Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលចួបនិងពិភាក្សាការងារជាមួយនឹងឯកឧត្ដម អ៊ែម៊ែនែហ្សីលឌូ គូបប៉ា ឡូប៉េស (ERMENEGILDO KUPA LOPES) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបេតយ្យទីម័រខាងកើតប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីពិនិត្យមើលលើលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយនឹងស្ថាប័ននានា នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត។
ក្នុងឱកាសជំនួបពិភាក្សាការងារ នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ជម្រាបជូនដល់ឯកឧត្ដមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត ថា កម្ពុជានិងទីម័រខាងកើត គឺជាប្រទេសដែលមានប្រវត្តិសាស្ត្រស្រដៀងគ្នា ដោយកម្ពុជានិងទីម័រខាងកើតសុទ្ធសឹងជាប្រទេសដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមបរទេស និងបានតស៊ូដើម្បីដណ្ដើមឯករាជ្យជូនជាតិដូចគ្នា ដែលត្រូវតែធ្វើកិច្ចសហប្រតិបត្តិការនិងរក្សាទំនាក់ទំនងល្អជាមួយគ្នា។
ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា គឺជាស្ថាប័នស្រាវ ជ្រាវដែលមានឧបនិស្ស័យលើវិស័យសំខាន់ៗជាច្រើន ដោយមានវិទ្យាស្ថានជំនាញសរុបចំនួន៧ ធ្វើកិច្ចការងារទាំងទៅលើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងវិទ្យាសាស្ត្រ។ ជាទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ថា ដើម្បីជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាដំណើរការអភិវឌ្ឍប្រទេស ភាគីទាំងពីរ គួរតែផ្ដោតកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត តួយ៉ាងដូចជា វិស័យកសិកម្ម និងវិស័យទេសចរណ៍ជាដើម។ បន្ថែមពីនេះ កិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវរវាងប្រទេសទាំងពីរ គួរតែត្រូវបានជំរុញឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការចុះអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នស្រាវជ្រាវនៃប្រទេសទាំងពីរ កម្ពុជា-ទីម័រខាងកើត។
ឯកឧត្ដមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត បានថ្លែងអំណរគុណដល់ឯកឧត្ដមបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលបានរៀបចំជំនួបដ៏មានសារសំខាន់នេះ ហើយភាគីទីម័រខាងកើត បានមើលឃើញនូវចំណុចជាច្រើនដែលត្រូវសិក្សាពីកម្ពុជា ក្នុងនោះរួមមានដូចជា ការអភិវឌ្ឍខេត្តនៅតាមបណ្ដោយព្រំដែន ការអភិវឌ្ឍលើវិស័យទេសចរណ៍និងការធ្វើបដិសណ្ឋារកិច្ចរបស់កម្ពុជាចំពោះភ្ញៀវទេសចរជា ដើម។
ជាលទ្ធផលនៃជំនួបពិភាក្សាការងារនាព្រឹកនេះ ភាគីទាំងពីរបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការដោយផ្ដោតសំខាន់ លើ៥ចំណុចគឺ៖
១. កិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នាលើវិស័យកសិកម្ម
២. កិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នាលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច
៣ កិច្ចសហប្រតិបត្តិការក្នុងរៀបចំសិក្ខាសាលា និងវេទិកាវិទ្យាសាស្ត្ររួមគ្នា
៤. កិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នាលើវិស័យពាក់ព័ន្ធសំខាន់ៗផ្សេងទៀត
៥. រាជបណ្ឌិត្យសភាកម្ពុជាផ្ដល់ជូនដល់ភាគីទីម័រខាងកើតនូវអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានអនុញ្ញាតឱ្យមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និ...
(ទីក្រុងសៀងហៃ)៖ តបតាមការអញ្ជើញរបស់វិទ្យាស្ថានជាតិសម្រាប់យុទ្ធសាស្ត្រសកល នៃសាធារណរដ្ឋប្រជាមានិតចិន (National Institute for Global Strategy) ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងឯក...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសា...
តាមរយៈការសិក្សាភូមិវិទ្យា យើងតែងតែដឹងថាកម្ពុជាជាអតីតបាតសមុទ្រ ប៉ុន្តែសម្រាប់ជាភស្តុតាងសម្រាប់បញ្ជាក់នូវសម្មតិកម្មដែលអាចអោយមានភាពជឿជាក់ច្បាស់លាស់នោះហាក់នៅមានចំនួនតិចតួចនៅឡើយ ជាពិសេសគឺពត៌មានអំពីផូស៊ីលនា...
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រុមការងារផ្សព្វផ្សាយទឹកដោះគោតេជោសែនឫស្សីត្រឹប នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើដំណើរដល់ក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ ដើម្បីចូលរួមក្នុងឱកាសពិ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលនេះ ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអនុញ្ញាតឱ្យលោក Mori...