Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងឯកឧត្ដមបណ្ឌិត សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បាននិមន្តព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ដែលទើបនឹងត្រូវបានប្រគេនតួនាទីជាទីប្រឹក្សានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីទូលព្រះតេជគុណអំពីតួនាទី និងដំណើរការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទូលព្រះអង្គអំពីប្រវត្តិនៃការបង្កើតក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលកើតចេញពីគណៈកម្មាធិការជាតិភាសាខ្មែរ និងគំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការបង្កើតស្ថាប័នជាន់ខ្ពស់ភាសាខ្មែរនេះ។
ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងឯកឧត្ដមបណ្ឌិត សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានទូលព្រះតេជគុណ ហាក់ សៀងហៃ អំពីតួនាទី និងដំណើរការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងឧបសគ្គមួយចំនួននៅក្នុងការស្វែងរកការឯកភាពគ្នារវាងអ្នកជំនាញភាសាវិទ្យា ដើម្បីឈានទៅធ្វើការអនុម័តពាក្យថ្មីនាពេលកន្លងមក។
ថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តគូសបញ្ជាក់ អំពីតួនាទីមិនអាចខ្វះបានរបស់អ្នកជំនាញភាសាដែលមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ មិនថាវ័យចាស់ឬក្មេង អ្នកមានទំនោរអភិរក្សនិយម ឬអ្នកជំនាញភាសាមានទំនោរទំនើបនិយមនោះទេ គឺត្រូវការស្វែងរកការឯកភាពគ្នា និងអាចទទួលយកបានពីគ្រប់មជ្ឈដ្ឋាន។ បន្ថែមក្រៅពីនេះ អ្នកជំនាញភាសាបាលី-សំស្ក្រឹត ត្រូវបានថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិភាសាខ្មែរ ផ្ដោតនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយ សារពាក្យខ្មែរជាច្រើនជាពាក្យកម្ចីពីបាលី-សំស្ក្រឹត។
ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិភាសាខ្មែរ បានធ្វើការកត់សម្គាល់និងផ្ដល់តម្លៃខ្ពស់ ចំពោះប្រសិទ្ធភាពនៃការបង្រៀននិងផ្សព្វផ្សាយវិស័យអក្សរសាស្ត្រខ្មែរតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់ព្រះតេជគុណ ហាក់ សៀងហៃ។
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិភាសាខ្មែរ បានទូលសុំព្រះអង្គចូលរួមចំណែកជួយផ្សព្វផ្សាយនូវពាក្យថ្មីៗដែលមាននៅក្នុងសទ្ទានុក្រមបច្ចេកទេស ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរ បានអនុម័តរួចកន្លងមក ដោយរាជបណ្ឌិត្យសភាកម្ពុជាបានប្រគេនសទ្ទានុក្រមពាក្យបច្ចេកទេសថ្មីទាំង១១ក្បាល ដែលជាសទ្ទានុក្រមពាក្យបច្ចេកទេសទាំង១១ជំនាញ ដែលមាននិយមន័យតាមមុខជំនាញនីមួយៗ៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ រាជបណ្ឌិត្យសភាកម្ពុជា (Royal Academy of Cambodia) នឹងរៀបចំប្រារព្ធពិធីប្រកាសសមាជិកកិត្តិយសជូនឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរ...
រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បេក្ខជនដែលនឹងត្រូវចូលរួមប្រឡងចូលបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា ក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តីសម្រាប់ឆ្នាំ២០២០ សូមជ្រាបថា ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និង...
រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បេក្ខជនទាំងអស់ដែលបានដាក់ពាក្យប្រឡងជ្រើសរើសចូលបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា ក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់ឆ្នាំ២០២០ ជ្រាបថា កាលបរិច្ឆេទប្រឡងនឹងប្រព្រឹ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០ ២០នេះ ក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុំ ជាលើកដំបូង ដើម្បីពិនិត្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងឱកាសដែលឯកឧត្ដមបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំរួមរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលបានប...
កាលពីរសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអន...