ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលចួប និងពិភាក្សាការងារជាមួយឯកឧត្ដមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត

2020-10-12 07:03:32 ថ្ងៃច័ន្ទ, 12 តុលា 2020, 07:03 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលចួបនិងពិភាក្សាការងារជាមួយនឹងឯកឧត្ដម អ៊ែម៊ែនែហ្សីលឌូ គូបប៉ា ឡូប៉េស (ERMENEGILDO KUPA LOPES) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបេតយ្យទីម័រខាងកើតប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីពិនិត្យមើលលើលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយនឹងស្ថាប័ននានា នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត។

ក្នុងឱកាសជំនួបពិភាក្សាការងារ នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ជម្រាបជូនដល់ឯកឧត្ដមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត ថា កម្ពុជានិងទីម័រខាងកើត គឺជាប្រទេសដែលមានប្រវត្តិសាស្ត្រស្រដៀងគ្នា ដោយកម្ពុជានិងទីម័រខាងកើតសុទ្ធសឹងជាប្រទេសដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមបរទេស និងបានតស៊ូដើម្បីដណ្ដើមឯករាជ្យជូនជាតិដូចគ្នា ដែលត្រូវតែធ្វើកិច្ចសហប្រតិបត្តិការនិងរក្សាទំនាក់ទំនងល្អជាមួយគ្នា។

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា គឺជាស្ថាប័នស្រាវ ជ្រាវដែលមានឧបនិស្ស័យលើវិស័យសំខាន់ៗជាច្រើន ដោយមានវិទ្យាស្ថានជំនាញសរុបចំនួន៧ ធ្វើកិច្ចការងារទាំងទៅលើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងវិទ្យាសាស្ត្រ។ ជាទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ថា ដើម្បីជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាដំណើរការអភិវឌ្ឍប្រទេស ភាគីទាំងពីរ គួរតែផ្ដោតកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត តួយ៉ាងដូចជា វិស័យកសិកម្ម និងវិស័យទេសចរណ៍ជាដើម។ បន្ថែមពីនេះ កិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវរវាងប្រទេសទាំងពីរ គួរតែត្រូវបានជំរុញឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការចុះអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នស្រាវជ្រាវនៃប្រទេសទាំងពីរ កម្ពុជា-ទីម័រខាងកើត។

ឯកឧត្ដមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត បានថ្លែងអំណរគុណដល់ឯកឧត្ដមបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលបានរៀបចំជំនួបដ៏មានសារសំខាន់នេះ ហើយភាគីទីម័រខាងកើត បានមើលឃើញនូវចំណុចជាច្រើនដែលត្រូវសិក្សាពីកម្ពុជា ក្នុងនោះរួមមានដូចជា ការអភិវឌ្ឍខេត្តនៅតាមបណ្ដោយព្រំដែន ការអភិវឌ្ឍលើវិស័យទេសចរណ៍និងការធ្វើបដិសណ្ឋារកិច្ចរបស់កម្ពុជាចំពោះភ្ញៀវទេសចរជា ដើម។

ជាលទ្ធផលនៃជំនួបពិភាក្សាការងារនាព្រឹកនេះ ភាគីទាំងពីរបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការដោយផ្ដោតសំខាន់ លើ៥ចំណុចគឺ៖

១. កិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នាលើវិស័យកសិកម្ម

២. កិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នាលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច

៣ កិច្ចសហប្រតិបត្តិការក្នុងរៀបចំសិក្ខាសាលា និងវេទិកាវិទ្យាសាស្ត្ររួមគ្នា

៤. កិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នាលើវិស័យពាក់ព័ន្ធសំខាន់ៗផ្សេងទៀត

៥. រាជបណ្ឌិត្យសភាកម្ពុជាផ្ដល់ជូនដល់ភាគីទីម័រខាងកើតនូវអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

«ក្រុមការងារស្រាវជ្រាវផ្នែកគណិតវិទ្យានិងស្ថិតិ គ្រោងនឹងផ្សព្វផ្សាយស្នាដៃ»

ផ្នែកគណិតវិទ្យានិងស្ថិតិ គឺជាផ្នែកមួយរបស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា។ ផ្នែកនេះ មានប្រធានផ្នែកមួយរូប និងមានមន្រ្តីបម្រើការចំនួន៧រូប ដែលសុទ្ធសឹងជាធនធានមានឯកទេសគណិតវិទ...

2018-12-27 11:36:35   Thu, 27,12,2018, 11:36 AM
បាឋកថាប្រចាំឆ្នាំ២០១៨ «តំបន់អនាធិបតេយ្យនៅប្រទេសកម្ពុជា៖ បញ្ហាប្រឈម និង ដំណោះស្រាយ»

បញ្ហាតំបន់អនាធិបតេយ្យ ជាបញ្ហាឈឺក្បាលមួយ ដែលកំពុងកើតមានច្រើន ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាទីរួមខេត្តនានានៅទូទាំងប្រទេស។ ទីតាំងមួយចំនួន បានអភិវឌ្ឍនៅកន្លែងក្លាយទៅជាទីប្រជុំជនច្រើន មានសំណង់រឹងមាំ បើទ...

2018-12-27 05:36:02   Thu, 27,12,2018, 05:36 AM
«កិច្ចប្រជុំផ្ទៀងផ្ទាត់ការងារបញ្ចប់ឆ្នាំ២០១៨»

ឆ្នាំ២០១៨នេះ ជាឆ្នាំដែលរាជបណ្ឌិត្យសភាកម្ពុជា មានសកម្មភាពច្រើន បើប្រៀបធៀបជាមួយនឹងបណ្តាឆ្នាំកន្លងទៅ។ ដូចដែលឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ក្នុងការតាំងចិត្តធ្វើកំ...

2018-12-24 09:00:28   Mon, 24,12,2018, 09:00 AM
«ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញបិទកម្មវិធីសន្និសីទអន្តរជាតិ នៅសណ្ឋាគារអង្គរសេនជូរី»

ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី១៤ ស្តីពី «តម្លៃវប្បធម...

2018-12-20 11:32:42   Thu, 20,12,2018, 11:32 AM
«ការប្រើប្រាស់អក្សរថៃនៅក្នុងការសរសេរអក្សរបាលី៖ បញ្ហា និងដំណោះស្រាយ»

លោកសាស្ត្រាចារ្យ Kangvol Khatshima ជាជនជាតិថៃ ដើមកំណើតខ្មែរសុរិន្ទ​ បានអញ្ជើញ​មក​ចូលរួមជាវាគ្មិន ក្នុងកម្មវិធីសន្និសីទអន្តរជាតិ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌, ប្រវត្តិ និងមោទកភាព» ថ្ងៃ...

2018-12-20 09:34:55   Thu, 20,12,2018, 09:34 AM
ចង្កៀងគោមបុរាណខ្មែរ LANTERN LAMP OF KHMER ANCIENT

បទបង្ហាញដោយបណ្ឌិត ខៀវ កុសល អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ និងជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា    តាមនិយមន័យវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត «ចង្កៀង»មានន័យថា ប្រដាប់សម្រា...

2018-12-20 07:44:44   Thu, 20,12,2018, 07:44 AM

សេចក្តីប្រកាស