Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «រៀនគឺមិនមែនដើម្បីមានបាននោះទេ តែរៀនដើម្បីឈរបានកាន់តែខ្ពស់ មើលបានកាន់តែឆ្ងាយ ហើយអ្នកដែលខ្លាំងគឺជ្រើសរើសមុខជំនាញទៅតាមទេពកោសល្លរបស់ខ្លួន» នេះជាប្រសាសន៍កត់សម្គាល់របស់ឯកឧត្ដមបណ្ឌិត សភាចារ្យ សុខ ទូច ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា យុវជនបច្ចុប្បន្ន ជ្រើសរើសមុខជំនាញសិក្សាដោយផ្អែកលើ៥ចំណុចសំខាន់ៗគឺ តាមមរតកគ្រួសារ តាមឭគេថា តាមមិត្តភក្តិ តាមតម្រូវការទីផ្សារ និងតាមការសម្រេចចិត្តផ្ទាល់ខ្លួន។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តថា មានយុវជនជាច្រើនបានជ្រើសរើសមុខជំនាញសិក្សាទៅតាមមរតករបស់គ្រួសារ ដែលជាករណីឧទាហរណ៍គឺ គ្រួសារដែលប្រកបមុខរបរពេទ្យ ច្រើនតែតម្រង់ទិសឬបង្ខំកូនឱ្យបន្តចាប់យកមុខរបរពេទ្យដូចខ្លួន ដោយមិនបានឈ្វេងយល់ថា កូនរបស់ខ្លួនគ្មានឧបនិស្ស័យឬលក្ខណៈសម្បត្តិសមប្រកបពេញលេញ ដើម្បីចាប់យកជំនាញនោះឡើយ។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងបញ្ជាក់ថា បើទោះបីជាយុវជនរូបនោះអាចសិក្សាចប់ និងបំពេញការងារនោះតាមការចង់បានរបស់គ្រួសារក្ដី ក៏យុវជនរូបនោះមិនអាចបញ្ចេញនូវសក្ដានុពលរបស់ខ្លួនបាននោះឡើយ។ បន្ថែមពីនេះ ចំពោះការជ្រើសរើសមុខជំនាញតាមអ្វីដែលឭតាមគេថា មិត្តភក្តិ ឬតាមតម្រូវការទីផ្សារការងារ ត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យពន្យល់បន្ថែមថា «អ្នកខ្លះទៅរៀននៅទីនេះ ឬទីនោះ ដោយឭតាមគេថា ទៅតាមមិត្តភក្តិ ទៅតាមសាលាដែលមានស្រីស្អាត ឬទៅតាមតម្រូវការទីផ្សារ ក៏ពុំអាចទទួលបានជោគជ័យក្នុងអាជីពផងដែរ ព្រោះទាំងនេះមិនឆ្លើយតបទៅនឹងទេពកោសល្ល និងឧបនិស្ស័យដែលខ្លួនមាន»។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានផ្ដល់អនុសាសន៍ដល់អង្គវេទិកាទាំងមូលថា «អ្នកដែលខ្លាំងគឺជ្រើសរើសមុខជំនាញទៅតាមទេពកោសល្យរបស់ខ្លួន ពុំមែនទៅតាមតម្រូវការទីផ្សារការងារនោះទេ ព្រោះទីផ្សារគឺយើងជាអ្នក បង្កើត គ្មាននរណាជាអ្នកបង្កើតឱ្យយើងនោះទេ។» នេះជាការផ្ដាំផ្ញើទៅដល់សិស្សានុសិស្សដែលកំពុងពិចារណាក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់ឧត្ដមសិក្សា ពិសេស សិស្សានុសិស្សដែលនឹងត្រូវប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ នៅរយៈពេលប៉ុន្មានខែខាងមុខនេះ។
ជាការចែករំលែកបទពិសោធដែលធ្លាប់មានកន្លងមក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍លើកឡើងថា បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យពីប្រទេសរុស្ស៊ី និងបានចូលបម្រើការងារដំបូង ឯកឧត្ដមបណ្ឌិតសភាចារ្យគឺជាបណ្ឌិតដែលវ័យក្មេងជាងគេ ប៉ុន្តែឯកឧត្ដមបណ្ឌិតសភាចារ្យបានធ្វើដំណើរតាមទស្សនវិជ្ជាផ្ទាល់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ដែលថា «វ័យឬអាយុ មិនមែនជាម៉ែត្រសម្រាប់វាស់ចំណេះដឹងនោះទេ» ហេតុនេះហើយ ឯកឧត្ដមបានប្រកាន់ជំហររឹងមាំ និងដើរឆ្ពោះទៅមុខជានិច្ច ហើយក៏ថែមទាំងបានចូលរួមផ្ដល់ជាគំនិត ទស្សនវិស័យ និងសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ស្ថាប័នស្រាវជ្រាវរបស់ជាតិ។
លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា «ប្រសិនបើគេយកកូនសេដ្ឋី គេអាចនឹងក្លាយជាអ្នកមានបាន ហើយប្រសិនបើជាគេរៀបការនឹងកូននាយករដ្ឋមន្ត្រី គេអាចនឹងមានអំណាចបានដែរ ប៉ុន្តែបើគេយកកូនបណ្ឌិត នោះគេមិនអាចមាននោះទេ វាទាមទារឱ្យមានការតាំងចិត្តប្រឹងប្រែងរៀនសូត្រដើម្បីកសាងចំណេះដឹងដោយខ្លួនឯង»។ ទោះជាយ៉ាងនេះក្ដី ឯកឧត្ដមបណ្ឌិតសភាចារ្យបានក្រើនរំឭកដល់អ្នកសិក្សារៀនសូត្រ និងយុវជនកម្ពុជាថា «សារៈសំខាន់នៃការសិក្សារៀនសូត្រ ពុំមែនរៀនដើម្បីមានបាននោះទេ គឺរៀនដើម្បីភ្នែកភ្លឺហើយមើលឃើញ ឈរបានកាន់តែខ្ពស់ សម្លឹងមើលបានកាន់តែឆ្ងាយ ប្រសិនបើយើងគ្មានចំណេះដឹងទេនោះ ទោះជាយើងមានភ្នែកភ្លឺក៏យើងមើលមិនឃើញដែរ។ ជាក់ស្ដែង នៅពេលដែលគេនិយាយអំពីសហរដ្ឋអាម៉េរិក ប្រសិនបើយើងមិនបានដឹង មិនបានរៀន និងមិនបានស្រាវជ្រាវ យើងនឹងពុំអាចឆ្លើយតបទៅគេវិញបាននោះឡើយ»។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បន្ថែមថា រៀនពុំមែនសុទ្ធតែដើម្បីមានបាននោះទេ ព្រោះមានអ្នកមាននិងឧកញ៉ាច្រើនណាស់ដែលគ្មានសញ្ញាបត្រខ្ពស់នោះទេ តែគេមានជីវភាពមានបាននិងធូរធារ ចំណែកអ្នកធំមួយចំនួន ពុំមានសញ្ញាបត្រខ្ពស់នោះទេ ប៉ុន្តែគេអាចកាន់តំណែងនិងកិច្ចការងារជាច្រើនបាន។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងផ្ញើសារជូនដល់យុវជនកម្ពុជាថា យុវជនមិនត្រូវបោះបង់ការសិក្សានោះទេ គឺត្រូវតែតាំងចិត្តតស៊ូដើម្បីកសាងចំណេះដឹងនិងសមត្ថភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមនិងប្រទេសជាតិរបស់យើងទាំងអស់គ្នា៕
RAC Media | លឹម សុវណ្ណារិទ្ធ
ពិភពលោកកំពុងតែឈានចូលដល់ទសវត្សរ៍ថ្មីមួយ ហើយប្រធានបទមួយដែលអ្នកសិក្សាស្រាវជ្រាវនៅលើពិភពលោកលើកយកមកពិភាក្សាគឺ អនាគតរបស់ចិននិងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសដទៃទៀត។ ឥទ្ធិពលរបស់ចិននៅកម្ពុជាបានកើនឡើងយ៉ាងខ្លា...
ពេលវេលាដែលសមស្របបំផុត ដែលនឹងត្រូវសម្រួលដល់ការដកបម្រាម ឬ វិធានការបិទប្រទេសបិទខេត្ត គឺនៅពេលណាដែលអ្នកវិទ្យាសាស្រ្តរកឃើញ និងប្រកាសដាក់ឱ្យប្រើប្រាស់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាផ្លូវការ ដែលការណ៍នេះ គឺតម...
(ទីស្តីការក្រសួងទេសចរណ៍)៖ នៅរសៀលថ្ងៃអង្គារ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបពិភាក្សាការងារជាមួយឯកឧ...
ការផ្លាស់ប្តូរនៃបរិបទថ្មីនៃពិភពលោកក្នុងសតវត្សទី២១ បានជំរុញឱ្យ មនុស្សធ្វើការផ្លាស់ ប្តូរឥរិយាបថនៃការរស់នៅដោយបានអនុវត្តទៅតាមបទដ្ឋាននៃ សង្គមដែលតម្រូវធ្វើតាមជាការចាំបាច់ ជួនកាលបទដ្ឋាននេះបានជះឥទ្ធិពល ដោយប...
ប្រាកដណាស់ ពិភពលោកកំពុងរងវិបត្តិដ៏ធ្ងន់ធ្ងរដោយសារកូវីដ-១៩ ហើយក្រោយពីឆ្លងផុត យើងក៏ដឹងច្បាស់ថា ពិភពលោកនឹងមើលទៅលែងដូចដើម ជាពិសេសវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ ក៏ដូចជាសង្គមវប្បធម៌ដែរ។ វិបត្តិនេះបាននឹង...