោធរបស់មនុស្សម្នាក់មកធ្វើ វានឹងប៉ះពាល់ធ្ងន់ វាគ្រោះថ្នាក់ដល់សង្គម»។
ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្ថែមថា ក្នុងនាមជាបញ្ញវន្ត ជាអ្នកសិក្សាស្រាវជ្រាវ គេត្រូវយកស្នាដៃសិក្សាស្រាវជ្រាវរបស់ខ្លួនទៅតម្កល់នៅក្នុងបណ្ណាល័យ ដើម្បីរក្សាទុកជាប្រភពឯកសារសម្រាប់ការសិក្សា និងដើម្បីជាមូលដ្ឋានឯកសារសម្រាប់ឱ្យអ្នកសិក្សាស្រាវជ្រាវមានការបន្តគ្នាពីមួយជំនាន់ទៅមួយជំនាន់ទៀត យើងមិនត្រូវមានការបិទបាំងនោះទេ។ ការបន្តការសិក្សានៅថ្នាក់ក្រោយឧត្ដមសិក្សាគឺជាការសម្រួចជំនាញរបស់ខ្លួន ឱ្យកាន់តែខ្លាំងនិងរឹងមាំ ហើយគេ គួរតែតម្រង់គោលដៅឱ្យខ្លួនឯងក្លាយទៅជាអ្នកមានសមត្ថភាពគ្រប់គ្រាន់និងពេញលេញក្នុងការរៀបចំគោលនយោបាយ ឬការសម្រេចចិត្តនានាដែលមានប្រសិទ្ធភាពសម្រាប់ស្ថាប័ននិងសង្គមជាតិ មិនមែនសិក្សាដើម្បីតែយកសញ្ញាបត្របំពេញលក្ខខណ្ឌតែងតាំងតំណែងឬឋានៈនោះទេ។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច។
ជាអនុសាសន៍ក្នុងឱកាសបិទបញ្ចប់កិច្ចពិភាក្សាតុមូល ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍សង្កត់ធ្ងន់ថា នៅក្នុងការបណ្ដុះបណ្ដាលនិស្សិតថ្នាក់ក្រោយឧត្ដមសិក្សា សាស្ត្រាចារ្យណែនាំត្រូវផ្ដល់ដល់និស្សិតដែលខ្លួនណែនាំនូវចំណេះដឹង និងការសម្រួចជំនាញរបស់ខ្លួន និងត្រូវជំរុញពួកគេឱ្យសម្លឹងឆ្ពោះទៅគោលដៅចូលរួមចំណែកការអភិវឌ្ឍប្រទេសជាតិ ដោយត្រូវតែបន្សល់នូវស្នាដៃនិងសមិទ្ធផលដែលជាគុណតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ និងសម្រាប់សង្គមជាតិមួយនេះ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ក្នុងគោលបំណងនៃការសម្របសម្រួលលើកិច្ចសហការស្រាវជ្រាវវិទ្យាសាស្ត្រ អប់រំ កសិកម្ម និងទេសចរណ៍ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យ អ៊ូប៊ុនរ៉ាឆាថានីរាជបាតនៃព្រះរាជាណាចក្រថៃ បានព្រមព្រៀងចុះអនុស្សរណៈយោគយល់...
ការងារជាអាទិភាពចំនួន៥ ដែលនឹងត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រេចគោលដៅ ដោយសម្តចបានលើកឡើងថា ដើម្បីបន្តអភិវឌ្ឍទីក្រុងទូទាំងប្រទេសកម្ពុជា ជាទីក្រុងស្អាតបៃតង មានការអភិវឌ្ឍប្រកបដោយចីរភាព និងជា...
នៅក្នុងនិក្ខេបបទថ្នាក់បណ្ឌិតដែលមានចំណងជើងថា«ប្រទេសកម្ពុជានិងអាណានិគមកម្មបារាំង, ប្រវត្តិនៃអាណានិគមកម្មមួយដែលគ្មានការប៉ះទង្គិច» នោះ លោក Alain Forest បានសរសេរបន្តថា ការអំពាវនាវជ្រើសរើសទាហានស្ម័គ្រចិត្តទ...
បច្ចេកសព្ទរបស់គណៈកម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន ០៦ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ កាលពីថ្ងៃពុធ ១ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសា...
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឍមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងសហការី (កញ្ញា វុធ សុភក្ដ្រណា ប្រធានវិទ្យាស្ថាន ខុង ជឺនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ចាន់ វណ្ឌី អនុប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរា...