Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងឯកឧត្ដមបណ្ឌិត សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បាននិមន្តព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ដែលទើបនឹងត្រូវបានប្រគេនតួនាទីជាទីប្រឹក្សានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីទូលព្រះតេជគុណអំពីតួនាទី និងដំណើរការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទូលព្រះអង្គអំពីប្រវត្តិនៃការបង្កើតក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលកើតចេញពីគណៈកម្មាធិការជាតិភាសាខ្មែរ និងគំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការបង្កើតស្ថាប័នជាន់ខ្ពស់ភាសាខ្មែរនេះ។
ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងឯកឧត្ដមបណ្ឌិត សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានទូលព្រះតេជគុណ ហាក់ សៀងហៃ អំពីតួនាទី និងដំណើរការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងឧបសគ្គមួយចំនួននៅក្នុងការស្វែងរកការឯកភាពគ្នារវាងអ្នកជំនាញភាសាវិទ្យា ដើម្បីឈានទៅធ្វើការអនុម័តពាក្យថ្មីនាពេលកន្លងមក។
ថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តគូសបញ្ជាក់ អំពីតួនាទីមិនអាចខ្វះបានរបស់អ្នកជំនាញភាសាដែលមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ មិនថាវ័យចាស់ឬក្មេង អ្នកមានទំនោរអភិរក្សនិយម ឬអ្នកជំនាញភាសាមានទំនោរទំនើបនិយមនោះទេ គឺត្រូវការស្វែងរកការឯកភាពគ្នា និងអាចទទួលយកបានពីគ្រប់មជ្ឈដ្ឋាន។ បន្ថែមក្រៅពីនេះ អ្នកជំនាញភាសាបាលី-សំស្ក្រឹត ត្រូវបានថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិភាសាខ្មែរ ផ្ដោតនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយ សារពាក្យខ្មែរជាច្រើនជាពាក្យកម្ចីពីបាលី-សំស្ក្រឹត។
ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិភាសាខ្មែរ បានធ្វើការកត់សម្គាល់និងផ្ដល់តម្លៃខ្ពស់ ចំពោះប្រសិទ្ធភាពនៃការបង្រៀននិងផ្សព្វផ្សាយវិស័យអក្សរសាស្ត្រខ្មែរតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់ព្រះតេជគុណ ហាក់ សៀងហៃ។
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិភាសាខ្មែរ បានទូលសុំព្រះអង្គចូលរួមចំណែកជួយផ្សព្វផ្សាយនូវពាក្យថ្មីៗដែលមាននៅក្នុងសទ្ទានុក្រមបច្ចេកទេស ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរ បានអនុម័តរួចកន្លងមក ដោយរាជបណ្ឌិត្យសភាកម្ពុជាបានប្រគេនសទ្ទានុក្រមពាក្យបច្ចេកទេសថ្មីទាំង១១ក្បាល ដែលជាសទ្ទានុក្រមពាក្យបច្ចេកទេសទាំង១១ជំនាញ ដែលមាននិយមន័យតាមមុខជំនាញនីមួយៗ៕
RAC Media | លឹម សុវណ្ណរិទ្ធ
នៅរសៀលថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូ នៃសាកលវិទ្យាល័យ Northwest...
គម្រោងកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯកបានចាប់ដំណើរការឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅ ស្ថានីយបុរាណវិទ្យាភូមិមូលជើងឯក ស្ថិ...
កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយដែលមានការចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធានរាជបណ្ឌិត...
ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...