ព័ត៌មាន

ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា៖ អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ

2020-09-30 08:45:53 ថ្ងៃពុធ, 30 កញ្ញា 2020 ម៉ោង 03:45 PM
អ្នកមើល 155
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ» នេះជាប្រសាសន៍របស់ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា សមាជិកបម្រុងនៃរាជ បណ្ឌិត្យសភាកម្ពុជា ដែលបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការជ្រើសរើសមុខជំនាញសិក្សានៅឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។

ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលខាងលើនេះ ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើបទបង្ហាញដោយចាប់ផ្ដើមពីការចោទជាសំណួរថា «តើយើងនឹងត្រូវធ្វើអ្វីដើម្បីរយៈពេល៥ឆ្នាំក្រោយ យើងអាចក្លាយទៅជាអ្នកមានបាន? តើឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ តើនឹងមានអ្វីដែលអាចនាំយើងទៅរកចំណូលច្រើនបាន?»។ នេះជាសំណួរដែលឯកឧត្ដមបណ្ឌិតបានលើកឡើង ដើម្បី ទាញចំណាប់អារម្មណ៍អ្នកចូលរួមកិច្ចពិភាក្សាតុមូល ធ្វើការពិចារណាអំពីមុខជំនាញដែលខ្លួនត្រូវជ្រើសរើសដើម្បីភាពជោគជ័យនាពេលអនាគតខាងមុខ។

បន្ទាប់ពីចោទជាសំណួរទាំងពីរខាងលើនេះ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់ជូនដល់អ្នកចូលរួមកិច្ចពិភាក្សាតុមូលនេះថា «អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ»។ ឯកឧត្ដមបណ្ឌិតបានបន្តថា នៅក្នុងករណីខ្លះ ជំនាញដែលអ្នកដទៃជាច្រើនចាត់ទុកថាជាការយល់ឃើញពុំសមហេតុផល និងពុំអាចបង្កលទ្ធភាពក្នុងការទាញយកប្រាក់ចំណូលនាពេលបច្ចុប្បន្នក្ដី ក៏ប៉ុន្តែវាពិតជាអាចនឹងជាប្រភពចំណូលខ្ពស់មួយក្នុងពេលអនាគតផងដែរដូចជា ការលក់ខ្យល់ ការប្រើប្រាស់បច្ចេកវិទ្យាសាមញ្ញៗ តែផ្ដល់លទ្ធផលខ្ពស់ក្នុងវិស័យកសិកម្ម ដែលវាពឹងអាស្រ័យទៅលើគំនិតច្នៃប្រឌិត ការខិតខំប្រឹងប្រែង និងនវានុវត្តន៍របស់បុគ្គលម្នាក់។ ថ្លែងមកដល់ចំណុចនេះ ឯកឧត្ដមបណ្ឌិតបានលើកឡើងថា នៅថ្ងៃអនាគត សូម្បីតែអ្នកដាំចេកក៏អាចនឹងក្លាយទៅជាអ្នកមានដែរ ដោយឯកឧត្ដមបានបង្ហាញនូវជំនឿចិត្តថា «អនាគតកម្ពុជាអាចនឹងទទួលបានចំ ណូលពីការនាំចេញចេកទៅបរទេស ច្រើនជាងចំណូលដែលទទួលបានពីការនាំចេញអង្ករទៅទៀត»។

នាពេលអនាគតខាងមុខ យើងនឹងមើលឃើញនូវការផ្លាស់ប្ដូរជាច្រើនផ្សេងទៀតដែលយើងពុំធ្លាប់បានចួបពីមុនមក និងដែលជាចំណុចយើងត្រូវផ្ដោតការយកចិត្តទុកដាក់ និងសិក្សាស្រាវជ្រាវអំពីការវិវត្តថ្មីៗនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ នេះជាការបកស្រាយបន្ថែមរបស់ឯកឧត្ដមបណ្ឌិត ទៅលើគោលគំនិតរបស់ឯកឧត្ដមដែលថា «អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ»៕

RAC Media| លឹម សុវណ្ណារិទ្ធ


អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស