ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលចួប និងពិភាក្សាការងារជាមួយឯកឧត្ដមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត

2020-10-12 07:03:32 ថ្ងៃចន្ទ, 12 តុលា 2020 ម៉ោង 02:03 PM
អ្នកមើល 11705
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលចួបនិងពិភាក្សាការងារជាមួយនឹងឯកឧត្ដម អ៊ែម៊ែនែហ្សីលឌូ គូបប៉ា ឡូប៉េស (ERMENEGILDO KUPA LOPES) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបេតយ្យទីម័រខាងកើតប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីពិនិត្យមើលលើលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយនឹងស្ថាប័ននានា នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត។

ក្នុងឱកាសជំនួបពិភាក្សាការងារ នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ជម្រាបជូនដល់ឯកឧត្ដមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត ថា កម្ពុជានិងទីម័រខាងកើត គឺជាប្រទេសដែលមានប្រវត្តិសាស្ត្រស្រដៀងគ្នា ដោយកម្ពុជានិងទីម័រខាងកើតសុទ្ធសឹងជាប្រទេសដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមបរទេស និងបានតស៊ូដើម្បីដណ្ដើមឯករាជ្យជូនជាតិដូចគ្នា ដែលត្រូវតែធ្វើកិច្ចសហប្រតិបត្តិការនិងរក្សាទំនាក់ទំនងល្អជាមួយគ្នា។

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា គឺជាស្ថាប័នស្រាវ ជ្រាវដែលមានឧបនិស្ស័យលើវិស័យសំខាន់ៗជាច្រើន ដោយមានវិទ្យាស្ថានជំនាញសរុបចំនួន៧ ធ្វើកិច្ចការងារទាំងទៅលើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងវិទ្យាសាស្ត្រ។ ជាទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ថា ដើម្បីជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាដំណើរការអភិវឌ្ឍប្រទេស ភាគីទាំងពីរ គួរតែផ្ដោតកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត តួយ៉ាងដូចជា វិស័យកសិកម្ម និងវិស័យទេសចរណ៍ជាដើម។ បន្ថែមពីនេះ កិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវរវាងប្រទេសទាំងពីរ គួរតែត្រូវបានជំរុញឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការចុះអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នស្រាវជ្រាវនៃប្រទេសទាំងពីរ កម្ពុជា-ទីម័រខាងកើត។

ឯកឧត្ដមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត បានថ្លែងអំណរគុណដល់ឯកឧត្ដមបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលបានរៀបចំជំនួបដ៏មានសារសំខាន់នេះ ហើយភាគីទីម័រខាងកើត បានមើលឃើញនូវចំណុចជាច្រើនដែលត្រូវសិក្សាពីកម្ពុជា ក្នុងនោះរួមមានដូចជា ការអភិវឌ្ឍខេត្តនៅតាមបណ្ដោយព្រំដែន ការអភិវឌ្ឍលើវិស័យទេសចរណ៍និងការធ្វើបដិសណ្ឋារកិច្ចរបស់កម្ពុជាចំពោះភ្ញៀវទេសចរជា ដើម។

ជាលទ្ធផលនៃជំនួបពិភាក្សាការងារនាព្រឹកនេះ ភាគីទាំងពីរបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការដោយផ្ដោតសំខាន់ លើ៥ចំណុចគឺ៖

១. កិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នាលើវិស័យកសិកម្ម

២. កិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នាលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច

៣ កិច្ចសហប្រតិបត្តិការក្នុងរៀបចំសិក្ខាសាលា និងវេទិកាវិទ្យាសាស្ត្ររួមគ្នា

៤. កិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នាលើវិស័យពាក់ព័ន្ធសំខាន់ៗផ្សេងទៀត

៥. រាជបណ្ឌិត្យសភាកម្ពុជាផ្ដល់ជូនដល់ភាគីទីម័រខាងកើតនូវអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

តើប្រជាពលរដ្ឋគួរធ្វើយ៉ាងណាក្នុងដំណាក់កាលនៃរីករាលដាលជំងឺកូវីដ១៩?

នៅក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាក៏ដូចជាពិភពលោកទាំងមូលកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺបង្កដោយវីរុសកូវីដ១៩ដែលបានបណ្ដាលឱ្យមានមនុស្សឆ្លងកើនដល់ជាង ១លាននាក់ និងមានមនុស្សស្លាប់ដោយសារជំងឺនេះជាង ៥០ ០០០នាក់។ នៅក...

2020-04-04 07:46:04   ថ្ងៃសៅរ៍, 04 មេសា 2020 ម៉ោង 02:46 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ជំរុញថ្នាក់ដឹកនាំ និងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវខិតខំបំពេញការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំនៅព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្...

2020-04-03 06:09:44   ថ្ងៃសុក្រ, 03 មេសា 2020 ម៉ោង 01:09 PM
សហគមន៍ទទួលខុសត្រូវចំពោះផលប្រយោជន៍របស់អនុតំបន់នៅក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយ៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

យន្តការកិច្ចសហប្រតិបត្តិការ មេគង្គ - ឡានឆាង (Mekong-Lancang Cooperation-MLC) គឺជាយន្តការសហប្រតិ​បត្តិការ​ស្របតាមនិន្នាការបច្ចុប្បន្ននៃសាកលភាវូបនីយកម្ម និងសមាហរណកម្ម។មេគង្គ-ឡានឆាង(MLC) មានគោលបំណងលើកកម្...

2020-04-01 09:05:15   ថ្ងៃពុធ, 01 មេសា 2020 ម៉ោង 04:05 PM
កូវីដ-១៩និងការលក់ចំណីអាហារក្នុងរាជធានីភ្នំពេញ ដោយ៖បណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានសង្គមសាស្រ្ត និងវិទ្យាសាស្រ្តសង្គម

2020-03-31 14:11:00   ថ្ងៃអង្គារ, 31 មីនា 2020 ម៉ោង 09:11 PM
តើពិភពលោកទទួលបានមេរៀនអ្វីខ្លះអំពី «កូវីដ-១៩»? ដោយ៖បណ្ឌិត ឈត ប៊ុនថង សាស្ត្រាចារ្យទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

ឆ្លងកាត់បាតុភូតធម្មជាតិ និងបាតុភូតសង្គមរាប់មិនអស់ ទាំងល្អ ទាំងអាក្រក់ នាពេលកន្លងមក ខ្ញុំបានមើលឃើញថាអត្ថិភាព ការរស់នៅ ជីវិត ឬវាសនារបស់ប្រជាជាតិឬរដ្ឋនីមួយៗនៅលើពិភពលោកនេះ ពិតជាជាប់ទាក់ទងគ្នាដោយមិនអាចប្រក...

2020-03-31 10:05:20   ថ្ងៃអង្គារ, 31 មីនា 2020 ម៉ោង 05:05 PM
«គ្រឿងតុបតែងលម្អតួសម្តែងនៅក្នុងល្ខោនបាសាក់ខ្មែរ» ស្រាវជ្រាវដោយ៖ លោកស្រី សរ សិលា និងលោកស្រី យ៉ាន់ វិភារតន៍ មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ

2020-03-28 13:07:44   ថ្ងៃសៅរ៍, 28 មីនា 2020 ម៉ោង 08:07 PM

សេចក្តីប្រកាស