ព័ត៌មាន

ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា៖ អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ

2020-09-30 08:45:53 ថ្ងៃពុធ, 30 កញ្ញា 2020 ម៉ោង 03:45 PM
អ្នកមើល 3949
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ» នេះជាប្រសាសន៍របស់ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា សមាជិកបម្រុងនៃរាជ បណ្ឌិត្យសភាកម្ពុជា ដែលបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការជ្រើសរើសមុខជំនាញសិក្សានៅឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។

ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលខាងលើនេះ ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើបទបង្ហាញដោយចាប់ផ្ដើមពីការចោទជាសំណួរថា «តើយើងនឹងត្រូវធ្វើអ្វីដើម្បីរយៈពេល៥ឆ្នាំក្រោយ យើងអាចក្លាយទៅជាអ្នកមានបាន? តើឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ តើនឹងមានអ្វីដែលអាចនាំយើងទៅរកចំណូលច្រើនបាន?»។ នេះជាសំណួរដែលឯកឧត្ដមបណ្ឌិតបានលើកឡើង ដើម្បី ទាញចំណាប់អារម្មណ៍អ្នកចូលរួមកិច្ចពិភាក្សាតុមូល ធ្វើការពិចារណាអំពីមុខជំនាញដែលខ្លួនត្រូវជ្រើសរើសដើម្បីភាពជោគជ័យនាពេលអនាគតខាងមុខ។

បន្ទាប់ពីចោទជាសំណួរទាំងពីរខាងលើនេះ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់ជូនដល់អ្នកចូលរួមកិច្ចពិភាក្សាតុមូលនេះថា «អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ»។ ឯកឧត្ដមបណ្ឌិតបានបន្តថា នៅក្នុងករណីខ្លះ ជំនាញដែលអ្នកដទៃជាច្រើនចាត់ទុកថាជាការយល់ឃើញពុំសមហេតុផល និងពុំអាចបង្កលទ្ធភាពក្នុងការទាញយកប្រាក់ចំណូលនាពេលបច្ចុប្បន្នក្ដី ក៏ប៉ុន្តែវាពិតជាអាចនឹងជាប្រភពចំណូលខ្ពស់មួយក្នុងពេលអនាគតផងដែរដូចជា ការលក់ខ្យល់ ការប្រើប្រាស់បច្ចេកវិទ្យាសាមញ្ញៗ តែផ្ដល់លទ្ធផលខ្ពស់ក្នុងវិស័យកសិកម្ម ដែលវាពឹងអាស្រ័យទៅលើគំនិតច្នៃប្រឌិត ការខិតខំប្រឹងប្រែង និងនវានុវត្តន៍របស់បុគ្គលម្នាក់។ ថ្លែងមកដល់ចំណុចនេះ ឯកឧត្ដមបណ្ឌិតបានលើកឡើងថា នៅថ្ងៃអនាគត សូម្បីតែអ្នកដាំចេកក៏អាចនឹងក្លាយទៅជាអ្នកមានដែរ ដោយឯកឧត្ដមបានបង្ហាញនូវជំនឿចិត្តថា «អនាគតកម្ពុជាអាចនឹងទទួលបានចំ ណូលពីការនាំចេញចេកទៅបរទេស ច្រើនជាងចំណូលដែលទទួលបានពីការនាំចេញអង្ករទៅទៀត»។

នាពេលអនាគតខាងមុខ យើងនឹងមើលឃើញនូវការផ្លាស់ប្ដូរជាច្រើនផ្សេងទៀតដែលយើងពុំធ្លាប់បានចួបពីមុនមក និងដែលជាចំណុចយើងត្រូវផ្ដោតការយកចិត្តទុកដាក់ និងសិក្សាស្រាវជ្រាវអំពីការវិវត្តថ្មីៗនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ នេះជាការបកស្រាយបន្ថែមរបស់ឯកឧត្ដមបណ្ឌិត ទៅលើគោលគំនិតរបស់ឯកឧត្ដមដែលថា «អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ»៕

RAC Media| លឹម សុវណ្ណារិទ្ធ


អត្ថបទទាក់ទង

យុត្តិធម៌សង្គមនៅក្នុងដំណើរការប្រជាធិបតេយ្យ

ដោយ៖ លឹម សុវណ្ណរិទ្ធ យុត្តិធម៌សង្គម គឺជាចំណែកមួយមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យ ព្រោះអត្ថន័យចម្បងនៅក្នុងគោលគំនិតទាំងពីរមានមូលដ្ឋាននៅលើសមភាព យុត្តិធម៌ និងសិទ្ធិរបស់បុគ្គលគ្រប់រូបក្នុងការចូលរួម...

2024-08-09 12:27:25   ថ្ងៃសុក្រ, 09 សីហា 2024 ម៉ោង 07:27 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ជួបពិភាក្សាការងារជាមួយនឹងឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រច...

2024-08-06 09:29:16   ថ្ងៃអង្គារ, 06 សីហា 2024 ម៉ោង 04:29 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំកិច្ចប្រជុំប្រចាំខែ​នៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជ...

2024-08-06 03:59:28   ថ្ងៃអង្គារ, 06 សីហា 2024 ម៉ោង 10:59 AM
បណ្ឌិត គី សេរីវឌ្ឍន៍ បង្ហាញអំពីវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមនៅក្នុងខេត្តទាំង៤របស់កម្ពុជា ដែលស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦...

2024-08-03 00:48:12   ថ្ងៃសៅរ៍, 03 សីហា 2024 ម៉ោង 07:48 AM
អ្នកជំនាញទស្សនវិជ្ជានិងការអភិវឌ្ឍសង្គម គូសបញ្ជាក់អំពីហេតុផលដែលនាំឱ្យមានការព្រួយបារម្ភអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ និងផ្ដល់អនុសាសន៍ដែលអាចឈានទៅបញ្ចប់មន្ទិលសង្ស័យលើករណីនេះ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥...

2024-08-02 16:27:12   ថ្ងៃសុក្រ, 02 សីហា 2024 ម៉ោង 11:27 PM
បណ្ឌិត យង់ ពៅ៖ ខ្ញុំពិតជារកនឹកមិនឃើញថា ខេត្តទាំង៤របស់កម្ពុជា អាចនឹងបាត់បង់ទៅវៀតណាមដោយរបៀបណានោះទេ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥...

2024-08-02 16:23:45   ថ្ងៃសុក្រ, 02 សីហា 2024 ម៉ោង 11:23 PM

សេចក្តីប្រកាស