Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «រៀនគឺមិនមែនដើម្បីមានបាននោះទេ តែរៀនដើម្បីឈរបានកាន់តែខ្ពស់ មើលបានកាន់តែឆ្ងាយ ហើយអ្នកដែលខ្លាំងគឺជ្រើសរើសមុខជំនាញទៅតាមទេពកោសល្លរបស់ខ្លួន» នេះជាប្រសាសន៍កត់សម្គាល់របស់ឯកឧត្ដមបណ្ឌិត សភាចារ្យ សុខ ទូច ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា យុវជនបច្ចុប្បន្ន ជ្រើសរើសមុខជំនាញសិក្សាដោយផ្អែកលើ៥ចំណុចសំខាន់ៗគឺ តាមមរតកគ្រួសារ តាមឭគេថា តាមមិត្តភក្តិ តាមតម្រូវការទីផ្សារ និងតាមការសម្រេចចិត្តផ្ទាល់ខ្លួន។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តថា មានយុវជនជាច្រើនបានជ្រើសរើសមុខជំនាញសិក្សាទៅតាមមរតករបស់គ្រួសារ ដែលជាករណីឧទាហរណ៍គឺ គ្រួសារដែលប្រកបមុខរបរពេទ្យ ច្រើនតែតម្រង់ទិសឬបង្ខំកូនឱ្យបន្តចាប់យកមុខរបរពេទ្យដូចខ្លួន ដោយមិនបានឈ្វេងយល់ថា កូនរបស់ខ្លួនគ្មានឧបនិស្ស័យឬលក្ខណៈសម្បត្តិសមប្រកបពេញលេញ ដើម្បីចាប់យកជំនាញនោះឡើយ។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងបញ្ជាក់ថា បើទោះបីជាយុវជនរូបនោះអាចសិក្សាចប់ និងបំពេញការងារនោះតាមការចង់បានរបស់គ្រួសារក្ដី ក៏យុវជនរូបនោះមិនអាចបញ្ចេញនូវសក្ដានុពលរបស់ខ្លួនបាននោះឡើយ។ បន្ថែមពីនេះ ចំពោះការជ្រើសរើសមុខជំនាញតាមអ្វីដែលឭតាមគេថា មិត្តភក្តិ ឬតាមតម្រូវការទីផ្សារការងារ ត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យពន្យល់បន្ថែមថា «អ្នកខ្លះទៅរៀននៅទីនេះ ឬទីនោះ ដោយឭតាមគេថា ទៅតាមមិត្តភក្តិ ទៅតាមសាលាដែលមានស្រីស្អាត ឬទៅតាមតម្រូវការទីផ្សារ ក៏ពុំអាចទទួលបានជោគជ័យក្នុងអាជីពផងដែរ ព្រោះទាំងនេះមិនឆ្លើយតបទៅនឹងទេពកោសល្ល និងឧបនិស្ស័យដែលខ្លួនមាន»។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានផ្ដល់អនុសាសន៍ដល់អង្គវេទិកាទាំងមូលថា «អ្នកដែលខ្លាំងគឺជ្រើសរើសមុខជំនាញទៅតាមទេពកោសល្យរបស់ខ្លួន ពុំមែនទៅតាមតម្រូវការទីផ្សារការងារនោះទេ ព្រោះទីផ្សារគឺយើងជាអ្នក បង្កើត គ្មាននរណាជាអ្នកបង្កើតឱ្យយើងនោះទេ។» នេះជាការផ្ដាំផ្ញើទៅដល់សិស្សានុសិស្សដែលកំពុងពិចារណាក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់ឧត្ដមសិក្សា ពិសេស សិស្សានុសិស្សដែលនឹងត្រូវប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ នៅរយៈពេលប៉ុន្មានខែខាងមុខនេះ។
ជាការចែករំលែកបទពិសោធដែលធ្លាប់មានកន្លងមក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍លើកឡើងថា បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យពីប្រទេសរុស្ស៊ី និងបានចូលបម្រើការងារដំបូង ឯកឧត្ដមបណ្ឌិតសភាចារ្យគឺជាបណ្ឌិតដែលវ័យក្មេងជាងគេ ប៉ុន្តែឯកឧត្ដមបណ្ឌិតសភាចារ្យបានធ្វើដំណើរតាមទស្សនវិជ្ជាផ្ទាល់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ដែលថា «វ័យឬអាយុ មិនមែនជាម៉ែត្រសម្រាប់វាស់ចំណេះដឹងនោះទេ» ហេតុនេះហើយ ឯកឧត្ដមបានប្រកាន់ជំហររឹងមាំ និងដើរឆ្ពោះទៅមុខជានិច្ច ហើយក៏ថែមទាំងបានចូលរួមផ្ដល់ជាគំនិត ទស្សនវិស័យ និងសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ស្ថាប័នស្រាវជ្រាវរបស់ជាតិ។
លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា «ប្រសិនបើគេយកកូនសេដ្ឋី គេអាចនឹងក្លាយជាអ្នកមានបាន ហើយប្រសិនបើជាគេរៀបការនឹងកូននាយករដ្ឋមន្ត្រី គេអាចនឹងមានអំណាចបានដែរ ប៉ុន្តែបើគេយកកូនបណ្ឌិត នោះគេមិនអាចមាននោះទេ វាទាមទារឱ្យមានការតាំងចិត្តប្រឹងប្រែងរៀនសូត្រដើម្បីកសាងចំណេះដឹងដោយខ្លួនឯង»។ ទោះជាយ៉ាងនេះក្ដី ឯកឧត្ដមបណ្ឌិតសភាចារ្យបានក្រើនរំឭកដល់អ្នកសិក្សារៀនសូត្រ និងយុវជនកម្ពុជាថា «សារៈសំខាន់នៃការសិក្សារៀនសូត្រ ពុំមែនរៀនដើម្បីមានបាននោះទេ គឺរៀនដើម្បីភ្នែកភ្លឺហើយមើលឃើញ ឈរបានកាន់តែខ្ពស់ សម្លឹងមើលបានកាន់តែឆ្ងាយ ប្រសិនបើយើងគ្មានចំណេះដឹងទេនោះ ទោះជាយើងមានភ្នែកភ្លឺក៏យើងមើលមិនឃើញដែរ។ ជាក់ស្ដែង នៅពេលដែលគេនិយាយអំពីសហរដ្ឋអាម៉េរិក ប្រសិនបើយើងមិនបានដឹង មិនបានរៀន និងមិនបានស្រាវជ្រាវ យើងនឹងពុំអាចឆ្លើយតបទៅគេវិញបាននោះឡើយ»។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បន្ថែមថា រៀនពុំមែនសុទ្ធតែដើម្បីមានបាននោះទេ ព្រោះមានអ្នកមាននិងឧកញ៉ាច្រើនណាស់ដែលគ្មានសញ្ញាបត្រខ្ពស់នោះទេ តែគេមានជីវភាពមានបាននិងធូរធារ ចំណែកអ្នកធំមួយចំនួន ពុំមានសញ្ញាបត្រខ្ពស់នោះទេ ប៉ុន្តែគេអាចកាន់តំណែងនិងកិច្ចការងារជាច្រើនបាន។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងផ្ញើសារជូនដល់យុវជនកម្ពុជាថា យុវជនមិនត្រូវបោះបង់ការសិក្សានោះទេ គឺត្រូវតែតាំងចិត្តតស៊ូដើម្បីកសាងចំណេះដឹងនិងសមត្ថភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមនិងប្រទេសជាតិរបស់យើងទាំងអស់គ្នា៕
RAC Media | លឹម សុវណ្ណារិទ្ធ
ចុះផ្សាយថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងនូវបំណងរបស់សម្ដេច ក្នុងការធ្វើប្រជាមតិដើម្បីឈានទៅស្នើសុំព្រះមហាក្សត្រធ្វើវិសោ...
បច្ចេកសព្ទចំនួន 0៧ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែមីនា ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០២ពាក្យ ដែលបានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័ត កាលពីថ្ងៃអង្គារ ៥រោច ខ...
ថ្ងៃពុធ ១កេីត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្...
គិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះ ការងារស្តារ និងជួសជុលស្ពាននេះឡើងវិញសម្រេចបាន៩៧% ហើយ និងគ្រោងបើកឱ្យដំណើរការនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ហើយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ...
ក្នុងគោលដៅក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ក្រសួងធនធានទឹក និងឧតុនិយម បានជីក និងស្តារជីកស្រះធំៗចនួន ០៦ កាលពីខែមីនា ឆ្នាំ២០១៨៖១.ស្រះត្រឹប ១...
ថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ...