ព័ត៌មាន

ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា៖ អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ

2020-09-30 08:45:53 ថ្ងៃពុធ, 30 កញ្ញា 2020, 08:45 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ» នេះជាប្រសាសន៍របស់ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា សមាជិកបម្រុងនៃរាជ បណ្ឌិត្យសភាកម្ពុជា ដែលបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការជ្រើសរើសមុខជំនាញសិក្សានៅឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។

ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលខាងលើនេះ ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើបទបង្ហាញដោយចាប់ផ្ដើមពីការចោទជាសំណួរថា «តើយើងនឹងត្រូវធ្វើអ្វីដើម្បីរយៈពេល៥ឆ្នាំក្រោយ យើងអាចក្លាយទៅជាអ្នកមានបាន? តើឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ តើនឹងមានអ្វីដែលអាចនាំយើងទៅរកចំណូលច្រើនបាន?»។ នេះជាសំណួរដែលឯកឧត្ដមបណ្ឌិតបានលើកឡើង ដើម្បី ទាញចំណាប់អារម្មណ៍អ្នកចូលរួមកិច្ចពិភាក្សាតុមូល ធ្វើការពិចារណាអំពីមុខជំនាញដែលខ្លួនត្រូវជ្រើសរើសដើម្បីភាពជោគជ័យនាពេលអនាគតខាងមុខ។

បន្ទាប់ពីចោទជាសំណួរទាំងពីរខាងលើនេះ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់ជូនដល់អ្នកចូលរួមកិច្ចពិភាក្សាតុមូលនេះថា «អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ»។ ឯកឧត្ដមបណ្ឌិតបានបន្តថា នៅក្នុងករណីខ្លះ ជំនាញដែលអ្នកដទៃជាច្រើនចាត់ទុកថាជាការយល់ឃើញពុំសមហេតុផល និងពុំអាចបង្កលទ្ធភាពក្នុងការទាញយកប្រាក់ចំណូលនាពេលបច្ចុប្បន្នក្ដី ក៏ប៉ុន្តែវាពិតជាអាចនឹងជាប្រភពចំណូលខ្ពស់មួយក្នុងពេលអនាគតផងដែរដូចជា ការលក់ខ្យល់ ការប្រើប្រាស់បច្ចេកវិទ្យាសាមញ្ញៗ តែផ្ដល់លទ្ធផលខ្ពស់ក្នុងវិស័យកសិកម្ម ដែលវាពឹងអាស្រ័យទៅលើគំនិតច្នៃប្រឌិត ការខិតខំប្រឹងប្រែង និងនវានុវត្តន៍របស់បុគ្គលម្នាក់។ ថ្លែងមកដល់ចំណុចនេះ ឯកឧត្ដមបណ្ឌិតបានលើកឡើងថា នៅថ្ងៃអនាគត សូម្បីតែអ្នកដាំចេកក៏អាចនឹងក្លាយទៅជាអ្នកមានដែរ ដោយឯកឧត្ដមបានបង្ហាញនូវជំនឿចិត្តថា «អនាគតកម្ពុជាអាចនឹងទទួលបានចំ ណូលពីការនាំចេញចេកទៅបរទេស ច្រើនជាងចំណូលដែលទទួលបានពីការនាំចេញអង្ករទៅទៀត»។

នាពេលអនាគតខាងមុខ យើងនឹងមើលឃើញនូវការផ្លាស់ប្ដូរជាច្រើនផ្សេងទៀតដែលយើងពុំធ្លាប់បានចួបពីមុនមក និងដែលជាចំណុចយើងត្រូវផ្ដោតការយកចិត្តទុកដាក់ និងសិក្សាស្រាវជ្រាវអំពីការវិវត្តថ្មីៗនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ នេះជាការបកស្រាយបន្ថែមរបស់ឯកឧត្ដមបណ្ឌិត ទៅលើគោលគំនិតរបស់ឯកឧត្ដមដែលថា «អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ»៕

RAC Media| លឹម សុវណ្ណារិទ្ធ


អត្ថបទទាក់ទង

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:43:18   Wed, 01,12,2021, 05:43 AM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់គ្រឿងសង្ហារឹមសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:40:15   Wed, 01,12,2021, 05:40 AM
ពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...

2021-11-29 13:57:02   Mon, 29,11,2021, 01:57 PM
សិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រឡង HSK នៅកម្ពុជាប្រចាំឆ្នាំ២០២១

RAC Media 

2021-11-26 03:34:31   Fri, 26,11,2021, 03:34 AM
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ប្រធានបទ៖«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...

2021-11-23 12:01:55   Tue, 23,11,2021, 12:01 PM
អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច» នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត សភ...

2021-11-15 12:09:10   Mon, 15,11,2021, 12:09 PM

សេចក្តីប្រកាស